វិធី​តុបតែង​មុខបែប​ស្ដ្រី​កូរ៉េ

ស្ដ្រីកូរ៉េ​ត្រូវបាន​គេ​ទទួល​ស្គាល់ថា​មានរូប​សម្ផស្ស​ស្រស់ស្អាត។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​ដោយ​សារតែ​មានការ​ហូរចូល​នូវវប្បធម៌របស់​ប្រទេស​កូរ៉េ តាមរយៈ​វីដេអូ ភាពយន្ដ បទ​ចម្រៀង និង​វិនិយោគទុន​បានធ្វើ​ឱ្យយុវវ័យ​កម្ពុជា​មានការ​ចាប់​អារម្មណ៍ យ៉ាងខ្លាំង​ចំពោះ​របៀប​តុបតែង​ខ្លួន​របស់​ស្ដ្រីកូរ៉េ។ ហេតុនេះ​ហើយ​ទើប​យុវវ័យ​ចូលចិត្ដ និង​និយម​ធ្វើតាម​ម៉ូដ​របស់​ស្ដ្រីកូរ៉េ ជាពិសេស គឺ​ការ​តុបតែង​មុខនេះ​តែម្ដង។

រូបភាពទស្សនាវដ្ដីសុខភាបយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​ជាមួយ​កញ្ញា បេអង មេជាង​ប្រចាំហាង​ស៊ីនឌី ដើម្បី​រៀបរាប់​អំពីវិធី​នៅក្នុង​ការតុបតែង​មុខបែប​ស្ដ្រីកូរ៉េ។

ប្រការល្អ​គួរយល់​ដឹង​នៅពេល​តុបតែង​មុខ

មុនពេល​ចាប់ផ្ដើម​តុបតែង​មុខ គួរតែ​រៀបចំ​ឧបករណ៍​សម្រាប់​តុបតែង​ឱ្យបាន​សព្វគ្រប់​ទាំងអស់ ជាពិសេស​ត្រូវ​គ្រប់គ្រាន់ មិន​ងងឹត​ពេក ដើម្បី​ងាយស្រួល​ក្នុងការ​តុបតែង ចៀសវាង​លាបទៅ​មើល​ឃើញស ឬ​ក្រាស់ពេក។

វិធី​តុបតែង​មុខបែប​កូរ៉េ

ការ​តុបតែង​មុខ​បែប​កូរ៉េ​ភាគច្រើន​ផ្ដោត​ទៅលើ​ភ្នែក​ជាសំខាន់ ដោយជា​ដំបូង​ត្រូវ​ចាប់ផ្ដើម​ប្រើ​ម្សៅ​ទ្រនាប់​លាប​ផ្ទៃមុខ ស្ដើងៗ តែ​មិនត្រូវ​ប្រើម្សៅ​ទ្រនាប់ណា​ដែលមាន​ពណ៌ស្រាល​ជាងស្បែក​ពេកនោះ​ទេ។ បន្ទាប់​មកទៀត​ត្រូវផាត់​ម្សៅហុយ ដើម្បី​បិទបាំង​ស្នាមអុជៗ និងអាច​ធ្វើឱ្យ​ម្សៅជាប់​បានយូរ រួមទាំង​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត​ផងដែរ។ ចំពោះ​ចិញ្ចើម​អាចប្រើ​ម៉ាស្ការ៉ា លាបលើរោម​ចិញ្ចើម ឬក៏​ប្រើខ្មៅ​ដៃគូស​ចិញ្ចើម​ពណ៌​សូកូឡា ដើម្បី​ឱ្យឃើញ​ច្បាស់ពី​ទ្រង់ទ្រាយ​របស់​ចិញ្ចើម មិនចាំបាច់​គូសឱ្យ​ឃើញ​ដិតច្បាស់​ឡើយ។ បន្ទាប់មក​ត្រូវប្រើ​ម្សៅផាត់​ភ្នែក ដោយ​ប្រើពណ៌​ស្រាលៗ​ឱ្យសម​នឹងវ័យ​ដ៏​ស្រស់ថ្លា​របស់​មិត្ដនារី ដូចជា ពណ៌មាស ឬ​ពណ៌​សូកូឡា ដោយផាត់​តែបន្ដិច​បន្ដួច​ប៉ុណ្ណោះ។ ចំណែកឯ​ត្របកភ្នែក​វិញ​ត្រូវតែ​មាន​ភាពភ្លឺ​រលោង ដោយ​លាប​ម្សៅដែល​អាចធ្វើឱ្យ​ភ្នែកភ្លឺ​រលោង។ ខ្មៅដៃ​គូសខ្សែ​ត្របកភ្នែក​ជាឧបករណ៍​មិនអាច​ខ្វះបាន​សម្រាប់ស្ដ្រី​កូរ៉េ​ដែលមាន​ភ្នែកតូច​អាចជួយ​ឱ្យភ្នែក​មើលទៅធំ​ជាងមុន និង​ភ្លឺមុត ដោយគូស​អូសឱ្យ​វែងហួស​កន្ទុយភ្នែក​បន្ដិច។ រីឯម្សៅ​ពណ៌​ដែលត្រូវ​ផាត់ថ្ពាល់​វិញ សុភាពនារី​គួរតែ​ប្រើពណ៌ផ្កាឈូក ដើម្បី​ឱ្យមើល​ទៅមាន​ភាព​ស្រស់ថ្លា​(ចៀសវាង​ប្រើពណ៌​ក្រហម)។ ជាបន្ទាប់​មកទៀត​សូមប្រើ ក្រែម​រលោង​ពណ៌ស្រាល​ស្ដើងលាប​លើ​បបូរមាត់ មិនបាច់​ប្រើក្រែម​ក្រហម​ឬពណ៌​ទឹកក្រូច​នោះទេ។ ជា​ចុងក្រោយ​សុភាពនារី​ត្រូវប្រើ ម៉ាស្ការ៉ា​លាប​នៅលើ​រោមភ្នែក ដើម្បី​ជួយបន្ថែម​សោភ័ណភាព​រោមភ្នែក​ឱ្យ​ក្រាស់​ជាងមុន​ជាការ​ស្រេច។ ចំពោះ​ការ​តុបតែង​មុខបែប កូរ៉េ​នេះអាច​ចូលរួម​បាន​គ្រប់​កម្មវិធី ជាពិសេស​ពិធី​មង្គលការ និង​រាត្រី​ស្រមោលស​ជាដើម ហើយអាច​ប្រើបាន​សម្រាប់​យុវវ័យ។

ដំបូន្មាន​អ្នក​ជំនាញ

ការ​តុបតែង​មុខ​ជារឿងមួយ​ដែល​សំខាន់​សម្រាប់​ស្ដ្រី​គ្រប់រូប។ បើសិនជា​ចេះនូវ​វិធី​តុបតែង​មុខដោយ​ខ្លួនឯង វាជាការ​ប្រសើរ​បំផុត ព្រោះអាច​ចំណេញ​ទាំងពេល​វេលា​រួមទាំង​ថវិកា​ផងដែរ។ ប៉ុន្ដែ​មិនត្រូវ​ឧស្សាហ៍​តុបតែង​មុខជា​រៀងរាល់​ថ្ងៃពេក​នោះទេ ព្រោះ​អាចធ្វើ​ឱ្យស្បែកមុខ​មានបញ្ហា ដូចជា​កើតមុន​ឬជាំ​ស្រអាប់​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *