តារាសម្ដែងរូបរាងស្រស់សង្ហាហ្វ្រេសស៊ីប៊យឆ្នាំ២០០២ បានចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះតាមរយៈការសម្ដែងភាពយន្ដជាច្រើនដែលសុទ្ធសឹងតែមានការទទួលស្គាល់ពីសំណាក់មហាជនទូទៅ ជាពិសេសទស្សនិកជនជាច្រើនបានដាក់រហស្សនាមឱ្យជាតារាទឹកភ្នែកនោះ គឺលោក ញ៉ែម សុគន្ធ។ សព្វថ្ងៃតារាសម្ដែងរូបនេះកំពុងមមាញឹកនឹងការថតសម្ដែងខារ៉ាអូខេ និងខ្សែភាពយន្ដមួយចំនួនដើម្បីបង្ហាញជូនប្រិយមិត្ដដែលមានការគាំទ្រចំពោះលោក។ ក្រៅពីតារាសម្ដែងហើយនោះ បច្ចុប្បន្នលោកក៏មានការរវល់នឹងការដឹកនាំថតសម្ដែងទៀតផង។
លោក ញ៉ែម សុគន្ធ បានចូលខ្លួនមកបកស្រាយពីការថែរក្សាសម្រស់ និងសុខភាពរបស់លោកជូនដល់ប្រិយមិត្ដអ្នកអានទាំងអស់ ពិសេសប្រិយមិត្ដដែលមានការគាំទ្រចំពោះរូបលោកទទួលជ្រាបតាមរយៈកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលសិល្បៈ
មុននឹងឈានចូលជាអ្នកសិល្បៈសុគន្ធបានបញ្ចប់សញ្ញាប័ត្រទុតិយភូមិនៅក្នុងអំឡុងឆ្នាំ២០០០ បន្ទាប់មករយៈពេល២ឆ្នាំក្រោយ លោកបានធ្វើជាអ្នករាំនៅស្ថានីយទូរទស្សន៍មួយ។ បន្ទាប់មកទៀតនៅពេលដែលបានឮដំណឹងថាមានគេប្រកាសជ្រើសរើសហ្វ្រេសស៊ីក្នុងកម្មវិធីហេឡូហ្វ្រេសស៊ីប៊យអែនហ្គើលប្រចាំឆ្នាំ២០០២នាស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៣ សុគន្ធក៏បានដាក់ពាក្យប្រឡងជាមួយមិត្ដភក្ដិដទៃ។ សុគន្ធក៏បានប្រឡងជាប់ជាហ្វ្រេសស៊ីលេខ៣ឆ្នាំ២០០២។ សុគន្ធបានចាប់ផ្ដើមធ្វើការងារជាពិធីករបែបយុវវ័យឱ្យស្ថានីយទូរទស្សន៍បុស្ដិ៍លេខ៣រយៈពេលមួយឆ្នាំ បន្ទាប់ពីបានប្រឡងជាប់ជាហ្វ្រេសស៊ី។ ក្រោយមកទៀតសុគន្ធក៏បានចាប់ផ្ដើមចូលធ្វើជាតារាសម្ដែងខារ៉ាអូខេ និងភាពយន្ដនៅពេលដែលបានចប់កិច្ចសន្យាជាហ្វ្រេសស៊ីឆ្នាំ២០០២រយៈពេលមួយឆ្នាំមក។ ក្នុងការងារដើរតួជាតារាសម្ដែងខារ៉ាអូខេ សុគន្ធបានចាប់ចូលប្រឡូកក្នុងផលិតកម្មជាច្រើន ដូចជាផលិតកម្មរស្មីហង្សមាស រស្មីស្ទឹងសង្កែ ផលិតកម្មរៃមាស និងផលិតកម្មផ្សេងៗជាច្រើនទៀត។ រហូតមកដល់សព្វថ្ងៃនេះសុគន្ធធ្លាប់ជាតួសម្ដែងកុនប្រមាណជាង២០រឿងមកហើយ រួមមានរឿង ស្នាមស្នេហ៍សមុទ្ររាម ទឹកចិត្ដគ្រូបង្រៀន និងរួមមានរឿងជាច្រើនទៀត ដែលសុទ្ធតែបានទទួលស្គាល់ទេពកោសល្យនៃការសម្ដែងរបស់តួសម្ដែងដ៏ល្បីម្នាក់នេះពីសំណាក់មហាជនទូទៅ។
ការថែរក្សាសម្រស់
សព្វថ្ងៃតារាសម្ដែងប្រកបដោយប្រជាប្រិយភាពម្នាក់នេះបានបំពេញការងារក្នុងអាជីពជាអ្នកសិល្បៈកាន់តែជោគជ័យ ទោះបីជាយ៉ាងណាក៏គេមិនភ្លេចពីការថែទាំសុខភាពរបស់ខ្លួននោះទេ។ ខាងក្រោមជាវិធីនៃការថែរក្សាសម្រស់ និងការថែទាំសុខភាពរបស់តារាសម្ដែង ញ៉ែម សុគន្ធ។
- ការថែរក្សាស្បែកមុខ ៖ រាល់ពេលដែលលោកត្រឡប់មកពីធ្វើការវិញ លោកតែងតែសម្អាតមុខឱ្យស្អាតដោយហ្វូមលាងមុខ ដើម្បីកម្ចាត់នូវធូលីដី និងជាតិខ្លាញ់។ ជារៀងរាល់ពេលទំនេរវិញ គឺសុគន្ធតែងតែបិទម៉ាស់ដើម្បីឱ្យមុខមាន សភាពត្រជាក់ ជាពិសេសមុនចូលគេង។
- ការថែរក្សាស្បែកដងខ្លួន ៖ សុគន្ធមិនមានការថែរក្សាស្បែកដងខ្លួនអ្វីឱ្យប្លែកនោះទេ គឺគ្រាន់តែសម្អាតបាក់តេរីនៅដងខ្លួន ឱ្យបានស្អាតជាមួយសាប៊ូ និងស្បៃដុសខ្លួនជារៀងរាល់ពេលដែលងូតទឹក។ យ៉ាងណាមិញលោកក៏ឧស្សាហ៍ញ៉ាំទឹកឱ្យបានច្រើនផងដែរ ព្រោះលោកយល់ថាអាចជួយបង្កើនសំណើមទៅដល់ស្បែក។
- ការថែរក្សាសក់ ៖ សុគន្ធមិនសូវជាបានយកចិត្ដទុកដាក់ចំពោះការថែទាំសក់ប៉ុន្មានទេ ដោយសារតែមានការរវល់ច្រើន តែលោកក៏មិនបោះបង់ការថែទាំដែរ។ សុគន្ធតែងតែចំណាយពេលក្នុងការកក់សក់ឱ្យបានញឹកញាប់ ហើយអប់ជារៀងរាល់មួយទៅពីរសប្ដាហ៍ម្ដង។
- ការថែរក្សាភ្នែក ៖ ជាតារាសម្ដែងមួយរូបដូចលោកសុគន្ធ គឺចៀសមិនផុតពីឈុតបង្ហូរទឹកភ្នែកនោះទេ ដូចនេះលោកមានការយកចិត្ដទុកដាក់ក្នុងការថែទាំភ្នែកខ្លាំងមែនទែន។ លោកត្រូវប្រឈមមុខនឹងពន្លឺថ្ងៃ ក្ដារពន្លឺថតភាពយន្ដ និងការប្រមូលអារម្មណ៍ ដើម្បីបង្ហូរទឹកភ្នែក ដូច្នេះគឺងាយនឹងធ្វើឱ្យសុខភាពភ្នែករបស់លោកមានបញ្ហា។ ជារៀងរាល់ពេលទំនេរពីការងារសុគន្ធតែងតែសម្រាកឱ្យបានច្រើនដើម្បីឱ្យភ្នែកបានសម្រាកផងដែរ។
- ការថែរក្សាធ្មេញ ៖ សុខភាពមាត់ធ្មេញជារឿងដ៏សំខាន់សម្រាប់លោក គឺរៀងរាល់២ខែម្ដង សុគន្ធតែងតែទៅជួបជាមួយទន្ដពេទ្យដើម្បីធ្វើការសម្អាតធ្មេញ។ លោកក៏មិនបោះបង់ចោលនូវទម្លាប់ដ៏ល្អ គឺដុសធ្មេញជាប្រចាំ បីដងក្នុងមួយថ្ងៃ។
ការថែទាំសុខភាពរាងកាយ - ការទទួលទានដំណេក ៖ សុគន្ធមិនសូវជាបានទទួលទានដំណេកបានគ្រប់គ្រាន់ប៉ុន្មាននោះទេ ដោយសារការមមាញឹកនឹងការងារច្រើន។ ក្នុងមួយថ្ងៃសុគន្ធសម្រាកបានពីប្រាំមួយទៅប្រាំពីរម៉ោងប៉ុណ្ណោះ។
- ការទទួលទានអាហារ ៖ ដោយសារការគេងមិនបានគ្រប់គ្រាន់ លោកបានយកចិត្ដទុកដាក់ចំពោះការទទួលទានអាហារឱ្យបានគ្រប់គ្រាន់ បើគេងមិនគ្រប់ក៏ញ៉ាំឱ្យបានគ្រប់គ្រាន់ដែរ ជាពិសេសគឺលោកតែងទទួលទានបន្លែឱ្យបានច្រើនដើម្បីសុខភាពរឹងមាំ និងអាហារដែលមានជីវជាតិបំប៉នដល់រាងកាយ។
- លំហាត់ប្រាណ ៖ សុគន្ធគិតថាការងារដែលលោកបានបំពេញរាល់ថ្ងៃសឹងតែបញ្ចេញញើសជារៀងរាល់ថ្ងៃ ដូចនេះវាក៏ប្រៀបដូចជាការហាត់ប្រាណសម្រាប់លោកផងដែរ។ ដោយសារតែការងារដែលលោកបានធ្វើតម្រូវដើរថតឡើងភ្នំ ចុះភ្នំ កាត់ជ្រោះ និងកាត់ផ្លូវជាច្រើនទៀត ដើម្បីធ្វើការថតសម្ដែង និងដឹកនាំថត។
បំណងទៅថ្ងៃអនាគត
ការងារជាអ្នកសិល្បៈគឺលោកស្រឡាញ់ខ្លាំងណាស់ ដែលលោកមានការប្រឹងប្រែងរហូតដើរដល់ចំណុចមួយដែលទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។ តែលោកក៏មានបំណងប្រាថ្នាផ្សេងទៀតដែរ គឺលោកចង់បើករបររកស៊ីអ្វីមួយដោយចូលរួមហ៊ុនជាមួយមិត្ដរួមអាជីព។
បណ្ដាំផ្ញើរបស់ ញ៉ែម សុគន្ធ
សុខភាពគឺជារឿងកាន់តែសំខាន់នៅពេលដែលការងារកាន់តែជោគជ័យ យើងម្នាក់ៗចាំបាច់ត្រូវតែគិតគូរឱ្យបានល្អ។ ទោះបីជាមានការងាររវល់យ៉ាងណាក្ដី សូមកុំភ្លេចការថែទាំសុខភាពឱ្យសោះ កុំឱ្យមានការធ្វេសប្រហែសបណ្ដាលឱ្យមានបញ្ហាទៅថ្ងៃមុខ។ ការចំណាយពេលវេលាដើម្បីថែទាំសុខភាព នឹងធ្វើឱ្យលោកអ្នកមានសុខភាពល្អបរិបូរណ៍។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ញ៉ែម សុគន្ធ
- អាយុ ៖ ២៧ឆ្នាំ
- ថ្ងៃ.ខែ.ឆ្នាំកំណើត ៖ ២៥ ឧសភា ១៩៨២
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- កម្ពស់ ៖ ១,៧៨ម៉ែត្រ
- បងប្អូន ៖ ៤នាក់(ប្រុស៣ ស្រី១ ជាកូនទី៤)
- អាជីពនាពេលបច្ចុប្បន្ន ៖ អ្នកសិល្បៈ
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply