ក្រពេញប្រូស្ដាតបុរសមានមុខងារយ៉ាងសំខាន់បំផុតសម្រាប់បញ្ចេញទឹករំអិលនៅពេលមានចំណង់ផ្លូវភេទ ឬរួមភេទ។ ហើយវាក៏មានតួនាទីសំខាន់ទៀតផងសម្រាប់បន្សាបជាតិអាស៊ីតនៅក្នុងបង្ហួរនោម ទប់ស្កាត់មេជីវិតឈ្មោលកុំឱ្យងាប់។ ក្រពេញ ប្រូស្ដាតមានសាច់ដុំខ្ជឹបទប់ទឹកនោមកុំឱ្យធ្វើដំណើរមកជាមួយទឹកកាមនៅពេលរួមភេទ។ ប៉ុន្ដែប្រសិនបើបុរសជួបប្រទះនូវជម្ងឺរលាក ក្រពេញប្រូស្ដាត ឬមហារីកក្រពេញប្រូស្ដាត នោះជារឿងអកុសលមួយដែលគួរឱ្យសោកស្ដាយ ព្រោះនាំឱ្យមានផលប៉ះពាល់ និងបាត់បង់សកម្មភាពផ្លូវភេទគួរឱ្យសង្វេគ។
ដើម្បីជ្រាបច្បាស់អំពីបញ្ហានេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹងលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី គ្រូពេទ្យព្យាបាល ជម្ងឺទូទៅ និងផ្នែកសុខភាពបន្ដពូជបុរសនៃសមាគមថែទាំសុខភាពកម្ពុជា ហៅកាត់ថា“រ៉ាក់”។
ជម្ងឺរលាកក្រពេញប្រូស្ដាតគឺជាអ្វី?
ជម្ងឺរលាកក្រពេញប្រូស្ដាតគឺជាជម្ងឺម្យ៉ាងដែលបង្កឡើងដោយពួកមេរោគផ្សេងៗ ដូចជាតាមផ្លូវទឹកនោម រលាកតម្រង នោម រលាកបង្ហួរនោម និងតាមជម្ងឺកាមរោគផ្សេងៗ តួយ៉ាងដូចជាប្រមេះទឹកបាយ ប្រមេះទឹកថ្លា ក៏ជាពពួកជម្ងឺដែលបង្កកំណើតឱ្យមានជម្ងឺរលាកក្រពេញប្រូស្ដាតដែរ។ ម្យ៉ាងទៀតអ្នកជម្ងឺរបេងមួយចំនួនដែលមានជម្ងឺរបេងតាមផ្លូវបន្ដពូជក៏អាចប្រឈមមុខមាន ជម្ងឺរលាកក្រពេញប្រូស្ដាតនេះដែរ។ ជម្ងឺមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះបុរស ជាពិសេសមិនអាចបន្ដពូជបាន។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺរលាកក្រពេញប្រូស្ដាត
មូលហេតុដែលបណ្ដាលឱ្យរលាកក្រពេញប្រូស្ដាត គឺកើតចេញដោយសារជម្ងឺដទៃតែប៉ុណ្ណោះ តួយ៉ាងដូចជាជម្ងឺរលាក តម្រងនោម ជម្ងឺរលាកបង្ហួរនោម ជម្ងឺកាមរោគផ្សេងៗ ជាពិសេសជម្ងឺរបេងទឹកនោមផងដែរ។ ជម្ងឺទាំងនេះហើយដែលជាអ្នកបង្កឱ្យមានជម្ងឺរលាកក្រពេញប្រូស្ដាត។
រោគសញ្ញាជម្ងឺរលាកក្រពេញប្រូស្ដាត
រោគសញ្ញាជម្ងឺរលាកក្រពេញប្រូស្ដាតចែកចេញជាពីរទម្រង់ គឺទម្រង់ស្រួចស្រាវ និងទម្រង់រ៉ាំរ៉ៃ។
1 . ទម្រង់ស្រួចស្រាវ ៖ បានបង្ហាញឱ្យឃើញថា អ្នកជម្ងឺមានអាការក្ដៅរងាញាក់ភ្លាមៗ មានឈឺចាប់តាមរន្ធគូទនៅ ពេលបត់ជើងធំ នោមញឹក ប្រសិនបើគេលូករន្ធគូទឃើញហើមមានអារម្មណ៍ដូចជាក្ដៅ និងមានការឈឺចាប់ ពេលខ្លះទៀតអ្នកជម្ងឺ អាចនោមឈាមទៀតផង។
2 . ទម្រង់រ៉ាំរ៉ៃ ៖ បានបង្ហាញថាអ្នកជម្ងឺមានអាការឈឺនៅក្រោមឆ្អឹងថ្ងាសនៃពងស្វាស បន្ទាប់មករាលដាលធ្វើឱ្យហើម លិង្គ នោមញឹក មានអាការក្ដៅខ្លួនតិចៗអាចស្ទះទឹកនោម ហើយអ្នកជម្ងឺមានអារម្មណ៍បាក់ទឹកចិត្ដ ឬធ្លាក់ទឹកចិត្ដ និងបាត់បង់ សមត្ថភាពផ្លូវភេទ។ ប្រសិនបើគេលូករន្ធគូទពុំមានអាការហើមនោះទេ តែមានជាលក្ខណៈរឆេចរឆូច និងទឹកនោមដូចធម្មតាគ្មាន ប្រែប្រួល។
វិធីព្យាបាលជម្ងឺរលាកក្រពេញប្រូស្ដាត
ប្រសិនបើពិនិត្យទៅលើរោគសញ្ញាថាអ្នកជម្ងឺមានទម្រង់ស្រួចស្រាវ ឬទម្រង់រ៉ាំរ៉ៃហើយនោះ គ្រូពេទ្យអាចធ្វើការព្យាបាល ដោយប្រើថ្នាំផ្សះ ដោយមិនធ្វើការវះកាត់អ្វីឡើយ។ ព្រោះជម្ងឺនេះកើតចេញមកពីជម្ងឺដទៃទៀត ដូច្នេះបើគ្រូពេទ្យពិនិត្យឃើញថា បង្កឡើងដោយសារជម្ងឺរលាកតម្រងនោម ឬជម្ងឺកាមរោគផ្សេងៗនោះ គឺការព្យាបាលត្រូវទៅតាមជម្ងឺនីមួយៗ។ តែប្រសិនបើវា កើតឡើងដោយសារតែមានដុំសាច់ដុះនោះ គឺត្រូវព្យាបាលដោយវិធីវះកាត់យកដុំសាច់នោះចេញឱ្យខាងតែបាន ព្រោះបើទុកវាអាចរីក ធំគាបជាប់សរសៃឈាមចេញចូលរបស់ពងស្វាស វារឹតតែបង្កគ្រោះថ្នាក់កាន់តែធ្ងន់ទៅថ្ងៃមុខ។
វិធីការពារជម្ងឺរលាកក្រពេញប្រូស្ដាត
ដើម្បីការពារជម្ងឺនេះ អស់លោកបុរសត្រូវដឹងថា រោគសញ្ញាដំបូងដែលបង្កឡើងឱ្យមានការរលាកក្រពេញប្រូស្ដាតនេះជា មុនសិន។ បើវាកើតឡើងដោយសារជម្ងឺរលាកតម្រងនោម ឬបង្ហួរនោម អ្នកជម្ងឺត្រូវឧស្សាហ៍ទទួលទានទឹកឱ្យច្រើន ព្រោះវាអាចជួយកាត់បន្ថយនូវអាការឈឺចាប់បាន។ វិធីការពារអ្នកជម្ងឺនេះមានដូចជា ៖
1 . ការបង្ករោគតាមផ្លូវទឹកនោមគឺត្រូវការពារយ៉ាងណាកុំឱ្យមានការបង្ករោគតាមផ្លូវទឹកនោម ឬមួយត្រូវឆាប់ព្យាបាល ជម្ងឺនេះឱ្យជាសះស្បើយ។
2 . ត្រូវព្យាបាលជម្ងឺរលាកផ្លូវទឹកនោមឱ្យបានជាទាំងស្រុង មិនត្រូវឱ្យមានឆ្លងនូវជម្ងឺកាមរោគផ្សេងៗនោះឡើយ។ ប្រសិនបើឆ្លងជម្ងឺកាមរោគ ត្រូវព្យាបាលឱ្យជាសះស្បើយផងដែរ។
3 . ត្រូវការពារកុំឱ្យកើតមានជម្ងឺរបេងសួត និងអាចកើតលើតំបន់ផ្សេងទៀត ជាពិសេសរបេងអាចកើតលើប្រដាប់ បន្ដពូជ។ បើវាកើតហើយក៏ត្រូវព្យាបាលឱ្យជាសះស្បើយផងដែរ។
ផលប៉ះពាល់ចំពោះជម្ងឺរលាកក្រពេញប្រូស្ដាត
ជម្ងឺរលាកក្រពេញប្រូស្ដាតអាចបង្កឱ្យមានអាប់សែនៅក្នុងប្រូស្ដាត ហើយបង្កឱ្យមានការហូរឈាម និងហូរខ្ទុះផងដែរ។ បន្ទាប់មកជម្ងឺនេះអាចរីករាលដាលដល់បង្ហួរនោម និងអាចទៅរលាកប្លោកនោមទៀតផង ប្រសិនបើមិនធ្វើការព្យាបាលឱ្យទាន់វេលាទេនោះ។
ដំបូន្មានអ្នកជំនាញ
ដើម្បីការពារជម្ងឺរលាកក្រពេញប្រូស្ដាត បុរសគប្បីថែរក្សាខ្លួនកុំឱ្យមានជម្ងឺតាមប្រព័ន្ធបន្ដពូជ ជាពិសេសជម្ងឺរបេងលើប្រដាប់ភេទ។ បើមានជម្ងឺនេះត្រូវព្យាបាលឱ្យជាសះស្បើយ ព្រោះអាចបង្កឱ្យមានជម្ងឺរលាកក្រពេញប្រូស្ដាតបាន។
Leave a Reply