ហេង ម៉ារ៉ាឌី សុខភាព​ថ្លៃជាង​មាសពេជ្រ

មនុស្សម្នាក់ៗ​តែងតែ​គិតថា សុខភាព​ជាបញ្ហា​ចម្បង​សម្រាប់​ខ្លួន ព្រោះ​វាជា​សត្រូវ​មួយដ៏​ធំ​តាមយាយី​និងបៀតបៀន​លើរាងកាយ​មនុស្សយើង​គ្រប់ពេល​វេលា។ ដូច្នេះ​ហើយ​សម្រាប់​កញ្ញា​សាច់សខ្ចី​ជាពិធីការិនី និង​តារា​សម្ដែង ហេង ម៉ារ៉ាឌី បាន​ចាត់ទុក​ថា សុខភាព​គឺមាន​តម្លៃជាង​មាសពេជ្រ ព្រោះថា​មាសពេជ្រ​នាងអាច​ទិញបាន តែសុខភាព​ល្អ​មិនមាន​ដាក់លក់​លើទីផ្សារ​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទោះបីជា​ការងារ​សិល្បៈ​របស់​កញ្ញា​ស្រស់សោភា ហេង ម៉ារ៉ាឌី មាន​ភាព​មមាញឹក​យ៉ាងណាក្ដី​ក៏កញ្ញា​ឆ្លៀតពេលវេលា​ដ៏មាន តម្លៃ​របស់ខ្លួន​ធ្វើការ​បកស្រាយ​ពីការ​ថែទាំ​សុខភាព​និង​សម្រស់​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជម្រាប​ជូនដល់​មិត្ដសុភាព​នារី​គ្រប់វ័យ​ទាំងអស់​យកទៅ​អនុវត្ដ​ជួយឱ្យ​សម្រស់​កាន់តែ​ស្រស់ថ្លា​យូរអង្វែង។

ប្រវត្ដិ​ចូលសិល្បៈ

តាមរយៈ​ការប្រឡង​ជ្រើសរើស​កញ្ញា​ឯកសាប៊ូលុច្ស​ទទួលបាន​ជ័យលាភី​លេខ១ កញ្ញា ហេង ម៉ារ៉ាឌី បាន​ចាប់ផ្ដើម​វិវឌ្ឍន៍ ខ្លួន​ចូលប្រឡូក​ក្នុងវិស័យ​សិល្បៈ​នាចុង​ឆ្នាំ២០០៤ ទទួលបាន​នូវផ្លែផ្កា​ដ៏ត្រចះ​ត្រចង់មួយ។ បន្ទាប់ពី​ជាប់ជា​តារា​ឯកសាប៊ូលុច្ស​ហើយ កញ្ញា ហេង ម៉ារ៉ាឌី ត្រូវបាន​ហាង​កាត់ដេរ​សម្លៀក​បំពាក់​មួយ​អញ្ជើញ​នាងឱ្យ​ទៅថត​ម៉ូដខោអាវ​ឱ្យគេ។ ក្រោយមក​ទៀត​នាងបាន​ក្លាយទៅ​ជាអ្នកកាន់​កម្មវិធី​រ៉េវឡន។ បន្ទាប់​មកទៀត​ក៏ក្លាយទៅជា​ពិធីការិនី​ប្រចាំ​ប៉ុស្ដិ៍លេខ៣​នៅក្នុង​កម្មវិធី “តាមដាន​កម្សាន្ដ”។ ក្រោយពេល​បញ្ចប់​ការងារ​នៅប៉ុស្ដិ៍​លេខ៣ កញ្ញា ហេង ម៉ារ៉ាឌី បាន​ឈានជើង​ចូលប៉ុស្ដិ៍​លេខ៥​នៅក្នុង​កម្មវិធី“ជំហានតារា” តន្ដ្រីចុង សប្ដាហ៍ “ម៉ូឌែល​ខុនសឺត” កម្មវិធី “ស្ដ្រី​ដើម្បីស្ដ្រី” ហើយ​ពេលនេះ​នាងកំពុង​តែមមាញឹក​នឹងកម្មវិធី​ថ្មីមួយទៀត​គឺ “សុខភាព​និងជីវិត” ។

ការ​ថែរក្សា​សម្រស់

ខណៈពេល​ដែលកញ្ញា ហេង ម៉ារ៉ាឌី មានភាព​មមាញឹក​ក្នុង​ការងារ​ជាតារា​សម្ដែង​និងជា​ពិធីការិនី​ប្រចាំស្ថានីយ​ទូរទស្សន៍ ប៉ុស្ដិ៍លេខ៥​នោះ កញ្ញា​ក៏មិន​ដែលភ្លេច​អំពីការ​ថែរក្សា​សម្រស់​និង​សុខភាព​នោះទេ។ ព្រោះ​កញ្ញា​យល់ថា​វាជាការ​ចាំបាច់​ណាស់​ត្រូវតែ យកចិត្ដ​ទុកដាក់ ហើយ​បើ​សុខភាព​ល្អក៏​នាំមក​នូវភាព​ជោគជ័យ​ផងដែរ។ ខាងក្រោម​នេះគឺជា​វិធី​ថែទាំ​សម្រស់​និង​សុខភាព​របស់ ហេង ម៉ារ៉ាឌី ដែលបាន​ធ្វើការ​អនុវត្ដ​ជាប្រចាំ​មុនពេល​សម្ដែង​និង​ក្រោយពេល​សម្ដែង។

  • ការ​ថែរក្សាសក់ ៖ សរសៃសក់​គឺបញ្ហា​សំខាន់​មួយដែល ម៉ារ៉ាឌី​តែងតែ​យកចិត្ដ​ទុកដាក់​ថែរក្សា​ជានិច្ច​មុននឹង​ក្រោយ​ពេល ឡើង​លើឆាក​ម្ដងៗ។ ព្រោះថា​មុននឹង​ឡើង​កម្មវិធី នាង​តែងតែ​ធ្វើសក់​ឱ្យ​សក្ដិសម​ទៅនឹង​កម្មវិធី​នីមួយៗ។ បន្ទាប់ពី​ចប់កម្មវិធី​នាងបាន​វិល​ត្រឡប់មក​ផ្ទះវិញ​ត្រូវតែ​កក់លាង​សម្អាត ហើយ​ជ្រើសរើស​សាប៊ូ​ណាដែល​ត្រូវនឹង​សក់​របស់ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ម៉ារ៉ាឌី ក៏​ជ្រើសរើស​វិធីថែ​សរសៃសក់​តាមរយៈ​ការ​ទទួលទាន​អាហារ និង​ផ្លែឈើ ដែលអាច​ជួយ​ជំរុញ​ដល់​សុខភាព​សរសៃសក់​មាន​សភាព​រស់
    រវើក។ ម្យ៉ាងទៀត​នាង​តែងតែ​អប់សក់​ជានិច្ច​ដើម្បីឱ្យ​សរសៃសក់​មាន​សំណើម​មិន​បែកចុង។ នាងក៏​ជ្រើសរើស​វិធី​ថែរក្សាសក់​មួយសប្ដាហ៍​កក់៣-៤​ថ្ងៃផងដែរ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ សម្រាប់​ម៉ារ៉ាឌី ផ្ទៃមុខ​នាង​តែងតែ​លាងសម្អាត​រាល់ថ្ងៃ​នៅពេល​ដែល​វិលត្រឡប់​ពីថត​ឬសម្ដែង វិញ ត្រូវតែ​លុបលាង​ជានិច្ច​ជាមួយ​នឹងវ៉ូម​ដែលត្រូវ​នឹងស្បែកមុខ​របស់​នាង ព្រោះវា​ជាចំណុច​សំខាន់​ណាស់​សម្រាប់​អាជីព​នាង​ជាពិធី​ការិនី​និងតារា​សម្ដែង។ បន្ទាប់មក​នាងយក​ម៉ាសមក​បិទមុខ គឺជា​ម៉ាស​ដែលមាន​ស្លាកយីហោ​ត្រឹមត្រូវ ហើយក៏​ត្រូវប្រើ​ឡេការពារ ពេលយប់មក​លាប​ថែមទៀត។ ម្យ៉ាងទៀត​នៅពេល​ចេញទៅ​សម្ដែង ម៉ារ៉ាឌី​ក៏ប្រើប្រាស់​ឡេ​ការពារ​កម្ដៅថ្ងៃ​លើ​ផ្ទៃមុខ​ផងដែរ។
  • ការ​ថែរក្សា​ដងខ្លួន ៖ ដោយឡែក​ចំពោះ​ស្បែក​ដងខ្លួន ម៉ារ៉ាឌី​ធ្វើការ​ថែទាំ​តាម​របៀប​ស្រដៀង​នឹង​ស្បែកមុខ​ផងដែរ ដោយ​ដុសនឹង​សាប៊ូ និង​លាបឡេ​ការពារ​កម្ដៅថ្ងៃ​ដែលមាន​បច្ចេកទេស​គឺពីរ​ម៉ោង​លាបម្ដង ដើម្បី​ឱ្យសាច់​ដងខ្លួន​មាន​ភាពស​ភ្លឺថ្លា​គ្រប់ពេល​វេលា ហើយ​ត្រូវ​ទទួលទាន​បន្លែ ផ្លែឈើ និង​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​ផងដែរ។
  • ការ​ថែរក្សា​ធ្មេញ ៖ រីឯ​សុខភាព​មាត់ធ្មេញ ម៉ារ៉ាឌី​ជ្រើសរើស​ការ​ថែទាំ​ដោយដុស​ធ្មេញ​មួយថ្ងៃ​៣ដង ពេលព្រឹក​ម្ដង និង​មុនចូលគេង​ម្ដង និង​ក្រោយពេល​ទទួលទាន​អាហារ​រួច។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ឧស្សាហ៍​ទៅកាន់​មន្ទីរពេទ្យ​ធ្មេញ​ទៀតផង ដើម្បី​ឱ្យគ្រូពេទ្យ​សម្អាតធ្មេញ​បង្កើន​ភាព​រឹងមាំ និងមាន​ក្លិនមាត់​ល្អ។ ជាទូទៅ​ចំពោះការ​សម្អាត​ធ្មេញ កញ្ញា​តែងតែ​ទៅមន្ទីរ​ព្យាបាលធ្មេញ​រាល់១​ខែពីរដង។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះ​ភ្នែក ម៉ារ៉ាឌី​តែងតែ​មានការ​ការពារ​ជានិច្ច​រាល់ពេល​ថតសម្ដែង នៅពេល​នាងមាន​អាការ ដូច ជា​ព្រិលភ្នែក នាង​តែងតែ​យកកន្សែង​ត្រជាក់​មកជូត​ឬមក​ស្អំលើភ្នែក​ធ្វើឱ្យ​ភ្នែក​របស់នាង​មាន​ភាពប្រសើរ​ឡើងវិញ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ម៉ារ៉ាឌី​តែងតែ​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​រោមភ្នែក ដោយ​ប្រើម៉ាសការ៉ា​ណាដែល​អាច​ថែរក្សា​រោមភ្នែក​ឱ្យបាន​ល្អ។ ចំពោះ​បបូរមាត់ កញ្ញា​ស្វែងរក​ក្រេម​ដែលល្អ​ដើម្បី​ធ្វើការ​ការពារ​យកមក​លាបលើ​បបូរមាត់​មិនអាច​ខានបាន​ឡើយ ព្រោះ​ត្រូវ​ការពារ​កុំឱ្យ​បបូរមាត់​ប្រេះ។ ចំពោះ​ចិញ្ចើម​នាង​ថែរក្សា​ដោយគូរ​ធម្មតា​ប៉ុណ្ណោះ។
  • ការ​ថែរក្សា​ក្រចកដៃ និង​ក្រចកជើង ៖ ចំពោះ​ក្រចកដៃ​ក្រចកជើង ម៉ារ៉ាឌី​លាបនិង​កែលម្អ​ជារៀង​រាល់ថ្ងៃ និងប្ដូរ​ពណ៌ ជានិច្ច​ទៅតាម​កម្មវិធី​ផ្សេងៗ។ ជាមួយ​គ្នានេះ​ដែរ នាង​តែងតែ​សម្អាត​ជាមួយ​ក្រូចឆ្មារ​និងខ្ទឹមស​ហើយ​ត្រាំទឹក​ក្ដៅ និង​ឱ្យជាង​សម្អាត ជាប្រចាំ​ផងដែរ។ ចំពោះ​ប្រអប់ដៃ​ប្រអប់​ជើង នាង​តែងតែ​ប្រើឡេ​ការពារ​ជានិច្ច​ដើម្បី​ឱ្យមាន​ភាព​ស្រឡូនល្អ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

សុខភាព​រាងកាយ​ជាការ​ចាំបាច់ មានតម្លៃ​ស្មើជីវិត

ក្នុងនាម​ជាពិធីការិនី​និងតារា​សម្ដែង ម៉ារ៉ាឌី​តែងតែ​ប្រកាន់ខ្ជាប់​ជានិច្ច​ចំពោះ​សម្រស់​រាងកាយ និង​សុខភាព គឺជាការ​ចាំបាច់ សម្រាប់​អាជីព​ដូចនាង។ ដូច្នេះ​ហើយ​សម្រាប់​ម៉ារ៉ាឌី នៅពេល​ដែលនាង​មកពី​ការសម្ដែង​មានអាការ​នឿយហត់ នាង​ត្រូវតែ​ទទួលទាន អាហារ​ឱ្យបាន​គ្រប់គ្រាន់​ដែលមាន​សារជាតិ​បន្លែ​ផ្លែឈើ​ច្រើនជាង​សាច់។ ជាពិសេស​នាង​តែងតែ​ជ្រើសរើស​ផ្លែឈើ​ណាដែល​ជួយសម្អាត​គ្រឿង​ក្នុងខ្លួន។ លើសពីនេះ​ដើម្បី​ឱ្យ​រាងកាយ​មាំមួន​និង​សម្រស់​កាន់តែ​ស្រស់ស្អាត នាងក៏​ជ្រើសរើស​ការ​ហាត់កីឡា​ស្ទើររាល់​ថ្ងៃដែរ បើទោះបី​នាង​មិនបាន​ចេញទៅ​ហាត់​នៅតាម​ក្លឹប​ក៏នាង​ហាត់​នៅផ្ទះ​ផងដែរ ដោយ​វិធីងាយៗ​ដែលអាច​ធ្វើទៅ​បាន។ ចំពោះកីឡា​ដែល​ចូលចិត្ដ​ជាងគេ គឺ​កីឡា​បោះប៊ូលីង និង​រត់។

បំណង​ទៅថ្ងៃ​អនាគត ៖

កញ្ញា ហេង ម៉ារ៉ាឌី បាន​បញ្ជាក់ថា ថ្ងៃអនាគត​ចង់ក្លាយ​ទៅជា​អ្នក​រកស៊ី​បើក​ភោជនីយដ្ឋាន និង​កែសម្ផស្ស។

បណ្ដាំ​ផ្ញើ ហេង ម៉ារ៉ាឌី

មិត្ដ​យុវវ័យ​ទាំងអស់ កត្កាដែល​សំខាន់នោះ​គឺសុខភាព​រឹងមាំ។ ជាពិសេស​ការ​ទទួលទាន​ចំណី​អាហារ​គឺត្រូវ​គិតពី​សុខភាព នៅពេល​ដែល​យើង​ចាស់ទៅ ហើយ​ត្រូវងាក​ទៅរក​កីឡា​ណាដែល​ធ្វើឱ្យ​យើង​ចំណេញ​ពេល និង​ទទួលបាន​នូវ​សុខភាព​ល្អ។ ចំពោះ​មនុស្ស​ចាស់​វិញ ក៏ត្រូវ​ជ្រើសរើស​ពេលវេលា​ហាត់ប្រាណ​ផងដែរ ជាពិសេស​ទទួលទាន​ចំណី​អាហារ និង​ផ្លែឈើ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានជម្ងឺ​ឈឺថ្កាត់​ផ្សេងៗ។

ប្រវត្ដិរូប​សង្ខេប ៖

  • ហេង ម៉ារ៉ាឌី
  • អាយុ ២៦ឆ្នាំ
  • កម្ពស់ ១.៥៨ម៉ែត្រ
  • ទម្ងន់ ៤៥គីឡូក្រាម
  • ទំហំ​ទាំងបី ៣៥ ២៦ ៣៦
  • បងប្អូន ៥នាក់ ស្រី៣ ជាកូន​ទី៣
  • ទីកន្លែង​កំណើត ភ្នំពេញ
  • អាជីព​បច្ចុប្បន្ន តារា​សម្ដែង និង​ពិធីការិនី
  • កម្រិត​វប្បធម៌ ត្រឹមថ្នាក់​ទី៩ វិទ្យាល័យ​ចាក់អង្រែ
  • ស្ថានភាព​គ្រួសារ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *