វីតាមីន(ត) ៖ វីតាមីនអា​សត្វ

ពេលនេះ​វីតាមីនអា​សត្វ​ដល់វេន​ត្រូវចូល​ខ្លួនមក​បង្ហាញ​ដល់​មិត្ដ​អ្នកអាន​ទស្សនាវដ្ដី សុខភាពយើង នៅលើ​ទំព័រ​របស់ខ្លួន​លេខនេះ។ លោកអ្នក​បានជ្រាប​រួចមក​ហើយ​អំពី​វីតាមីនអា​រុក្ខជាតិ​កាលពី​លេខមុន។ ជាកិច្ច​បន្ដ សូមបន្ដ​ជ្រាប​អំពី​វីតាមីនអា​សត្វជាបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

តួនាទី​វីតាមីនអា​សត្វ

វីតាមីនអា​សត្វ ឬហៅ​ជាភាសា​ជីវគីមី​សាស្ដ្រ​ថា រ៉េទីណុល អាច​ហៅជា​ភាសា​ប្រជាជនាថា ជាវីតាមីន​កាពារ។ វីតាមីនអា​សត្វមាន​តួនាទី​ពិសេសៗ​ដូចតទៅ។

  • ជួយភ្នែក ៖ ដោយសារ​វីតាមីនអា​នេះទើប​ភ្នែក​របស់​យើង​អាច​សម្រប​តម្រូវ​ទៅនឹង​ស្ថានភាព​ងងឹត​សូន្យសុង និង​មើលឃើញ​ពណ៌មួយ​ចំនួន។ ម្យ៉ាងទៀត​វាមាន​តួនាទី​ពិសេស​ទៅលើ​រ៉េទីន ដូចដែល​មាន​ឈ្មោះ​ស្រាប់ថា រ៉េទីណុល។
  • ជួយ​សុខភាព​ទារក និង​កុមារ ៖ ប៉ុន្ដែ​វីតាមីនអា​សត្វនេះ អាច​មាន​តួនាទី​ទូលំទូលាយ​ជាងនេះ គឺជួយ​ឱ្យទារក​ក្នុងផ្ទៃ​លូតលាស់​បានល្អ ព្រមទាំង​ជួយឱ្យ​ទារក​ទើបនឹង​កើត និង​កុមារមាន​សុខភាព​លូតលាស់​ល្អ​ទៀតផង តាមរយៈ​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ការពារ​រាងកាយ។ ហេតុនេះ​ហើយទើប​វីតាមីនអា​នេះត្រូវ​បានយក​ទៅ​ប្រើប្រាស់​នៅក្នុង​ការព្យាបាល​ជម្ងឺកញ្ជ្រឹល។
  • ជួយ​ស្បែក ៖ តួនាទី​ចុងក្រោយ វីតាមីនអា​សត្វនេះ​ជួយដល់​ការជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​នៃស្លាក​ស្នាម​របស់​ស្បែក ធ្វើឱ្យ​មាន​ប្រក្រតី​ភាពនៃ​ការ​បញ្ចេញ​ក្រពេញ​ខ្លាញ់ និងញើស​នៅលើ​ស្បែក។

របប​អាហារ​រូបត្ថម្ភ​ប្រចាំថ្ងៃ​របស់​វីតាមីនអា​សត្វ

មនុស្សត្រូវ​ទទួលទាន​ចូលជា​ប្រចាំថ្ងៃ​ទៅក្នុង​ខ្លួន​នូវវីតាមីនអា​សត្វ​ក្នុង​បរិមាណ​ចំនួន​៨០០ឯកតា​រ៉េទីណុល​(សម្រាប់​បុរស) ៧០០​ឯកតា​រ៉េទីណុល​(សម្រាប់​ស្ដ្រី) ពី៧០០​ទៅ៨០០ឯកតា​រ៉េទីណុល​(សម្រាប់​យុវជន) និង​ចំនួន​៦០០ឯកតា​រ៉េទីណុល​(សម្រាប់​យុវនារី)។

កង្វះជាតិ​វីតាមីនអា​សត្វនាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព

បើសិនជា​ខ្លួនប្រាណ​យើង​ទទួលទាន​ជាតិវីតាមីនអា​សត្វនេះ​មិន​គ្រប់គ្រាន់ អាចនាំ​ឱ្យប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​ក្នុង​ករណី​ដែល​មនុស្ស​មិនបាន​ទទួលទាន​ចំណី​អាហារ​ដែលមាន​សារធាតុ​ខ្លាញ់​គ្រប់គ្រាន់ ឬ​តិចតួច​ពេក។ ផល​ប៉ះពាល់​ទាំងនេះ​មានដូចជា​ងងឹត​ភ្នែក (គំហើញ​ថយចុះ ឬអាច​ខ្វាក់ភ្នែក) ការរីក​លូតលាស់​នៃ​រាងកាយ​យឺតយ៉ាវ ស្ងួតស្បែក ឆាប់ខឹង មួម៉ៅ​ច្រើន ស្បែកឡើង​គគ្រើម​ពណ៌​ប្រផេះ និង​ស្រអាប់ ជម្ងឺ​ស្លេកស្លាំង ភ្នែក​ក្រហម និង​រលាក ភ្នែកចាញ់​ពន្លឺ ងាយកើត​រោគបង្ក​ដោយ​មេរោគ​ដដែលៗ និង​កើតជម្ងឺ​ក្រួស​តម្រង់​នោម។

ចំណី​អាហារ​ដែលមាន​វីតាមីនអា​សត្វ

វីតាមីនអា​សត្វ​មាននៅ​លើចំណី​អាហារ​មួយចំនួន​ដូចត​ទៅ ៖

  • សារធាតុ និង​អាហារ​ជាតិប័រ និងជាតិ​ទឹកដោះ​គោ
  • នៅក្នុង​ស៊ុត ឬពង​ពណ៌លឿង
  • ថ្លើម​សត្វ ជាពិសេស​ប្រេងថ្លើម​ត្រី។

ពេលដែល​ត្រូវ​ប្រើប្រាស់​វីតាមីនអា​សត្វ

ក្រុមមនុស្ស​ដែល​គួរតែ​ប្រើប្រាស់​វីតាមីនអា​សត្វ​ជាជំនួយ​បន្ថែម​មានដូច​តទៅ ៖

  • ស្ត្រី​ដែលកំពុង​ប្រើប្រាស់​ថ្នាំពន្យារ​កំណើត​(ជាពិសេស​ថ្នាំ​គ្រាប់)
  • អ្នក​ដែលមាន​ជម្ងឺ​ឆ្លងពី​មេរោគ
  • អ្នក​ដែល​ពិសា​សុរា ឬ​ប្រមឹក​ស្រា និងអ្នក​ជក់បារី
  • អ្នកដែល​តមជាតិ​ខ្លាញ់​ជាដើម។

តម្រូវការ​វីតាមីនអា​សត្វ​ជាប្រចាំ​ថ្ងៃ

ជាប្រចាំ​ថ្ងៃ​មនុស្ស​ត្រូវ​ទទួលទាន​វីតាមីន​ប្រមាណ​ពី៣០០០​ទៅ៧៥០០​ឯកតា​រ៉េទីណុល។ ការ​ទទួលទាន​លើ​សកម្រិត​ជា​ករណី​កម្រ ប៉ុន្ដែ​អាចកើត​មាន ហើយ​អាចបង្ក​ជាវិបត្ដិ​ផ្សេងៗ​ដែលមាន​កម្រិត​ធ្ងន់ធ្ងរ​ខុសគ្នា ដូចជា​អស់​កម្លាំង វិលមុខ ចង្អោរ ក្អួត ឈឺ ក្បាល ស្បែក​បែកស្រកា (របក​ស្បែក ទម្រង់​ដូច​រលាក​ស្បែក​ពេលត្រូវ​កម្ដៅ​ថ្ងៃ) ជួនអាច​បង្កជា​ជម្ងឺ​រលាក​ថ្លើម និង​ក្រិនថ្លើម​បាន​ទៀតផង។ ចំពោះ​ស្ដ្រី​ដែល​ពពោះ ប្រសើរ​បំផុត​ត្រូវ​ទទួលទាន​បន្ថែម​នូវសារធាតុ​បែតតាការ៉ូទីន ជាជាង​វីតាមីនអា​នេះ។ ហើយប្រ​សើរ​បើ​ទទួលទាន​ក៏មិន​ត្រូវលើស​ពី១០០០​ឯកតា​រ៉េទីណុល​ដែរ។ សូម​ចងចាំ​ថា បើសិន​ជាទារក​ទទួលយក​វីតាមីនអា​សត្វ​ដល់ទៅ​៣០០០​ឯកតា​រ៉េទីណុល នោះទារក​ក្នុងផ្ទៃ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់។ (សូម​អានបន្ដ​នៅលេខ​ក្រោយ)

ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *