ថ្នាំ​វ៉ាក់សាំង​ការពា​រ A/H1N1 មកដល់​កម្ពុជា

តាំងពី​ខែ​មិថុនា ឆ្នាំ២០០៩​មកដល់​ក្នុងអំឡុង​ខែវិច្ឆិកា​នេះ អ្នកឆ្លង​ជម្ងឺ​ផ្ដាសាយ​ប្រភេទថ្មី​នេះចំនួន​៣១៣​នាក់មក​ហើយ ក្នុង​នោះមាន​ចំនួន​៤នាក់​បានស្លាប់​បាត់បង់​ជីវិត​ទៀតផង។ ព័ត៌មាន​នេះបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ជាពិសេស​ចំពោះ​លោកអ្នក​ដែលមាន​ជម្ងឺ​ប្រចាំ​កាយ​កុមារ និង​ស្ដ្រីមាន​ផ្ទៃពោះ។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​កំពុង​ប្រឈម​មុខនេះ កម្ពុជា​នឹងមាន​ថ្នាំ​ចាក់​វ៉ាក់សាំង​ការពារ​(A/H1N1) ដែល​នាំចូល​ដោយ​អង្គការ​សុខភាព​ពិភពលោក​ក្នុងពេល​ឆាប់ៗនេះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វ៉ាក់សាំ​A/H1N1​មិនមាន​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ឬគ្លីនិក​ឯកជន​នៅកម្ពុជា​នៅឡើយ​ទេ

បច្ចុប្បន្ននេះ​ដោយ​សារតែ​កម្ពុជា​បានឆ្លង​ជម្ងឺ​គ្រុន​ផ្ដាសាយ​ប្រភេទ​ថ្មីនេះ ទើបធ្វើ​ឱ្យមាន​លោកអ្នក​មួយចំនួន​បាន​នាំគ្នា​ចាក់ វ៉ាក់សាំង​ការពារ​ជម្ងឺ​គ្រុន​ផ្ដាសាយ​ធម្មតា ដែល​ពីមុន​មកនៅ​ប្រទេស​កម្ពុជា​កម្រ​មាន​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ការពារ​ប្រភេទ​នេះ​ណាស់ មានតែ​ប្រទេស​គេ​ប៉ុណ្ណោះ។ នាបច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​គ្រុន​ផ្ដាសាយ ប៉ុន្ដែ​ការចាក់​វ៉ាក់សាំង​នេះ​ប្រជាពលរដ្ឋ​មិនដឹង​ថាតើ​កំពុង​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​គ្រុន​ផ្ដាសាយ​ធម្មតា ឬ​វ៉ាក់សាំង​គ្រុន​ផ្ដាសាយ​ថ្មី​នោះទេ។

ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែល​បានចាក់​វ៉ាក់សាំង​បច្ចុប្បន្ន​នេះ មិនមែន​ជា​វ៉ាក់សាំង​គ្រុនផ្ដាសាយ​ថ្មី​A/H1N1​នោះទេ គឺជា​វ៉ាក់សាំង​ការពារ​ជម្ងឺ​ផ្ដាសាយ​ធម្មតា​តែ​ប៉ុណ្ណោះ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់​ទៀត​ផងដែរ​ថា នៅ​ប្រទេស​កម្ពុជា​មិនទាន់​មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មីនេះទេ ហើយ​នៅតាម​គ្លីនិក​ឯកជន​នានាក៏​មិនទាន់​មានដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វ៉ាក់​សាំង​A/H1N1នឹងមាន​មកដល់​កម្ពុជា

តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជម្ងឺ​ឆ្លងនៃ​ក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​មិនទាន់​មានថ្នាំ​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មី​A/H1N1នេះ​នៅឡើយ​ទេ។ ប៉ុន្ដែ​នៅចុង​ខែវិច្ឆិកា​ឬដើម​ខែធ្នូ​នេះ អង្គការ​សុខភាព​ពិភពលោក​នឹង​អាចនាំ​វ៉ាក់សាំង​ប្រភេទនេះ​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​ចាក់​ការពារ​ដល់​ប្រជាពលរដ្ឋ​ទៅតាម​គោលដៅ​អាទិភាព​របស់​អង្គការ WHO មាន​ដូចជា​ស្ដ្រី​មាន​ផ្ទៃពោះ​ឬ​កុមារ​ជាដើម។

សូម​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព

ទោះបីជា​កម្ពុជា​នឹង​នាំចូល​នូវ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ប្រភេទ​ថ្មី​A/H1N1​នេះនៅ​ចុងខែ​វិច្ឆិកា​ឬដើម​ខែធ្នូ​ក៏ដោយ សូម​ប្រជា ពលរដ្ឋ​ទាំងអស់​នៅតែ​បន្ដក្នុង​ការ​ថែទាំ​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អ​ដើម្បី​ការពារ​ជម្ងឺ​នេះ។ នៅពេល​ដែល​ប្រទេស​កម្ពុជា​បាននាំ​ចូលនូវ វ៉ាក់សាំង​ការពារ​ជម្ងឺ​ផ្ដាសាយ​ប្រភេទ​ថ្មីនេះ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹងអាច​រួចផុត​ពី​គ្រោះថ្នាក់​នៃ​ជម្ងឺ​នេះ ជាពិសេស​ចំពោះ​លោកអ្នក​ដែលមាន​ជម្ងឺ​រ៉ាំរ៉ៃ បេះដូង លើសឈាម ស្ដ្រីមាន​ផ្ទៃពោះ និង​កុមារ​តូចៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *