កែវ សូរិយា ស្អាតហើយសិចស៊ី

ជាតារា​សម្ដែង​ដែលទើប​នឹង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មិនយូរ​ប៉ុន្មាន​ផង ប៉ុន្ដែ​កេរ្ដិ៍ឈ្មោះ​របស់នាង​ត្រូវបាន​មនុស្ស​ជាច្រើន ស្គាល់​តាម​រយៈ​រាងកាយ​ដ៏​ស្រស់ស្អាត​របស់នាង។ ទេពកោសល្យ​សម្ដែង​របស់នាង​ក៏​មិនអន់​ប៉ុន្មាន​ដែរ ព្រោះនាង​ត្រូវបាន​ផលិតកម្មជាច្រើន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ដែង​ជាបទ​ចម្រៀង​ខារ៉ាអូខេ ភាពយន្ដ ឬក៏​ស្ពតពាណិជ្ជកម្ម​ផ្សេងៗ។ បើទោះ​បីជា​មមាញឹក​នឹង​ការងារ​សិល្បៈ​យ៉ាងណា ក៏​សូរិយា​មិនដែល​ភ្លេចពី​ការថែ​ទាំសម្រស់​ដ៏​ស្រស់ស្អាត​របស់​នាងឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង នឹង​លើកយក​បទពិសោធន៍​ខ្លះរបស់ កែវ សូរិយា ទាក់ទង​នឹងការ​ថែរក្សា​សម្រស់ និង​សុខភាព មក​រៀបរាប់​ជូន​លោកអ្នក ជាពិសេស​មិត្ដនារី​ឱ្យបាន​ជ្រាបឬ​ក៏អាច​យកទៅ​អនុវត្ដន៍​តាម។

ប្រវត្ដិ​មុនចូល​សិល្បៈ

មុនពេល​ចូលសិល្បៈ កែវ សូរិយា គ្រាន់តែ​ជាសិស្ស​រៀនភាសា​អង់គ្លេស និង​អ៊ុតសក់​កែសម្ផស្ស​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ ណាមួយ​នាងក៏​គ្មាន​បំណង​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ដែរ។ ដោយសារ​តែរូប​សម្ផស្ស​ដែល​ស្រស់ស្អាត​ពី​ធម្មជាតិ​របស់នាង និង​មានការ ជំរុញ​ពី​សំណាក់​មិត្ដភក្ដិ​នោះ សូរិយា​ក៏បាន​ចាប់​ចូលរួម​ក្នុងសិល្បៈ​ដំបូង​នៅឆ្នាំ​២០០៧។ ស្នាដៃ​ដំបូង​របស់នាង​ត្រូវបាន​ទទួល​ស្គាល់តាម​រយៈ​​រឿង​ព្រាយហាយសូ និងបទ​ចម្រៀង​ខារ៉ាអូខេ​ជាច្រើន​នៅតាម​ផលិតកម្ម​នានា។

ការ​ថែរក្សា​សម្ផស្ស

បើទោះ​បីជា​ពេលនេះ កែវ សូរិយា ត្រូវបាន​មជ្ឈដ្ឋាន​នានា​ទទួល​ស្គាល់ថា​នាងមាន​រូប​សម្រស់​ស្រស់ស្អាត​យ៉ាងណា​ក៏ដោយ ក៏នាង​នៅតែ​មិនភ្លេច​អំពីវិធី​ទាំងឡាយ​ដែល​នាំឱ្យ​នាង​ស្រស់ស្អាត​ដូច​រាល់ថ្ងៃ​នេះដែរ។ សូរិយា​មានវិធី​ដោយឡែក​មួយចំនួន ដើម្បី ថែរក្សា​រូបសម្រស់​របស់នាង ដែលក្នុង​នោះ​សូរិយា​បានផ្ដោត​ទៅលើ​ចំណុច​សំខាន់​មួយ​ចំនួន​ដូចជា ៖

  • ការ​ថែរក្សា​សរសៃសក់ ៖ ក្នុងមួយ​សប្ដាហ៍​សូរិយា​អប់សក់​ម្ដង ដោយ​នាងបាន​ជ្រើសរើស​នូវ​ផលិតផល​ណាដែល​អាច ជួយ​បំប៉ន​សរសៃ​សក់​របស់នាង​ឱ្យទន់​រលោង ព្រមទាំង​អាច​ការពារ​មិនឱ្យ​សក់បែក​ចុងបាន។ សូរិយា​តែង​កក់សក់​រៀងរាល់​ពីរថ្ងៃ​ម្ដងជា​ទៀងទាត់។ ចំពោះ​ម៉ូតសក់ សូរិយា​ចូលចិត្ដ​ម៉ូត​បែបតារា​កូរ៉េ ហេតុនេះ​ពេលខ្លះ​នាងប្រើ​សក់ពាក់​ដើម្បី​ប្ដូរ​ម៉ូតសក់។
  • ការ​ថែរក្សា​ស្បែកមុខ ៖ នេះជា​ចំណុច​ពិសេស​ដែល​សូរិយា​យកចិត្ដ​ទុកដាក់​ខ្លាំងបំផុត នាង​តែងតែ​ព្យាយាម​ប្រើប្រាស់ នូវ​ប្រភេទ​ម្សៅឬ​ក៏ឡេ​ដែលអាច​ជួយឱ្យ​មុខ​របស់នាង​សម៉ដ្ឋ​រលោង។ ក្រៅពីនេះ​នាងតែងតែ​ប្រើប្រាស់​វិធី​ធម្មជាតិ​ជាជំនួយ​ផងដែរ ដូចជា​ការ​បិទផ្លែ​ចេកត្រសក់​ជាដើម។ នៅពេល​ចេញទៅ​ក្រៅ​នាង​តែងតែ​លាបក្រែម​ការពារ​កម្ដៅថ្ងៃ​ជាប់​ជានិច្ច ហើយ​បើមិន​មាន កម្មវិធី​ឬក៏​ថតនោះ​ទេ សូរិយាមិន​ចូលចិត្ដ​តុបតែង​នោះឡើយ នាង​ចូលចិត្ដ​បែប​សាមញ្ញ​ច្រើនជាង។ បើទោះ​បីជាយ៉ាង​ណា សូរិយា ព្យាយាម​ទៅម៉ាស្សា​សម្អាត​ស្បែកមុខ​យ៉ាងតិច​ក៏ម្ដង​ដែរក្នុង​មួយសប្ដាហ៍។
  • ការ​ថែរក្សា​ស្បែកខ្លួន ៖ ស្បែកដ៏​សរលោង​គួរឱ្យ​ចង់​ថ្នាក់ថ្នម​របស់ កែវ សូរិយា បាន​មកពី​វិធី​ថែរក្សា​យ៉ាងយក​ចិត្ដទុក​ដាក់ ដោយការ​ប្រើប្រាស់​ផលិតផល​កូរ៉េ​ជាច្រើន​មុខលាយ​បញ្ចូលគ្នា​សម្រាប់​លាបលើ​ស្បែក​ជាប្រចាំ។ ក្រៅពីនេះ​ជារៀងរាល់​ថ្ងៃ​នៅ ពេល​ងូតទឹក​សូរិយា​បានយក​ទឹកដោះគោ​ឆៅមួយ​កំប៉ុង​មកលាប​ឱ្យសព្វ​លើ​រាងកាយ ដោយ​ផ្អាប់ទុក​រយៈពេល​ពី១០​ទៅ១៥នាទី ទើបលាង​សម្អាត​ចេញ។ ជាមួយ​គ្នានេះ​សូរិយាក៏​តែងតែ​ខាត់ស្បែក​ជាប្រចាំ ដើម្បី​ឱ្យស្បែក​របស់នាង​កាន់តែស​ហើយម៉ដ្ឋ​រលោង​ទៀតផង។
  • រូបភាពទស្សនាវដ្ដីសុខភាពយើង
  • ការ​ថែរក្សា​បបូរមាត់ ៖ សូរិយាមិន​ចូលចិត្ដ​លាប​បបូរមាត់​ពណ៌ក្រហម ឬ​ក្រមៅទេ លើកលែង​តែ​ករណី​ចៀស​មិនបាន ដូចជា​ពេលសម្ដែង​ជាដើម។ ពេល​ធម្មតា​សូរិយា​លាប​បបូរមាត់​ពណ៌ស្រាល ឬ​មិនលាប​តែម្ដង ព្រោះ​ថាបើ​លាប​បបូរមាត់​ឋិតថេរ និង​ពណ៌​ដិតពេក អាច​ធ្វើឱ្យ​បបូរមាត់​ខ្មៅបាន។
  • ការ​ថែរក្សា​ធ្មេញ ៖ ជាទូទៅ​សូរិយា​សម្អាតធ្មេញ​ក្នុងមួយ​ថ្ងៃ៣ដង​ជាប្រចាំ ជាមួយ​នឹងថ្នាំ​ដុសធ្មេញ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញ​រឹងមាំ និង​ស។ សូរិយា​តែងតែ​ទៅរក​គ្រូពេទ្យ​ធ្មេញ​រៀងរាល់​២ឬ៣​ខែម្ដង​ជាប្រចាំ ដើម្បី​ពិនិត្យ និង​សម្អាតធ្មេញ​មិន​ដែល​ខកខាន​ឡើយ។
  • ការ​ថែរក្សា​រោម​ចិញ្ចើម និង​រោមភ្នែក ៖ ជាទៀងទាត់​១ឬ២​សប្ដាហ៍ម្ដង​សូរិយា​ត្រូវកោរ​តម្រឹម​រោមចិញ្ចើម​ខាងចុង​ម្ដង ដោយមិន​បណ្ដោយ​ឱ្យ​រោមចិញ្ចើម​ដុះក្រាស់​ឡើយ ព្រោះនាង​យល់ថា​ចិញ្ចើម​ក្រាស់​មិនសក្ដិសម​ជាមួយ​ទម្រង់មុខ​របស់នាង។ ចំពោះ​រោមភ្នែក​ភាគច្រើន​សូរិយា​ប្រើ​ម៉ាស្ការ៉ា​សឹងតែ​រាល់ថ្ងៃ ព្រោះត្រូវ​តុបតែង​ពេល​សម្ដែង ដែល​ធ្វើឱ្យ​រោមភ្នែក​សូរិយា​ប្រឈមមុខ​នឹងការ​ជ្រុះ។ ប៉ុន្ដែ​នៅពេល​នេះ​សូរិយា​បាន​ជ្រើសរើស​វិធី​ពាក់​រោមភ្នែក​ជំនួស​វិញ។

ការ​ថែរក្សា​សុខភាព

សុខភាព​ជារឿង​សំខាន់​សម្រាប់​សូរិយា ជារៀងរាល់​ថ្ងៃ​នាងតែងតែ​ទទួលទាន​អាហារ​យ៉ាង​ប្រយ័ត្ន​ប្រយែង ពោល​គឺ បរិភោគ​អាហារ​ណាដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព បន្លែ​ពណ៌បៃតង ផ្លែឈើ ទឹកដោះ​ជាប្រចាំ។ អាហារ​ត្រូវតែ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ដើម្បី​កុំឱ្យ​ខូចក្រពះ បើទោះជា​រវល់​យ៉ាងណា​ក៏​ឆ្លៀតពេល​ឬក៏​ទទួលទាន​អាហារ​សម្រន់​ដែរ។ ចំពោះការ​ទទួលទាន ដំណេក សូរិយា​ទទួល​ស្គាល់ថា​នាងគេង​មិនបាន​គ្រប់គ្រាន់​ទេ ព្រោះជួន​ត្រូវ​រវល់ថត​ដល់​យប់ជ្រៅ ជាហេតុ​ធ្វើឱ្យ​នាងត្រូវ​អត់​ងងុយ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា នាងនឹង​គេងសង​វិញភ្លាម​នៅពេល​ដែលមាន​ពេលវេលា។

ចំពោះការ​ហាត់ប្រាណ សូរិយា​បាន​ព្យាយាម​ហាត់ឱ្យ​បានយ៉ាង​តិចណាស់​ក៏បីដង​ដែរក្នុង​មួយសប្ដាហ៍។ ជារៀងរាល់​៦ខែឬ​ក៏មួយ​ឆ្នាំម្ដង សូរិយា​បានទៅ​ពិនិត្យ​សុខភាព​ម្ដង ដើម្បី​ឱ្យដឹងពី​បញ្ហាមិន​ប្រក្រតី​ទាំងឡាយ​ដែលអាច​កើតមាន។

បំណង​ថ្ងៃ​អនាគត

មួយ​រយៈពេល​កន្លងមក​នេះកេរ្ដិ៍ឈ្មោះ​របស់ កែវ សូរិយា ក៏បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ ហើយ​ការងារ​សិល្បៈ​របស់នាង​ក៏មាន​ច្រើនជា​ហូរហែ ទើបធ្វើ​ឱ្យនាង​រវល់​រកពេល​សម្រាក​គ្មាន។ ទោះបីជា​យ៉ាងណាក៏​សូរិយា​នៅតែ​មានបំណង​មួយ​ផ្សេងទៀត​ដែរ សម្រាប់​ជីវិត​របស់នាង។ អាជីព​ពិតប្រាកដ​មួយនោះ​គឺការងារ​ជំនួញដែល​នាង​កំពុង​ដំណើរ​ជាមួយ​បុរស​កំពូលស្នេហ៍របស់នាង​ជាជនជាតិ​កូរ៉េ។

បណ្ដាំ​ផ្ញើ​របស់ កែវ សូរិយា

សូម​ជ្រើសរើស​ប្រើតែ​ផលិតផល​ណាដែល​មាន​គុណភាព​ល្អ មិនត្រូវ​ប្រើតាម​ការនិយម​តៗគ្នា​ឡើយ ព្រោះអាច​ឱ្យរូប​សម្រស់ត្រូវ​បាត់បង់​គ្មាន​ថ្ងៃនឹង​ត្រឡប់​មកវិញ​ទេ។ សុភាពនារី​ទាំងអស់​គួរទៅ​រកអ្នក​ជំនាញ មុននឹង​សម្រេចចិត្ដ​ប្រើ​ផលិតផល​ណាមួយ។

ការ​រៀបរាប់​ជូន​ខាងលើ​នេះ ជាការ​យល់ឃើញ និងការ​អនុវត្ដ​របស់​កញ្ញា កែវ សូរិយា តែ​ប៉ុណ្ណោះ។ សូម​លោកស្រី​អ្នកនាង​កញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ កែវ សូរិយា
  • អាយុ ៖ ២៣ឆ្នាំ
  • កម្ពស់ ៖ ១,៦២ម៉ែត្រ
  • ទម្ងន់ ៖ ៤៧​គីឡូក្រាម
  • ទំហំ​ទាំងបី ៖ ៣៣, ២៦, ៣៨
  • បងប្អូន ៖ ៣នាក់​ (ជាកូនទី២)
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *