នាពេលបច្ចុប្បន្ន កម្ពុជាត្រូវប្រឈមមុខដោះស្រាយទៅនឹងវិបត្តិនៃការរាតត្បាតពីសំណាក់ជម្ងឺជាច្រើន ដូចជាជម្ងឺគ្រុនឈាម ជម្ងឺគ្រុនឈីកវី និងជាពិសេសជម្ងឺអ៊ីវី៧១ ដែលកំពុងតែរាតត្បាតនៅទូទាំងប្រទេសកម្ពុជាជាដើម។ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋនៅខេត្តមួយចំនួន ក៏កំពុងតែមានក្តីបារម្ភចំពោះសុខភាពកូនៗរបស់ពួកគាត់អំពីជម្ងឺអ៊ីវី៧១នេះផងដែរ។
រយៈពេលមួយសប្តាហ៍មកហើយ ដែលគេហទំព័រសុខភាពកម្ពុជាបានចុះផ្សាយនូវអត្ថបទជាច្រើនអំពីជម្ងឺចម្លែក ឬជម្ងឺអ៊ីវី៧១នេះ ជាពិសេសតាមរយៈបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ក្រោមចំណងជើងថា៖ «ជម្ងឺចម្លែក ឬជម្ងឺអ៊ីវី៧១: បទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ» ដើម្បីជាប្រយោជន៍ផ្តល់ចំណេះដឹងអំពីជម្ងឺនេះដល់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាទូទៅ។
កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានធ្វើសន្និសីទរួមគ្នាមួយនៅនាយកដ្ឋានជម្ងឺឆ្លងក្រសួងសុខាភិបាល ដើម្បីធ្វើការអំពាវនាវដល់សាធារណៈជនកុំឲ្យមានការព្រួយបារម្ភចំពោះស្ថានភាពនៃការរីករាលដាលជម្ងឺអ៊ីវី៧១នេះ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែមានក្តីបារម្ភចំពោះបញ្ហាខាងលើនេះផងដែរ។ ប្រជាពលដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង កំពុងតែសម្តែងការព្រួយបារម្ភចំពោះកូនតូចៗអាយុក្រោម៥ឆ្នាំរបស់ពួកគាត់ ដែលនៅប៉ុន្មាន៣ថ្ងៃកន្លងមកនេះ កូនៗរបស់ពួកគាត់កើតមានជម្ងឺពងបែកនៅក្នុងមាត់ និងនៅបាតដៃជើង ហើយដោយគេសង្ស័យថា ជាប្រភេទជម្ងឺ៧១។ នាពេលបច្ចុប្បន្ន កុមារទាំងនោះ ត្រូវបានឪពុកម្តាយរបស់ពួកគេ យកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឲ្យក្រុមគ្រូពេទ្យជួយពិនិត្យ និងព្យាបាលជាបន្ទាន់ នៅចំពេលដែលកូនរបស់គាត់ក្តៅខ្លួន និងមានពងបែកក្នុងមាត់ ដែលជាហេតុធ្វើឲ្យកូនរបស់ពួកគាត់ហូបអ្វីមិនកើត។ ជាពិសេសជាងនេះទៀតនោះ ក្នុងរយៈពេលតែ១ថ្ងៃបុណ្ណោះ កូនៗរបស់ពួកគាត់ មានចេញរោគសញ្ញាពងបែកលើបាតដៃបាតជើងថែមទៀតផង។
លោក ជា វុត្ថា អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ វុន ម៉ាច អាយុ២៤ឆ្នាំរស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា កូនគាត់ឈ្មោះ ថាច់ សុវិជ្ជា អាយុ៤ឆ្នាំ ក្តៅខ្លួនតែមួយថ្ងៃសោះស្រាប់តែចេញរោគសញ្ញា ចេញពងបែកមាត់ និងបាតដៃ បាតជើង ដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានកូនតូចៗនាំគ្នាព្រួយបារម្ភ មិនដឹងថាមានកើតជម្ងឺអ្វី។ បច្ចុប្បន្ននៅក្នុងមន្ទីពេទ្យបង្អែកមានកុមារប្រមាណជិត១០នាក់ហើយដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។ កុមារទាំងនោះភាគច្រើន មកពីភូមិអូរត្រែល និងភូមិកណ្តាលក្នុងស្រុកថាឡាបរិវ៉ាត់។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រកម្ពុជាថ្មី។
លោក យឿន ម៉ាឌី គ្រូពេទ្យប្រចាំការនៅមន្ទីពេទ្យបានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃនេះ តាមការសង្កេតបានឲ្យដឹងថា មានកុមារប្រមាណជិត១០នាក់ហើយកើតមានជម្ងឺប្រភេទខាងលើនេះ ហើយលោកមិនទាន់សន្និដ្ឋានថាជាជម្ងឺអ្វីនោះទេ។ ចំណែកឯលោកវេជ្ជបណ្ឌិត ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង បានបញ្ចាក់ថា ជម្ងឺកើតលើកុមារដែលមានពងបែកនៅមាត់ និងនៅបាតដៃជើងនេះ ហៅថាជាជម្ងឺពងបែក ឬចំហាយក្តៅ ហើយបើតាមព័ត៌មានដែលបានចេញផ្សាយកន្លងមកនេះផ្នែកលើវិទ្យាសាស្ត្រ គេហៅថាEV-៧១ ហើយចំណែកឯជម្ងឺម្យ៉ាងទៀតដែលចេញរោលក្រហមពេញខ្លួននោះ ហៅថាជម្ងឺឈីក។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ករណីជម្ងឺដែលកើតមានខាងលើនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានឲ្យបានច្បាស់លាស់នៅឡើយទេ គឺរងចាំធ្វើការតាមដានតទៅថ្ងៃមុខទៀត។ តែទោះជាយ៉ាងណាក្តី ជម្ងឺនេះបានកើតទៅលើកុមារនៅឯរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតរួចមកហើយ។
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក៏បានធ្វើសេចក្តីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុក្រោម១០ឆ្នាំត្រូវនាំគ្នាប្រុងប្រយ័ត្ន ថែទាំកូនឲ្យបានល្អផងដែរ ហើយបើមានអាការៈក្តៅខ្លួនមានចេញរោគសញ្ញាដូចជម្ងឺខាងលើ ត្រូវរួសរាន់បញ្ជូនកូនមកកាន់ប៉ុស្តិ៍សុខភាព និងប្រញ៉ាប់នាំមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យព្យាបាល ចៀសវាងកុំឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតដោយមិនដឹងមូលហេតុច្បាស់លាស់។
ការបារម្ភនេះ ក៏ត្រូវបានរាជរដ្ឋាភិបាល និងអង្គការដៃគូមួយចំនួន បានផ្តោតការយកចិត្តទុកដាក់ខ្លាំងផងដែរ ដែលកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ បន្ទាប់ពីធ្វើការតាមដាន និងវិភាគរួមគ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានធ្វើបទបង្ហាញ នៃរបកគំហើញថ្មីនៃវីរុស EV-៧១ ដល់អ្នកសារព័ត៌មាន ក្រុមគ្រូពេទ្យ ក៏ដូចជាផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានការយល់ដឹងអំពីជម្ងឺប្រភេទថ្មីនៅកម្ពុជាមួយនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសចិនកាលពេលថ្មីៗនេះ ក៏បានបញ្ចូនក្រុមគ្រូពេទ្យ និងសម្ភារៈជំនួយបច្ចេកទេសមួយចំនួនមកសង្គ្រោះ និងជួយព្យាបាលជម្ងឺប្រភេទថ្មីរួចមកហើយផងដែរ ក្រោយកិច្ចជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីកាលបរទេសចិនកាលពីពេលថ្មីៗកន្លងទៅនេះ។
ប៉ុន្តែការបាត់បង់ជីវិតកូនដែលជាទីស្រលាញ់របស់ខ្លួន គឺពិតជាគួរឲ្យសោកស្តាយបំផុតចំពោះអាណាព្យាបាលមួយចំនួន ដែលក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ទម្រាំរកឃើញមូលហេតុនៃជម្ងឺខាងលើនេះ។ បើយោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ប៊ីត រីជន័រ ប្រធានមន្ទីរពេទ្យគន្ធបុប្ផាកាលពីថ្ងៃទី១២ ខែកក្កដា ដែលចេញផ្សាយដោយគេហទំព័រសារព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា បើទោះបីជាបានរកឃើញប្រភេទជម្ងឺអ៊ីវី៧១នៅកម្ពុជា ជារឿងសំខាន់ក៏ដោយ ក៏ទំនងជាមានកត្តាជាច្រើនផ្សេងទៀត ដែលអាចបណ្តាលឱ្យកុមារស្លាប់យ៉ាងលឿនបែបនេះ។ លោកថា កាលពីជាង៣ខែមុន កុមារ៦៦នាក់ អាយុចន្លោះពី២ទៅ៣ឆ្នាំ ត្រូវបាននាំយកទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយ២នាក់ក្នុងចំណោមកុមារទាំងអស់បានស្លាប់យ៉ាងអាថ៌កំបាំងដោយសារបញ្ហាផ្លូវដង្ហើម និងប្រព័ន្ធប្រសាទធ្ងន់ធ្ងរ។ កាលពីថ្ងៃអាទិត្យពីរសប្តាហ៍មុន មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានរំឮកថា ការរាលដាលនៃជម្ងឺនេះមិនទាន់ត្រូវបានដោះស្រាយទាំងស្រុងទេ គេត្រូវការវិភាគបន្ថែមទៀត។ ប៉ុន្តែលោកវេជ្ជបណ្ឌិត ប៊ីត រីជន័រ បានរិះគន់ដល់អង្គការសុខភាពពិភពលោកមួយនេះចំពោះការធ្វើរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយដោយមិនមានការពិតច្បាស់លាស់។ ក្នុងរបាយការណ៍នោះ អង្គការសុខភាពពិភពលោក បានជូនដំណឹងដល់ពិភពលោកថា ជាជម្ងឺសម្លាប់ជីវិតអាថ៌កំបាំងថ្មីមួយកំពុងរាតត្បាតកម្ពុជា ដែលវាបង្កការភ័យខ្លាចដល់ប្រទេសកម្ពុជាទៅវិញ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២
Leave a Reply