ភាពខ្វះអនាម័យមាត់ធ្មេញអាចបង្កឱ្យកើតជម្ងឺជាច្រើននៅក្នុងមាត់ ជាពិសេសជម្ងឺរាក់ស៊ីធ្មេញ ក៏កកើតដោយសារតែការកង្វះអនាម័យនេះដែរ។ រាក់ស៊ីធ្មេញជាប្រភេទជម្ងឺដែលកើតងាយបំផុតនៅលើធ្មេញ និងអញ្ចាញធ្មេញ។ ជម្ងឺរាក់ស៊ីធ្មេញនេះ បានបង្កឱ្យមានផលប៉ះពាល់ជាច្រើន ដូចជាធ្វើឱ្យបាត់បង់សោភ័ណភាព និងកើតមានបញ្ហាក្លិនមាត់ជាដើម។
កាលពីលេខមុនៗ លោកអ្នកនាងកញ្ញាបានជ្រាបអំពីបទពិសោធន៍របស់អ្នកជម្ងឺជាច្រើនបន្ដបន្ទាប់រួចមកហើយ។ ជាមួយ គ្នានេះទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក ចំរើន រស់នៅខេត្ដកំពង់ចាម អាយុ៣៨ឆ្នាំ។ លោកបានរៀបរាប់អំពីផល លំបាកនៃជម្ងឺរាក់ស៊ីធ្មេញនេះ។
លោក ចំរើន បានរៀបរាប់ឱ្យដឹងថា សព្វថ្ងៃនេះលោកមានកូន៤នាក់ ហើយការចំណាយក៏វាច្រើនដែរ។ ពីមួយថ្ងៃទៅមួយ ថ្ងៃលោកមានការមមាញឹកនឹងការងារច្រើនណាស់ ដោយលោកទៅធ្វើជាជាងសំណង់ និងពេលទំនេរលោកបានឆ្លៀតទៅរត់ម៉ូតូឌុប ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ដូចនេះលោកមិនសូវជាយកចិត្ដទុកដាក់នៅក្នុងកាថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អនោះទេ ដោយ នៅក្នុងមួយថ្ងៃលោកធ្វើការសម្អាតធ្មេញតែមួយដងឬពីរដង ជួនកាលថ្ងៃខ្លះមិនបានសម្អាតនោះទេ ដោយគ្រាន់តែខ្ពុរមាត់ជាមួយ នឹងទឹកធម្មតាតែប៉ុណ្ណោះ ជាហេតុធ្វើឱ្យធ្មេញរបស់លោកមានកំបោរជាច្រើន តែលោកនៅតែមិនរវល់ដដែល។
មានថ្ងៃមួយអញ្ចោញធ្មេញរបស់លោក ចំរើន ស្រាប់តែហើមឡើង រំលងបានជាពីរបីថ្ងៃក្រោយមកស្រាប់តែមានឈាមហូរ ចេញតាមអញ្ចាញធ្មេញតែលោកនៅតែមិនរវល់ដដែល។ ការហូរឈាមចេញតាមអញ្ចាញធ្មេញនេះនៅតែមាន ហើយវាកើតឡើងជាញឹកញាប់ទៀតផង។ នៅពេលដែលឃើញមានឈាមហូរមកញឹកញាប់បែបនេះ លោកនឹកស្រមៃថាលោកអាចកើតជម្ងឺមហារីក មាត់ធ្មេញធ្វើឱ្យលោកភ័យណាស់ ហើយលោកក៏ប្រញាប់មកពិនិត្យធ្មេញនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតតែម្ដង។ លទ្ធផលចេញ មកគឺលោកកើតមានជម្ងឺរាក់ស៊ីធ្មេញ។ នៅពេលនេះលោកក៏បានធ្វើការព្យាបាលជាសះស្បើយហើយ។ លោកមិនដែលធ្វេសប្រហែស នៅក្នុងការថែរក្សាសុខភាពមាត់ធ្មេញនោះទេ។ មិនត្រឹមតែប៉ុណ្ណោះលោកបានធ្វើការណែនាំដល់គ្រួសាររបស់លោកឱ្យចេះថែទាំសុខភាពមាត់ធ្មេញថែមទៀតផង។
ដំបូន្មានអ្នកជំនាញ
លោកទន្ដបណ្ឌិត ញាណ ភិរម្យ ប្រធានក្រុមគ្រូពេទ្យនៃមន្ទីរព្យាបាលធ្មេញបស្ចិមមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថាជម្ងឺរាក់ស៊ីធ្មេញនេះវាកើតឡើងដោយសារតែលោកអ្នកមិនបានធ្វើការសម្អាតសុខភាពមាត់ធ្មេញឱ្យបានស្អាតល្អ ដែលអាចបង្កឱ្យកើតទៅជាកំបោរជាប់នឹងធ្មេញ។ កាលណាដែលមានកំបោរនៅជាប់នឹងធ្មេញហើយ អាចធ្វើឱ្យអញ្ចាញនៃធ្មេញមាន ការហូរឈាមចេញមក ហើយបើដំណាក់កាលធ្ងន់ធ្ងរធ្មេញអាចរង្គើឬក៏ជ្រុះដោយឯងថែមទៀតផង។ ការដាក់ធ្មេញនៅលើអញ្ចាញក៏ ជាចំណុចមួយដែលអាចធ្វើឱ្យកើតមានជម្ងឺរាក់ស៊ីធ្មេញផងដែរ។ ដូចនេះដើម្បីការពារកុំឱ្យកើតមានជម្ងឺរាក់ស៊ីធ្មេញ លោកអ្នកនាង កញ្ញាគួរតែធ្វើការសម្អាតធ្មេញនៅក្នុងមួយថ្ងៃឱ្យបានបីដង ជាពិសេសត្រូវតែប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ឱ្យបានស្អាត បន្ទាប់ពីទទួល ទានអាហារហើយ។ លើសពីនេះបើសិនជាលោកអ្នកកើតមានរោគរាក់ស៊ីធ្មេញ លោកអ្នកត្រូវតែស្វែងរកសេវាថែទាំសុខភាពមាត់ ធ្មេញដែលមានជំនាញ និងមានសុវត្ថិភាពល្អទើបជាការប្រសើរ។
Leave a Reply