សារៈ​ប្រយោជន៍នៃ​កីឡា​កាយ​វប្បកម្ម

ការ​ថែទាំ និង​យកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព​ជារឿង​ដែល​លោកអ្នក​ចាំបាច់​គិតគូរ​ជាចម្បង។ ការ​ហាត់ប្រាណ​សុទ្ធតែ​ផ្ដល់់នូវ​សារៈ​ប្រយោជន៍​គ្រប់បែប​យ៉ាង​ចំពោះ​សុខភាព​របស់​លោកអ្នក ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។ កីឡាកាយ​វប្បកម្ម​ជាការ​ហាត់ប្រាណ ទៅលើ​ប្រភេទ​ម៉ាស៊ីន និង​ឧបករណ៍​ដុំដែក​ដែល​កំពុង​ជាទី​ចាប់អារម្មណ៍​របស់​លោកអ្នក​មួយចំនួន។ សារៈ​ប្រយោជន៍​នៃការ​ហាត់កីឡា នេះជា​លទ្ធផល​លោកអ្នក​នឹង​ទទួលបាន​នូវ​សុខភាព​ដ៏មាំមួន និងមាន​រាងកាយដ៏​រឹងមាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចង់ជ្រាប​ថាឧបករណ៍​នីមួយៗ​ផ្ដល់​សារៈ​ប្រយោជន៍​អ្វីចំពោះ​សុខភាពរ​បស់​លោកអ្នក ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក រីឆាត ជិន ជាម្ចាស់​ក្លឹបកីឡា Aus Fit។

ឧបករណ៍​ក្នុងការ​ហាត់​កីឡា​កាយ​វប្បកម្ម

ឧបករណ៍​សម្រាប់​ហាត់​កីឡា​កាយវប្បកម្ម​មានច្រើន​សណ្ឋាន តែក្នុង​នោះ​បែងចែក​ចេញជា​ពីរ​ប្រភេទ គឺ​ឧបករណ៍ ម៉ាស៊ីន និង​ដុំដែក។ ឧបករណ៍​សាច់ដុំ​មាន​ជាង​៣៦០​សាច់ដុំ ដូចជា​សាច់ដុំស្មា ដើមទ្រូង ក ក្បាលពោះ ខ្នង ដៃ ភ្លៅ កំប៉េះ​គូទ​ជាដើម។ ចំណែក​ប្រភេទ​ម៉ាស៊ីន​មាន​ដូចជា​ម៉ាស៊ីន​ដើរ រត់ ធាក់កង់ ម៉ាស៊ីន​ហាត់​ចលនា​បេះដូង​ជាដើម។

សារៈ​ប្រយោជន៍​នៃការ​លើក​ដុំដែក

សាច់ដុំ​នីមួយៗ​ត្រូវការ​យោងគ្នា​ទៅវិញ​ទៅមក​ដើម្បី​មើលទៅ​ឱ្យមាន​ភាព​សក្ដិសម​នឹង​រូបរាង​ស្រស់ស្អាត​និង​សង្ហា​របស់ លោកអ្នក​ទាំងឡាយ។ ការ​ហាត់​លើក​សាច់ដុំ​គឺដើម្បី​ឱ្យ​សាច់ដុំ​មានភាព​ស្មើគ្នា ដែល​មិនអាច​តម្រូវ​ឱ្យមាន​មួយ​ខ្សោយ​មួយ​ខ្លាំងនោះ​ទេ។ ការ​លើក​សាច់ដុំ​គឺ​ត្រូវហាត់​ឱ្យបាន​គ្រប់​ប្រភេទ​សាច់ដុំ តាំងពី​ក្បាល​រហូត​ដល់​ចុងជើង ហាត់​កាន់តែ​ច្រើន​ភាព​សក្ដិសម​នៃ​រាងកាយ​កាន់តែ​រឹងមាំ សុខភាព​ក៏​មាំមួន និង​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ផងដែរ។ បើសិន​ជា​លោកអ្នក​ហាត់​មិនបាន​គ្រប់ប្រភេទ​នោះទេ អាចធ្វើ​ឱ្យមាន​សាច់ដុំ​ខ្លះ​ខ្សោយ ខ្លះខ្លាំង នេះជា​បញ្ហា​ដែលនាំ​ផលលំបាក​ទៅវិញ​ទេ។ ជាការ​ល្អ​លោកអ្នក​គប្បី​ជ្រើសរើស​ការ​ហាត់​គ្រប់​ប្រភេទ ដើម្បី​ឱ្យមាន​រាងកាយ​រឹងមាំ ដោយ​ផ្លាស់ប្ដូរ​ក្នុងការ​ហាត់​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ដូចជា​មួយថ្ងៃ​ហាត់​សាច់ដុំ​ដើមទ្រូង មួយថ្ងៃ សាច់ដុំ​ក្បាលពោះ និង​មួយថ្ងៃ​ទៀត​ហាត់​សាច់ដុំ​ខ្នង​ជាដើម។ ការ​លើកដុំដែក​មានការ​បែងចែក​ជាទម្ងន់​លើក​នៅក្នុង​ការ​ហាត់ ចាប់ពី​១គីឡូ​ក្រាម​រហូតដល់​៤០គីឡូ​ក្រាម។ ការហាត់​លើក​សាច់ដុំ​គប្បី​មានគ្រូ​បង្ហាត់​ក្នុងការ​ហាត់ ឬ​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការបង្ក​ឱ្យមាន​បញ្ហា​ចំពោះ​លោកអ្នក។ ដោយ​សារតែ​មនុស្ស​ម្នាក់មាន​លក្ខណៈ​ខុសៗ​គ្នា ទៅតាម​ពូជសាសន៍ ភេទ ទម្ងន់ និង​អាយុ​ វិធី​ហាត់​នីមួយៗ​មិនអាច​ហាត់បាន​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះទេ។ ការ​ហាត់​កីឡា​កាយវប្បកម្ម​មិនមែន​ថាចង់​ហាត់​អាច​សម្រេច​ចិត្ដ ហាត់បាន​ទៅលើ​ឧបករណ៍​ដែល​ចង់ហាត់​គ្រប់ប្រភេទ​ដោយ​គ្មាន​ការ​ណែនាំ​ពីគ្រូបង្ហាត់​នោះទេ។

សារៈ​ប្រយោជន៍​នៃការ​ប្រើឧបករណ៍​ម៉ាស៊ីន

ឧបករណ៍​ដែល​ហាត់​ទៅលើ​ម៉ាស៊ីន​គឺជា​ប្រភេទ​ម៉ាស៊ីន​ខារីអូ​ដែល​ទាក់ទង​នឹងការ​ជំនួយ​ដល់បេះដូង ធ្វើឱ្យ​ជីពចរ​មាន​ដំណើរ​ការល្អ និងមាន​កម្លាំង​សាច់ដុំ​បេះដូង​ខ្លាំង​មិនងាយ​ហត់ ដោយ​សារតែ​នៅពេល​ដែល​ហាត់គឺ​ត្រូវការ​ប្រើប្រាស់​កម្លាំង​សាច់ដុំ​បេះដូង។ ជាងនេះ​ទៅទៀត​ការហាត់​ដោយ​ម៉ាស៊ីននេះ​ក៏ដូចជា​ការ​ហាត់​ប្រាណ​តាមវិធី​ផ្សេងៗ​ទៀត នឹង​ជួយឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ អាច​ប្រឆាំង​នឹងការ​ឆ្លងរោគ និង​ជម្ងឺឆ្លង​ទាំងឡាយ ជាពិសេស​គឺជម្ងឺ​ផ្ដាសាយ។

ដំបូន្មាន​អ្នក​ជំនាញ

លោកអ្នក​គប្បី​ថែទាំ​សុខភាព​ឱ្យបាន​ត្រឹមត្រូវ​ដោយការ​ជ្រើសរើស​យកវិធី​ហាត់​ប្រាណ។ ការ​ទទួលទាន​បារី ស្រា និង​គ្រឿងញៀន​មិនមែន​ជារឿង​ដែលត្រូវ​ប្រព្រឹត្ដ​សម្រាប់​លោកអ្នក​ដែល​គិតគូរ និង​យកចិត្ដ​ទុកដាក់​ចំពោះ​ការ​ថែទាំ​សុខភាព​នោះទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥២ ខែឧសភា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *