វិធី​បកស្បែក​មុខ

វិធីបក​ស្បែកមុខ​គឺជា​វិធីមួយ​ដែលអាច​ជួយឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត ហើយ​បំបាត់​នូវស្នាម​ជ្រីវជ្រួញ​បានមួយ​កម្រិត​ផងដែរ។ ប៉ុន្ដែ​ការ​បកស្បែក​ក៏បាន​ផ្ដល់នូវ​ផល​ប៉ះពាល់​មួយចំនួន​ដែរ ដូចជា​ធ្វើឱ្យ​ផ្ទៃមុខ​ខ្មៅ​ជាងមុន និង​បណ្ដាល​ឱ្យមាន​ស្លាកស្នាម នៅលើ​ផ្ទៃមុខ​ជាដើម។ ចំពោះ​បញ្ហានេះ​នឹងមិន​កើតមាន​ឡើយ បើសិនជា​លោកអ្នក​ស្វែងរក​កន្លែង​ដែលមាន​ជំនាញ​ច្បាស់លាស់ ហើយ​មានការ​ទទួលស្គាល់​ពីអ្នក​ជំនាញ​នោះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា ឯកទេស​វះកាត់​កែសម្ផស្ស​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី (LCC medital conte) ពន្យល់​អំពីវិធី​បកស្បែក​មុខ ដើម្បី​លោកអ្នក​នាងកញ្ញា​បានយល់​និង​ជ្រាប​កាន់តែ​ច្បាស់​ចំពោះ​បញ្ហានេះ។

តើ​អ្វីទៅ​គឺជា​ការបក​ស្បែកមុខ?

ការបក​ស្បែកមុខ​គឺជា​ការ​បកស្បែក​នៅលើ​រង្វង់មុខ​ដោយ​វិទ្យាសាស្ដ្រ​របស់​គ្រូពេទ្យ ដែល​ហៅថា Chemical Peel។ មានន័យ​ថា ជាការ​បកស្បែក​មុខ​ដោយ​ប្រើប្រាស់​ជាតិគីមី ដើម្បី​ឱ្យ​ស្បែកមុខ​នៅ​ស្រទាប់​ខាងលើ​របកចេញ​មក ដែល​អាច​ធ្វើឱ្យ​ផ្ទៃមុខ មានភាព​ស្រស់ស្អាត និង​បំបាត់​ស្នាម​ជ្រីវជ្រួញ​ផ្សេងៗ ដែលកើត​មាន​នៅលើ​ផ្ទៃមុខ។

ហេតុផល​នៃ​ការបក​ស្បែកមុខ

ហេតុផល​ជាច្រើន​ដែលធ្វើ​ឱ្យស្ដ្រី​ក៏ដូចជា​បុរស​មួយចំនួន​សម្រេចចិត្ដ​មកបក​ស្បែកមុខ។ កាលនៅ​វ័យក្មេង ស្បែកមុខ​លោក អ្នក​នាងកញ្ញា​មាន​សភាព​ស្រស់ស្អាត និងគ្មាន​ស្នាម​ជ្រួញ​នោះទេ តែ​នៅពេល​ដែល​លោកអ្នកឈា​នដល់​វ័យចំណាស់ មិនថា​ស្បែក​មុខ ឬក៏​ស្បែក​ដងខ្លួន​នោះទេ តែងតែ​មានការ​ប្រែប្រួល​ជានិច្ច។ ចំពោះ​ស្ដ្រីវិញ​នៅពេល​ដែលឈាន​ដល់វ័យ​ចំណាស់ អ័រម៉ូន​តែងតែ​មានការ​ប្រែប្រួល ដែលជា​ហេតុធ្វើ​ឱ្យស្បែក​មុខឡើង​ស្ងួត ជាំ ក្រិន និងអាច​ធ្វើឱ្យ​ស្បែកមុខ​មាន​ស្លាកស្នាម​ឬជ្រួញ និងមាន​មុន​ជាដើម។ កត្ដាទាំងនេះ​មិន​ត្រឹមតែ​បណ្ដាល​មកពី​អ័រម៉ូន​ប៉ុណ្ណោះ​ទេ គឺអាច​បណ្ដាល​កត្ដាច្រើន​ទៀត​ដែល​រួមមាន ការ​ឆ្លងទន្លេ ស្បែកមុខ​រងនូវ កម្ដៅថ្ងៃខ្លាំង ឬ​ប្រតិកម្ម​ជាមួយ​នឹង​ផលិតផល​ផ្សេងៗ​ជាដើម។

វិធី​បក​ស្បែកមុខ

វិធី​បក​ស្បែកមុខ​គឺធ្វើ​ឡើងដោយ​វេជ្ជបណ្ឌិត​ដែលមាន​បទពិសោធន៍​ជាច្រើនឆ្នាំ និង​ធ្វើទៅ​តាម​បច្ចេកវិទ្យា​របស់អ្នក​ជំនាញ ។

  • ជាដំបូង​អ្នកជម្ងឺ​ត្រូវមក​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ជាមុនសិន ដើម្បី​ឱ្យដឹង​ថាតើ​បញ្ហា​ដែលកើត​មាន​នៅលើ​ផ្ទៃមុខ​នេះ កើតឡើង​ដោយ​មូលហេតុ​អ្វីខ្លះ ហើយ​បញ្ហានេះ​អាច​ព្យាបាល​ដោយការ​បកស្បែក​មុខបាន​ដែរឬទេ ព្រោះ​ករណីខ្លះ​ក៏មិន​អាច​ព្យាបាល ដោយ​ការ​បកស្បែក​មុខបាន​នោះដែរ។
  • បន្ទាប់ពី​ពិភាក្សា​ហើយ អ្នក​ជំនាញ​នឹង​ពន្យល់ពី​វិធីបក​ស្បែកមុខ រួមទាំង​វិធី​ការពារ​ដើម្បី​កុំឱ្យ​ស្បែកមុខ​មានបញ្ហា​នៅពេលដែល​បកស្បែក​មុខ។
  • បន្ទាប់មក​ឈានដល់​ដំណាក់​កាល​បកស្បែក​មុខ ជាដំបូង​អ្នកជម្ងឺ​ត្រូវ​ទទួលទាន​ដំណេក​នៅលើ​គ្រែ ហើយ​អ្នក​ជំនាញ ចាប់ផ្ដើម​លាងសម្អាត​ផ្ទៃមុខ​ឱ្យស្អាត ដើម្បី​ការពារ​កុំឱ្យ​មាន​មេរោគ​ឆ្លងផ្សេងៗ។ បន្ទាប់មក​អ្នក​ជំនាញ​ប្រើថ្នាំ​ម្យ៉ាង​ដែលមាន​សារជាតិ ទឹក​គឺជាថ្នាំ​បកស្បែក​មុខ យកមក​លាប​នៅលើ​ផ្ទៃមុខ​ឱ្យសព្វ។ នៅពេល​ដែលស្បែក​មុខ​របកចេញ​មកហើយ អ្នកជំនាញ​បានយក​ទឹកថ្នាំមក​បាញ់​នៅលើ​ផ្ទៃមុខ ដើម្បី​កុំឱ្យ​ជាតិថ្នាំ​បកស្បែក​មុខ​ជ្រាបចូល​ទៅកន្លែង​ផ្សេង​ទៀត។ បន្ទាប់ពី​បកស្បែក​មុខ​រួចរាល់​ហើយ អ្នកជំនាញ​បានពន្យល់ និង​ណែនាំ​សាជាថ្មី​ម្ដងទៀត រួមទាំង​ប្រាប់ពី​របៀប​នៃការ​ប្រើថ្នាំ​ម្យ៉ាង​ជាប្រភេទ​ថ្នាំដែល​ផ្ដល់នូវ​ជាតិ​សំណើម និង​បណ្ដុះ​កោសិកា​នៅលើ​ស្បែកមុខ​ឱ្យរស់​ឡើងមក​វិញ​ជាការ​ស្រេច។
រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ថ​ប្រយោជន៍​នៃវិធីបក​ស្បែកមុខ

វិធីបក​ស្បែកមុខ​បានផ្ដល់​នូវអត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​លោកអ្នក​នាងកញ្ញា ដូចជា ៖

  • អាចធ្វើ​ឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត​ក្មេង​ជាងវ័យ
  • បំបាត់នូវ​ភាព​ជ្រីវជ្រួញ ធ្វើឱ្យ​ស្បែកមុខ​តឹងមិន​យារធ្លាក់
  • បំបាត់​នូវភាព​ជាំ ឬក៏​ខ្មៅដែល​កើតមាន​នៅលើ​ផ្ទៃមុខ
  • ជាពិសេស​អាច​បំបាត់មុន បំបាត់​នូវភាព​ក្រិនក្រាស់ និង​ស្នាមផ្សេងៗ ដែល​កើតនៅ​លើផ្ទៃមុខ​ផងដែរ។

ផលប៉ះពាល់​នៃការ​បកស្បែក​មុខ

ជាការពិត​ណាស់ការ​បកស្បែកមុខ​បានធ្វើ​ឱ្យ​ផ្ទៃមុខ​មានភាព​ស្រស់ស្អាត​បំបាត់​ភាព​ជ្រីវជ្រួញ និងស្នាម​ផ្សេងៗ​បានយ៉ាង​ច្រើន ប៉ុន្ដែវា​ក៏បាន​ផ្ដល់នូវ​ផលប៉ះពាល់​ច្រើន​ណាស់ដែរ សម្រាប់​ស្បែកមុខ​លោកអ្នក​ដូចជា ៖

  • អាចឆ្លង​នូវមេរោគ​ផ្សេងៗ​ជាច្រើន​នៅលើ​ផ្ទៃមុខ​បានដោយ​ងាយ
  • បើសិនជា​បកជ្រៅ​ពេកទៅ អាចធ្វើ​ឱ្យ​ផ្ទៃមុខ​មានដំបៅ ជាហេតុ​ធ្វើឱ្យ​មានផ្លែ​ឬស្នាម​នៅលើ​ផ្ទៃមុខ
  • ជាពិសេស​បើសិន​ជាមិនបាន​អនុត្ដវ​ទៅតាម​ការណែនាំ​របស់អ្នក​ជំនាញ​នោះ អាចធ្វើ​ឱ្យស្បែក​មុខមាន​សភាព​ជាំឬខ្មៅ ជាងមុន។

វិធី​ការពារ​សម្រាប់​អ្នកបក​ស្បែកមុខ

គ្មានអ្វី​ដែល​ប្រសើរ​បំផុត​ជាងការ​ថែរក្សា និង​ការពារ​នោះទេ។ ដូចនេះ​សម្រាប់​លោកអ្នក​ដែល​បកស្បែក​មុខ​នៅក្នុង​រយៈ ពេលមួយ​ខែទៅពីរខែ​ដំបូង។ មិន​ត្រូវឱ្យ​ផ្ទៃមុខ​ត្រូវ​ពន្លឺថ្ងៃ និង​កម្ដៅ​អ្វីផ្សេងៗ​ដាច់ខាត ព្រោះ​កម្ដៅ​អាចធ្វើ​ឱ្យស្បែកមុខ​ឆាប់ខ្មៅ។ ជាពិសេស​មិនត្រូវ​ឱ្យស្បែកមុខ​ប៉ះទង្គិច​ជាមួយ​នឹងវត្ថុ​មុតនោះទេ ព្រោះ​អាច​ធ្វើឱ្យ​មានស្នាម​បាន​យ៉ាង​ឆាប់រហ័ស។ ហើយ​បើសិនជា​មាន បញ្ហាអ្វី​មិនស្រួល​កើត​នៅលើ​ផ្ទៃមុខ លោកអ្នក​នាងកញ្ញា​ត្រូវមក​ពិភាក្សា​ជាមួយ​អ្នកជំនាញ ចៀសវាង​កើតមាន​បញ្ហា​ផ្សេងៗ​ដែល​មិនអាច​ស្មានដល់។

ដំបូន្មាន​អ្នក​ជំនាញ

ទាក់ទង​ទៅនឹង​ការ​បកស្បែកមុខ​នេះ បើសិនជា​បក​ដើម្បី​ឱ្យស្បែក​មុខសនោះ មិនបាច់​ធ្វើ​នោះទេ ដើម្បី​កុំឱ្យ​កើតមាន​នូវ បញ្ហា​ទៅ​ថ្ងៃក្រោយ។ ជាពិសេស​នៅ​មុនពេល​សម្រេចចិត្ដ​បកស្បែក​មុខ ត្រូវ​ស្វែងរក​កន្លែង​ដែលមាន​ជំនាញ ហើយ​មាន​បទពិសោធន៍ និង​មានការ​ទទួលស្គាល់​ពីអ្នក​ឯកទេស រួមទាំង​មានការ​ធានា​រ៉ាប់រង​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *