ផ្ដើមចេញពីស្រីស្អាតក្នុងកម្មវិធីប្រឡងជ្រើសរើសហ្វ្រេសស៊ីហ្គើល និងហ្វ្រេសស៊ីប៊យរបស់ក្រុមហ៊ុនសាម៉ាត០១៥ និង ០១៦នៅក្នុងឆ្នាំ២០០៦ ដោយទទួលបាននូវចំណាត់ថ្នាក់លេខ៣ កញ្ញា តេង លក្ខណា បានវិវឌ្ឍន៍ទៅជាតារាសម្ដែង និងពិធីការិនី ទទួលបាននូវភាពជោគជ័យមានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ថែមទាំងកំពុងបោះជំហានទៅមុខជាលំដាប់ផងដែរ ជាមួយនឹងសម្រស់ដ៏ផូរផង់ និងបទពិសោធន៍ គួបផ្សំជាមួយនឹងទេពកោសល្យជាច្រើន។
យ៉ាងណាក៏ដោយ ទោះជាការងារជាអ្នកសិល្បៈមានភាពមមាញឹកមិនអាចដកឃ្លាបានក្ដី តែកញ្ញា តេង លក្ខណា នៅតែ ជ្រើសរើសពេលវេលាដ៏ចាំបាច់មួយសម្រាប់ធ្វើការថែទាំសុខភាព និងសម្រស់របស់កញ្ញាផងដែរ។ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ផូរផង់ដូចសព្វថ្ងៃនេះ កញ្ញា តេង លក្ខណា បានចំណាយពេលបកស្រាយតាមរយៈទស្សនាវដ្ដី សុខភាពយើង ដើម្បីជូនជ្រាបដល់មិត្ដអ្នកអាន និងក្រុមយុវវ័យផ្សេងទៀត ជាការយល់ដឹងក្នុងការរៀបការចំខ្លួន និងវិធីថែទាំសម្រស់និងសុខភាពឱ្យមានភាពប្រសើរ។
ប្រវត្ដិចូលសិល្បៈ
តេង លក្ខណា ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈនាឆ្នាំ២០០៦ ផ្ដើមចេញពីស្រីស្អាតនៅក្នុងកម្មវិធីប្រឡងជ្រើសរើសរបស់ ក្រុមហ៊ុនសាម៉ាតដែលជាប់ចំណាត់ថ្នាក់លេខ៣។ បន្ទាប់ពីនាងបានជាប់ជាស្រីស្អាតភ្លាមលក្ខណាបានបោះជំហានចូលសិល្បៈតាមរយៈ ការងារជាពិធីការិនី ការថតស្ប៉តពាណិជ្ជកម្ម និងដើរតួខារ៉ាអូខេឱ្យផលិតកម្មក្នុងស្រុកមួយចំនួន។ ទស្សនិកជនចាប់អារម្មណ៍កាន់តែ ខ្លាំងទៅលើលក្ខណាដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ិននៅក្នុងកម្មវិធីអេវ័នខនសឺត។ បន្ទាប់មកឈ្មោះរបស់នាងត្រូវបាន ទស្សនិកជនទទួលស្គាល់រហូតមកដល់សព្វថ្ងៃនេះ។
ការថែរក្សាសម្រស់
ទោះបីកញ្ញា តេង លក្ខណា មានភាពមមាញឹកក្នុងការងារជាអ្នកសិល្បៈ ទាំងការសម្ដែងរឿង និងពិធីការិនីក្ដីក៏មិនភ្លេច ការថែទាំរក្សាសម្រស់សុខភាពនោះដែរ។ ខាងក្រោមនេះគឺជាវិធីថែទាំសម្រស់ និងសុខភាពរបស់លក្ខណាដែលបានធ្វើការអនុវត្ដន៍ជាប្រចាំ មុននិងក្រោយការសម្ដែង និងការសម្រាកនានា។
- ការថែរក្សាសក់ ៖ ចំពោះសរសៃសក់របស់លក្ខណាដែលមានសរសៃទន់ល្មើយ និងបម្រើឱ្យសុខភាព និងមានគុណភាព ល្អនេះ នាងបានជ្រើសរើសយកសាប៊ូដែលមានគុណភាពល្អ។ ក្នុងមួយសប្ដាហ៍នាងអប់សក់ពីរដង ហើយកក់ត្រឹមតែ២ដងប៉ុណ្ណោះ ជា ពិសេសកក់នៅពេលដែលនាងឡើងកម្មវិធីម្ដងៗ។ វិធីនេះធ្វើឱ្យសក់មានលក្ខណៈរស់រវើកបានយូរនិងការពារសក់កុំឱ្យខូចឬបែកចុង ទៀតផង។ នៅពេលចូលរួមថតសម្ដែងខារ៉ាអូខេម្ដងៗ នាងក៏បានប្រើថ្នាំជំនួយសរសៃសក់ផ្សេងៗ ដើម្បីកុំឱ្យសក់បែកចុងនៅពេលដែលត្រូវកម្ដៅថ្ងៃ។
- ការថែរក្សាស្បែកមុខ ៖ ជារឿងសំខាន់ណាស់ចំពោះតារាសម្ដែងស្រស់ស្អាតរូបនេះគឺជាការចាំបាច់បំផុត ត្រូវតែលាបឡេ ដើម្បីការពារកម្ដៅថ្ងៃនៅពេលដែលកញ្ញាចេញទៅថតឬសម្ដែងម្ដងៗ។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណាក៏បានប្រើប្រាស់ឡេការពារម្សៅទ្រនាប់ផងដែរ កុំឱ្យប៉ះពាល់ដល់ស្បែកមុខ។ ក្រៅពីនេះកញ្ញាក៏ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ម្សៅបន្ដឹងស្បែកមុខ។ ដោយឡែកនៅពេលយប់ លក្ខណាមិនបានប្រើប្រាស់ម្សៅបន្ទន់ស្បែកអ្វីនោះទេ តែនាងប្រើប្រាស់ឡេដើម្បីជួយឱ្យស្បែកភ្លឺថ្លាតែប៉ុណ្ណោះ។
- ការថែរក្សាដងខ្លួន ៖ ដោយឡែកចំពោះស្បែកដងខ្លួន លក្ខណាធ្វើការថែទាំជាធម្មតាតែប៉ុណ្ណោះ ដោយសាប៊ូដុសខ្លួន ដែលអាចកម្ចាត់មេរោគបាន។ ប៉ុន្ដែប្រភទសាប៊ូដែលលក្ខណាដុសខ្លួននោះ ជាសាប៊ូដែលមានគុណភាពខ្ពស់ដែលអាចកម្ចាត់បាក់តេរី បានដោយមិនដុសនឹងសាប៊ូដដែលៗឡើយ។ នៅពេលថ្ងៃ លក្ខណាមិនបានជ្រើសរើសយកឡេការពារកម្ដៅថ្ងៃមកលាបលើដងខ្លួន នោះទេ។ ទោះបីនាងចេញទៅខាងក្រៅ ឬថតសម្ដែងក៏ដោយ។
- ការថែរក្សាធ្មេញ ៖ រីឯសុខភាពមាត់ធ្មេញ លក្ខណាជ្រើសរើសការថែទាំដោយដុសធ្មេញមួយថ្ងៃ៣ដង ក្រោយពេល ទទួលទានចំណីអាហារ មុនចូលទទួលទានដំណេក និងក្រោយពេលងើបពីដំណេកម្ដងទៀត។ កញ្ញាបញ្ជាក់ថា ការជ្រើសរើសវិធីនេះ អាចជួយឱ្យធ្មេញយើងមានការរឹងមាំ និងដង្កូវមិនស៊ី មិនឆាប់ពុកហើយក្លិនមាត់ល្អរហូត ទោះយើងនិយាយស្ដីជាមួយអ្នកដទៃ មិនបាច់បារម្ភចំពោះក្លិនមាត់ឡើយ។ ជាទូទៅចំពោះការថែរក្សាធ្មេញនេះទៀតសោត កញ្ញាតែងតែទៅមន្ទីរព្យាបាលធ្មេញរាល់៦ខែ ម្ដងដើម្បីឱ្យទន្ដពេទ្យពិនិត្យព្យាបាល និងសម្អាត។
- ការថែរក្សាភ្នែក ៖ ភ្នែកមានសារៈសំខាន់ណាស់ លក្ខណាតែងតែមានការការពារជានិច្ចរាល់ពេលថតសម្ដែងម្ដងៗនាង តែងតែប្រើថ្នាំបន្ដក់ភ្នែកជានិច្ច។ ព្រោះថាថ្នាំបន្ដក់ភ្នែកនេះធ្វើឱ្យធូលីដីអាចចេញក្រៅបាន ហើយធ្វើឱ្យភ្នែកមានអាការស្រឡះ ឡើងវិញ។ ចំពោះការពាក់វ៉ែនតាដើម្បីការពារចំណាំងផ្លាតអ្វីនោះ លក្ខណាមិនដែលការពារភ្នែកដោយវិធីនេះទេ។ តែការពាក់វ៉ែនតាពេលចេញទៅណាមកណានោះគ្រាន់ជាស្ដាយរបស់នាងតែប៉ុណ្ណោះ។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ លក្ខណាតែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើបបូរមាត់ និងស្វែងរក ផលិតផលដែលល្អដើម្បីជំនួយបបូរមាត់ដោយលាបក្រេបជានិច្ច ប្រើប្រាស់ក្រេបការពារមុន ទើបលាបក្រេមពណ៌ខាងក្រៅ គឺមិនអាច ខានបានឡើយ ព្រោះដើម្បីបបូរមាត់មានសំណើមជានិច្ច។ ចំពោះរោមភ្នែក និងចិញ្ចើម កញ្ញាជ្រើសរើសវិធីថែរក្សា ដោយប្រើម៉ាស្ការ៉ាជានិច្ច តែការរៀបចំកែច្នៃទៅតាមកម្មវិធី ឬតាមឈុតឆាកដែលត្រូវសម្ដែង។
- ការថែរក្សាក្រចកជើង ក្រចកដៃ ៖ ចំពោះក្រចកដៃក្រចកជើង លក្ខណាមិនសូវចូលចិត្ដធ្វើប៉ុន្មានទេ គ្រាន់តែកាត់សាច់ឱ្យស្អាត និងលាបពណ៌ យ៉ាងហោចណាស់ពីរសប្ដាហ៍ម្ដងប៉ុណ្ណោះ។ ជាពិសេសមុនពេលឡើងកម្មវិធីធ្វើជាពិធីការិនីតាមទូរទស្សន៍។ ចំពោះប្រអប់ដៃប្រអប់ជើង កញ្ញាក៏មិនបានប្រើប្រាស់ឡេការពារផងដែរ ព្រោះថែរក្សាតាមធម្មតាប៉ុណ្ណោះ។
សុខភាពរាងកាយរឹងមាំទើបការងារជោគជ័យ
តារាសម្ដែងស្រស់ស្អាត តេង លក្ខណា ប្រកាន់ខ្ជាប់ជានិច្ចចំពោះសម្រស់រាងកាយ សុខភាពគឺជាការចាំបាច់សម្រាប់អាជីព ជាអ្នកសិល្បៈ។ ព្រោះថាក្នុងនាមកញ្ញាពិធីការិនី និងជាតារាសម្ដែងផងនោះ បន្ទាប់ពីឡើងលើឆាក ឬធ្វើជាតួសម្ដែងមានទស្សនិកជន ច្រើនណាស់ជាអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ និងទស្សនាផ្ទាល់។ ដូច្នេះហើយអ្នកសិល្បៈត្រូវតែមានសម្រស់ស្រស់ស្អាតជានិច្ច សុខភាពបរិបូរណ៍ និងរាងកាយមាំមួន។ ក្រៅពីនេះកញ្ញា តេង លក្ខណា តែងតែជ្រើសរើសពេលវេលាដើម្បីធ្វើការហាត់ប្រាណដើម្បីសុខភាពជាប្រចាំផងដែរ។ ជាពិសេសនោះ នាងតែងតែទទួលទានដំណេកបានគ្រប់គ្រាន់ មួយថ្ងៃ៨ម៉ោងជាកំហិតទៀតផង។ តែបើថ្ងៃខ្លះ កញ្ញាមិនបានទទួលទានដំណេកឱ្យបាន៨ម៉ោងទេនោះ នាងនឹងទទួលទានអាហារដែលមានជាតិវីតាមីនបំប៉នបន្ថែមជំនួសការខាតបង់ ចំពោះការមិនបានទទួលទានដំណេក។
បំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាអ្នកសិល្បៈ លក្ខណាមានបំណងចង់ក្លាយទៅជាប្រធានក្រុមហ៊ុនឯកជនមួយ។ តែពេលនេះមិនទាន់គិតដល់នោះទេ ព្រោះមិនទាន់មានជំហរច្បាស់លាស់។ ចំពោះអាជីពជាអ្នកសិល្បៈកញ្ញានៅតែបន្ដជានិច្ចមិនបោះបង់ចោលនោះទេ រហូតដល់អស់អ្នកគាំទ្រ។
បណ្ដាំផ្ញើរបស់កញ្ញា តេង លក្ខណា
សម្រាប់កញ្ញា តេង លក្ខណា យល់ថាស្ដ្រីគ្រប់រូបចាំបាច់បំផុតរូបសម្រស់ និងចិត្ដគំនិត។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរ ត្រូវចេះជួយលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរ លើកតម្កើងប្រពៃណីខ្មែរ មិនត្រូវនិយមអ្វីជារបស់បរទេសនោះទេ។ ជាពិសេសត្រូវចេះលើកស្ទួយវិស័យទេសចរណ៍ តាមរយៈការថែរក្សាទីក្រុងស្អាត រមណីយដ្ឋានស្អាត និងសេវាល្អរបស់ប្រទេសកម្ពុជាឱ្យរីកស្រស់បំព្រង។ លើសពីនេះយុវវ័យទាំងអស់ត្រូវចៀសឱ្យផុតពីការប្រើប្រាស់គ្រឿងញៀន និងសេពគ្រឿងស្រវឹងពេលធ្វើដំណើរទៀតផង។
ខាងលើនេះគឺជាយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា តេង លក្ខណា តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញា ជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ តេង លក្ខណា
- អាយុ ៖ ២១ឆ្នាំ
- កម្ពស់ ៖ ១,៦៣ម៉ែត្រ
- ទម្ងន់ ៖ ៤៦គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦ ២៧ ៣៨
- បងប្អូន ៨នាក់ (ស្រី៤(ជាកូនទី៧)
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- អាជីពបច្ចុប្បន្ន ៖ ពិធីការិនី និងតារាសម្ដែង
- កម្រិតវប្បធម៌ ៖ បញ្ចប់បរិញ្ញាបត្រឆ្នាំទី៤ផ្នែកទេសចរណ៍
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៤ ខែកក្កដា ឆ្នាំ២០១០
Leave a Reply