រូបរាងធាត់ គឺអាក្រក់មើលណាស់។ ភាពធាត់អាចធ្វើឱ្យលោកអ្នកពិបាកចិត្ដ ព្រោះមិនពេញចិត្ដនឹងរូបរាងរបស់ខ្លួនឯង។ បញ្ហាធាត់អាចកើតបានលើមនុស្សគ្រប់វ័យ មិនថាក្មេងឬចាស់នោះទេ ហើយអាចបង្កឱ្យមានជម្ងឺផ្សេងៗជាច្រើនដែលស្មានមិនដល់។ នេះជាមូលហេតុដែលធ្វើឱ្យលោកអ្នករិះរកគ្រប់វិធីដើម្បីធ្វើការសម្រករាង។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោក ហោ លីហាក់ អ្នកគ្រប់គ្រងផ្នែកព្យាបាល និងថែរក្សាសម្ផស្សនៃសម្អាងការលុច្ស ដើម្បីពន្យល់អំពីវិធីសម្រកជាតិខ្លាញ់លើរាងកាយ។
វិធីសម្រកជាតិខ្លាញ់លើរាងកាយ
ទាក់ទងទៅនឹងការសម្រកជាតិខ្លាញ់លើរាងកាយ មានលក្ខណៈខុសៗគ្នា ហើយមានវិធីយ៉ាងសម្រាប់លោកអ្នកជ្រើសរើស។
1 . ការសម្រកដោយការប្រើប្រាស់ផលិតផល ៖ ដើម្បីបំបែកជាតិខ្លាញ់នៅលើរាងកាយ ព្រោះជាតិខ្លាញ់ដែលនៅលើខ្លួន មានប្រភេទខ្លះជាខ្លាញ់កក ហើយប្រភេទខ្លាញ់ខ្លះទៀតជាប្រភេទរាវ។ ការសម្រកជាតិខ្លាញ់ដែលមានប្រសិទ្ធភាពជាងគេគឺការសម្រកនៅលើដងខ្លួន ក្បាលពោះ ដើមដៃ កំភួនជើង ភ្លៅ ព្រោះបំណែកនេះជាកន្លែងដែលមានជាតិខ្លាញ់ច្រើនជាងគេ។
2 . ការសម្រករាងដោយប្រើជាតិក្រែម ៖ ការប្រើក្រែមសម្រាប់ត្រាំនៅក្នុងទឹកក្ដៅឧណ្ហៗ ដោយឱ្យអ្នកដែលសម្រករាង គេងនៅក្នុងអាងទឹក ហើយការគេងត្រាំនៅក្នុងទឹកនេះធ្វើក្នុងរយៈពេលដែលអ្នកជំនាញបានកំណត់ ធ្វើបែបនេះក្នុងមួយសប្ដាហ៍ពី២ ទៅ៣ដង នោះរាងកាយរបស់លោកអ្នកអាចប្រែទៅជារាងស្រឡូនស្អាត។
4 . ការសម្រកដោយឱសថ ៖ បានន័យថានៅពេលដែលលោកអ្នកលេបថ្នាំទៅមិនសូវធ្វើឱ្យលោកអ្នកឃ្លានអាហារ។ លោកអ្នកដែលមិនសូវឃ្លានអាហារនេះបណ្ដាលមកពីថ្នាំដែលលោកអ្នកទទួលទាននេះគឺមានជាតិអាហារស្រាប់។ ដូចនេះនៅពេលដែលលោកអ្នកទទួលទានអាហារចូលទៅធ្វើឱ្យលោកអ្នកឆាប់ឆ្អែត ដែលជាហេតុធ្វើឱ្យលោកអ្នកអាចរក្សាលំនឹង និងធ្វើឱ្យលោកអ្នកស្រកទម្ងន់បាន។
4 . ការសម្រកដោយវះកាត់ ៖ ចំពោះការវះកាត់យកជាតិខ្លាញ់ចេញនេះភាគច្រើនគឺទទួលបានផលយ៉ាងឆាប់រហ័ស។ ប៉ុន្ដែការវះកាត់នេះគឺត្រូវចំណាយថវិកាច្រើនសម្រាប់វះកាត់។ ការវះកាត់នេះភាគច្រើនមិនសូវមានអ្នកអនុវត្ដន៍ឡើយសម្រាប់ប្រទេសកម្ពុជា ដោយសារតែលោកអ្នកមួយចំនួនមានការភ័យខ្លាច និងមានការព្រួយបារម្ភចំពោះសុវត្ថិភាពនៅពេលវះកាត់។
សារៈប្រយោជន៍នៃការសម្រករាង
ការសម្រករាងមានសារៈប្រយោជន៍ណាស់សម្រាប់សុខភាព។ បើតាមការសិក្សាស្រាវជ្រាវបានឱ្យឃើញថា ចំពោះអ្នកដែលធាត់ភាគច្រើនអាចមានជម្ងឺច្រើនជាងអ្នកស្គម រួមមានជម្ងឺលើសឈាម ទឹកនោមផ្អែម ខ្សោយបេះដូង រលាកសន្លាក់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះការសម្រករាងគឺបានផ្ដល់ឱ្យលោកអ្នកមានសម្ផស្សកាន់តែស្អាតមួយកម្រិតថែមទៀត ព្រោះលោកអ្នកមានរូបរាងស្រឡូនស្អាត។
ផលប៉ះពាល់នៃការសម្រករាង
ចំពោះលោកអ្នកមួយចំនួនដែលមានរូបរាងធាត់ លោកអ្នកតែងតែធ្វើការសម្រករាងដោយធ្វើការសម្រេចចិត្ដដោយខ្លួនឯង ដូចជាកាត់បន្ថយការទទួលទានអាហារជាដើម ដែលនាំឱ្យមានជម្ងឺក្រពះ។ ដោយឡែកលោកអ្នកមួយចំនួនទៀតក៏បាន សម្រករាងដោយប្រើប្រាស់ថ្នាំដែលមិនមានប្រភពច្បាស់លាស់ ក៏អាចមានបញ្ហាចំពោះសុខភាព ដូចជាអស់កម្លាំងឆាប់វិលមុខ ទទួលទានដំណេកមិនសូវបានឆាប់បាក់កម្លាំង ឬក៏ធ្វើឱ្យរាករូសជាដើម។ បើនិយាយចំពោះសម្ផស្ស នៅពេលដែលលោកអ្នកធ្វើការសម្រករាងដោយប្រើប្រាស់ថ្នាំដែលមិនមានការទទួលស្គាល់ពីវេជ្ជបណ្ឌិតឱ្យបានត្រឹមត្រូវទេនោះ អាចធ្វើឱ្យលោកអ្នកមានបញ្ហាចំពោះសម្ផស្ស ដូចជាធ្វើឱ្យស្បែកសភាពយារធ្លាក់ជ្រីវជ្រួញ ស្លេកស្លាំងជាដើម។
វិធីការពារការឡើងទម្ងន់
ចំពោះលោកអ្នកដែលពេញចិត្ដនឹងរូបរាងខ្លួនឯង ហើយគ្រាន់តែចង់រក្សាទម្ងន់ឱ្យនៅដដែលនោះ លោកអ្នកគួរតែកំណត់របបអាហារ ដោយជ្រើសរើសអាហារណាដែលសម្បូរទៅដោយជាតិវីតាមីន មិនមានជាតិខ្លាញ់ច្រើនពេក។ គប្បីកាត់បន្ថយចំពោះអាហារណាដែលមានសារជាតិបំប៉នខ្លាំងពេក ព្រោះអាហារដែលមានសារជាតិបំប៉នអាចបណ្ដាលឱ្យលោកអ្នកឡើងទម្ងន់។ លោកអ្នកមិនត្រូវទទួលទានអាហារឱ្យឆ្អែតពេកនោះទេ ជាពិសេសត្រូវទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។ លោកអ្នកគួរតែប្រើក្រែមសម្រាប់ម៉ាស្សានៅលើដងខ្លួន ដើម្បីកាត់បន្ថយការឡើងជាតិខ្លាញ់ ព្រោះកាលណាលោកអ្នកមានសុខភាពល្អ ទទួលទានដំណេកច្រើន នេះក៏ជាហេតុដែលធ្វើឱ្យលោកអ្នកធាត់បានដែរ វិធីដែលល្អលោកអ្នកត្រូវតែប្រើក្រែមសម្រាប់លាបការពារការឡើងទម្ងន់។
ដំបូន្មានអ្នកជំនាញ
រូបសម្ផស្សស្អាតគឺមានការផ្ដុំគ្នាដោយធាតុទាំងបី គឺផ្នែកដងខ្លួន ផ្នែកផ្ទៃមុខ និងផ្នែកសក់។ បើលោកអ្នកចង់បានរូបរាងស្អាត លោកអ្នកគួរតែជ្រើសរើសនូវចំណីអាហារណាដែលទទួលទានទៅមិនធ្វើឱ្យលោកអ្នកឆាប់ធាត់។ លោកអ្នកត្រូវតែឆ្លៀតពេលហាត់ប្រាណដើម្បីជួយឱ្យលោកអ្នកអាចរក្សាទម្ងន់បានល្អ ជាពិសេសការហាត់ប្រាណអាចធ្វើឱ្យលោកអ្នកមានសុខភាពល្អថែមទៀតផង។ ចំពោះលោកអ្នកមួយចំនួនដែលមានបញ្ហាឡើងទម្ងន់ គួរតែទៅពិភាក្សាជាមួយអ្នកជំនាញ ជាពិសេសគឺត្រូវជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ពីវេជ្ជបណ្ឌិត ដើម្បីចៀសវាងការកើតឡើងនូវបញ្ហាផ្សេងៗដែលលោកអ្នកមិនអាចស្មានដល់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply