ក្រិនស្មងជើងកើតឡើងដោយសារការប៉ះទង្គិចជាមួយស្បែក និងឆ្អឹងជាញឹកញាប់។ ស្មងជើងដែលក្រិនអាចរំខានដល់ការស្លៀកសម្លៀកបំពាក់ខ្លីៗ នាំឱ្យបាត់បង់សម្រស់មួយកម្រិត។ ដើម្បីឱ្យមានភាពស្រស់ស្អាតចំពោះស្មងជើង លោកអ្នកត្រូវថែរក្សាវាឱ្យបានល្អ មិនគួរធ្វេសប្រហែសឡើយ។
លោកស្រី ច័ន្ទ ស្រីណុច ម្ចាស់ហាងកែសម្ផស្សមីកាសា បានចូលខ្លួនមកបកស្រាយអំពីស្នាមក្រិនស្មងជើង និងវិធីបំបាត់ស្នាមក្រិនស្មងជើងជូនលោកអ្នកអានឱ្យបានជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង។
មូលហេតុបង្កស្នាមក្រិនស្មងជើង
ក្រិនស្មងជើងបណ្ដាលមកពីករណីច្រើនយ៉ាងដែលពាក់ព័ន្ធទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាការដួលជាញឹកញាប់ ដោយមានហូរឈាម ដល់ពេលជាសះស្បើយអាចមានស្នាមដំបៅធម្មតា ឬដំបៅក្លាយទៅជាក្រិន។ អ្នកខ្លះទៀតបណ្ដាលមកពីការអង្គុយ ដោយពុំបានយកចិត្ដទុកដាក់ ដូចជាការបត់ជើងពីរដោយប៉ះជាមួយកម្រាលក្រាលផ្ទះ ឥដ្ឋការ៉ូ ស៊ីម៉ងត៍ជាដើម។ ម្យ៉ាងទៀតមកពីការប៉ះទង្គិចស្បែកធ្ងន់ធ្ងរតែពុំចេញឈាមហើយបែរទៅជាជាំទៅវិញ។ នេះជាបញ្ហាចម្បងដែលធ្វើឱ្យក្រិនស្មងជើងបានយ៉ាងឆាប់រហ័ស។
វិធីបំបាត់ស្នាមក្រិនស្មងជើង
ចង់បំបាត់ស្នាមក្រិនស្មងជើងមិនមែនជាការងាយស្រួលនោះឡើយ។ ជំហានដំបូងលោកអ្នកគួរតែទៅឱ្យគ្រូពេទ្យពិនិត្យ ដើម្បីរកវិធីព្យាបាលតាមរយៈការប្រើផលិតផលជំនួយ ឬក៏តាមវិធីធម្មជាតិ ដើម្បីឱ្យស្បែកឆាប់ទន់ លោកអ្នកត្រូវតែប្រតិបត្ដិឱ្យបានទៀងពេលវេលាដើម្បីបានលទ្ធផលល្អ។
វិធីទប់ស្កាត់ស្នាមក្រិនស្មងជើង
ដើម្បីចៀសវាងក្រិនស្មងជើង លោកអ្នកត្រូវអនុវត្ដតាមវិធីទប់ស្កាត់ខាងក្រោមនេះ ៖
- គួរតែចៀសវាងនូវការប៉ះទង្គិចស្បែកជាមួយវត្ថុរឹង
- ឧស្សាហ៍ប្រើផលិតផលជំនួយ ឬយកផ្លែឈើបិតនៅស្បែកស្មងជើង
- ធ្វើអនាម័យជើងឱ្យបានញឹកញាប់
- ពេលមានបញ្ហាប៉ះទង្គិចស្មងជើងដែលគិតថាវាធ្ងន់ធ្ងរ ត្រូវប្រញាប់ទៅរកគ្រូពេទ្យព្យាបាលជាបន្ទាន់។
ដំបូន្មានអ្នកប្រឹក្សា
លោកអ្នកដែលមានស្នាមក្រិនស្មងជើងគប្បីប្រញាប់រកវិធីការពារឱ្យទាន់ពេលវេលា ចៀសវាងសាច់ដុះកាន់តែធំ ហើយអាចក្លាយជាមហារីកក្នុងឆ្អឹង ឬស្បែកបាន។ ម្យ៉ាងទៀតស្បែកមិនត្រឹមតែក្រិនទេ ជួនកាលធ្វើឱ្យឈឺបន្ដិចម្ដងៗហើយកើនឡើងជាលំដាប់ ដែលពិបាកព្យាបាលទៅថ្ងៃក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply