សុខភាពផ្លូវចិត្ដមិនអាស្រ័យទៅលើវ័យឬសម្គាល់លើភេទណាមួយនោះទេ គឺអាចមានបញ្ហាទាំងអស់។ បញ្ហាទាំងអស់នោះគឺអាស្រ័យទៅលើចិត្ដគំនិត និងអារម្មណ៍របស់មនុស្សម្នាក់ដែលមានក្ដីស្រឡាញ់ ពេញចិត្ដ និងចូលចិត្ដទៅលើអ្វីមួយ ឬនរណាម្នាក់។ បើនិយាយពីបញ្ហាស្នេហាមនុស្សស្រីឬប្រុសមួយចំនួនធំតែងទទួលបាននូវសុភមង្គល និងមានភាពរីករាយជាមួយមនុស្សដែលខ្លួនស្រឡាញ់។ ផ្ទុយទៅវិញបើនិយាយចំពោះមនុស្សភេទទីបីវិញនោះ គឺជាបញ្ហាចោទយ៉ាងសំខាន់ចំពោះបញ្ហាផ្លូវចិត្ដទាំងអារម្មណ៍ និងមនោសញ្ចេតនា។
ចង់ស្វែងយល់ថាភេទទីបីមានអារម្មណ៍ និងសុខភាពផ្លូវចិត្ដបែបណានោះ សូមប្រិយមិត្ដទាំងអស់ទទួលជ្រាបតាមរយៈ ទស្សនាវដ្ដី សុខភាពយើង ជាមួយនឹងការបកស្រាយរបស់លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អ្នកឯកទេសវិកលវិទ្យានៃគ្លីនិកសាន់រ៉ាយ។
ភេទទីបីមានផ្លូវចិត្ដដូចម្ដេច?
មានមនុស្សភេទទីបីមួយចំនួនបានបញ្ជាក់ថា ខ្លួនគេមានភាពសប្បាយរីករាយនឹងស្ថានភាពនេះ ថ្វីត្បិតតែក្រុមគ្រួសារមិនទទួលស្គាល់ក៏ដោយ។ ជាពិសេសឪពុកម្ដាយក៏គេមិនខ្វល់ពីបញ្ហាទាំងនោះដែរ គឺធ្វើយ៉ាងណាឱ្យខ្លួនគេសប្បាយរីករាយតែប៉ុណ្ណោះ។ មនុស្សភេទទីបីហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីឱ្យខ្លួនក្លាយទៅជាភេទទីបី។ ផ្ទុយទៅវិញមានអ្នកខ្លះបែរទៅជាមានអារម្មណ៍ថា តូចចិត្ដ ខកចិត្ដ ធ្លាក់ទឹកចិត្ដ ខូចចិត្ដ ដោយសារតែសង្គមខាងក្រៅ និងក្រុមគ្រួសារនៅមានទស្សនៈអវិជ្ជមានចំពោះខ្លួន។ ដោយសារមានបញ្ហាគាបសង្កត់ខាងអារម្មណ៍ផ្លូវចិត្ដចំពោះខ្លួនដែលស្រឡាញ់ជាមួយមនុស្សភេទដូចគ្នា បានធ្វើឱ្យមនុស្សភេទទីបីមិនហ៊ានទទួលស្គាល់ការពិត មានអារម្មណ៍ខ្លាចក្រុមគ្រួសារ មិត្ដភក្ដិ ឬអ្នកដែលនៅជុំវិញខ្លួន។ ដោយបញ្ហាទាំងនេះ ទើបមនុស្សភេទទីបីមិនហ៊ាន ប្រឈមមុខនឹងការពិតថាខ្លួនមានអារម្មណ៍ មានស្នេហា និងស្រឡាញ់ជាមួយភេទដូចគ្នា។ ការខកបំណងបានធ្វើឱ្យមនុស្សភេទទីបី មានអារម្មណ៍តូចចិត្ដ ខកចិត្ដ និងមានរឿងរ៉ាវជាច្រើននៅក្នុងចិត្ដដែលមិនអាចនិយាយបាន មិនអាចធ្វើអ្វីបានទៅតាមចំណង់ អារម្មណ៍ដែលខ្លួនចូលចិត្ដ។ បញ្ហានេះនៅពេលដែលកើតមានយូរៗទៅនឹងអាចបង្កឱ្យមនុស្សភេទទីបីក្លាយទៅជាអ្នកមានវិបត្ដិផ្លូវចិត្ដ មានជម្ងឺធ្លាក់ទឹកចិត្ដ ដោយសារតែតូចចិត្ដ អស់សង្ឃឹម ធ្វើអ្វីមិនដូចប្រាថ្នា ខកចិត្ដ និងមានអារម្មណ៍ថាមួយជីវិតគ្មានន័យសម្រាប់ខ្លួន។
ភាពផិតក្បត់របស់ភេទទីបីបណ្ដាលមកពីផ្លូវចិត្ដ
មានភេទទីបីមួយចំនួនក្រោយពេលរៀបការរួចក៏លួចទៅមានស្នេហាលាក់លៀមជាមួយភេទដូចគ្នា ដោយសារតែមិនមានការយល់ស្របពីសំណាក់ក្រុមគ្រួសារដោយការបង្ខំចិត្ដឱ្យមានប្ដីឬប្រពន្ធ។ ដោយហេតុផលនេះបានធ្វើមនុស្សមានចរិតជាភេទទីបីក្បត់ប្ដីឬប្រពន្ធ ទៅលួចមានស្នេហាជាមួយមនុស្សភេទដូចគ្នា នាំឱ្យគេស្ថិតក្នុងស្ថានភាពមួយមានវិបត្ដិផ្លូវចិត្ដ។ ទឹកចិត្ដ និងអារម្មណ៍ របស់មនុស្សភេទទីបីគឺមានបញ្ហាលំបាកជាជាងមនុស្សស្រីពិត ឬប្រុសពិតទៅទៀត ដោយភេទទីបីត្រូវប្រឈមមុខនឹងការរើសអើងខ្លួនមិនហ៊ានទទួលស្គាល់ការពិត និងមានស្នេហាមិនសមបំណង។
ការព្យាបាលសុខភាពផ្លូវចិត្ដចំពោះភេទទីបី
សង្គមមិត្ដភក្ដិ ជាពិសេសគឺក្រុមគ្រួសារជាក្រុមមនុស្សយ៉ាងសំខាន់បំផុតដែលត្រូវស្វែងយល់ពីទឹកចិត្ដ និងការវិវឌ្ឍន៍របស់មនុស្សភេទទីបីដែលមិនអាចកែប្រែបាននេះ។ នៅពេលដែលមានការស្វែងយល់ និងមានទស្សនៈវិជ្ជមានចំពោះមនុស្សភេទទីបីហើយនោះនឹងអាចធ្វើឱ្យគេអាចសម្រេចបំណងដែលខ្លួនពេញចិត្ដធ្វើ និងមិនខ្លាចមានការរើសអើងពីអ្នកដែលនៅជុំវិញខ្លួននោះទេ។
- ការគាំទ្រ និងលើកទឹកចិត្ដពីសង្គម ៖ ដើម្បីឱ្យសុខភាពផ្លូវចិត្ដរបស់ភេទទីបីមានភាពប្រសើរ កុំឱ្យឈានទៅដល់ធ្លាក់ទឹកចិត្ដ ត្រូវលើកទឹកចិត្ដ ការគាំទ្រពីសង្គម និងក្រុមគ្រួសារចាំបាច់ត្រូវតែអាច។ ទោះបីជាសង្គមខាងក្រៅមិនគាំទ្រ មិនរាប់រកចំពោះគេក្ដី ឱ្យតែមានការលើកទឹកចិត្ដគាំទ្រពីសំណាក់បងប្អូន ឪពុកម្ដាយ ក្រុមគ្រួសារទាំងមូល នៅពេលនោះបុគ្គលដែលមានចរិតជាភេទទីបី នឹងមិនអាចឈានទៅមានបញ្ហាធ្លាក់ទឹកចិត្ដនោះទេ។
- ការទទួលពិគ្រោះជាមួយអ្នកឯកទេសផ្លូវចិត្ដ ៖ បើសិនជាមានការគាំទ្រ លើកទឹកចិត្ដពីសង្គម និងក្រុមគ្រួសារ ហើយមិនមានភាពល្អប្រសើរទៀតនោះ គឺមានតែមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីបានទទួលការណែនាំពីការថែរក្សាសុខភាពផ្លូវចិត្ដ និងទទួលថ្នាំយកទៅព្យាបាល។ នៅពេលឈានទៅរកបញ្ហាមួយដែលមានសភាពធ្ងន់ធ្ងរហើយនោះ គឺមានតែអ្នកជំនាញទេ ដែលអាចដោះស្រាយ និងព្យាបាលទៅលើបញ្ហាផ្លូវចិត្ដរបស់ភេទទីបីនេះបាន។
ការថែរក្សាសុខភាពផ្លូវចិត្ដដោយខ្លួនឯងចំពោះភេទទីបី
ការថែរក្សាសុខភាពផ្លូវចិត្ដចំពោះមនុស្សភេទទីបី អាស្រ័យទៅលើការគាំទ្រ ការលើកទឹកចិត្ដពីសង្គម និងក្រុមគ្រួសារផងដែរ។ ការលើកទឹកចិត្ដពីអ្នកដែលនៅជុំវិញខ្លួនគ្រាន់តែជាដំណោះស្រាយមួយផ្នែកចំពោះខ្លួនជាភេទទីបីតែប៉ុណ្ណោះ តែអ្វីដែលសំខាន់នោះ គឺខ្លួនឯងត្រូវតែជួយលើកទឹកចិត្ដខ្លួនឯងឱ្យកាន់តែខ្លាំងផ្ដល់ក្ដីជឿជាក់ និងទទួលស្គាល់ការពិត មិនក្បត់នឹងមនោសញ្ចេតនារបស់ខ្លួនដែលជាភេទទីបី។ ដំណោះស្រាយទាំងអស់នេះជាចំណុចយ៉ាងសំខាន់ចំពោះមនុស្សភេទទីបី ដែលអាចថែទាំសុខភាពផ្លូវចិត្ដរបស់ ខ្លួនកុំឱ្យទទួលរងការវាយប្រហារផ្លូវចិត្ដពីអ្នកដទៃបាន និងសំខាន់ត្រូវដឹងថាខ្លួនកំពុងតែត្រូវការអ្វីជាចាំបាច់ ហើយអំពើណាដែលគប្បីធ្វើ និងមិនគួរធ្វើ ជាពិសេសកុំកុហកនឹងអារម្មណ៍របស់ខ្លួនឯង។
ដំបូន្មានអ្នកជំនាញ
ទោះបីជាលោកអ្នកជាមនុស្សភេទណាក្ដី សំខាន់ត្រូវចេះថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ មិនត្រូវធ្វេសប្រហែសឱ្យសុខភាពផ្លូវចិត្ដរបស់ខ្លួនធ្លាក់ក្នុងស្ថានភាពណាមួយនៃជម្ងឺផ្លូវចិត្ដនោះទេ។ បើសិនជាព្យាយាមដោះស្រាយនូវបញ្ហាទាំងនោះមិនបានសម្រេចនោះទេ លោកអ្នកអាចមកទទួលការពិគ្រោះអ្នកឯកទេសផ្នែកវិកលវិទ្យា ដើម្បីទទួលបានការណែនាំបន្ថែម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០
Leave a Reply