ស្បែកមិនស្អាតគឺជាបញ្ហាមួយដែលធ្វើឱ្យស្ដ្រីគ្រប់រូបមានការព្រួយបារម្ភ ជាពិសេសនៅពេលដែលធ្វើដំណើរទៅណាមកណាម្ដងៗ គឺតែងតែមានអារម្មណ៍អន់ចិត្ដចំពោះស្បែករបស់ខ្លួនឯង។ ដោយសារតែស្បែកស្រអាប់មិនស្រស់ថ្លា ហើយមិនដឹងថាតើស្បែករបស់ខ្លួនមិនស្អាតគឺបណ្ដាលមកពីអ្វីនោះទេ?
ទស្សនាវដ្ដី សុខភាពយើង បានសម្ភាសជាមួយអ្នកស្រី សោភា ម្ចាស់ហាងកែសម្ផស្សម៉ាលីនណា បកស្រាយអំពីមូលហេតុស្បែកមិនស្អាត ដើម្បីឱ្យមិត្ដនារីទាំងអស់បានយល់ដឹងកាន់តែច្បាស់។
ស្បែកមិនស្អាត?
ជាទូទៅស្បែកត្រូវបានគេបែងចែកចេញជាបីប្រភេទធំៗគឺ ស្បែកដែលមានជាតិខ្លាញ់ ស្បែកស្ងួត និងស្បែកធម្មតា។ ស្បែកមិនស្អាតគឺជាស្បែកដែលមើលទៅមិនស្រស់ ស្រអាប់ ស្បែកឆាប់ជាំ ឆាប់ខ្មៅ ស្បែកគ្រើមៗ ស្បែកគ្មានសំណើម មិនម៉ដ្ឋ គឺស្បែកដែលសម្បូរជាតិខ្លាញ់ និងស្បែកស្ងួតខ្លាំងពេក។
មូលហេតុដែលធ្វើឱ្យស្បែកមិនស្អាត
សុភាពនារីសុភាពបុរសភាគច្រើនមិនដឹងថាស្បែករបស់ខ្លួនមិនស្អាតគឺបណ្ដាលមកពីអ្វីនោះទេ។ ស្បែកមិនស្អាតគឺបណ្ដាលមកពីស្បែកដែលសម្បូរទៅដោយជាតិខ្លាញ់ច្រើនពេក និងស្ងួតខ្លាំងពេក។
១ . ស្បែកដែលមានជាតិខ្លាញ់ហួសប្រមាណ ៖ ជាតិខ្លាញ់អាចធ្វើឱ្យស្បែកមានមុនជាច្រើន ដូចជាមុនអង្កាម មុនរោល មុនខ្ទុះជាដើម មិនថាលើផ្ទៃមុខឬលើដងខ្លួននោះទេ អាចកើតឡើងបានគ្រប់កន្លែង។ ស្បែកជាតិខ្លាញ់ងាយប្រឡាក់ធូលី ដែលធ្វើឱ្យស្បែកស្អិត ប្រសិនបើមិនបានធ្វើការសម្អាតឱ្យបានត្រឹមត្រូវនោះទេ អាចបង្កឱ្យមានស្នាមខ្មៅតូចៗជាច្រើននៅលើស្បែក។
២ . ស្បែកស្ងួតពេក ៖ គឺជាស្បែកដែលមានលក្ខណៈងាយជ្រួញ ងាយបែកស្រកា ស្បែកដែលមានអាចម៍រុយ ស្បែកជាំជាដើម ពីព្រោះស្បែកប្រភេទនេះមានកង្វះនូវជាតិប្រេង និងជាតិទឹក។ ស្បែកស្ងួតភាគច្រើនមិនមានក្រពេញបញ្ចេញជាតិខ្លាញ់គ្រប់គ្រាន់នោះទេ ជាពិសេសនៅពេលខែរងាស្បែកងាយបែកស្រកា ហើយនៅពេលដែលយើងអេះវានឹងឡើងហុយ ជាពិសេសនៅពេលដែលត្រូវពន្លឺថ្ងៃក្ដៅខ្លាំងស្បែករបស់យើងងាយឆាប់ខ្មៅ និងឡើងជាំ ហើយរបកជ្រីវជ្រួញទៀតផង។
វិធីកែខៃស្បែកមិនល្អតាមបែបធម្មជាតិ
សុភាពនារីសុភាពបុរសទាំងអស់ប្រាកដជាបានជ្រាបហើយថា មើមពន្លៃមានសារៈប្រយោជន៍ណាស់សម្រាប់ស្បែករបស់យើង។ មើមពន្លៃជួយឱ្យស្បែករបស់យើងមានភាពភ្លឺរលោង ជាពិសេសធ្វើឱ្យស្បែករបស់យើងស មិនមានភាពស្រអាប់ និងអាចជួយឱ្យស្បែកមានសំណើមថែមទៀតផង។ សូមស្វែងយល់អំពីវិធីប្រើប្រាស់ពន្លៃ និងវិធីធម្មជាតិដូចតទៅ។
សូមយកមើមពន្លៃលាងទឹកឱ្យស្អាតហើយចិតជាបន្ទះស្ដើងៗ យកទៅហាលឱ្យបាន២ឬ៣ថ្ងៃ បន្ទាប់មកយកមើមពន្លៃ នោះមកបុកឱ្យម៉ដ្ឋ។ យកទឹកដោះគោឆៅមកលាងឱ្យសព្វជាមួយមើមពន្លៃដែលបុក ហើយលៃឱ្យសមនឹងស្បែករបស់យើង ថាតើត្រូវដាក់ប៉ុន្មានទើបអាចលាបស្បែករបស់យើងគ្រប់បន្ទាប់មកយកទឹកឃ្មុំសុទ្ធមកលាយជាមួយ បើសិនជាយើងលាបសព្វពេញខ្លួន យើងត្រូវដាក់ទឹកឃ្មុំ១ស្លាបព្រាបាយ។ នៅពេលដែលលាយវាសព្វហើយ យើងយកវាមកលាបនៅលើខ្លួនរបស់យើងឱ្យសព្វដោយប្រើដៃថ្នមៗ ហើយទុកចោលរយៈពេល២០នាទី ទើបលាងសម្អាតចេញ។ នេះគឺជាវិធីដែលងាយស្រួលបំផុតសម្រាប់មិត្ដនារី បើសិនជាចង់ឱ្យស្បែកកាន់តែស្អាតថែមទៀតនោះ សុភាពនារីទាំងអស់គួរតែលាបក្នុង១សប្ដាហ៍ឱ្យបាន២ដង ហើយការដែលយកមើមពន្លៃមកប្រើនេះវាគ្មានផលប៉ះពាល់អ្វីសម្រាប់ស្បែកនោះទេ។
វិធីកាពោរស្បែកមិនស្អាត
សុភាពនារីសុភាពបុរសទាំងឡាយដែលមានស្បែកមិនស្អាត គួរតែទៅពិនិត្យស្បែកជាមុនសិន ដើម្បីឱ្យដឹងថាតើស្បែកជាប្រភេទស្បែកអ្វី។ បើសិនប្រភេទស្បែកខ្លាញ់ ត្រូវសម្អាតដោយការប្រើប្រាស់សាប៊ូដែលកម្ចាត់ជាតិខ្លាញ់។ ចំពោះស្បែកមុខត្រូវប្រើសាប៊ូលាងមុខដែលមានសារជាតិកម្ចាត់ជាតិខ្លាញ់ ត្រូវប្រើក្នុងមួយថ្ងៃឱ្យបានបីដង គឺនៅពេលព្រឹក ពេលល្ងាច និងមុនពេលចូលគេង។ ត្រូវប្រើថ្នាំព្យាបាលដោយលាបទៅលើស្បែកមុខ ឬស្បែកដងខ្លួន ហើយមិនត្រូវទិញថ្នាំដែលមានជាតិប្រេង ឬជាតិខ្លាញ់នោះទេ។ ចៀសវាងការបរិភោគអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងជាតិប្រេង ត្រូវឧស្សាហ៍សម្អាតខ្លួនដោយទឹកក្ដៅដែលមានសីតុណ្ហភាពក្ដៅឧណ្ហៗ ជាពិសេសត្រូវបរិភោគទឹកឱ្យបានច្រើន។ ចំពោះអ្នកដែលមានស្បែកស្ងួត ត្រូវប្រើសាប៊ូដែលមានជាតិប្រេង សម្រាប់សម្អាត ដើម្បីជំនួយដល់ស្បែកស្ងួត។ ត្រូវប្រើថ្នាំដែលមានជាតិប្រេងលាបនៅលើស្បែក ដើម្បីឱ្យស្បែកមានសំណើម។ ត្រូវទទួលទានអាហារណាដែលមានសារៈប្រយោជន៍ចំពោះស្បែក ដូចជាស៊ុត ប័រស្រស់ ល្ហុង ពោត និងបន្លែផ្សេៗដែលជំនួយដល់ស្បែក។ ត្រូវសម្អាតខ្លួនដោយទឹកត្រជាក់ធម្មតា ជាពិសេសត្រូវបរិភោគទឹកឱ្យបានច្រើនយ៉ាងតិច៨កែវក្នុងមួយថ្ងៃ និងត្រូវប្រើថ្នាំដែលមានជាតិជំនួយដល់ស្បែកផងដែរ។ ចំពោះអ្នកដែលមានស្បែកធម្មតា គួរតែថែរក្សាស្បែករបស់ខ្លួនឱ្យនៅបានល្អ ដូចជានៅពេលដែលចេញទៅណាម្ដងៗគួរតែប្រើឡេការពារកម្ដៅថ្ងៃឱ្យបានញឹកញាប់ ដើម្បីការពារចំពោះពន្លឺព្រះអាទិត្យ និងបរិយាកាសខាងក្រៅ ជាពិសេសត្រូវតែបរិភោគទឹកឱ្យបានច្រើន ព្រោះទឹកគឺជាផ្នែកមួយដល់សំខាន់សម្រាប់ជួយឱ្យស្បែកមានសំណើម និងមានសភាពភ្លឺថ្លា។
ដំបូន្មានអ្នកជំនាញ
ស្បែកគឺជាផ្នែកមួយដែលសំខាន់បំផុត ហើយក៏ជាសោភ័ណភាពមួយពិសេសសម្រាប់សម្រស់នារីគ្រប់រូប។ ស្បែកស្អាត ធ្វើឱ្យនារីគ្រប់រូបមានមោទនភាពចំពោះខ្លួនឯង។ ដូចនេះដើម្បីឱ្យស្បែកស្អាត ស្ដ្រីគប្បីតែថែរក្សាដោយយកចិត្ដទុកដាក់បំផុត មិនត្រូវបណ្ដែតបណ្ដោយឱ្យស្បែកស្អាតបាត់បង់ដោយងាយៗនោះទេ ជាពិសេសនៅពេលដែលស្បែករបស់អ្នកមានបញ្ហា គួរតែប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដែលមានជំនាញផ្នែកថែរក្សាស្បែក ដើម្បីរកវិធីព្យាបាល និងការពារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply