សុខភាពជារឿងដ៏សំខាន់ ដែលលោកអ្នករមែងយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នបំផុត។ ការហាត់ប្រាណគឺជារឿងមួយដែលល្អសម្រាប់សុខភាព និងអាចរក្សាលំនឹងលោកអ្នកបាន។ ចំណែកស្ប៉ាក៏មិនខុសពីការហាត់ប្រាណប៉ុន្មានដែរ ដោយគ្រាន់តែស្ប៉ាមានលក្ខណៈពិសេសខ្លះៗជាងការហាត់ប្រាណ។ ជាការពិតណាស់ការធ្វើស្ប៉ាគឺមានសារៈប្រយោជន៍ណាស់សម្រាប់សុខភាព និងសម្រស់របស់លោកអ្នក។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី ជា ពុទ្ធាសត្យា អ្នកគ្រប់គ្រងនៃឡាប៊ែលឡាស្ប៉ា និងសាឡន បក ស្រាយអំពីសារៈប្រយោជន៍នៃការធ្វើស្ប៉ា ដើម្បីឱ្យលោកអ្នកបានជ្រាប និងយល់ដឹង។
តើអ្វីទៅជាស្ប៉ា?
ស្ប៉ាមានច្រើនប្រភេទទៅតាមការចង់បានរបស់លោកអ្នក ដូចជាការម៉ាស្សាមុខ ម៉ាស្សាប្រេង ម៉ាស្សាខ្លួនបែបខ្មែរបុរាណ ម៉ាស្សាស្អំពន្លៃ ម៉ាស្សាបាតជើង ម៉ាស្សាខ្លួនខាត់ស្បែក ត្រាំទឹកស្ទីម និងសូណា ត្រាំទឹកក្នុងអាងផ្កាក្រអូបឱ្យមានអារម្មណ៍ ស្រស់ថ្លា(អាងទឹកមានទឹកក្ដៅ និងទឹកត្រជាក់)។ ការស្ទីមធ្វើឱ្យបែកញើសស្រួលខ្លួន និងអាចជួយសម្រួលសរសៃឈាមឱ្យដើរបានស្រួល រីឯការសូណាជួយសម្រកជាតិខ្លាញ់ និងជួយបំបាត់ជាតិពុលពីក្នុងខ្លួនរបស់លោកអ្នកបានផងដែរ។
របៀបនៃការធ្វើស្ប៉ា
- ការម៉ាស្សាមុខ ៖ មានវិធី៥យ៉ាងនៃការថែរក្សាស្បែកមុខ មានគ្រប់វ័យទាំងបុរស និងនារី ដូចជាធ្វើឱ្យមុខសស្អាត ព្យាបាលមុខមុន និងស្បែកដែលងាយនឹងប្រតិកម្ម។
- ការម៉ាស្សាប្រេង ៖ គឺជាវិធីម៉ាស្សាម្យ៉ាងដែលអាចជួយឱ្យសរសៃឈាមរត់ស្រួល និងជួយបន្ថយអារម្មណ៍តានតឹង។
- ម៉ាស្សាខ្លួនបែបខ្មែរបុរាណ ៖ អាចជួយកាត់បន្ថយការចុករោយនៃរាងកាយ និងភាពហត់នឿយ។
- ម៉ាស្សាស្អំពន្លៃ ៖ ផ្សំពីថ្នាំបុរាណ និងពន្លៃ ដែលយកមកស្អំខ្លួន និងម៉ាស្សា ដើម្បីជួយសម្រួលសរសៃឈាម។
- ម៉ាស្សាខ្លួនខាត់ស្បែក ៖ ការម៉ាស្សាបែបនេះមានច្រើនបែប និងច្រើនវិធី ដូចជាស្រាក្រហមលាយជាមួយទឹកដោះគោ ដើម្បីខាត់ស្បែកឱ្យទន់សរលោងស្អាត។ ផ្លែអាល់ម៉ុនជួយឱ្យស្បែកទន់ហើយមានសំណើម។ តែបៃតងផ្ដល់សំណើមដល់ស្បែក និងមានសភាពម៉ដ្ឋស្មើ។
- ម៉ាស្សាបាតជើង ៖ ដើម្បីជួយដល់លោកអ្នកដែលធ្វើការហត់នឿយ ព្រោះបាតជើងជាកន្លែងផ្ដុំនៃសរសៃឈាម។
សារៈប្រយោជន៍នៃស្ប៉ាចំពោះសុខភាព
ការស្ប៉ាមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ចំពោះសុខភាពតែប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សាសម្រស់ឱ្យបានស្អាតថែមទៀត ផង។ ម្យ៉ាងទៀតការស្ប៉ាជួយសម្រួលដល់លោកអ្នកនូវអាការចុកចង្កេះ ចុកស្រពន់ដៃជើង អារម្មណ៍ធូរស្បើយពីភាពតានតឹង។ ស្ប៉ាត្រូវមានរយៈពេលពី១ម៉ោងទៅ២ម៉ោង ជាពេលដ៏សមស្របមួយជួយឱ្យលោកអ្នកមានពេលសម្រាក និងកម្ចាត់ភាពហត់នឿយ សម្រាប់លោកអ្នកដែលមានភាពមមាញឹកនឹងការងារ។ ការស្ប៉ាត្រូវបានធ្វើឡើងពេញរាងកាយទាំងអស់ ទៅលើក្បាល មុខ ដងខ្លួន ដៃ និងជើងជាដើម។ មិនតែប៉ុណ្ណោះការស្ប៉ាចំពោះស្ដ្រីដែលឆ្លងទន្លេហើយអាចធ្វើការម៉ាស្សាស្អំពន្លៃ ស្ទីម ឬក៏ឆ្ពុង ព្រោះការ ម៉ាស្សាទាំងនេះធ្វើឱ្យឈាមដើរស្រួល សុខភាពស្បែកមានសភាពស្រស់ថ្លា និងធ្វើឱ្យសម្រស់កាន់តែស្អាតមួយកម្រិតថែមទៀត។
សារៈប្រយោជន៍នៃស្ប៉ាចំពោះសម្ផស្ស
ក្រៅពីជួយដល់សុខភាពលោកអ្នក ការស្ប៉ាក៏អាចជួយព្យាបាលមុខដែលមានជាតិខ្លាញ់ ស្បែកមុខងាយប្រតិកម្ម ស្បែកស្ងួត ពេកជួយឱ្យមានសំណើម រួមទាំងមានវីតាមីនសម្រាប់ចិញ្ចឹមស្បែកឱ្យសរលោងស្អាត។ សម្រាប់លោកអ្នកដែលមានសភាពស្បែកជ្រីវជ្រួញដែលបណ្ដាលមកពីការប្រែប្រួលផ្សេងៗ និងជួយជម្រុះនូវកោសិកាចាស់ៗក៏អាចជួយដល់លោកអ្នកបានដែរ។
ផលប៉ះពាល់នៃការស្ប៉ា
ការធ្វើស្ប៉ាមានផលប៉ះពាល់តិចតួចបំផុត ព្រោះស្ប៉ាមានលក្ខណៈធម្មជាតិសុទ្ធ ដោយមិនមានប្រើថ្នាំអ្វីដែលមានជាតិគីមីនោះទេ។ ភាគច្រើននៃការធ្វើស្ប៉ានេះ គឺមានធាតុផ្សំពីរុក្ខជាតិធម្មជាតិបុរាណដែលមានសារៈប្រយោជន៍ចំពោះសុខភាព និង សម្រស់។ សម្រាប់លោកអ្នកដែលមានជម្ងឺបេះដូង គឺមិនអាចធ្វើស្ប៉ាបាតជើងបាននោះទេ ព្រោះអាចធ្វើឱ្យមានការប៉ះពាល់ដល់បេះដូង ដូចជាធ្វើឱ្យឈាមដើរលឿន ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ចំពោះស្ដ្រីដែលមានផ្ទៃពោះក៏មិនអាចធ្វើម៉ាស្សាបាតជើងបានទេ ពីព្រោះអាចផ្ដល់ផលប៉ះពាល់ដល់សុខភាពម្ដាយ និងកូនក្នុងផ្ទៃ។
ដំបូន្មានអ្នកជំនាញ
ជាការពិតណាស់បន្ទាប់ពីការហាត់ប្រាណដែលជាលក្ខណៈបែបធម្មជាតិដែលសំខាន់សម្រាប់មនុស្សគ្រប់វ័យ ស្ប៉ាគឺជាចំណុច បន្ទាប់ដែលលោកអ្នកគួរតែជ្រើសរើស។ សម្រាប់លោកអ្នកដែលមានការមមាញឹកនឹងការងារខាងក្រៅ គឺរងនូវពន្លឺព្រះអាទិត្យ ធូលី អាកាសធាតុប្រែប្រួលដែលជាហេតុធ្វើឱ្យសម្រស់មានការចុះអន់ថយ។ លោកអ្នកគួរតែយកចិត្ដទុកដាក់ និងឆ្លៀតពេលឱ្យបាន ច្រើនពីសុខភាព ដើម្បីធ្វើស្ប៉ាសម្រួលអារម្មណ៍ ភាពនឿយហត់ អស់កម្លាំង ឬការស្ដ្រេសជាដើម ព្រោះអាចធ្វើឱ្យលោកអ្នកទទួលបាន នូវសុខភាពល្អប្រសើរ និងជោគជ័យនៅក្នុងជីវិត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៦ ខែវិច្ឆិកា ឆ្នាំ២០០៩
Leave a Reply