សន្និសីទ​ជម្ងឺអេដស៍​អន្តរជាតិ៖ ជម្ងឺអេដស៍​នឹង​លែងមាន​ទៀតហើយ​នៅពេល​ខាងមុខ

បន្ទាប់ពី​មានការ​ប្រកាសឲ្យ​ពិភពលោក ប្រើប្រាស់​ឱសថ​ប្រឆាំង​នឹងជម្ងឺ​អេដស៍​ដែលមាន​ឈ្មោះថា ទ្រូវ៉ាដា (Truvada) ដែល​អាច​ពន្យា​អាយុ​ជីវិត​របស់អ្នក​កើតជម្ងឺ​អេដស៍​មិនឲ្យ​ទ្រុឌទ្រោម និងមិន​ធ្វើឲ្យ​ចម្លង​ទៅអ្នក​ដ៏ទៃរួច​មកហើយ​នោះ ប្រទេស​នៅជុំវិញ​​ពិភព​លោក បាន​សម្តែង​ការ​សាទរ ​និងមាន​មោទនភាព​ចំពោះ​ការប្តេជ្ញា​បំបាត់ឲ្យបាន​នូវជម្ងឺ​អេដស៍​នេះ នាពេល​ដ៏ឆាប់​ខាងមុខ។ 

រូបភាពគេហទំព័រសុខភាពកម្ពុជា

សន្និសីទ​អន្តរជាតិ​លើក​ទី​១៩​ កាលពីថ្ងៃ​សុក្រនាពេលថ្មីនេះ បាន​បញ្ចប់​ទៅ​ដោយ​មាន​សញ្ញា ​យ៉ាង​ច្បាស់​ថា​ទីបញ្ចប់​នៃ​ការ​ឆ្លង​មេរោគ​​អេដស៍​នឹង​អាច​កើត​មាន​បាន​ដោយសារ​តែ​មាន​ការប្តេជ្ញា​ខាងផ្នែក​នយោបាយ​ ជំនួយ​ឧបត្ថម្ភ​ជាប់​ជា​ប្រចាំ​ និង​ការ​ស្រាវជ្រាវ​ពីក្រុម​អ្នក​វិទ្យាសាស្រ្ត។​​ ជា​ការ​ផ្តល់​ក្តី​សង្ឃឹម​ដល់​សកម្មជន​​ជាង​២០.០០០នាក់​ដែល​បាន​មក​ពី​ជុំ​វិញ​ពិភពលោក​ ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ចេញ​ផ្សាយ​របាយការណ៍​សិក្សា​មួយ​ដោយ​អះអាង​ថា​ អ្នក​ជម្ងឺ​ដែល​ទទួល​បាន​ការព្យាបាល​ក្នុង​ដំណាក់​កាលដំបូងៗ​នៃការ​ឆ្លង​ហើយ​បាន​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យា​អាយុ​គឺ​មិនមាន​សញ្ញា​នៃ​ការ​កើត​វីរុស​នេះ​ឡើង​វិញ​ទេ។​​ ក្នុង​ចំណោម​វាគ្មិន​ល្បីៗដែល​ចូលរួម​បិទ​សន្និសីទ​រយៈ​ពេល​មួយ​សប្តាហ៍​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​រួម​មាន​លោក​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ប៊ីល គ្លីនតុន ​ដែល​ផ្តល់​នូវ​សន្ទុះ​នៃ​ក្តី​សង្ឃឹម​ថែម​ទៀត។ លោក បានថ្លែងថា «កាលពីមុន​អ្នក​ជម្ងឺអេដស៍​ប្រៀប​ដូច​ជា​ទទួល​ទោស​ប្រហារ​ជីវិត​ហើយ​យើង​នៅ​ មាន​ការចងចាំ​ជាច្រើន​អំពី​មិត្ត​ភក្តិ​របស់​យើង​ដែល​បាន​ស្លាប់​ទៅ ​គឺ​យើង​នៅមាន​ការឈឺចាប់​ថា​មិន​ដឹង​ថា​នឹង​បញ្ចប់​នៅពេល​ណា ​ប៉ុន្តែ​ឥឡូវ​នេះ​យើង​នឹង​មាន​មនុស្ស​ជំនាន់​ថ្មី​មួយ​ដែល​នឹង​មិន​មាន​ផ្ទុក​មេរោគ​អេដស៍​ទៀត​ទេ»។

បច្ចុប្បន្ន ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ដាក់​ចេញ​នូវ​អាទិភាព​ស្រាវជ្រាវ​ចំនួន​៧​ ដើម្បី​ឈាន​ទៅ​រក​វិធី​ព្យាបាល​ជម្ងឺអេដស៍​ឱ្យ​បាន​ជា​ដាច់​ស្រឡះ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុម​សង្គម​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍​ អន្តរជាតិ។​ ក្នុង​ចំណោម​អាទិភាព​នោះ​ រួម​មាន​៖ ការ​កំណត់​នូវ​ប្រភព​ជាលិការ​និង​កោសិការ​នៃ​អ្នក​ជម្ងឺដែល​ទទួល​ការព្យាបាល ​ដោយ​សារ​ថ្នាំ​ពន្យា​អាយុ​រយៈ​ពេល​យូរ ​និង​ធ្វើ​ការ​សិក្សា​ ប្រៀបធៀប​ ព្រមទាំងធ្វើ​ការ​វិភាគ​ដើម្បី​វាស់​វែង​ការឆ្លង​រយៈ​ពេល​យូរ។ ក្នុង​ខណៈ​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​នៅ​បន្ត​ការស្រាវជ្រាវ​ដើម្បី​រក​ វិធី​ព្យាបាល ​ការសិក្សា​ពី​គ្នា​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ជោគជ័យ​ក្នុងការ​ទប់​ស្កាត់ ​ការរីករាលដាល​ជម្ងឺអេដស៍​នៅ​ឯ​សន្និសីទ​អន្តរជាតិ​ដ៏​ធំ​ដូច​នេះ​ជា​ការ​ចាំបាច់។

ប្រទេស​កម្ពុជា​ដែល​មាន​ប្រតិភូ ​ចូលរួម​ក្នុង​ការពិភាក្សា​នេះ​ បាន​ចែក​រំលែក​ប្រកប​ដោយ​ក្តី​មោទនៈ​នូវ​ជោគ​ជ័យ​របស់​ខ្លួន​ក្នុង​ការ​ទាញ​ទម្លាក់​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​មក​នៅ០,៨​ភាគរយ។ លោក ភីធឺ ហ្កដវីន (Peter Godwin) ​ទីប្រឹក្សា​ខាងផ្នែក​ជម្ងឺអេដស៍​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ បាន​លើក​សរសើរ​ដល់​ការប្តេជ្ញា​ចិត្ត​ខាងផ្នែក​នយោបាយ​របស់​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ការគ្រប់​គ្រង​ល្អ ​ការរក្សា​ភាព​ជា​ដៃ​គូ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​ម្ចាស់​ជំនួយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ព្រម​ទាំង​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំណត់​កម្មវិធី​ត្រូវ​គោលដៅ។

លោកបានបន្តថា «ខ្ញុំ​គិត​ថា​ គឺ​កត្តា​ទាំងបួន​នោះ​ហើយ​ដែល​នាំ​មក​ជោគជ័យ​បូករួម​នឹង​ ការប្តេជ្ញា​ចិត្ត ​ព្រម​ទាំង​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ក្មេងៗ​នៅ​កម្ពុជា​ ដែល​អាច​គ្រប់​គ្រង​កម្មវិធី​ប្រឆាំង​នឹង​ជម្ងឺ​អេដស៍​បាន»។

ជាងពេល​ណាៗ​ទាំង​អស់​​ក្រុម​អ្នក​វិទ្យាសាស្រ្ត​មើល​ឃើញ​ពី​ភាព​បន្ទាន់​ ក្នុង​ការ​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​ឱ្យ​បាន​ជាដាច់​ស្រឡះ។ ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បើក​កិច្ច​ប្រជុំ​នេះ​ អាជ្ញា​ធរ​ម្ហូប​អាហារ​និង​ឱសថ​របស់​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ ថ្នាំ​ប្រភេទ​ថ្មី​ឈ្មោះ Truvada  ដើម្បី​ជាវិធី​ព្យាបាល​អ្នក​ផ្ទុក​មេរោគ​អេដស៍។ លោក​វេជ្ជ​បណ្ឌិត​ស៊ឹម គឹមសែន ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​បាន​បញ្ជាក់​ថា៖ «ថ្នាំ​នេះ​ប្រសិទ្ធភាព​របស់​វា​ គឺ​ទីមួយ​កុំ​ឱ្យ​អ្នកផ្ទុក​មាន​សុខភាព​ទ្រុឌ​ទ្រោម។ ទីពីរ​ទប់​ស្កាត់​មិន​ឱ្យ​អ្នក​ដែល​ផ្ទុក​ចម្លង​ទៅអ្នក​ដទៃ​បាន។ ថ្នាំ​នេះ​ប្រសិនបើ​វា​ចុះ​ថោក​បន្តិច ​យើង​អាច​យក​ទៅប្រើ​ប្រាស់​នៅ​ប្រទេស​​ក្រីក្រ​បាន​ គឺ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ដូច​ជា​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ​អាច​យក​ទៅ​ប្រើ​ទៅ យើង​នឹង​មាន​លទ្ធភាព​សង្ឃឹម​ថា​ការចម្លង​ថ្មី​វាថយ​ចុះ»។ វាគ្មិន​ និង​សកម្មជន​ប្រឆាំង​នឹង​ជម្ងឺអេដស៍​ដទៃ​ទៀ​ត​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ហ៊ុន​ឱសថ​បន្ធូរ​បន្ថយ​នូវ​សិទ្ធិ​ប៉ាតង់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ប្រទេស​ក្រីក្រ​មាន​ឱកាស​ប្រើ​ប្រាស់​ឱសថ​ល្អៗ​បាន។ សូមជម្រាបជូនថា សម្រាប់​សន្និសីទ​លើក​ទី២០​ដែល​ត្រូវ​រៀបចំ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត ពោលគឺនៅឆ្នាំ២០១៤ ​នឹងត្រូវ​ធ្វើ​នៅ​ទីក្រុង​ម៉ែលប៊ន ​ប្រទេស​អូស្រ្តាលីវិញម្តង ៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *