លុយគ្រាន់តែជាក្រដាសដែលមានលេខប៉ុណ្ណោះ។ ប៉ុន្ដែលោកអ្នកមួយចំនួនបានចាត់ទុកថាលុយជាព្រះជាម្ចាស់របស់ពួក គេទៅវិញ។ តាមពិតលុយមិនសំខាន់ប៉ុន្មានទេ តែលុយពិតជាចាំបាច់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ព្រោះបើមិនត្រូវការលុយ មនុស្សក៏មិនមានទំនាក់ទំនងជាមួយគ្នាទេ។ ក្នុងជីវិតរបស់មនុស្សម្នាក់គោលដៅសំខាន់ជាងគេដែលត្រូវតែបំពេញឱ្យបានមុនធ្វើអ្វី ផ្សេងទៀតនោះ គឺត្រូវរកលុយឱ្យបានច្រើនជាមុនសិន។
កាលពីលេខលោកអ្នកក៏ដូចជាគូស្វាមីភរិយាទាំងអស់បានជ្រាបខ្លះហើយអំពីដើមចមទាំងឡាយដែលជាឫសគល់នៃបញ្ហា លុយកាក់នៅក្នុងជីវិតអាពាហ៍ពិពាហ៍។ នៅលេខនេះលោកអ្នកនឹងបានជ្រាបជាបន្ដទៀត អំពីចំណុចមួយចំនួនដែលត្រូវដោះស្រាយឱ្យបានដាច់ស្រឡះ យល់ច្បាស់ទាំងអស់គ្នាក្នុងគោលដៅរកឱ្យបាននូវចំណុចកណ្ដាល ចៀសវាងបង្កឱ្យមានការប្រេះឆាដោយសារតែបញ្ហាលុយកាក់ ឬរបស់ក្រៅខ្លួន។
ចំណុចកណ្ដាលនៃបញ្ហាលុយកាក់នៅក្នុងជីវិតអាពាហ៍ពិពាហ៍
មានចំណុចកណ្ដាលមួយចំនួនដែលប្ដីប្រពន្ធទាំងឡាយត្រូវតែរកឱ្យឃើញ ដើម្បីការពារសុភមង្គលកុំឱ្យប្រេះឆា។ ខាង ក្រោមនេះជាយោបល់មួយចំនួនដែលអាចចាត់ជាចំណុចកណ្ដាលរវាងលុយកាក់ និងស្នេហា។
- ប្ដីឬប្រពន្ធដែលមានចំណូលខ្ពស់សុទ្ធតែចង់ដណ្ដើមសិទ្ធិសម្រេចនៅក្នុងគ្រួសារ ប៉ុន្ដែគប្បីត្រូវគិតថាជាប្ដីប្រពន្ធនឹងគ្នាទៅ ហើយគួរតែរក្សានូវសមភាព មិនត្រូវចំណុះលើការរកលុយបានតិចឬច្រើននោះទេ។ លោកអ្នកចាំបាច់គិតថា មិនអាចយកប្រៀបជាមួយមនោសញ្ចេតនាបានទេ ហេតុនេះត្រូវបែងចែកឱ្យបានច្បាស់លាស់។
- ប្ដីប្រពន្ធគួរចៀសវាងការបកស្រាយអំពីមុខចំណាយដែលមិនចាំបាច់មួយចំនួន។ ដូច្នេះគួររក្សាលុយកាក់មួយចំនួន សម្រាប់សេចក្ដីត្រូវការផ្ទាល់ខ្លួន។
- ការលាក់លៀមលុយកាក់នឹងបង្កនូវការខណ្ឌផ្ដាច់រវាងប្ដីប្រពន្ធ។ ប្ដីប្រពន្ធមិនគួរឱ្យមានបេឡាសម្ងាត់ផ្ទាល់ខ្លួនឡើយ ទោះបីជាចំនួនលុយកាក់នោះទុកសម្រាប់ចាយវាយតាមចំណង់ចិត្ដខ្លួនក៏ដោយ។ ប្ដីប្រពន្ធអាចយកលុយកាក់ខ្លះសម្រាប់ចាយវាយផ្ទាល់ខ្លួន តែត្រូវមានការទទួលខុសត្រូវអំពីអនាគតទាំងគ្នា។
- ប្ដីប្រពន្ធមានសិទ្ធិដូចគ្នាក្នុងការប្រើប្រាស់លុយកាក់ខ្លះ តាមចំណង់ចិត្ដរៀងៗខ្លួន។ អាពាហ៍ពិពាហ៍សម័យបច្ចុប្បន្ននេះ មាននិន្នាការថវិកាបីគឺ របស់ប្ដី របស់ប្រពន្ធ និងរបស់រួម។
- អាជីវកម្មជាវិស័យដែលភាពខុសគ្នានៃចរិតរវាងប្ដី និងប្រពន្ធអាចជួយបំពេញឱ្យគ្នាបាន។ ប្ដីត្រូវពន្យល់ឱ្យប្រពន្ធដឹងថា ចំណែកលុយណាត្រូវរក្សាទុក លុយណាសម្រាប់ធ្វើអាជីវកម្ម។
- ប្រពន្ធឬប្ដីគួរតែពិនិត្យពីទម្លាប់ចាយវាយរបស់ខ្លួនមុនពេលខ្ចីបុលគេ។ មុនពេលរៀបការគួរតែប្រកាសជាចំហអំពីបំណុល របស់ខ្លួន។ ប្ដីឬប្រពន្ធដែលមានបំណុលអាចនិយាយគ្នាឱ្យបានច្បាស់លាស់ អំពីគោលការណ៍នៃការសងបំណុលចាស់។
បណ្ដាំផ្ញើ
ទំនាស់រវាងប្ដីប្រពន្ធមិនមែនបង្កឡើងដោយសារតែបញ្ហាលុយកាក់ប៉ុណ្ណោះទេ ជួនកាលគេនៅមានបញ្ហាអំពីឋានៈ តួនាទី ទស្សនៈក្នុងជីវិត និងចិត្ដភក្ដីភាព។ ប្ដីប្រពន្ធត្រូវតែសាកសួរយោបល់គ្នាអំពីរឿងលុយកាក់ដោយពុំចាំបាច់មានអាថ៌កំបាំងចំពោះគ្នា នោះទេ ព្រោះបើរៀបការហើយភាគីទាំងសងខាងសុទ្ធតែមានបំណងចង់ឱ្យគ្រួសាររីកចម្រើន និងមានសុភមង្គលដូចគ្នា។ ហេតុបើមានរឿងត្រូវជជែក សូមជជែកដោយសន្ដិវិធី បង្ការរាល់ទំនាស់ទាំងឡាយដែលកើតពីលុយកាក់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply