ការថែទាំ​​​សុខភាព​​​ផ្លូវចិត្ដ​​​ដោយ​​​ខ្លួនឯង

មនុស្សម្នាក់ដែលមានសុខភាពល្អទាំង​ផ្លូវកាយ និងផ្លូវចិត្ដ អាចមាន​សមត្ថភាព​គិតគូរ​ដោះស្រាយ​បញ្ហានានា​ក្នុងជីវិត​រស់នៅ​បានយ៉ាង​ល្អ និងអាច​ធ្វើ​ទំនាក់​ទំនង​ប្រកប​ដោយ​ភាព​រីករាយ​ជាមួយ​​​អ្នកដទៃ។ នៅពេល​ដែលមាន​សុខភាព​ផ្លូវចិត្ដល្អ ប្រសើរ​ហើយនោះ​ នឹងអាច​ប្រឈម​មុខ​ទប់ទល់​យ៉ាង​ក្លាហាន​នឹងការ​បៀតបៀន​នៃ​ជម្ងឺ​ផ្លូវចិត្ដ។ ជម្ងឺ​ផ្លូវចិត្ដ​អាចកើត​មានបាន​ ដោយសារ​តែ​មូលហេតុ​ដ៏​ចម្បង​នៃផ្នែក​សុខភាព​ផ្លូវចិត្ដ។ ដូចនេះ​លោកអ្នក​គប្បី​ស្វែងយល់​ឱ្យបាន​កាន់តែ​ច្បាស់​អំពី​ការ​ថែទាំ​សុខភាព​​ផ្លូវចិត្ដ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត ពៅ ប៊ុនធឿន ​អ្នក​ឯកទេស​ផ្នែក​សុខភាព​ផ្លូវចិត្ដ​នៃ​មន្ទីរពេទ្យ​មិត្ដភាពខ្មែរ-សូវៀត បានធ្វើ​ការបក​ស្រាយ ពី​ការថែទាំ​នេះជូន​ប្រិយមិត្ដ​ទាំងអស់ តាមរយៈ​បទសម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី ​សុខភាពយើង។

អ្វីទៅជាសុខភាពផ្លូវចិត្ដ?

សុខភាពផ្លូវចិត្ដគឺជាសមត្ថភាពនៃការរក្សាបាន​នូវភាព​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នកដទៃ ហើយជា​ការ​សម្រប​សម្រួល​ខ្លួនបាន​ល្អ ក្នុង​ការ​ចូលរួម​សកម្មភាព​នានា និង​សមត្ថភាព​ក្នុងការ​ធ្វើ​សម្បទាន។ សុខភាព​ផ្លូវចិត្ដ​គឺ​ទាមទារ​សំខាន់​បំផុតក្នុង​ការថែទាំ​ពីខ្លួន​ឯងផ្ទាល់។​ ​បើ​សុខភាព​ផ្លូវចិត្ដ​មានបញ្ហា គឺពេល​នោះហើយ​ដែលលោក​អ្នកម្នាក់ៗ​ត្រូវស្វែង​រកការ​បង្ការ​និង​ព្យាបាល​ឱ្យបាន​ទាន់ពេល​​វេលា។ ​

ការថែទាំសុខភាពផ្លូវចិត្ដដោយខ្លួនឯង

– រាល់ការគិតពិចារណាចំពោះរឿងអ្វីមួយ ​ត្រូវចេះ​ធ្វើ​គំនិត​ជា​វិជ្ជមាន ដោយមិន​ត្រូវ​គិតតែ​គំនិត​អវិជ្ជមាន​ច្រើនពេក​នោះទេ។ ​ធ្វើចិត្ដ​គំនិត​ឱ្យទូលាយ និងត្រូវ​ចេះបើក​ចិត្ដទទួល​យកគំនិត​ពិចារណា​ដែល​ត្រឹម​ត្រូវ​ពីអ្នក​ដទៃ។

– រក្សាឱ្យបាននូវតុល្យភាព​ក្នុងការ​បំពេញ​ការងារ និងការ​ចំណាយ​ពេល​វេលា​សម្រាប់​សម្រាក​លំហែ​កម្សាន្ដ។ ត្រូវចេះ​បែង ចែក​ពេល​វេលា​សម្រាប់​ការដើរ​លំហែ​សម្រាក​ខួរក្បាល ដោយមិន​ត្រូវ​គិតគូរ​តែរឿង​ធ្វើការ​មួយមុខ​នោះទេ។ ការសម្រាក​ខួរក្បាល​ ក៏ជាការ​ជួយ​សម្រួល​ចំពោះ​សុខភាព​ផ្លូវចិត្ដ​ផងដែរ។​

– បង្កើតទំនាក់ទំនងល្អជាមួយនឹងមិត្ដភក្ដិ ក្រុមគ្រួសារ និងអ្នកដែល​នៅជុំវិញ​ខ្លួន។ ឆាកជីវិត​ពោរពេញ​ដោយភាព​ ស្រស់ស្រាយ ទំនាក់ទំនងល្អ បង្កើតភាព​ស្និទ្ធស្នាល បង្កើនភាព​សប្បាយ​រីករាយ ទាំងនេះ​ជាកត្ដា​នៃការថែ​ទាំសុខភាព​ផ្លូវចិត្ដ ហើយ អាច​បញ្ចៀស​បានពី​បញ្ហា​ទាំងឡាយ​ដែលនាំ​ឱ្យកើត​មានជា​ជម្ងឺ​ផ្លូវចិត្ដ។​

– ថែរក្សាសុខភាពរាងកាយឱ្យបានល្អ ​ដោយត្រូវ​មានអនាម័យ​ល្អក្នុង​ការ​ហូបចុក ចៀសវាង​ការឆ្លង​ជម្ងឺផ្សេងៗ លេង កីឡា​ឱ្យបាន​គ្រប់គ្រាន់ និងចូល​ទទួលទាន​ដំណេកឱ្យ​បាន​ទៀងទាត់​ពេល​វេលា និងឱ្យ​បាន​គ្រប់គ្រាន់។​

– ចេះចែករំលែកនូវទុកកង្វល់ ឬបញ្ហា​ផ្សេងៗ ដែលខ្លួន​ពិបាក​ចិត្ដប្រាប់​ទៅអ្នក​ដទៃដែល​ជាមនុស្ស​ដែល​ទុកចិត្ដ និង ជឿជាក់​បំផុត ដើម្បី​ឱ្យរឿង​រ៉ាវដែល​បានកើត​ឡើង​នៅក្នុង​ចិត្ដមាន​សភាព​ធូរស្រាល​ឡើងវិញ។

ដំបូន្មានអ្នកជំនាញ

ការថែទាំសុខភាពផ្លូវចិត្ដគឺជារឿងដ៏​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ។ នៅពេល​ដែលលោក​អ្នកមាន​សុខភាព​ផ្លូវចិត្ដល្អ បរិបូរណ៍​ គ្មានការ​ព្រួយបារម្ភ​នឹងការ​កើតជម្ងឺ​ផ្លូវចិត្ដ​ដែលបង្ក​ពីការ​ប៉ះទង្គិច​កត្ដា​ចិត្ដសាស្ដ្រ​នោះទេ។ បើសិន​ជាមាន​ការធ្វេស​ប្រហែស​ ក្នុងការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ ធ្វើឱ្យ​ឈានដល់​មាន​រោគ​សញ្ញា​ផ្លូវចិត្ដ ដូចជា​មាន​អារម្មណ៍​សង្ឃឹម គេងមិនលក់ ឆាប់ភ័យខ្លាច ឆាប់ មួម៉ៅ ខឹងច្រើន ធុញថប់​ក្នុង​អារម្មណ៍ខ្លាំង ឬមានអាកប្ប​កិរិយាចម្លែកៗ ត្រូវប្រញាប់​ទៅជួប​ពិគ្រោះ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ជម្ងឺ​ផ្លូវចិត្ដ​ ដើម្បី​ជាការ​បង្ការ​កុំឱ្យ​មាន​ជម្ងឺ​ផ្លូវចិត្ដ​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៣ ខែមេសា ឆ្នាំ២០១១
Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *