សម្រាប់ស្ដ្រី សម្រស់ប្រៀបដូចជាវត្ថុទិឰប្រចាំកាយ។ បើសិនជាបាត់បង់វត្ថុនេះ លោកស្រីអ្នកនាងកញ្ញានឹងក្លាយទៅជាមនុស្សស្រីដែលមិនមានការចាប់អារម្មណ៍ និងមិនគួរជាទីគយគន់ចំពោះអ្នកដទៃនោះទេ។ ជាការព្រួយបារម្ភបំផុតនៅពេលដែលស្ដ្រី បាត់បង់រូបសម្ផស្ស។ ដូចនេះទោះបីជាលោកស្រីអ្នកនាងកញ្ញាក្លាយទៅជាភរិយាមួយរូបក៏ចាំបាច់ត្រូវគិតគូរពីបញ្ហាសម្រស់ជាសំខាន់ ក្រៅពីការបំពេញតួនាទីជាស្ដ្រីមេផ្ទះ ទុកដាក់កូនចៅ រៀបចំផ្ទះសម្បែង យកចិត្ដនិងថែទាំស្វាមី។
លោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងជំនាញក្នុងការរៀបចំគេហដ្ឋាន បានបកស្រាយតាមរយៈ ទស្សនាវដ្ដី សុខភាពយើង ពីវិធីថែរក្សាសម្រស់របស់ស្ដ្រីមេផ្ទះ។
តួនាទីជាស្ដ្រីមេផ្ទះ
ជាទូទៅស្ដ្រីមេផ្ទះមិនមានកិច្ចការងារអ្វីក្រៅពីរឿងផ្ទះសម្បែងនោះទេ។ កិច្ចការរបស់ស្ដ្រីមេផ្ទះគឺជាភារកិច្ចដែលគប្បីបំពេញតួនាទីឱ្យគួរជាទីពេញចិត្ដសម្រាប់គ្រួសារ។ ការងារជាស្ដ្រីមេផ្ទះមានច្រើន ដូចជាការសម្អាត រៀបចំគេហដ្ឋាន ដើរផ្សារ ធ្វើម្ហូប អប់រំកូនៗ ផ្គាប់ចិត្ដលោកប្ដី និងមានកិច្ចការងារជាច្រើនទៀត ប៉ុន្ដែក៏នៅមានពេលឆ្លៀតសម្រាកផងដែរ។ ក្រៅពីការផ្គាប់ផ្គន់ចិត្ដស្វាមី និងមើលថែអប់រំកូនៗ ស្ដ្រីមេផ្ទះគួរត្រូវឆ្លៀតពេលវេលាដើម្បីថែរក្សាសុខភាព និងសម្រស់របស់ខ្លួនឯងផងដែរ។
ឆ្លៀតពេលគិតគូរពីបញ្ហាសម្រស់
កិច្ចការរបស់ស្ដ្រីមេផ្ទះនៅពេលព្រឹកគឺជាកិច្ចការធ្វើម្ហូបពេលព្រឹកជូនស្វាមី និងកូនៗ រួចត្រូវដើរផ្សារទិញម្ហូបដើម្បីត្រៀមអាហារពេលថ្ងៃត្រង់។ បន្ទាប់មកគឺអាចមានពេលសម្រាករហូតជិតដល់ការរៀបចំម្ហូបអាហារថ្ងៃត្រង់។ ដូចនេះស្ដ្រីមេផ្ទះគប្បីឆ្លៀតយកវេលានេះមកធ្វើការថែទាំសម្រស់របស់ខ្លួន ដោយវិធីបិទម៉ាសលើផ្ទៃមុខ វិធីថែរក្សាមុខដោយធម្មជាតិដោយយកបន្លែ ឬផ្លែឈើ មកចិតបិទលើផ្ទៃមុខ ខាត់ស្បែកដោយសាប៊ូខាត់ស្បែកដោយខ្លួនឯង ឬក៏ទៅហាងដើម្បីម៉ាស្សាមុខឬដងខ្លួនក៏បានដែរ។ បើសិនជាគិតថាពេលព្រឹកមិនសូវជាអាចឆ្លៀតពេលវេលាបាននោះទេ គឺអាចជ្រើសរើសយកពេលថ្ងៃបន្ទាប់ពីបាយថ្ងៃត្រង់ក៏បានដែរ។ ការឆ្លៀត ចំណាយពេលវេលាសម្រាប់ស្ដ្រីមេផ្ទះ ដើម្បីថែទាំសម្រស់ខ្លួនឯងនោះគឺអាស្រ័យទៅលើពេលវេលាអំណោយផល។
កុំគិតថាជារឿងចំណាយពេលច្រើន
ជាទូទៅស្ដ្រីមេផ្ទះមានការរវល់ច្រើនដែលស្ទើរតែគ្មានពេលគិតគូរពីបញ្ហាសម្រស់នោះទេ។ ប៉ុន្ដែជាមនុស្សស្រី សម្រស់ជាភាពចាំបាច់ណាស់ដែលត្រូវយកចិត្ដទុកដាក់ ទោះបីជាលោកស្រីអ្នកនាងស្ថិតក្នុងវ័យណាក៏ដោយ។ ដើម្បីឱ្យខ្លួនក្លាយទៅជាមនុស្ស ដែលគួរឱ្យចាប់អារម្មណ៍ និងគួរជាទីគយគន់សម្រាប់ស្វាមីនោះ ការឆ្លៀតពេលវេលាដើម្បីគិតគូរពីសម្រស់ មិនមែនជារឿងដែលចោទឱ្យមានបញ្ហានោះទេ។
ដំបូន្មានអ្នកជំនាញ
ទោះបីជាយ៉ាងណាស្ដ្រីមេផ្ទះត្រូវឱ្យមានពេលវេលាសម្រាប់ខ្លួនឯងក្នុងការថែទាំសម្រស់។ សូមកុំគិតថានេះជារឿងឥតប្រយោជន៍ ព្រោះសម្រាប់ស្ដ្រីសម្រស់គឺជារបស់ដែលល្អផូរផង់នៅជាប់ខ្លួនជានិច្ច។ ស្ដ្រីមេផ្ទះមិនត្រូវឱ្យខ្លួននៅតែក្នុងផ្ទះនោះទេ គប្បីដើរចេញមកសង្គមខាងក្រៅ ដើម្បីសិក្សាស្វែងយល់ពីខ្លួនឯង និងបង្កើនសមត្ថភាពចំណេះដឹងរបស់ខ្លួនឯងក្នុងនាមជាម្ដាយ និងប្រពន្ធ ឈ្លាសវៃមួយរូប។ ស្ដ្រីក៏មានសិទ្ធបញ្ចេញសមត្ថភាព ព្រមទាំងមានសិទ្ធផ្ដល់ឱកាស និងពេលវេលាឱ្យខ្លួនឯងមានភាពសប្បាយរីករាយទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply