សម្លាកគឺជាបញ្ហាសម្រាប់មនុស្សគ្រប់រូប។ សម្លាកមិនអាចកើតឡើងដោយឯងៗនោះទេ គឺកើតឡើងដោយសារមានរបួស ឬប៉ះពាល់នឹងវត្ថុអ្វីមួយដែលធ្វើឱ្យមុតមានឈាម ហើយក៏បង្កឱ្យមានសម្លាក។ សម្លាកមិនអាចព្យាបាលឱ្យបាត់ទាំងស្រុងបាននោះទេ តែសម្លាកអាចសម្រួលសង្រួមពីធំឱ្យទៅជាតូចបាន ដោយវិធីសាស្ដ្រផ្សេងៗ ដូចជាការបាញ់ឡេសឺ និងការវះកាត់ជាដើម។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញសើស្បែកនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស មេហ្គាប៊ែល ដើម្បីពន្យល់អំពីវិធីកម្ចាត់សម្លាក។
ប្រភេទនៃសម្លាក
សម្លាកគឺជាស្លាកស្នាមមួយដែលកើតឡើងដោយសារស្បែករបស់លោកអ្នកមានរបួស ហើយបង្កទៅជាសម្លាក។ សម្លាក ត្រូវបានគេបែងចែកខុសគ្នាគឺ សម្លាកធម្មតា សម្លាកខ្លាំង និងសម្លាកមានផ្លែ។
1 . សម្លាកធម្មតា ៖ គឺជាសម្លាកដែលរាបស្មើ ហើយមានពណ៌ស្រដៀងនឹងស្បែក។
2 . សម្លាកខ្លាំង ៖ មានលក្ខណៈប៉ោងឡើង មើលឃើញយ៉ាងច្បាស់ជាងសម្លាកធម្មតា។
3 . សម្លាកផ្លែ ៖ ជាសម្លាកដែលប៉ោងឡើងខ្លាំង និងរាលដាលធំជាងស្នាមរបួស។ សម្លាកប្រភេទនេះច្រើនកើតនៅលើ បុគ្គលមួយចំនួនដែលមានហ្សែនកំណត់ ភាគច្រើនគឺជាជនជាតិស្បែកខ្មៅ ដូចជាអាព្រិក ឬអាស៊ីដែលមានសម្បុរស្រអែម។
មូលហេតុដែលបណ្ដាលឱ្យមានសម្លាក
សម្លាកគឺកើតឡើងដោយសារតែមានរបួស ការមុតទៅលើស្បែក ឬក៏មានបញ្ហាជម្ងឺសើស្បែក អាប់សែឬបូស ឬការរលាក ជម្ងឺត្រអកជាដើម។ និយាយរួមសម្លាកគឺកើតឡើងដោយសារតែមានការប៉ះពាល់ជ្រៅដល់ស្រទាប់ទីពីររបស់ស្បែក ដែលបង្កឱ្យមានឈាម ឬក៏របួស ទើបក្លាយទៅជាសម្លាក។
វិធីព្យាបាលសម្លាក
តាមធម្មតាសម្លាកមិនអាចធ្វើការព្យាបាលឱ្យបាត់ទាំងស្រុងបាននោះទេ តែអាចធ្វើការព្យាបាលដោយសម្រួលសម្លាក ដើម្បីឱ្យមើលទៅមានរាងតូច ឬស្រាលជាងមុន។ សម្លាកអាចសម្រួលបានតាមវិធីសាស្ដ្រផ្សេងៗ ដូចតទៅ។
- ការវះកាត់ ៖ គឺវះកាត់ដើម្បីសម្រួលសម្លាកដែលធំឱ្យទៅជាខ្សែ។
- ការខាត់ស្បែក ៖ គឺដើម្បីឱ្យសម្លាកមានសភាពរាបស្មើប្រហាក់ប្រហែលនឹងស្បែកធម្មតា
- ការប្រើឡេសឺ ៖ ការប្រើឡេសឺសម្រាប់បាញ់ដើម្បីសម្រួលដល់សម្លាកឱ្យមានសភាពធម្មតា មិនប៉ោង។
- ការចាក់ថ្នាំ ៖ ដើម្បីឱ្យសម្លាកស្វិតរួមទៅជាតូច។
- ការប្រើម្ជុលតូចៗ ៖ គេប្រើម្ជុលតូចយកទៅចាក់នៅលើស្បែកដែលមានស្នាម ដើម្បីឱ្យស្នាមចែកគ្នាទៅជាបំណែកតូចៗ។
វិធីការពារកុំឱ្យកើតមានសម្លាក
វិធីការពារកុំឱ្យមានសម្លាកគឺការពារកុំឱ្យមានរបួស ព្រោះរបួសកាន់តែធំ ឬកាន់តែជ្រៅ អាចធ្វើឱ្យស្នាមសម្លាកកាន់តែធំដែរ។ លោកអ្នកត្រូវការពារមេរោគឆ្លងនៅលើរបួស ព្រោះអាចឱ្យមានស្នាមរបួសកាន់តែធំ ហើយជ្រៅដែលបន្សល់នូវស្នាម សម្លាកធំដែរ។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកចង់បំបាត់ស្លាកស្នាមទាំងនោះ លោកអ្នកគួរតែទៅពិភាក្សាជាមួយអ្នកដែលមានជំនាញច្បាស់លាស់ ដើម្បីរកវិធីព្យាបាលឱ្យបានត្រឹមត្រូវ។ ដូចនេះវិធីដែលល្អគឺការពារកុំឱ្យមានស្នាមសម្លាកធំ នៅពេលដែលមានរបួស ឬជម្ងឺអ្វីមួយដែលកើតនៅលើស្បែកលោកអ្នក។ ត្រូវរកវិធីព្យាបាលឱ្យបានសមស្រប ដើម្បីកាត់បន្ថយនូវស្នាមសម្លាកដែលមិនល្អចំពោះស្បែករបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply