សូមលោកអ្នកបន្ដស្វែងយល់អំពីវីតាមីនបេ៦ជាបន្ដទៅទៀត នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង លេខនេះ។ សង្ឃឹមថា លោកអ្នកបានទទួលនូវការយល់ដឹងជាច្រើនអំពីវីតាមីនទាំងឡាយនេះ សម្រាប់ជាទុនថែទាំសុខភាព និងសម្រស់ផ្ទាល់ខ្លួន។
តួនាទីវីតាមីនបេ៦
វីតាមីនបេ៦គ្របដណ្ដប់សារធាតុបីយ៉ាង ដែលមានលក្ខណៈសម្បត្ដិប្រហាក់ប្រហែលគ្នា គឺពីរីដុកស៊ីន ពីរីដុកសាល់ និងពីរីដុកសាមីន។ វីតាមីនបេ៦ ឬហៅជាភាសាគីមីសាស្ដ្រថា ពីរីដុកស៊ីន ឬវីតាមីនសាច់ដុំ មានតួនាទីពិសេសដូចតទៅ។
- ចូលរួមក្នុងមេតាបូលីស ៖ វីតាមីនបេ៦មានតួនាទីសំខាន់នៅក្នុងដំណើរការមេតាបូលីសរបស់សារធាតុប្រូតេអ៊ីន និង អាស៊ីដអាមីនេ ដែលប្រើប្រាស់ជាសារធាតុដើមក្នុងការបង្កើតជាសារធាតុប្រសាទនីរ៉ូត្រង់ស្មែតទ័រ។
- ជួយបង្កើតថាមពល ៖ វីតាមីនបេ៦ជាអ្នកបំបែរសារធាតុគ្លីកូហ្សែន(ជាតិស្ករដែលស្ដុកទុក)ឱ្យទៅជាថាមពល។
- ជួយប្រព័ន្ធការពាររាងកាយ ៖ ម្យ៉ាងទៀតវីតាមីនបេ៦ជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រព័ន្ធការពាររាងកាយ ដោយសម្រួលដល់ការផលិតអង្គបដិបក្ខប្រាណសម្រាប់ការពាររាងកាយ។
- ជួយសាច់ដុំ ៖ វាមានតួនាទីសំខាន់បំផុតមួយទៀត ដូចដែលបានហៅថា ជាវីតាមីនសាច់ដុំ គឺជួយកាត់បន្ថយកម្រិតតានតឹង និងបរិមាណនៃការកន្ដ្រាក់សាច់ដុំ និងការឈឺចាប់សាច់ដុំនៃសារពាង្គកាយរបស់យើង។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនបេ៦
ខ្លួនប្រាណមនុស្សត្រូវទទួលទានចូលជាប្រចាំថ្ងៃនូវជាតិវីតាមីនបេ៦ ក្នុងបរិមាណចំនួន១,៨មីលីក្រាមសម្រាប់បុរស ១,៥ មីលីក្រាមសម្រាប់ស្ដ្រី និងចំនួន២,២មីលីក្រាមសម្រាប់មនុស្សវ័យចំណាស់។ ហើយតួលេខនេះអាចកើនឡើងដល់ទៅ២៥មីលីក្រាម ទៅតាមករណីដោយឡែកផ្សេងទៀត។
កង្វះវីតាមីនបេ៦នាំឱ្យប៉ះពាល់ដល់សុខភាព
បើសិនណាមនុស្សយើងទទួលទានវីតាមីនបេ៦មិនបានគ្រប់គ្រាន់ទេ អាចនាំឱ្យប៉ះពាល់សុខភាពគួរឱ្យកត់សម្គាល់។ ផលប៉ះពាល់ទាំងនេះរួមមាន ដូចជាអស់កម្លាំង ស្លេកស្លាំង វិលមុខ តានតឹងអារម្មណ៍ ប្រកាច់ ព្រមទាំងវិបត្ដិប្រព័ន្ធប្រសាទខ្លាំងឬតិចតួចជាដើម។
ចំណីអាហារដែលមានវីតាមីនបេ៦
វីតាមីនបេ៦មាននៅលើចំណីអាហារមួយចំនួនដូចតទៅ ៖
- សាច់ត្រី
- គ្រាប់ធញ្ញជាតិ
- បន្លែបៃតង និងផ្លែឈើ
- ស្រូវសាឡី
- មេស្រាបៀរ។
ពេលដែលគួរប្រើប្រាស់គ្រាប់ថ្នាំវីតាមីនបេ៦
ជំពូកមនុស្សដែលគួរតែប្រើប្រាស់គ្រាប់ថ្នាំវីតាមីនបេ៦បន្ថែម មានដូចតទៅ ៖
- ស្ដ្រីដែលកំពុងតែប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត
- ស្ដ្រីមានផ្ទៃពោះដែលមានអាការចង្អោរ ឬក្អួត
- អ្នកដែលមានកើតក្រួសក្នុងតម្រងនោម(គួរប្រើភ្ជាប់ជាមួយពួកសារជាតិម៉ាញ៉េស្យូម)។
តម្រូវការថ្នាំវីតាមីនបេ៦ជាប្រចាំថ្ងៃ
លោកអ្នកអាចលេបថ្នាំវីតាមីនបេ៦ជាប្រចាំថ្ងៃចំនួនពី២ទៅ២៥មីលីក្រាមក្នុងករណីធម្មតា។ តែបើក្នុងករណីមានកង្វះវីតាមីននេះ លោកអ្នកត្រូវបង្កើនការប្រើប្រាស់ដល់ទៅ១០០មីលីក្រាម ដោយលេបក្នុង១ថ្ងៃ៣ដង ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply