ពិធីការិនីស្រស់សោភា អឿន ដាលីស ត្រូវបានទស្សនិកជនគាំទ្រ និងចាប់អារម្មណ៍កាន់តែច្រើនឡើងជាមួយនឹងសម្រស់ស្រស់ស្អាត គួបផ្សំនឹងសមត្ថភាពជាពិធីការិនីរបស់នាង។ ដាលីសបានធ្វើឱ្យទស្សនិកជនស្គាល់កាន់តែច្បាស់ តាមការបង្ហាញមុខជាពិធីការិនីក្នុងកម្មវិធីតន្ដ្រីថបធីន និងកម្មវិធីប្រគំតន្ដ្រីជាច្រើនទៀត។ អាជីពជាពិធីការិនីបានធ្វើឱ្យដាលីសរកពេល សម្រាកស្ទើរពុំបាន។
ទោះបីជាមានការរវល់ច្រើន ក៏ដាលីសមិនភ្លេចពីពេលវេលាដើម្បីថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួនដែរ។ នៅពេលនេះដាលីសនឹងបង្ហើបពីវិធីការថែរក្សាសុខភាព និងសម្រស់របស់នាងជូនលោកអ្នកឱ្យបានជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនធ្វើជាពិធីការិនី
មុនពេលឈានចូលជាអ្នកសិល្បៈ ដាលីសជាសិស្សរៀនអង់គ្លេស និងភាសាចិនក្រៅម៉ោង។ ចៃដន្យនាយកសាលាចិន ឃើញនាងមានរូបសម្ផស្សស្អាតក៏សាកសួរនាងពីរឿងធ្វើជាពិធីករនៅប៉ុស្ដិ៍លេខ៣ ស្របពេលនោះដាលីសក៏មានបំណងចង់ចូលប្រឡង ហ្វ្រេសស៊ីផងដែរ។ បន្ទាប់ពីបានការផ្ដល់ឱកាសឱ្យដាលីសបង្ហាញសមត្ថភាពជាពិធីករហើយនោះ នាងក៏បានចូលធ្វើជាពិធីការិនីនៅប៉ុស្ដិ៍លេខ៣រួមជាមួយការបង្ហាត់បង្រៀនបន្ថែមពីអ្នកជំនាញជាពិធីករ។ ដាលីសចាប់ផ្ដើមចូលធ្វើការនៅប៉ុស្ដិ៍លេខ៣ក្នុងអំឡុងពេលពាក់កណ្ដាលឆ្នាំ២០០៥ ប៉ុន្ដែបានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែនាងមមាញឹក និងហត់ច្រើនទៅលើការសិក្សា និងការងារ សិល្បៈផង។ រយៈពេលបន្ទាប់មកទៀត អ្នកធ្វើការនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ក៏បានទាក់ទងដាលីស។ ដោយសារតែការចរចា ពីរយៈពេលធ្វើការស៊ីចង្វាក់គ្នា ដាលីសក៏សម្រេចចិត្ដធ្វើការនៅស្ថានីយទូរទស្សន៍ប៉ុសិ៍្ដលេខ៥នៅឆ្នាំ២០០៦រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីអាជីពជាពិធីការិនីហើយនោះ ដាលីសក៏បានបញ្ចេញទេពកោសល្យទៅលើការថតចម្រៀងខារ៉ាអូខេផងដែរ។
វិធីថែរក្សាសម្រស់
ខាងក្រោមនេះគឺជាវិធីថែរក្សាសម្រស់ ដែលពិធីការិនីស្រស់ស្អាតម្នាក់នេះបានអនុវត្ដជារៀងរាល់ថ្ងៃ។
- ការថែរក្សាសក់ ៖ ការចាប់យកអាជីពជាអ្នកសិល្បៈ គឺចៀសមិនផុតពីបញ្ហាសក់នោះទេ។ ដើម្បីការពារនូវបញ្ហាទាំងនេះ ដាលីសបានជ្រើសរើសសាប៊ូកក់សក់យ៉ាងត្រឹមត្រូវបំផុត ដើម្បីឱ្យត្រូវនឹងប្រភេទស្បែកក្បាលរបស់នាង។ រាល់ពេលដែលកក់សក់រួច ដាលីសតែងតែប្រើអាហារសម្រាប់ថែរក្សាបំប៉នសក់។ ក្រៅពីនេះដាលីសបរិភោគផ្លែឈើ ដើម្បីជាជំនួយដល់សរសៃសក់ផងដែរ។
- ការថែរក្សាស្បែកមុខ ៖ ដោយចៀសមិនផុតពីការផាត់មុខស្ទើរតែរៀងរាល់ថ្ងៃនោះ ដាលីសចាំបាច់ត្រូវមានការ ថែទាំស្បែកមុខឱ្យបានដិតដល់។ ដាលីសតែងតែសម្អាតផ្ទៃមុខឱ្យបានស្អាតជានិច្ចមុនពេលចូលដំណេក។ ដាលីសក៏ប្រើប្រាស់ ប្រភេទឡេដែលត្រូវនឹងស្បែកដើម្បីប្រើប្រាស់នៅពេលយប់ និងពេលថ្ងៃផងដែរ។ ក្រៅពីនេះដាលីសក៏គិតគូរទៅលើការជ្រើសរើស ផលិតផលគ្រឿងសម្អាងជាសំខាន់ផងដែរ ដើម្បីបញ្ចៀសពីបញ្ហាទាំងឡាយដែលអាចកើតមាននៅលើដងខ្លួន និងផ្ទៃមុខ។ ជាងនេះទៅទៀតដាលីសក៏ប្រើប្រាស់ថ្នាំវីតាមីនដើម្បីបំប៉នស្បែកផងដែរ។
- ការថែរក្សាស្បែកដងខ្លួន ៖ រាល់ពេលដែលងូតទឹកដាលីសតែងតែសម្អាតរាងកាយឱ្យបានស្អាតជានិច្ច។ មួយវិញទៀតដាលីសបានជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែក ហើយមានលទ្ធភាពអាចសម្អាតសារជាតិឡេនៅលើដងខ្លួនបានស្អាតល្អផងដែរ។ ជារៀងរាល់ពេលដែលដាលីសចេញទៅក្រៅម្ដងៗនាងតែងប្រើឡេដើម្បីការពារពន្លឺថ្ងៃ។
- ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជាបញ្ហាសំខាន់សម្រាប់ដាលីស នាងតែងតែសម្អាត និងពិនិត្យធ្មេញជាមួយ អ្នកឯកទេសត្រឹមត្រូវ។ ដាលីសសម្អាតធ្មេញក្នុងមួយថ្ងៃពីរដង ហើយនៅពេលទទួលទានអាហារមានជាតិផ្អែម នាងតែងខ្ពុរមាត់ សម្អាតជានិច្ច ដើម្បីរក្សាបាននូវសោភ័ណភាពមាត់ធ្មេញគ្រប់ពេលវេលា។
- ការថែរក្សាភ្នែក ៖ ចំពោះបញ្ហាភ្នែក មិនចោទជាបញ្ហាសម្រាប់ដាលីសនោះទេ។ តែអ្វីដែលកញ្ញាព្រួយបារម្ភ នោះគឺសុខភាព បើសិនជាសុខភាពមិនល្អក៏អាចធ្វើឱ្យកញ្ញាមានអាការស្រវាំងភ្នែកផងដែរ។ ដូចនេះកញ្ញាមានតែការថែរក្សា សុខភាពឱ្យបានល្អ និងគេងឱ្យបានគ្រប់គ្រាន់។
- ការថែរក្សារោមភ្នែក បបូរមាត់ ៖ ដើម្បីថែរក្សារោមភ្នែកឱ្យបានល្អ នាងយល់ថាមិនគួរប្រើប្រាស់ម៉ាស្ការ៉ានោះទេ ព្រោះវាអាចធ្វើឱ្យស្អិតរោមភ្នែក ហើយងាយជ្រុះរោមភ្នែក។ បើសិនជាមិនមានការចាំបាច់ឬចូលរួមកម្មវិធីណាមួយនោះទេ ដាលីស មិនតុបតែងទៅលើរោមភ្នែកច្រើននោះទេ។ ចំពោះបបូរមាត់ ដាលីសជ្រើសរើសក្រែមលាបមាត់ដែលមានសារជាតិវីតាមីនអឺ ដើម្បីបំប៉នដល់បបូរមាត់។
- ការថែរក្សាក្រចកជើង ក្រចកដៃ ៖ ដាលីសមិនចូលចិត្ដលេងម៉ូត ឬពណ៌ក្រចកនោះទេ តែអ្វីដែលដាលីសយកចិត្ដទុកដាក់នោះ គឺជារៀងរាល់មួយខែម្ដងតែងកាត់សាច់ក្រចក និងសម្អាតតម្រឹមឱ្យបានស្អាត។
ការថែរក្សាសុខភាពរាងកាយ
ដាលីសយល់ថាការគេងឱ្យបានគ្រប់គ្រាន់ និងទៀងទាត់ ហើយមានពេលកំណត់ឱ្យបានត្រឹមត្រូវគឺជាការចាំបាច់ណាស់។ ចំពោះការទទួលទានអាហារក៏ដូចគ្នាដែរ គឺដាលីសត្រូវកំណត់ពេលត្រឹមត្រូវដើម្បីកុំឱ្យមានបញ្ហាចំពោះសុខភាព។ ចំណែកការហាត់ប្រាណវិញនោះ ទោះបីជារវល់ច្រើននឹងការសិក្សានិងការងារក៏ដោយ ក៏ដាលីសនៅតែចំណាយពេលក្នុងការហាត់ប្រាណជាលក្ខណៈយូហ្គា ដែលមានរយៈពេលពី១០ទៅ១៥នាទីក្នុងមួយថ្ងៃ។
បំណងថ្ងៃអនាគត
ក្រៅពីអាជីពជាពិធីការិនីហើយនោះ ទៅថ្ងៃខាងមុខនៅពេលដាលីសដកឃ្លាបានខ្លះពីការងារ និងមានពេលទំនេរពីការសិក្សា ដាលីសក៏មានបំណងប្រាថ្នាចង់បើកមុខរបរផ្ទាល់ខ្លួន។ មុខរបរនោះគឺផ្អែកទៅលើតម្រូវការក្នុងទីផ្សារ ទើបដាលីសអាចក្ដោបក្ដាប់មុខរបររបស់ខ្លួនបាន។
បណ្ដាំផ្ញើរបស់ អឿន ដាលីស
សុភាពនារីទាំងឡាយ ទោះបីត្រូវមានពេលវេលាសម្រាប់ការងារ និងការសិក្សាក្ដី ក៏មិនសំខាន់ជាជាងពេលវេលាដើម្បី ថែរក្សាសុខភាពរបស់ខ្លួននោះទេ។ លោកអ្នកគប្បីបែងចែកពេលវេលាឱ្យបានត្រឹមត្រូវចំពោះពេលវេលាការសិក្សា ការងារ ការសម្រាកលម្ហែកាយ និងពេលវេលាថែរក្សាសុខភាព។ ព្រោះនេះជាកត្ដាមួយដែលនាំឱ្យលោកអ្នកមានសុខភាពល្អ។
ទាំងនេះគឺជាការយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា អឿន ដាលីស តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ អឿន ដាលីស
- អាយុ ៖ ២២ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០២ វិច្ឆិកា ១៩៨៩
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៥គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦ ២៨ ៣៧
- បងប្អូន ៖ ៤នាក់ (ស្រី២ ប្រុស២ ជាកូនពៅ)
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- កម្រិតវប្បធម៌ ៖ សិក្សានៅអេ ស៊ី អ៊ី ថ្នាក់ឌីប្លូម៉ាខសទី៤
- អាជីពនាពេលបច្ចុប្បន្ន ៖ ពិធីការិនី
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៧ ខែធ្នូ ឆ្នាំ២០០៩
Leave a Reply