ជម្ងឺមហារីកមាត់ស្បូនបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុក ដែលធ្វើឱ្យស្ដ្រីគ្រប់រូបខ្លាចរអា។ ជម្ងឺមហារីកមាត់ស្បូន ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា នោះស្ដ្រីនឹងបាត់បង់ជីវិតជាមិនខានឡើយ។ ស្ដ្រីគួរតែតាមដានសុខភាពជាប្រចាំ ជាពិសេសទាក់ទងនឹងប្រភេទជម្ងឺមហារីកដែលកំពុងតែមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។
អត្រាភាគរយនៅតែកើនឡើងទៅលើស្ដ្រីដែលមានជម្ងឺមហារីកមាត់ស្បូន
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជម្ងឺមហារីកទូទៅ និងជាប្រធានផ្នែកជម្ងឺមហារីកនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើងថា បច្ចុប្បន្ននេះជម្ងឺមហារីកមាត់ស្បូនកើតចំពោះស្ដ្រីមានអត្រាដល់ទៅ២៥ភាគរយនៃជម្ងឺមហារីកទាំងអស់ ហើយជម្ងឺនេះភាគច្រើនកើតមានទៅលើស្ដ្រីមានអាយុពី៤៥ដល់៥០ឆ្នាំច្រើនជាងគេ ហើយមានអត្រាខ្ពស់បំផុត។ មិនតែប៉ុណ្ណោះស្ដ្រីក្រោមអាយុ៣៥ឆ្នាំក៏អាចកើតមានជម្ងឺមហារីកមាត់ស្បូនបានដែរ តែវាមានត្រឹមតែ១៧ភាគរយប៉ុណ្ណោះនៃជម្ងឺមហារីកទាំងអស់ ហើយក៏អាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតបានយ៉ាងលឿនជាងគេផងដែរ។ ចំពោះស្ដ្រីដែលមានវ័យចាប់ពី៦០ឆ្នាំឡើងគឺមានភាគរយតិចតួចបំផុត ហើយអ្នកជម្ងឺអាចរស់បានយូរជាងស្ដ្រីដែលកើតមានជម្ងឺមហារីកមាត់ស្បូនដែលមានអាយុក្រោម៣៥ឆ្នាំ ឬស្ដ្រីមានពីអាយុ៤៥ដល់៥០ឆ្នាំ។ បច្ចុប្បន្ននេះអត្រាភាគរយកើនឡើងហាក់ដូចខ្ពស់ជាលំដាប់ ដោយសារតែស្ដ្រីមួយចំនួនមានយល់ដឹងអំពីការថែរក្សាសុខភាពផ្លូវភេទនៅមានកម្រិតទាប ដូចជាបានត្រឹមតែចាប់អារម្មណ៍តែប៉ុណ្ណោះ តែការអនុវត្ដន៍ហាក់នៅមិនទាន់ជ្រាបច្បាស់នៅឡើយ។
មូលហេតុដែលបណ្ដាលឱ្យមានជម្ងឺមហារីកមាត់ស្បូន
ជម្ងឺមហារីកស្បូននេះត្រូវបានគេរកឃើញមូលហេតុនៅឆ្នាំ២០០៨ គឺបណ្ដាលមកពីស្ដ្រីទាំងនោះខ្វះការអនាម័យផ្លូវភេទ រួមភេទមិនបានត្រឹមត្រូវ មានមេរោគឆ្លងតាមការរួមភេទចូលទៅកោសិកាមាត់ស្បូន ហើយបញ្ជូនហ្សែនរបស់មេរោគឈ្មោះ HPV។ បន្ទាប់ពីមានមេរោគHPVឆ្លងចូលហើយ បណ្ដាលឱ្យការប្រែប្រួលកោសិការបស់ស្ដ្រីបន្ដិចម្ដងៗក្នុងរយៈពេលពី១៥-២០ឆ្នាំ ទើបស្ដ្រីនោះអាចកើតជម្ងឺមហារីកស្បូន។ មហារីកមាត់ស្បូនជាជម្ងឺកាចសហាវបំផុតដែលស្ដ្រីទូទៅងាយនឹងជួបប្រទះ ហើយគេបានរកឃើញ វ៉ាក់សាំងចាក់ការពារមហារីកមាត់ស្បូនចំពោះស្ដ្រីពីអាយុ១០-៤០ឆ្នាំ ដែលវ៉ាក់សាំងនោះអាចការពារស្ដ្រីទាំងនោះចៀសផុតពីការប្រឈមមុខនឹងជម្ងឺមហារីកមាត់ស្បូនបានរហូតដល់ទៅ៨០ភាគរយឯណោះ។
វិធីប្រុងប្រយ័ត្នចំពោះជម្ងឺមហារីកមាត់ស្បូន
ដើម្បីការពារ និងកាត់បន្ថយពីជម្ងឺមហារីកមាត់ស្បូន ស្ដ្រីទាំងឡាយត្រូវតែធ្វើការសម្អាតទ្វារមាសឱ្យបានស្អាតជាប្រចាំ ជាពិសេសក្រោយពេលរួមភេទជាមួយដៃគូ ហើយត្រូវជ្រើសរើសវិធីរួមភេទឱ្យបានត្រឹមត្រូវ និងត្រូវយកចិត្ដទុកដាក់ថែរក្សា សុខភាពផ្លូវភេទឱ្យបានល្អ ព្រោះបញ្ហានេះអាចកាត់បន្ថយជម្ងឺមហារីកមាត់ស្បូន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៩ ខែកុម្ភៈ ឆ្នាំ២០១០
Leave a Reply