មិនថាបុរសឬស្ដ្រីនោះឡើយ នៅពេលមានអាការដុះក្បាលពោះហើយគឺបណ្ដាលមកពីប្រភពនៃការធាត់។ តាមការសន្និដ្ឋានរបស់វេជ្ជសាស្ដ្របានបញ្ជាក់ថា កាលដែលធ្វើឱ្យបុរស និងស្ដ្រីដុះក្បាលពោះនោះអាចមានកត្ដាពីរយ៉ាង គឺបណ្ដាលមកពីឡើងនូវទម្ងន់ និងបណ្ដាលមកពីមានរោគធាត់ ទើបធ្វើឱ្យខ្លាញ់ក្បាលពោះរបស់លោកអ្នកធំធាត់ ដែលគេហៅថា ដុះក្បាលពោះ។
ដើម្បីជូនជ្រាបឱ្យបានដឹងច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកវេជ្ជបណ្ឌិត អ៊ុន វុទ្ធី អ្នកផ្ដល់សេវាជម្ងឺទូទៅ និងសុខភាពបុរសនៃសមាគមសុខភាពកម្ពុជាហៅកាត់ថារ៉ាក់ ភ្នំពេញទី១ ដើម្បីជម្រាបអំពីផលប៉ះពាល់ចំពោះអ្នកដុះក្បាលពោះ ដែលអាចប្រឈមមុខនឹងជម្ងឺ ឬបញ្ហាផ្សេងចំពោះសុខភាពដូចតទៅ។
ដុះក្បាលពោះ?
ដុះក្បាលពោះគឺជាអាការមួយបង្ហាញថា លោកអ្នកមានពោះធំប្លែកខុសពីពោះធម្មតា តាមរយៈការឡើងទម្ងន់ ឬមានជម្ងឺធាត់ជាដើម។ អាការដុះក្បាលពោះនេះមិនមែនកើតឡើងដោយសារជម្ងឺនោះទេ គឺកើតឡើងដោយសារសារជាតិអាហារ ដែលលោកអ្នកមួយចំនួនទទួលទានពោរពេញទៅដោយកាឡូរីខ្ពស់។ ជាពិសេសបុរសៗភាគច្រើនដុះក្បាលពោះ ដោយសារការទទួលទានសារជាតិអាកុលច្រើន ដូចជាស្រាបៀរជាដើម។
មូលហេតុដែលបណ្ដាលឱ្យលោកអ្នកដុះក្បាលពោះ
មូលហេតុដែលបណ្ដាលឱ្យមានអាការដុះក្បាលពោះនេះ គឺមានច្រើនយ៉ាងខុសៗគ្នា មិនមែនកើតឡើងដោយសារតំណពូជនោះឡើយ។ បញ្ហាដំបូងនោះ លោកអ្នកមួយចំនួនទម្លាប់ទទួលទានច្រើន។ ក្មេងដែលមានអាយុស្ថិតក្រោម១០ឆ្នាំមួយចំនួន មានអាការធាត់ខ្លាំង ដែលទម្ងន់របស់គាត់មិនសក្ដិសមទៅនឹងអាយុនោះ ក៏បានបង្ហាញឱ្យឃើញថា ក្មេងនោះចូលចិត្ដញ៉ាំច្រើន ជាពិសេសអាហារដែលមានជាតិខ្លាញ់ ដូចជាទទួលទានហេមប៊ឺហ្គ៊ឺ ឬភ្លៅមាន់អាំងជាដើម។ ការទទួលទានបែបនេះបានជំរុញឱ្យក្មេងឡើងគីឡូដោយមិនដឹងខ្លួន។ លោកអ្នកមួយចំនួនទម្លាប់ញ៉ាំអាហារបន្ថែម ឬមិនទុកឱ្យមាត់ទំនេរឡើយ ចេះតែរកអាហារនេះ អាហារនោះដើម្បីកំដរមាត់ បញ្ហានេះក៏បណ្ដាលឱ្យលោកអ្នកធាត់ផងដែរ ជាពិសេសចំពោះស្ដ្រី។ លោកអ្នកមួយចំនួនមិនបានធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ និងត្រឹមត្រូវក៏អាចជំរុញឱ្យគាត់ឡើងគីឡូរហូតឈានដល់មានអាការដុះក្បាលពោះទៀតផង។ ដោយឡែកលោកអ្នកមួយចំនួនមិនសូវហូបច្រើននោះទេតែអាចធាត់បានដែរ ដោយសារតែអាហារបំប៉នមួយចំនួនដែលទទួលទានចូលនោះមានសារជាតិខ្លាញ់ ជាតិអាកុល និងគ្រឿងស្រវឹងច្រើន។ ព្រោះជាតិអាកុលគឺជាប្រភពនូវកាឡូរីខ្ពស់ដោយពុំបានធ្វើសកម្មភាព ការងារផ្សេងៗ ដើម្បីបន្សាបជាតិពុលក៏អាចឡើងគីឡូបានដែរ។
រោគសញ្ញាអាចដឹងថាមានដុះក្បាលពោះ
លោកអ្នកមួយចំនួនហាក់មិនបានចាប់អារម្មណ៍ថាខ្លួនឯងឡើងទម្ងន់រហូតដល់មានដុះក្បាលពោះនោះទេ ភាគច្រើនដឹងតាមការថ្លឹងទម្ងន់ មានអាការហត់ មិនអាចទ្រាំនឹងកម្ដៅថ្ងៃបាន ឬត្រូវកម្ដៅថ្ងៃក៏ហត់ មានអារម្មណ៍លំបាកក្នុងខ្លួនជាដើម។ ជួនពេលមានវិបត្ដិតាមប្រព័ន្ធរំលាយអាហារ ចូលចិត្ដដេកច្រើន បែកញើសច្រើន ចំពោះស្ដ្រីវិញលេចនោមមិនដឹងខ្លួន ឈឺសន្លាក់ដៃជើងគ្រប់ពេលវេលា។
វិធីព្យាបាលកាត់បន្ថយការដុះក្បាលពោះ
ដើម្បីធ្វើការព្យាបាលអាការដុះក្បាលពោះនេះ ត្រូវធ្វើការកាត់បន្ថយដូចតទៅ ៖
1 . ត្រូវបន្ថយទម្ងន់ឱ្យបាន មិនត្រូវទទួលទានអាហារផ្ដេសផ្ដាស ព្រោះជាតិអាហារមួយចំនួនធំគឺជាអាហារដែលមានជាតិកាឡូរី។ ត្រូវទទួលទានអាហារឱ្យបានទៀងទាត់ ក្នុងមួយថ្ងៃត្រឹមតែ៥០០កាឡូរី វាគ្រប់គ្រាន់សម្រាប់ទៅចិញ្ចឹមសារពាង្គកាយ លោកអ្នកបានហើយ។ ត្រឹម៥០០កាឡូរីនេះអាចកាត់បន្ថយទម្ងន់លោកអ្នករហូតដល់កន្លះគីឡូក្នុងមួយសប្ដាហ៍ ហើយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។
2 . មិនត្រូវកាត់បន្ថយទម្ងន់ដោយប្រើជាតិតែ ឬកាហ្វេឡើយ ព្រោះវាអាចផ្ដល់ផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យមានអាការថប់ដង្ហើម ដោយសារតែកាឡូរីនៅក្នុងឈាមប្រែប្រួល ហើយបាត់លំនឹងដោយសារជាតិកាហ្វេ និងតែ។ លោកអ្នកដែលជ្រើសរើសយកជាតិតែ ឬកាហ្វេ ធ្វើការស្រកទម្ងន់នេះ មិនផ្ដល់ឱ្យលោកអ្នកទទួលបានសុខភាពល្អនោះឡើយ។ ម្យ៉ាងទៀតប្រសិនបើឈប់ទទួលទានជាតិកាហ្វេនេះ លោកអ្នកអាចឡើងទម្ងន់លើសដើមផងដែរ។
ផលប៉ះពាល់ដែលបណ្ដាលមកពីដុះក្បាលពោះ
បន្ទាប់ពីមានអាការធាត់ដុះក្បាលពោះហើយ លោកអ្នកអាចប្រឈមមុខទៅនឹងជម្ងឺជាច្រើនដូចជា ៖
- ជម្ងឺលើសជាតិខ្លាញ់អាចបង្កឱ្យមានការស្ទះសរសៃឈាម ពេលនោះសរីរៈមួយចំនួនត្រូវបានកាត់ផ្ដាច់ ដូចជាខួរក្បាល បេះដូងជាដើម។
- លោកអ្នកអាចប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមប្រភេទទី២ មានន័យថាជម្ងឺទឹកនោមផ្អែមប្រភេទទី២នេះកើតឡើង ពីមនុស្សធាត់តែម្ដង។
- អាចបង្កឱ្យលោកអ្នកឡើងជាតិអាស៊ីត ហើយជាតិអាស៊ីតនេះអាចធ្វើឱ្យលោកអ្នកឈឺតាមសន្លាក់ ជាពិសេសសន្លាក់ មេជើងបង្កឱ្យមានក្រួសក្នុងតម្រងនោម ជាពិសេសជម្ងឺលើសឈាមតែម្ដង។ បន្ទាប់មកអាចឈឺចាប់ដល់សន្លាក់ឆ្អឹង ដោយសារតែទម្ងន់ធ្ងន់ពេក។ លើសពីនេះអាចបង្កឱ្យលោកអ្នកមានជម្ងឺរីកសរសៃឈាមស៊ីអូដឺ ឬមានលក្ខណៈហើមជើងជាដើម។
វិធីការពារការដុះក្បាលពោះ
ដើម្បីការពារកុំឱ្យលោកអ្នកដុះក្បាលពោះនោះ ត្រូវកាត់បន្ថយការទទួលទានអាហារ និងទទួលទានឱ្យបានទៀងពេលវេលាទៅតាមកាលកំណត់។ សូមជ្រើសរើសរបបអាហារឱ្យបានត្រឹមត្រូវ និងសក្ដិសមដើម្បីធ្វើការទទួលទានតាមវ័យ និងពេលវេលា។ មិនត្រូវទទួលទានអាហារកំដរមាត់ ឬអាហារសម្រន់ណាដែលមានជាតិខ្លាញ់ និងស្ករច្រើនពេកទេ។ សូមកាត់បន្ថយការទទួលទាន គ្រឿងស្រវឹង។ មិនត្រូវទទួលទានឱសថប្រភេទមួយចំនួនដែលទទួលទានបាយបាន សម្រាន្ដលក់ឡើយ ព្រោះវាអាចបង្កលក្ខណៈ ឱ្យលោកអ្នកឡើងទម្ងន់ ហើយអាចឈានដល់មានជម្ងឺធាត់ និងហើមផងដែរ។
ដំបូន្មានអ្នកជំនាញ
ដើម្បីបញ្ចៀសអាការដុះក្បាលពោះ និងគេចវេសពីជម្ងឺលើសឈាម ជម្ងឺខ្លាញ់ក្នុងសរសៃឈាម និងជម្ងឺទឹកនោមផ្អែម លោកអ្នកត្រូវតែធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ និងកាត់បន្ថយការទទួលទានច្រើន ជាពិសេសជាតិស្រវឹង ព្រោះសារជាតិទាំងនេះ អាចជំរុញឱ្យលោកអ្នកដុះក្បាលពោះ។ ដោយហេតុថានៅពេលដែលលោកអ្នកទទួលទានគ្រឿងស្រវឹងចូលធ្វើឱ្យការទទួលទានអាហារកាន់តែច្រើន ហើយបង្កលក្ខណៈឱ្យមានការឡើងគីឡូរហូតដល់ធ្វើឱ្យលោកអ្នកដុះក្បាលពោះតែម្ដង។ ដូច្នេះបើកាត់បន្ថយទាំងការទទួលទានអាហារ និងការទទួលទានគ្រឿងស្រវឹង នោះសុខភាពនឹងរឹងប៉ឹងមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply