លោកសាស្ដ្រាចារ្យ ហ្វ្រង់ស័រ សាវីយេ រូស (Francois Xavier Roux) ប្រធានផ្នែកប្រព័ន្ធសរសៃប្រសាទនៃ មន្ទីរពេទ្យសាំងអាន(Sainte Anne) និងជាប្រធានមូលនិធិនៃអង្គការ La Chaine de l’Espoir ប្រទេសបារាំងបានឱ្យដឹងថា បច្ចុប្បន្ននេះមូលនិធិមានគម្រោងសង់មជ្ឈមណ្ឌលសរសៃប្រសាទមួយនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងពេលដែលលោកសាស្ដ្រាចារ្យបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា គម្រោងសាងសង់មជ្ឈមណ្ឌលនេះ បានសិក្សាឡើងវិញយ៉ាងល្អិតល្អន់។ តាមការសិក្សា គម្រោងសាងសង់មជ្ឈមណ្ឌលសរសៃប្រសាទដែលមានលក្ខណៈស្ដង់ដារអន្ដរជាតិ នេះត្រូវការថវិកាពី៥លានដុល្លារទៅ១០លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជំនួបពិភាក្សាការងារជាមួយលោក ឈាង រ៉ា នាយកមន្ទីរពេទ្យកាល់ម៉ែតកាលពីពាក់កណ្ដាលខែមករាកន្លងទៅនេះ បានផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងផ្នែកវះកាត់ប្រព័ន្ធប្រសាទរបស់ La Chaine de l’Espoir និងមន្ទីរពេទ្យ កាល់ម៉ែតឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ដោយពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍វះកាត់ប្រព័ន្ធសរសៃប្រសាទឱ្យកាន់តែល្អ ប្រសើរជាងមុន។ កិច្ចពិភាក្សានេះក៏បានឯកភាពជាគោលការណ៍ផងដែរលើការចុះហត្ថលេខាសហប្រតិបត្ដិការមួយចំនួនដូចជា ៖
1 . កិច្ចសហប្រតិបត្ដិការរវាងមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យសាំងអាន
2 . កិច្ចសហប្រតិបត្ដិការរវាងមន្ទីរពេទ្យកាល់ម៉ែតនិងមន្ទីរពេទ្យសាំងអេទីយ៉ែន (Saint Etienne)
3 . កិច្ចសហប្រតិបត្ដិការរវាងក្រុមវះកាត់សរសៃប្រសាទរបស់ La Chaine de L´Espoir និងមន្ទីរពេទ្យសាំងអាន។
លោកសាស្ដ្រាចារ្យ ហ្វ្រង់ស័រ សាវីយេ រូស ក៏បានលើកឡើងឱ្យដឹងថា លោកមកកម្ពុជាពេលនេះសំខាន់បំផុតក្នុងបេសកកម្មមនុស្សធម៌ គឺដើម្បីជួយព្យាបាល និងជួយបណ្ដុះបណ្ដាលដល់គ្រូពេទ្យ អ្នកវះកាត់ និងបុគ្គលិកពេទ្យទាំងអស់។ លោកសាស្ដ្រាចារ្យក៏បានឱ្យដឹងផងដែរថា លោកធ្លាប់មកធ្វើការជាមួយមន្ទីរពេទ្យកាល់ម៉ែតរយៈពេលជាង១២ឆ្នាំមកហើយ តាមរយៈ La chaine de L´Espoir ដើម្បីជួយវះកាត់ដល់ជនក្រីក្រ មនុស្សចាស់ជរា ជាពិសេសកុមារ និងធ្វើការជាមួយក្រុមគ្រូពេទ្យ សរសៃប្រសាទ។
ប៉ុន្មានឆ្នាំកន្លងមកនេះលោកសាស្ដ្រាចារ្យ ហ្វ្រង់ស័រ សាវីយេ រូស មានបំណងធំដូចជាការសាងសង់អគារសរសៃប្រសាទ ដែលមានស្ដង់ដារអន្ដរជាតិនៅក្នុងប្រទេសកម្ពុជា។ ជាមួយនេះតាមរយៈកិច្ចសហប្រតិបត្ដិការ La Chaine del L´Espoir នឹងជួយទាំងសម្ភារៈនិងការបណ្ដុះបណ្ដាលផ្នែកឯកទេសសរសៃប្រសាទ និងសង្គ្រោះបន្ទាន់ដល់ក្រុមគ្រូពេទ្យកម្ពុជាលើផ្នែកវះកាត់ សរសៃប្រសាទទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply