ធម្មជាតិជាអ្នកបង្កើតមនុស្សមកមានប្រុសមានស្រី ហើយបានតម្រូវឱ្យមនុស្សប្រុសជាគូនឹងមនុស្សស្រីជាកំហិត។ តែបច្ចុប្បន្ននេះ យុវវ័យមួយចំនួនបានប្រឆាំងទៅនឹងច្បាប់ធម្មជាតិដែលបានកំណត់ដោយមិនមានការអៀនខ្មាសឡើយ រហូតបង្កើតស្នេហារវាងបុរសនិងបុរស ស្ដ្រីនិងស្ដ្រីផងដែរ។ ប៉ុន្ដែការបង្កើតស្នេហាប្រភេទបុរសស្រឡាញ់បុរសនេះ ត្រូវបានគេដឹងថា គឺជាបញ្ហាមួយប្រឈមមុខនឹងការឆ្លងជម្ងឺផ្សេងៗជាច្រើន ជាពិសេសជម្ងឺអេដស៍តែម្ដង។
បុរសស្រឡាញ់បុរសត្រូវបានគេចាត់ទុកថាជាសិទ្ធិស្មើគ្នារវាងបុរស និងស្ដ្រី
លោក ឡេង មុនីនាថ អ្នកសម្របសម្រួលថ្នាក់ជាតិ បណ្ដាញចតុមុខបាននិយាយឱ្យដឹងថា បច្ចុប្បន្នក៏ដូចជាអតីតកាលត្រូវបានមើលឃើញថា មានការរើសអើងយ៉ាងខ្លាំងពីសំណាក់បងប្អូនចំពោះបុរសស្រឡាញ់បុរស រហូតធ្វើឱ្យក្រុមនេះមិនហ៊ានចេញមុខជាសាធារណៈដូចមនុស្សឯទៀត។ លោកបានបន្ដទៀតថា ដូច្នេះហើយអង្គការរបស់លោកបានរៀបចំបណ្ដាញចតុមុខបង្កើតកម្មវិធីថ្មី ដើម្បីឱ្យប្រជាពលរដ្ឋទូទៅដឹងថា បុរសស្រឡាញ់បុរសក៏មានសិទ្ធិទទួលខុសត្រូវចំពោះបញ្ហាគ្រួសារដែរ ដូចបុរសស្រឡាញ់នារីផងដែរ ដើម្បីផ្ដល់ឱកាសឱ្យពួកគេមានការចូលរួមចំណែកក្នុងសង្គម និងដឹកនាំសង្គមដូចមនុស្សដទៃ កុំឱ្យបង្ហាញពីភាពខ្មាសអៀនតទៅទៀត។ បច្ចុប្បន្នសមាគមបណ្ដាញចតុមុខបានជំរុញដល់បងប្អូនទាំងអស់កុំឱ្យមានការរើសអើង ចំពោះបុរសស្រឡាញ់បុរស ពីព្រោះពួកគេម្នាក់ៗគ្មាននរណាម្នាក់ចង់ធ្វើដូច្នេះទេ តែធ្វើម្ដេចធម្មជាតិបានជំរុញឱ្យពួកគេធ្វើរបៀបនេះទៅហើយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែផ្ដល់តម្លៃដល់ពួកគេ ដើម្បីកុំឱ្យពួកគេបិទបាំងមុខ និងលាក់មុខមិនបង្ហាញជាសាធារណៈយ៉ាងដូច្នេះ។
បុរសស្រឡាញ់បុរសប្រឈមមុខនឹងការឆ្លងជម្ងឺអេដស៍គួរឱ្យព្រួយបារម្ភ
លោក ឡេង មុនីនាថ បានបន្ដទៀតថា សមាគមបណ្ដាញចតុមុខបានរកឃើញថា ក្រុមបុរសស្រឡាញ់បុរសចាប់តាំងពីឆ្នាំ ១៩៩១រហូតមកទល់បច្ចុប្បន្ននេះ រកឃើញអ្នកដែលផ្ទុកមេរោគអេដស៍មានចំនួនជាង១០ខេត្ដ ប្រមាណ២១១៧៣នាក់ទៅហើយ។ រីឯទិន្នន័យប៉ាស៊ីហ្វិកដែលក្រសួងមហាផ្ទៃតែងតែប្រើប្រាស់ផងនោះ គឺចំនួន១៤៤០០នាក់ដែលកើតមានជម្ងឺអេដស៍ដោយសារបុរសស្រឡាញ់បុរសនេះតែម្ដង។ លោកបញ្ជាក់ថា សព្វថ្ងៃនេះអ្នកដែលប្រឈមមុខនឹងមេរោគអេដស៍ ជម្ងឺអេដស៍ខ្លាំងជាងគេនោះគឺក្រុមបុរសស្រឡាញ់បុរស អ្នកប្រើប្រាស់ថ្នាំញៀន និងស្ដ្រីបម្រើសេវាកម្មកម្សាន្ដសប្បាយ។ តាមរបាយការណ៍បានបង្ហាញថា នៅឆ្នាំ២០០៩-២០១០នេះ មានប្រជាជនកម្ពុជាវ័យ១៥-៤៩ឆ្នាំប្រមាណ៥៧.៩០០កំពុងផ្ទុកមេរោគអេដស៍ ភាគច្រើនគឺបុរសស្រឡាញ់បុរសតែម្ដង។
ដោយឡែកលោកវេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ អ្នកសម្របសម្រួលវគ្គបណ្ដុះបណ្ដាលជំនាញគ្លីនិកសមាគមថែរក្សាសុខភាព គ្រួសារកម្ពុជាហៅកាត់ថា“រ៉ាក់”បានប្រាប់ទស្សនាវដ្ដី សុខភាពយើងថា “កត្ដាដែលបុរសស្រឡាញ់បុរសនោះ គឺកត្ដាធម្មជាតិ និង ចំណង់ចំណូលចិត្ដរបស់ជីវិតឯកជនរបស់គេតែប៉ុណ្ណោះ។ ប៉ុន្ដែអត្រានៃជម្ងឺអេដស៍ចំពោះការស្រឡាញ់បុរស និងបុរស ប្រឈមមុខនឹងការកើនឡើងយ៉ាងធ្ងន់ធ្ងរ ដោយសារតែវិធីសាស្ដ្ររួមភេទរបស់ពួកគេមិនមានការការពារត្រឹមត្រូវ ធ្វើឱ្យរលាត់ស្បែកលិង្គ មានឈាមហូរជាអន្លើៗ ហើយនិងគ្មានការចាប់អារម្មណ៍ចំពោះបញ្ហានេះ ទើបមេរោគអេដស៍ជ្រៀតចូលដោយមិនដឹងខ្លួន”។ លោក ម៉ៅ វណ្ណៈ បានបន្ដទៀតថា កំណើននៃការរួមភេទរបស់បុរសនិងបុរសគឺជារលកទី២នៃស្រុកខ្មែរយើងបន្ទាប់ពីរលកទីមួយបញ្ហាជម្ងឺអេដស៍ឆ្លងតាមរយៈស្ដ្រីរកស៊ីផ្លូវភេទ និងស្ដ្រីខារ៉ាអូខេផ្សេងៗ។ ប៉ុន្ដែរលកទី១នេះបានធ្លាក់ចុះហើយ តែមកកើនរលកទី២គឺកើតចេញពីការរួមភេទរវាងបុរសនិងបុរសទៅវិញ។ លោក ម៉ៅ វណ្ណៈ បានសង្កត់ធ្ងន់ថា រលកទី២បច្ចុប្បន្នមានការកើនឡើងយ៉ាងខ្លាំង ហើយមន្ដ្រីសុខាភិបាលក៏កំពុងតែមានវិធានការណ៍ទប់ចរន្ដនេះដែរ ដើម្បីបញ្ចៀស និងរួមចំណែកកាត់បន្ថយឡើងវិញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply