ការទទួលទានអាហារដែលមានរសជាតិ ជាមួយបរិយាកាសល្អគួបផ្សំនឹងតុអាហារនិងម្ហូបអាហារមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ជាហេតុផលមួយដែលស្ដ្រីមេផ្ទះគួរតែយល់ដឹង។ ការរៀបម្ហូបដាក់លើតុអាហារជារឿងបែបងាយៗ ដែលសុភាពនារីអាចធ្វើបានគ្រប់គ្នា ប៉ុន្ដែមិនប្រាកដថាតុអាហាររបស់លោកអ្នកមានសភាពត្រឹមត្រូវល្អនោះ។
នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយអ្នកស្រី សាពណ៌ ម្ចាស់ហាងសាពណ៌ម៉ូដែល ដែលបកស្រាយអំពីរបៀបរៀបចំតុអាហារឱ្យមានរបៀបរៀបរយ។
តុអាហារជាអ្វី?
មិនមែនត្រឹមតែសម្រាប់ដាក់ម្ហូបអាហារប៉ុណ្ណោះទេ តុអាហារជាកន្លែងសម្រាប់ដាក់អាហារ ជាមួយសម្ភារៈប្រើប្រាស់ សម្រាប់ទទួលទានផ្សេងៗទៀត ដូចជាកាំបិត សម ស្លាបព្រា កន្សែងដៃ ចាន និងកែវជាដើម។ តុដែលមានពេញដោយវត្ថុទាំងនេះ ទើបអាចហៅឈ្មោះថាតុអាហារបានយ៉ាងពិតប្រាកដ។
របៀបរៀបចំតុអាហារ
សុភាពនារីមួយចំនួនប្រហែលជាមិនចង់ចំណាយពេលវេលាច្រើនពេកទេ ក្នុងការរៀបចំតុអាហារឱ្យមានសណ្ដាប់ធ្នាប់ និង ស្រស់ស្អាត។ ប៉ុន្ដែលោកស្រីអ្នកនាងកញ្ញានៅតែមិនចៀសផុតពីបញ្ហាអស់ទាំងនេះបានទេ ព្រោះជាស្ដ្រីមេផ្ទះត្រូវតែចេះ ខាងក្រោម នេះជាវិធីងាយៗសម្រាប់សុភាពនារីជាមេផ្ទះ អាចយកទៅប្រើប្រាស់ក្នុងការរៀបចំតុអាហារប្រចាំថ្ងៃ ក៏ដូចជាសម្រាប់ពិធីការផងដែរ ៖
1 . ការរៀបសម្ភារៈទទួលទាននៅលើតុអាហារ ៖ សុភាពនារីដែលជាមេផ្ទះទាំងឡាយត្រូវចងចាំថា សម្ភារៈដែលអ្នក ប្រើប្រាស់ក្នុងការទទួលទានទាំងអស់សុទ្ធសឹងតែមានរបៀប និងកន្លែងរបស់វា ដូចជា ៖
- កែវ និងស្លាបព្រាត្រូវរៀបចំដាក់នៅខាងស្ដាំដៃ
- សម និងកូនកន្សែងដាក់នៅខាងឆ្វេងដៃ
- ចានប៊ឺរ ឬក៏ចានដាក់ឆ្អឹងត្រូវរៀបចំដាក់នៅខាងឆ្វេងដៃទើបជាការប្រសើរ។
2 . កូនកន្សែងជូត ៖ អ្នកត្រូវរៀបចំកូនកន្សែងឱ្យបានល្អ និងរួចរាល់សម្រាប់ភ្ញៀវដាក់លើភ្លៅក្នុងពេលទទួលទានអាហារ។ បើសិនជាកូនកន្សែងនេះធំពេក សូមបត់វាពាក់កណ្ដាលហើយដាក់វាទទឹងលើភ្លៅរបស់ភ្ញៀវ ដោយដាក់មុខបត់បែរមករកចង្កឹះ។
3 . ការរៀបចំកៅអីអង្គុយ និងកែវ ៖ ពេលដែលពុំទាន់មានសមាជិកក្រុមគ្រួសារ ឬភ្ញៀវអញ្ជើញមកដល់ សុភាពនារីទាំងឡាយគួរតែរៀបកន្លែងអង្គុយឱ្យបានល្អ។ ដោយរៀបកៅអីដាក់ជុំវិញតុឱ្យត្រូវតាមលំដាប់ និងឋានៈរបស់សមាជិកដែលទទួលទានអាហារជាមួយ។ សូមដាក់កៅអីនៅក្រោមតុដើម្បីចៀសវាងការដើរចេញចូលទើស។ ចំពោះកែវគប្បីរៀបចំឱ្យមានកែវពិសាទឹកផង និងកែវពិសាស្រាផងដែរ។
ដំបូន្មានអ្នកឯកទេស
ការយកចិត្ដទុកដាក់ចំពោះរបៀបរៀបចំផ្សេងៗនៅក្នុងផ្ទះសម្បែងជាផ្នែកមួយនៃសុភមង្គលក្នុងក្រុមគ្រួសារ។ ដូចនេះស្ដ្រី មេផ្ទះទាំងឡាយ គួរតែយកចិត្ដទុកដាក់ក្នុងការរៀបចំផ្សេងៗ មិនមែនត្រឹមតែការរៀបចំតុអាហារនោះទេ។ ការមានសណ្ដាប់ធ្នាប់ល្អ ជាគំរូដែលបង្ហាញពីភាពថ្លៃថ្នូរនៃគ្រួសាររបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply