ទារកទើបតែកើតងាយនឹងទទួលរងផលប៉ះពាល់នៃការប្រែប្រួលរបស់អាកាសធាតុ។ បើសិនលោកអ្នកមិនមានអនាម័យគ្រប់គ្រាន់ ទារកងាយនឹងឆ្លងជម្ងឺ ជាពិសេសគឺជម្ងឺផ្ដាសាយ។ ជម្ងឺផ្ដាសាយធ្វើឱ្យទារកពិបាកដកដង្ហើម និងហៀរសម្បោរជាប្រចាំ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ហូរ គឹមហ៊ាង គ្រូពេទ្យផ្នែកជម្ងឺសួតនៅមន្ទីរពេទ្យកុមារជាតិ ដើម្បីធ្វើការពន្យល់អំពីជម្ងឺផ្ដាសាយទារក។
ជម្ងឺផ្ដាសាយទារកគឺជាអ្វី?
ជម្ងឺផ្ដាសាយទារកគឺសំដៅដល់ជម្ងឺឆ្លងហើយរីកសាយភាយនៅក្នុងសហគមន៍ដែលបង្កឡើងដោយវីរុស ហើយជម្ងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការក្អកឬក៏កណ្ដាស់ដាក់គ្នាជាដើម។
រោគសញ្ញាជម្ងឺផ្ដាសាយទារក
ករណីទារកមានផ្ដាសាយ លោកអ្នកអាចសម្គាល់បាននូវអាការមួយចំនួន ដូចជាទារកក្អកស្ងួត មានហៀរសម្បោរ តឹងច្រមុះ ក្ដៅខ្លួន ដកដង្ហើមញាប់ និងពិបាកដកដង្ហើមជាដើម។
វិធីព្យាបាលទារកដែលមានជម្ងឺផ្ដាសាយ
ជម្ងឺផ្ដាសាយគឺបង្កឡើងដោយពួកវីរុស ដូចនេះការព្យាបាលពុំតម្រូវឱ្យមានការប្រើប្រាស់ថ្នាំផ្សះនោះទេ។ ក្នុងករណីដែល ទារកក្ដៅខ្លួនខ្លាំងលោកអ្នកគួរប្រើថ្នាំបញ្ចុះកម្ដៅ ហើយជាពិសេសលោកអ្នកត្រូវប្រើកន្សែង និងទឹកក្ដៅឧណ្ហៗដាក់នៅលើថ្ងាសរបស់ទារក។ អ្វីដែលជាការចាំបាច់នោះមាន ៖
- ត្រូវមានអនាម័យចំពោះទារកឱ្យបានទៀងទាត់ និងត្រឹមត្រូវ ដូចជាមុជទឹកក្ដៅឧណ្ហៗនៅក្នុងមួយថ្ងៃឱ្យបានពីពីរទៅបីដង។
- ត្រូវលាងសម្អាតសម្បោរដោយប្រើក្រដាសសើមហើយជូតដោយថ្នមៗ ចៀសវាងមានការរលាកច្រមុះរបស់ទារក។
- ត្រូវតាមដានកម្ដៅ ចង្វាក់ដង្ហើម ក្នុងករណីចាំបាច់ត្រូវនាំទារកមកពិគ្រោះជាមួយគ្រូពេទ្យ។
ផលប៉ះពាល់ចំពោះទារកដែលមានជម្ងឺផ្ដាសាយ
ទារកដែលមានជម្ងឺផ្ដាសាយងាយនឹងជម្ងឺឆ្លងផ្សេងៗ ដូចជាជម្ងឺផ្លូវដង្ហើម ប្រកាច់ក្នុងករណីកម្ដៅឡើងខ្លាំងពី៣៩ទៅ៤០អង្សាសេ។ ជាពិសេសវាអាចបណ្ដាលឱ្យទារករលាកស្រោមខួរក្បាលថែមទៀតផង។
វិធីការពារកុំឱ្យទារកមានជម្ងឺផ្ដាសាយ
លោកអ្នកជាឪពុកម្ដាយ ត្រូវតែមានវិធានការការពារដើម្បីកុំឱ្យកូនមានជម្ងឺផ្ដាសាយ។
- ត្រូវមើលថែរក្សាទារកកុំឱ្យសើម នៅក្នុងបន្ទប់ត្រូវមានកម្ដៅក្ដៅល្មម ទារកត្រូវនៅឆ្ងាយពីចរន្ដខ្យល់ និងស្លៀកសម្លៀកបំពាក់ឱ្យទារកឱ្យជិត ជាពិសេសត្រូវទុកទារកឱ្យនៅក្នុងបន្ទប់ជាមួយម្ដាយ។
- ត្រូវងូតទឹកក្ដៅឧណ្ហៗឱ្យទារកជាប់ជាប្រចាំ។
- ចំពោះឪពុកម្ដាយ និងក្រុមគ្រួសារមុននឹងទៅប៉ះពាល់ជាមួយទារក ត្រូវលាងសម្អាតដៃជាមួយសាប៊ូឱ្យបានស្អាត។
- បន្ទប់ និងសម្ភារៈផ្សេងៗទៀតរបស់ទារកត្រូវសម្អាតឱ្យស្អាត ហើយហាលឱ្យស្ងួតដោយពន្លឺថ្ងៃ។
- អ្នកជម្ងឺផ្ដាសាយពុំត្រូវទៅប៉ះពាល់ជាមួយទារកនោះទេ។
- ម្ដាយត្រូវលាងសម្អាតដោះឱ្យបានស្អាត មុននឹងធ្វើការបំបៅទារក។
ដំបូន្មានរបស់អ្នកជំនាញ
អ្នកម្ដាយត្រូវតែបំបៅដោះកូនឱ្យបានញឹកញាប់ នៅពេលកូនមានជម្ងឺផ្ដាសាយ ព្រោះនៅពេលផ្ដាសាយទារកក្ដៅខ្លួន ជាហេតុធ្វើឱ្យបាត់បង់នូវជាតិទឹក ដូចនេះកត្ដាដែលល្អបំផុតគឺឱ្យទារកបៅដោះឱ្យច្រើន។ នៅមុនពេលដែលទៅប៉ះពាល់ទារក លោកអ្នកត្រូវតែសម្អាតដៃឱ្យបានស្អាតជាមុនសិន និងត្រូវមានអនាម័យជានិច្ចចំពោះទារក។ អ្វីដែលល្អបំផុត បើសិនជាកូនលោកអ្នកមានជម្ងឺផ្ដាសាយ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ចៀសវាងទុកទាល់តែដល់ដំណាក់កាលធ្ងន់ធ្ងរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply