ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងយុវវ័យមួយរូបដែលតែងតែស្ថិតនៅក្នុងដួងចិត្ដរបស់យុវវ័យ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ កញ្ញា ឈិត សុវណ្ណបញ្ញា ជាតារាប្រចាំផលិតកម្មរស្មីហង្សមាសជាង៤ឆ្នាំមកហើយ នាងមានការមមាញឹក នឹងការងារជាច្រើន ដូចជាការច្រៀង និងការសម្ដែងជាខារ៉ាអូខេថ្មីៗជាច្រើនបទ ប៉ុន្ដែបញ្ញាក៏មិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ និងសុខភាពរបស់នាង។
កញ្ញា ឈិត សុវណ្ណបញ្ញា បានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រថែរក្សាសម្រស់ និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួន ជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិមុនចូលសិល្បៈ
មុនពេលឈានចូលសិល្បៈ បញ្ញាធ្លាប់បានសិក្សានៅវិទ្យាល័យយុគន្ធរ។ នៅឆ្នាំ២០០៥ បញ្ញាបានបញ្ចប់ការសិក្សានៅវិទ្យាល័យយុគន្ធរ ហើយក៏បានបន្ដការសិក្សានៅសកលវិទ្យាល័យន័រតុន។ ដោយសារតែបញ្ញាមានសម្លេងពីរោះ បញ្ញាត្រូវបានមិត្ដភក្ដិ ហៅឱ្យទៅច្រៀងនៅប៉ុស្ដិ៍ទូរទស្សន៍។ ហើយបន្ទាប់មកបញ្ញាក៏ត្រូវបានម្ចាស់ផលិកម្មរស្មីហង្សមាសទាក់ទងឱ្យទៅចូលច្រៀងនៅចុងឆ្នាំ ២០០៥ ដោយបានឆ្លងកាត់ការធ្វើតេស្ដសម្លេងជាច្រើនលើកនិងជាច្រើនបទ។ ដោយសារបញ្ញាមានទឹកដមសម្លេងពីរោះ ទើបម្ចាស់ផលិតកម្មសម្រេចឱ្យបញ្ញាចូលច្រៀងនៅផលិតកម្មរស្មីហង្សមាសតែម្ដង។ ចំពោះបទចម្រៀងដែលទទួលបានការគាំទ្រជាលើកដំបូង នោះគឺ Mouse love rice សង្កៀរបេះដូង លាក់ចិត្ដខ្សឹកខ្សួល ស្រក់ឈាមលើសៀវភៅស្នេហ៍ ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហាជាដើម។ មកដល់សព្វថ្ងៃនេះបញ្ញាបានច្រៀងចម្រៀងនៅផលិកម្មរស្មីហង្សមាសបានប្រហែលជាង១០០បទមកហើយ ថ្មីៗនេះបញ្ញា កំពុងតែមានការមមាញឹកនឹងការងារជាច្រើន ទាំងការច្រៀង និងការសម្ដែង។
វិធីថែរក្សាសម្រស់
ទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏បញ្ញាមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ ក៏ដូចជាការថែរក្សាសុខភាពរបស់បញ្ញាផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់បញ្ញា ដែលបានអនុវត្ដជាប្រចាំ។
- ការថែរក្សាសក់ ៖ ជាធម្មតាសម្រាប់ស្ដ្រីគ្រប់រូបតែងតែយកចិត្ដទុកដាក់បំផុតនៅក្នុងការថែរក្សាសរសៃសក់។ សម្រាប់បញ្ញាដែលជាអ្នកសិល្បៈមួយរូប ចំពោះសរសៃសក់បញ្ញាមិនសូវផ្លាស់ប្ដូរពណ៌សក់ប៉ុន្មាននោះទេ ព្រោះបញ្ញាយល់ថា ការផ្លាស់ប្ដូរពណ៌សក់ច្រើនជាហេតុធ្វើឱ្យសរសៃសក់ខូច។ ចំណែកម៉ូតសក់ក៏មិនសូវជាចូលចិត្ដម៉ូតអ្វីដែរ លើកលែងតែពេលទៅសម្ដែង និងចូលរួមកម្មវិធីប៉ុណ្ណោះ។ បញ្ញាបានជ្រើសរើសផលិតផលដែលសក្ដិសមនឹងសរសៃសក់ ដែលមានសារជាតិចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់អាចជួយឱ្យសរសៃសក់របស់បញ្ញាមានភាពរលោងស្រស់ស្អាត និងរស់រវើក។
- ការថែរក្សាស្បែកមុខ ៖ សម្រាប់ការថែរក្សាស្បែកមុខបញ្ញាតែងតែយកចិត្ដទុកដាក់បំផុត។ បញ្ញាបានជ្រើសរើសផលិតផលដែលត្រូវនឹងស្បែកមុខរបស់បញ្ញា ហើយនៅពេលយប់នាងតែងតែលាបឡេជំនួយដល់ស្បែកមុខ។ ក្រោយពីតុបតែងមុខ និងរាល់ពេលសម្ដែងចប់បញ្ញាតែងតែសម្អាតមុខ ដោយហ្វូមលាងមុខដែលមានគុណភាព ហើយប្រើសំឡីទន់ស្អាតជូតនៅ លើស្បែកមុខ នៅពេលដែលចេញទៅសម្ដែងនៅតាមខេត្ដឆ្ងាយៗ បញ្ញាតែងតែប្រើឡេការពារកម្ដៅថ្ងៃ ដើម្បីការពារកុំឱ្យមុខជាំ និងមានកន្ទួលរមាស់ជាដើម។
- ការថែរក្សាស្បែកដងខ្លួន ៖ ចិញ្ចើមបញ្ញាតែងតែប្រើសាប៊ូដែលអាចជួយឱ្យស្បែកមានសំណើម និងមានសារជាតិចិញ្ចឹម គ្រប់គ្រាន់សម្រាប់ស្បែក។ ជាពិសេសនៅពេលដែលចេញទៅសម្ដែងនៅតាមបណ្ដាខេត្ដនានា បញ្ញាតែងតែប្រើឡេការពារកម្ដៅថ្ងៃជានិច្ច។ ប៉ុន្ដែបើសិនសម្រាកពីការងារ បញ្ញាមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មាននោះទេ គ្រាន់តែលាបឡេដែលធ្វើឱ្យស្បែកមានសំណើមតែប៉ុណ្ណោះ ព្រោះនាងមានស្បែកសស្រាប់ទៅហើយ។
- ការថែរក្សាធ្មេញ ៖ ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ក៏បញ្ញានៅតែឆ្លៀតពេលនៅក្នុងការថែរក្សាសុខភាពធ្មេញ ដោយធ្វើការសម្អាតធ្មេញឱ្យបានយ៉ាងតិចពីរដងនៅក្នុង១ថ្ងៃ នៅពេលព្រឹក និងពេលយប់។ ជាទៀងទាត់បញ្ញាតែងតែ សម្អាតធ្មេញជាមួយគ្រូពេទ្យជំនាញជារៀងរាល់៣ខែម្ដង តែបើសិនជាមានការមមាញឹកច្រើនគឺ៦ខែទៅសម្អាតម្ដង។
- ការថែរក្សាភ្នែក ៖ ភ្នែកសំខាន់សម្រាប់បញ្ញា នាងមិនដែលធ្វើឱ្យភ្នែកចុករោយ ឬសម្លឹងយូរពេកនោះទេ ជាពិសេសនៅពេលដែលធ្វើដំណើរទៅណាមកណាម្ដងៗ នាងតែងតែពាក់វ៉ែនតាការពារធូលីក៏ដូចជាពន្លឺព្រះអាទិត្យជាដើម។ នៅពេលមានបញ្ហា មិនប្រក្រតីនៅលើភ្នែក នាងតែងតែទៅជួបគ្រូពេទ្យភ្នែកមិនដែលធ្វេសប្រហែសឡើយ។
- ការថែរក្សាចិញ្ចើម រោមភ្នែក បបូរមាត់ ៖ បញ្ញាមិនសូវជាយកចិត្ដទុកដាក់ចំពោះចិញ្ចើមនាះទេ ព្រោះចិញ្ចើមរបស់នាងក្រាស់ស្រាប់។ នៅពេលសម្ដែងបញ្ញាគ្រាន់តែយកខ្មៅដៃគូសចិញ្ចើមបន្ដិចៗ នៅលើចិញ្ចើមតែប៉ុណ្ណោះជាការស្រេច។ បញ្ញាកោរចិញ្ចើមនៅពេលដែលចាំបាច់តែប៉ុណ្ណោះ។ បញ្ញាមិនសូវប្រើម៉ាស្ការ៉ាច្រើនពេកនោះទេ ហើយនៅពេលសម្ដែងចប់បញ្ញា សម្អាតរោមភ្នែកចេញភ្លាម ដើម្បីការពារកុំឱ្យរោមភ្នែកជ្រុះ។ ចំពោះបបូរមាត់ បញ្ញាមិនចូលចិត្ដ្ដលាបក្រេមនោះទេ បញ្ញាចូលចិត្ដលាបក្រេមពណ៌ដែលស្រាលបំផុត។
- ការថែរក្សាក្រចកដៃជើង ៖ បញ្ញាមិនសូវជាចូលចិត្ដលេងម៉ូតក្រចកនោះទេ ប៉ុន្ដែបញ្ញាតែងតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សាក្រចកជានិច្ច។ ក្នុងមួយសប្ដាហ៍ បញ្ញាសម្អាតពីពីរទៅបីដងដោយខ្លួនឯងផ្ទាល់ ដោយប្រើក្រូចឆ្មារជូតសម្លាប់មេរោគចេញ និងកាត់សាច់ក្រចកតែប៉ុណ្ណោះ។
ការថែរក្សាសុខភាពរាងកាយ
បញ្ញាតែងតែបរិភោគអាហារដែលសម្បូរដោយវីតាមីន និងប្រូតេអ៊ីន ដូចជាបន្លែ និងសាច់ត្រីជាដើម។ នាងមិនសូវជាចូលចិត្ដអាហារដែលសម្បូរទៅដោយសារជាតិខ្លាញ់ និងអាហារផ្អាប់នោះទេ ព្រោះអាហារផ្អាប់ធ្វើឱ្យនាងតឹងច្រមុះ និងពិបាកច្រៀង។ បញ្ញាទទួលទានដំណេកមិនសូវបានទៀងទាត់នោះទេ។ ប៉ុន្ដែបើសិនជាមានពេលច្រើន បញ្ញាព្យាយាមគេងទៀងទាត់ពេលវេលា។ ចំពោះការធ្វើលំហាត់ប្រាណវិញ បញ្ញាក៏មិនសូវយកចិត្ដទុកដាក់នោះទេ ពីរសប្ដាហ៍ទើបហាត់ម្ដង។
គោលបំណងទៅថ្ងៃអនាគត
បញ្ញាបានប្រាប់ថា បើសិនជាទស្សនិកជននៅតែមានការគាំទ្រនាងនឹងនៅតែច្រៀងបំពេអារម្មណ៍ទស្សនិកជនរហូត។ ប៉ុន្ដែសព្វថ្ងៃនេះ បញ្ញាក៏មានគោលបំណងមួយបន្ទាប់ពីអាជីពជាអ្នកសិល្បៈ បញ្ញាចង់ធ្វើជំនួញផ្ទាល់ខ្លួន។
បណ្ដាំផ្ញើរបស់ ឈិត សុវណ្ណបញ្ញា
សុភាពនារីទាំងអស់គួរតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ។ ចំពោះផ្ទៃមុខត្រូវតែយកចិត្ដទុកដាក់បំផុត ដូចជានៅពេលដែលមកពីកម្មវិធីអ្វីមួយ ត្រូវតែប្រញាប់ធ្វើការលាងសម្អាតផ្ទៃមុខឱ្យបានស្អាត ដើម្បីចៀសវាងបញ្ហាចំពោះស្បែកមុខ ព្រោះផ្ទៃមុខគឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់សុភាពនារីគ្រប់រូប អ្វីដែលពិសេសជាងនេះនោះ គឺត្រូវគិតគូរពីសុខភាពឱ្យបានច្រើនទើបជាការប្រសើរ។
ទាំងនេះគឺជាការយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា ឈិត សុវណ្ណបញ្ញា តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ឈិត សុវណ្ណបញ្ញា
- អាយុ ៖ ២៣ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ០៩. ០១. ១៩៨៦
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- កម្ពស់ ៖ ១,៦០ម៉ែត្រ
- ទម្ងន់ ៖ ៤៧គីឡូក្រាម
- ទំហំទាំងបី ៖ ៣២ ២៧ ៣០
- បងប្អូន ៖ ៥នាក់ ប្រុស២នាក់ ស្រី៣នាក់(ជាកូនទី២)
- កម្រិតវប្បធម៌ ៖ និស្សិតនៅសកលវិទ្យាល័យន័រតុន ផ្នែកជំនួញ
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply