ការតុបតែងខ្លួនគឺជារឿងរ៉ាវដ៏សាមញ្ញមួយចំពោះនារីគ្រប់ៗរូប។ ស្ទើរតែគ្រប់កន្លែងទាំងអស់នៅលើផ្ទៃមុខ នារីទាំងឡាយ អាចតុបតែងដោយខ្លួនឯងបានយ៉ាងល្អឥតខ្ចោះ។ ឥឡូវនេះ សុខភាពយើង សូមប្រាប់ពីរបៀបខ្លះៗ នៃការតុបតែងភ្នែកតូចចំពោះនារីៗទាំងឡាយដែលជាកូនចិន និងជាប់ខ្សែស្រឡាយចិនឱ្យចេះពីវិធីដ៏សាមញ្ញបំផុត ដែលពោរពេញទៅដោយភាពទាក់ទាញនៃការតុបតែងភ្នែកតូចឱ្យមើលទៅដូចជាភ្នែកធំផងដែរ។
ដើម្បីធ្វើការបកស្រាយជូនសុភាពនារីទាំងឡាយពីរបៀបនៃការតុបតែងភ្នែកតូចនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកស្រី សោភា ម្ចាស់ហាងម៉ាលីនណារក្សាសម្ផស្ស។
វិធីតុបតែងភ្នែកតូច
ចំណុចទាំងបួនខាងក្រោមនេះគឺជាវិធីតុបតែងភ្នែកដែលមានភាពងាយស្រួលបំផុត ហើយក៏អាចតុបតែងនៅតាមកន្លែងកែសម្ផស្សនានា ឬអាចតុបតែងដោយខ្លួនឯងក៏បាន។ ដូចនេះសូមនារីទាំងឡាយស្វែងយល់ពីចំណុចទាំងនេះ ៖
1 . ការគូសចិញ្ចើម ៖ សុភាពនារីដែលមានភ្នែកតូចទាំងឡាយ គប្បីធ្វើការគូសចិញ្ចើមឱ្យមានរាងជ្រុងតូចល្មម ហើយកន្ទុយចិញ្ចើមមិនត្រូវគូសឱ្យបះពេកទេ ព្រោះមើលទៅគឺមិនសមល្មមនឹងទម្រង់ភ្នែកឡើយ។
2 . ការតុបតែងរោមភ្នែក ៖ នារីៗដែលមានភ្នែកតូចនោះភាគច្រើនគឺភ្នែកមិនសូវជាមានត្របកភ្នែកប៉ុន្មានទេ ដូចនេះត្រូវបិទត្របកភ្នែកជាមុនសិន ទើបលោកស្រីអ្នកនាងកញ្ញាអាចបិទរោមភ្នែកដែលមានប្រវែងសមល្មម គឺមិនត្រូវឱ្យវែងពេកទេ ព្រោះអាចធ្វើឱ្យពិបាកក្នុងការបិទបើកភ្នែក និងមើលទៅមិនសក្ដិសម។ បន្ទាប់លោកស្រីអ្នកនាងកញ្ញាត្រូវពត់រោមភ្នែកថ្នមៗ និង បន្ថែមម៉ាស្ការ៉ាពីលើដើម្បីឱ្យភ្នែកកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត។ បើសិនជារោមភ្នែកស្អិតជាប់គ្នា សូមយកប្រដាប់សិត រោមភ្នែកមកសិតមួយៗ ពេលនោះរោមភ្នែកនឹងលែងមានបញ្ហា។
3 . ការតុបតែងគែមភ្នែក ៖ ចំពោះការតុបតែងគែមភ្នែកលោកស្រីអ្នកនាងកញ្ញាត្រូវគូសឱ្យស្នាមគំនូសតូចខ្មៅដិត ទាំងគែមខាងលើ និងខាងក្រោម។ តែចំពោះផ្នែកខាងលើត្រូវគូសពីដើមភ្នែកទៅឱ្យក្រាស់នៅកន្ទុយភ្នែក ហើយខាងចុងគំនូសត្រូវឡើងលើបន្ដិច។ ហើយត្រូវគូសគំនូសភ្នែកឱ្យមានទម្រង់រាងធំតាមដែលពេញចិត្ដ ដើម្បីឱ្យភ្នែកមើលទៅមានរាងធំ និងសក្ដិសមតែម្ដង។
4 . ការជ្រើសរើសបន្ថែមពណ៌ភ្នែក ៖ ចំពោះការបន្ថែមពណ៌ភ្នែកគឺជាចំណុចសំខាន់មួយសម្រាប់បន្ថែមសោភ័ណភាពភ្នែក។ សុភាពនារីគួរតែជ្រើសរើសនូវពណ៌ខ្មៅ ឬក៏ពណ៌សូកូឡាក៏បានដែរ យកមកផាត់ពាសលើត្របកភ្នែកខាងលើនោះជាការស្រេច។ ប៉ុន្ដែត្រូវចៀសវាងចំពោះពណ៌ណាដែលស្រាលៗ ព្រោះមើលទៅមិនសូវជាសក្ដិសមនឹងភ្នែកប៉ុន្មានទេ។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលសុភាពនារីបានធ្វើតាមការណែនាំទាំងនេះហើយ លោកស្រីអ្នកនាងកញ្ញានឹងទទួលបានការតុបតែងបានយ៉ាង ល្អពេញចិត្ដ្ដ។ អ្នកនាងកញ្ញាមិនចាំបាច់ចំណាយពេលវេលាចេញមកខាងក្រៅ ក៏អាចធ្វើការតុបតែងភ្នែកដោយខ្លួនឯងផងដែរ។ ប៉ុន្ដែទោះបីជាយ៉ាងណា បន្ទាប់ពីការតុបតែងឱ្យមានភាពស្រស់ហើយនោះ ក៏ត្រូវយកចិត្ដទុកដាក់ឱ្យបានល្អចំពោះការថែរក្សាសុខភាពភ្នែកផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply