រាកមួលគឺជាជម្ងឺម្យ៉ាងដែលបណ្ដាលមកពីមេរោគជាច្រើនយ៉ាង ដែលហៅថា“អាមីប”។ ជម្ងឺនេះបណ្ដាលមកពីលាមកមានឈាមឬមានសម្បោរ ហើយបន្ទោរបង់ញឹកញាប់ពី៤ទៅ៦ដង ធ្វើឱ្យអ្នកជម្ងឺមានសភាពហេវហត់ អស់កម្លាំងជាខ្លាំង។
ដើម្បីឱ្យជ្រាបច្បាស់អំពីជម្ងឺរាកមួលនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត លាង ហ៊ត់ គ្រូពេទ្យឯកទេសជម្ងឺក្រពះ ពោះវៀន ថ្លើម នៃមន្ទីរពេទ្យព្រះកេតុមាលា។
ជម្ងឺរាកមួលជាអ្វី?
ជម្ងឺរាកមួលបណ្ដាលមកពីមេរោគឈ្មោះអាមីប ធ្វើឱ្យអ្នកជម្ងឺបន្ទោរបង់ញឹកញាប់ពី៤ដងទៅ៦ដងក្នុងមួយថ្ងៃ ហើយ លាមកពោរពេញទៅដោយឈាម និងសម្បោរ។
មូលហេតុបង្កជម្ងឺរាកមួល
ជម្ងឺរាកមួលបណ្ដាលមកពីការទទួលទានអាហារមិនមានអនាម័យ ដូចជាទឹក ចំណីអាហារមិនស្អាតជាដើម។ ចំណីអាហារខ្វះអនាម័យមានវត្ដមានអាមីប ហើយអាមីបជាដើមហេតុបង្កឱ្យមានជម្ងឺរាកមួល ដោយសារតែលោកអ្នកបរិភោគចូលទៅនូវមេរោគនេះ ដោយឆ្លងកាត់តាមពោះវៀន ជាពិសេសពោះវៀនធំ ហើយក៏សម្ងំនៅទីនោះរយៈពេលពី២ទៅ៣សប្ដាហ៍ ទើបបង្ហាញនូវរោគ សញ្ញា។ ប្រសិនបើមេរោគនេះមានច្រើនមិនអាចសម្ងំបានយូរនោះទេ ក៏បង្ហាញជាសញ្ញាឱ្យលោកអ្នកដឹងតែម្ដង។ មិនតែប៉ុណ្ណោះ ខណៈពេលដែលមេរោគនេះជ្រៀតចូលដល់ស្រទាប់ពោះវៀនធំកាន់តែច្រើន អាចរាតត្បាតទៅលើស្រទាប់ពោះវៀនខាងក្នុង ដែល មានស្រទាប់ជាតិរំអិលហៅថា“មុយគឺ”។ ពេលមេរោគដដែលនេះយាយីដល់“មុយគឺ” ធ្វើឱ្យពោះវៀនមានដំបៅ ហើយក៏ដាច់រំអិល ពោះវៀនចេញ នាំឱ្យលោកអ្នកបន្ទោរបង់លាមកមានសម្បោរ។ មេរោគនេះអាចតាមយាយី ធ្វើឱ្យពោះវៀនមានដំបៅកាន់តែធំ បន្ទោរបង់មានឈាម។ ក៏ប៉ុន្ដែមេរោគអាមីបនេះចែកចេញជាពីរគឺគុណសម្បត្ដិ និងគុណវិបត្ដិផងដែរ។ ទីមួយគុណសម្បត្ដិរបស់វា អាចជាភ្នាក់ងារទ្រទ្រង់ពោះវៀនលោកអ្នកទៅវិញ ព្រោះមេរោគនេះអាចជួយការពារសត្វល្អិតក្នុងក្រពះយ៉ាងអង់អាច។ ទីពីរគុណ វិបត្ដិ គឺជាមេរោគដែលបំផ្លាញពោះវៀន បង្កឱ្យមានដំបៅ។
រោគសញ្ញាជម្ងឺរាកមួល
មុនដំបូងអ្នកជម្ងឺមានអាការរាកជាញឹកញាប់ មានជាតិរំអិល ហើយលាយឡំនឹងឈាមផងដែរ ព្រោះថាស្រទាប់ពោះវៀនខាងក្នុងរបេះធ្លាក់មក ដោយសារតែចលនាញាប់ៗនៅពេលដែលមេរោគចូលទៅយាយី ហើយការបឺតទឹករបស់ពោះវៀនធំមានបញ្ហា លែងធ្វើចលនាក៏បណ្ដាលឱ្យរាក។ ជម្ងឺនេះមិនមានអាការក្ដៅខ្លួននោះទេ តែអាចចុកពោះ ឬហើមពោះម្ដងម្កាល។ ម្យ៉ាងទៀត ប្រសិនបើមេរោគនេះមានក្នុងពោះវៀន អាចរាលដាលដល់ថ្លើម នាំឱ្យលោកអ្នកប្រឈមមុខនឹងជម្ងឺបូសថ្លើមតែម្ដង បន្ទាប់ពីមានជម្ងឺរាកមួលរយៈមួយសប្ដាហ៍ឬ១០ថ្ងៃក្រោយមក។ ការធ្វើរោគវិនិច្ឆ័យមួយទៀត គឺអាចយកលាមកទៅពិនិត្យ វិភាគឈាម ឬក៏ថតសួតជាដើម ក៏អាចបានដឹងពីរោគសញ្ញាផងដែរ។ ម្យ៉ាងទៀតអាមីបមិនត្រឹមតែចូលទៅក្នុងថ្លើម ឬក៏សួតនោះទេ វាក៏អាចចូលទៅក្នុងខួរក្បាលផងដែរ។
វិធីព្យាបាលជម្ងឺរាកមួល
ដើម្បីព្យាបាលជម្ងឺរាកមួល លោកអ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីយកថ្នាំមកព្យាបាល។ ប៉ុន្ដែជាទូទៅ ពពួកមេរោគអាមីបនេះធ្វើឱ្យរាកមួល ហើយអាចប៉ះពាល់ដល់ពោះវៀនបង្កជាជម្ងឺគ្រុនពោះវៀនផងដែរ។ ដូច្នេះនៅពេលដែលប្រើ ប្រាស់ថ្នាំ គួរតែប្រើថ្នាំគ្រុនពោះវៀនថែមទៀត។ ជាពិសេសត្រូវលេបថ្នាំបំបាត់អាការចុកពោះ និងប្រើឱសថមួយចំនួនផ្សេងទៀតតាមលោកគ្រូពេទ្យព្យាបាល។ ប្រសិនបើមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេ លោកអ្នកអាចកើតជម្ងឺមហារីកពោះវៀនបានយ៉ាងងាយ។
វិធីការពារជម្ងឺរាកមួល
ដើម្បីការពារជម្ងឺរាកមួលនេះ បញ្ហាចម្បងលោកអ្នកទាំងអស់ត្រូវតែអនាម័យឱ្យបានគ្រប់ពេលវេលា ជាពិសេសចំពោះការ ទទួលទានផ្សេងៗត្រូវប្រុងប្រយ័ត្ន។ តែប្រសិនបើលោកអ្នកមានជម្ងឺរាកភ្លាម គួរគប្បីមកពិគ្រោះជាមួយនឹងគ្រូពេទ្យ ដើម្បីព្យាបាល ជម្ងឺរាកនេះឱ្យទាន់ពេល ចៀសវាងជម្ងឺរាករីកដុះដាលក្លាយទៅជារាកមួល ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព ជាពិសេសពោះវៀន និងថ្លើម ព្រោះជម្ងឺរាកមួលនេះអាចម្រឈមមុខបង្កឱ្យកើតមានជម្ងឺផ្សេងៗទៀតបាន ដូចជាជម្ងឺបូសថ្លើម ជម្ងឺធ្លាយពោះវៀនធំ ជម្ងឺទឹកចូលសួត។ ល។
ផលប៉ះពាល់នៃជម្ងឺរាកមួល
ប្រសិនបើលោកអ្នកមិនធ្វើការព្យាបាលឱ្យទាន់ពេលវេលាទេនោះ លោកអ្នកអាចមានបញ្ហា ដូចជាធ្លាយពោះវៀន រលាក ពោះវៀនខ្នែង បូសថ្លើមជាដើម។ ប្រសិនបើវារលាកពោះវៀនខ្នែងហើយនោះ វាងាយនឹងធ្លាយពោះវៀនខ្នែងណាស់ ហើយអ្នកជម្ងឺ ត្រូវការការវះកាត់ជាបន្ទាន់។ ក្រៅពីនេះវាអាចប៉ះពាល់ដល់ថ្លើម តាមរយៈសរសៃឈាមពីពោះវៀនចូលទៅក្នុងថ្លើម បំផ្លាញជាលិកាថ្លើម និងកោសិកាថ្លើមឱ្យរលួយ បណ្ដាលឱ្យបូសថ្លើមតែម្ដង។ មិនតែប៉ុណ្ណោះវាអាចធ្វើឱ្យប៉ះពាល់ដល់ស្រទាប់សួត និងស្រោមសួតបង្កឱ្យរលាក។ បន្ទាប់ពីរលាកស្រោមសួត ហើយធ្វើឱ្យទឹកជ្រាបចូលស្រោមសួត គេហៅថាទឹកចូលសួត។ បញ្ហាទាំងនេះហើយដែលមានផលប៉ះពាល់កើតចេញមកពីជម្ងឺរាកមួល។
ដំបូន្មានអ្នកជំនាញ
ដើម្បីចៀសវាងជម្ងឺរាកមួល លោកអ្នកត្រូវតែអនាម័យដៃជើងឱ្យបានស្អាតនឹងសាប៊ូ និងសារជាតិផ្សេងៗ ដែលអាចជូត ជម្រះបានស្អាត ហើយការទទួលទានចំណីអាហារ ទឹក ឱ្យបានត្រឹមត្រូវផងដែរ។ ព្រោះមេរោគទាំងអស់ចាប់ផ្ដើមកើតមាននៅក្នុងខ្លួនរបស់យើងទាំងអស់គ្នាផ្ដើមពីចំណីអាហារ និងទឹក។ ម្យ៉ាងទៀត ប្រសិនបើចំណីអាហារណាមើលមិនគួរគប្បីទទួលទានកុំទទួលទាន ជាពិសេសចំណីអាហាដែលដាក់តាំងលក់តាមផ្លូវសាធារណៈផ្សេងៗ ដែលពុំមានអនាម័យគ្រប់គ្រាន់ ព្រោះអាចមានមេរោគ ធូលី ហុយជាប់ទៅនឹងចំណីអាហារ។
Leave a Reply