រដូវរងាដែលមានអំឡុងពេល១ខែកន្លះទៅ២ខែក្នុងប្រទេសកម្ពុជា បានធ្វើឱ្យសុភាពបុរស និងសុភាពនារីមួយចំនួន ប្រឈមជាមួយការបាត់បង់សំណើមនៃផ្ទៃមុខ ដែលជាមូលហេតុធ្វើឱ្យសាច់មុខមានសភាពស្ងួត ងាយបែកស្រកា បបូរមាត់ប្រេះ ដែលបង្កមកពីការប៉ះពាល់នៃខ្យល់ស្ងួត និងកម្ដៅ។ ការថែរក្សាផ្ទៃមុខឱ្យស្រស់ផូរផង់ និងមានសំណើមក្នុងរដូវរងានេះ ជាបញ្ហា ដែលស្ដ្រី និងបុរសគ្រប់រូបគួរយកចិត្ដទុកដាក់។
ខាងក្រោមនេះជាអនុសាសន៍របស់អ្នកស្រី សិទ្ធ ច័ន្ទហេង ជានាយិកានៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សថបស្ដៃយ៏ បានផ្ដល់មកឱ្យទស្សនាវដ្ដី សុខភាពយើង ដែលអាចឱ្យប្រិយមិត្ដទាំងអស់យកទៅប្រើប្រាស់ក្នុងការសាកល្បង ដើម្បីជាប្រយោជន៍ដល់ស្បែក មុខលោកអ្នក។
វិធីការពារស្បែកមុខនៅរដូវរងា
ជាទូទៅនៅក្នុងរដូវរងាធ្លាក់ខ្យល់ ស្ដ្រីភាគច្រើនតែងជួបប្រទះជាមួយបញ្ហាខ្យល់ និងកម្ដៅ ដែលបង្កើតនូវបញ្ហាដល់ស្បែកមុខ និងបបូរមាត់ ជាហេតុអាចធ្វើឱ្យបាត់បង់ជាតិសំណើមប្រែជាស្ងួត មិនថាអ្នកដែលមានស្បែកមុខសម្បូរជាតិខ្លាញ់ ឬស្បែកស្ងួតក៏ដោយ។ ការបាត់បង់ជាតិសំណើមនៃស្បែកមុខធ្វើឱ្យប្រឈមមុខជាមួយនឹងភាពជ្រីញជ្រួញយ៉ាងឆាប់រហ័ស ដោយសារភាពត្រជាក់នៃសីតុណ្អភាព និងកង្វះខាតនៃការយកចិត្តទុកដាក់ឱ្យបានល្អចំពោះវិធីសាស្ត្រនៃការថែរក្សាសម្ផស្ស។ ខាងក្រោមនេះជាវិធីសាស្ត្រ ខ្លះតាមបែបបុរាណ បែបទំនើបនិងបែបសាមញ្ញធម្មតា ដែលអាចយកទៅអនុវត្តន៍ក្នុងជីវភាពប្រចាំថ្ងៃ។
- វិធីសាស្ដ្រប្រើផលិតផល ៖ លោកអ្នកអាចទប់ស្កាត់នូវការបាត់បង់សំណើមនៅលើផ្ទៃមុខបាន ដោយគ្រាន់តែជ្រើសរើស យកផលិតផលថែរក្សាស្បែកដែលសម្បូរទៅដោយជាតិសំណើមច្រើន ប្រកបទៅដោយសារធាតុចិញ្ចឹមដល់កោសិកាស្បែកមុខក្នុងការទប់ទល់នូវភាពត្រជាក់ និងការពារភាពជ្រួញ។ លោកអ្នកគ្រាន់តែយកផលិតផលទាំងនោះមកលាបលើផ្ទៃមុខ២ឬ៣ដងក្នុងមួយថ្ងៃ ដើម្បីការពារការប៉ះពាល់នៃខ្យល់់ និងបន្ថែមនូវសារជាតិខ្លាញ់នៃស្បែក។
- វិធីសាស្ដ្របែបធម្មជាតិ ៖ ចំពោះសុភាពនារីដែលពុំមានពេលគ្រប់គ្រាន់ ឬក៏ពុំចង់ចំណាយថវិកាច្រើនទៅលើផលិតផល តុបតែងខ្លួន។ លោកអ្នកអាចជ្រើសរើសធ្វើតាមនូវវិធីសាស្ដ្របែបធម្មតាៗ ដែលគ្រាន់តែអនុវត្ដនូវទម្លាប់ល្អរៀងរាល់ថ្ងៃ។ សូមសាកល្បងលុបលាងមុខរបស់លោកអ្នកជាមួយនឹងទឹកត្រជាក់ដែលអាចជួយរំញោចកោសិកាផ្ទៃមុខរបស់អ្នកមិនឱ្យឆាប់ជ្រួញ និងផ្ដល់សំណើមស្បែកមិនឱ្យឆាប់ស្ងួតពេក ឬអាចប្រើជាមួយនឹងទឹកកម្ចាត់មេរោគក៏បាន(ឡូហ្សិន)។ សូមអនុវត្ដន៍ជាប្រចាំដោយមួយថ្ងៃឱ្យបានពីពីរទៅបីដង នោះលោកអ្នកនឹងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ដ ដោយព្យាយាមប្រតិបត្ដិនូវវិធីងាយៗនិងស្រួលៗប៉ុណ្ណោះ។ លើសពីនេះ បើសិនជាសុភាពនារីចង់ទទួលបានលទ្ធផលឆាប់រហ័ស សូមប្រើប្រាស់ទឹកឃ្មុំលាយជាមួយពងមាន់លាបទុកលើផ្ទៃមុខជារៀងរាល់សប្ដាហ៍ឱ្យបានមួយដងនោះជាការប្រសើរ។ ដោយឡែកចំពោះបបូរមាត់ស្ងួត លោកអ្នកអាចប្រើក្រេម ឬប្រេងដែលអាចជួយផ្ដល់ជាតិសំណើមមកលាបនៅលើបបូរមាត់ជាការស្រេច។
ដំបូន្មានអ្នកឯកទេស
សម្ផស្សគឺជារឿងសំខាន់ដែលលោកអ្នកត្រូវតែយកចិត្ដទុកដាក់។ សម្ផស្សអាចផ្ដល់នូវភាពងាយស្រួលក្នុងការងារ និងកិច្ច ទំនាក់ទំនងផ្សេងៗក៏ដូចជាសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។ សុភាពនារីសុភាពបុរសទាំងឡាយ គួរគប្បីជ្រើសយកនូវវិធីដែលល្អ មកប្រើប្រាស់ក្នុងការថែរក្សាផ្ទៃមុខ។ សូមពិភាក្សាជាមួយអ្នកជំនាញ បើសិនជាមានបញ្ហា ឬប្រតិកម្មលើស្បែកមុខឱ្យបានទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply