ការថែរក្សាសុដន់ជារឿងមួយដែលសំខាន់សម្រាប់ស្ដ្រីគ្រប់រូប ជាពិសេសការថែរក្សាសុដន់មុន និងក្រោយពេលសម្រាល។ ចំពោះស្ដ្រីដែលមិនបានថែរក្សា ឬអនាម័យសុដន់ឱ្យបានល្អ អាចបណ្ដាលឱ្យកើតមានបញ្ហាផ្សេងៗមិនចេះចប់មិនចេះហើយ។ អ្វីដែលសំខាន់នោះគឺអាចបង្កឱ្យមានបញ្ហាចំពោះទារកនៅពេលដែលបំបៅដោះ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកស្រី អ៊ូ សារឿន ឆ្មបរដ្ឋបម្រើនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដើម្បីអញ្ជើញពន្យល់អំពីរបៀបនៅក្នុងការថែរក្សាសុដន់ មុន និងក្រោយពេលសម្រាលបុត្រ។
កាយវិភាគសុដន់
សុដន់ឬដោះជាសរីរាង្គសម្រាប់បញ្ចេញទឹកដោះដើម្បីចិញ្ចឹមកូន។ សុដន់មានគ្រប់រូបរាង និងទំហំ ហើយវាចាប់ផ្ដើមរីកធំ នៅពេលក្មេងស្រីមានអាយុចាប់ពី១០ទៅ១៥ឆ្នាំ គឺជាពេលឈានចូលពេញវ័យ។ សុដន់ត្រូវបានគេចែកចេញជារចនាសម្ព័ន្ធ៥យ៉ាងដូចតទៅ។
- ក្រពេញសម្រាប់ផលិតទឹកដោះ ៖ នៅពេលដែលស្ដ្រីចាប់ផ្ដើមមានផ្ទៃពោះដោយរាប់ចាប់ពី៥ទៅ៦ខែ ក្រពេញទឹកដោះ ចាប់ផ្ដើមផលិតទឹកដោះ។
- បំពង់សម្រាប់បង្ហូរទឹកដោះ ៖ ជាក្រពេញសម្រាប់បង្ហូរទឹកដោះខាងក្នុង។
- ថ្លុក ឬឃ្លាំងសម្រាប់ផ្ទុកទឹកដោះ ៖ នៅពេលដែលកូនបៅ ឃ្លាំងទឹកដោះគឺជាកន្លែងសម្រាប់បញ្ចេញទឹកដោះ។
- ក្បាលសុដន់ ៖ ជាកន្លែងសម្រាប់បង្ហូរទឹកដោះមកខាងក្រៅ។
- ក្បាលសុដន់(អារេអូល) ៖ ជាស្បែកដែលមានពណ៌ស្រអាប់ខ្មៅ ឬក៏ត្នោត ហើយគ្រាប់សតូចៗដែលនៅចុងសុដន់ (ក្បាលសុដន់)គឺសម្រាប់ផលិតជាតិខ្លាញ់ ដើម្បីឱ្យក្បាលសុដន់ទន់ស្អាត។
ការថែរក្សាសុដន់មុនពេលសម្រាល
ការថែរក្សសុដន់នៅមុនពេលសម្រាលជារឿងមួយដែលសំខាន់ណាស់សម្រាប់ស្ដ្រីគ្រប់រូប។ ស្ដ្រីមានផ្ទៃពោះគប្បីលាងសម្អាតសុដន់ជាប្រចាំ ដើម្បីជួយឱ្យទឹកដោះចេញបានល្អក្រោយពេលសម្រាល និងមិនមានឆ្លងមេរោគ។ នៅពេលជិតគ្រប់ខែ សុដន់ស្ដ្រីមានចេញទឹកពណ៌សពីរន្ធនៃក្បាលសុដន់ ដែលហៅថាទឹកដោះដំបូងរបស់ម្ដាយ។ ដោយសារតែមានការបម្រែបម្រួលក្រពេញអ័រម៉ូនមួយចំនួនបានបំពេញតួនាទី និងជំរុញសុដន់ឱ្យបញ្ចេញទឹកដោះ។ ដូចនេះស្ដ្រីគ្រប់រូបគួរតែឧស្សាហ៍សម្អាតចុងសុដន់ឱ្យបានស្អាត ដើម្បីការពារការឆ្លងនូវមេរោគផ្សេងៗ ជាពិសេសគឺចុង និងរន្ធសុដន់ត្រូវតែសម្អាតឱ្យស្អាតជាប្រចាំ។ វិធីលាងសម្អាតចុងសុដន់ឱ្យបានស្អាតល្អ គឺដុសលាងដោយថ្នមៗ ដើម្បីកុំឱ្យមានដីនៅក្នុងរន្ធសុដន់ ឬមេរោគផ្សេងៗដែលនៅតោងជាមួយចុងសុដន់។ ប៉ុន្ដែមិនត្រូវទាញចុងសុដន់ឱ្យវែងនោះទេ ព្រោះការទាញចុងសុដន់ឱ្យវែងមិនមានប្រសិទ្ធភាពដូចការទាញក្រោយពេលសម្រាលនោះទេ។
ការថែរក្សាសុដន់ក្រោយពេលសម្រាល
នៅពេលសម្រាលកូនហើយ ស្ដ្រីត្រូវប្ដូរឥរិយាបថ រៀងរាល់មុនពេលដែលបំបៅដោះកូន ត្រូវលាងសម្អាតសុដន់ដោយប្រើ កន្សែងជ្រលក់ទឹកក្ដៅឧណ្ហៗមកកជូតសម្អាតនៅលើសុដន់ និងចុងសុដន់ឱ្យបានស្អាត។ ត្រូវសម្អាតដៃឱ្យបានស្អាតល្អផងដែរ។ ហើយត្រូវទុកឱ្យសុដន់ស្ងួតបន្ដិចទើបឱ្យកូនបៅ។ បើសិនជាក្បាលសុដន់របស់ស្ដ្រីដែលជាម្ដាយខ្លី ឬក្បាលសុដន់លឹប ដែលគេហៅថាក្បាលសុដន់ខ្វាក់ ពេលសម្អាតស្ដ្រីត្រូវទាញចុងសុដន់ដោយប្រើដៃថ្នមៗជាប្រចាំ ដើម្បីឱ្យសុដន់មានក្បាលវែងងាយស្រួលឱ្យបំបៅកូន។ នៅក្រោយពេលបំបៅរួច មិនចាំបាច់លាងសម្អាតសុដន់ភ្លាមៗនោះទេ ការធ្វើបែបនេះដើម្បីឱ្យកូនស្គាល់ក្លិន និងកន្លែងនៅពេលដែលទារកបៅ។
សារៈប្រយោជន៍នៃការថែរក្សាសុដន់
ការមានអនាម័យចំពោះសុដន់បានស្អាតល្អ សុខភាពក៏ល្អ ហើយអាចចៀសផុតពីជម្ងឺផ្សេងៗ។ ប៉ុន្ដែបើសិនស្ដ្រីដែលជាម្ដាយមិនមានអនាម័យសុដន់ឱ្យបានស្អាតល្អនោះទេ អាចធ្វើឱ្យទារករាករូស ឬក៏អាចបង្កឱ្យមានជ្រាំងក្នុងមាត់របស់ទារក ឬក៏អាចបង្កឱ្យទារកក្ដៅខ្លួន និងអាចកើតមានជម្ងឺរលាកផ្លូវដង្ហើមថែមទៀតផង។
ប្រការគួរចៀសវាងក្រោយពេលសម្រាល
ស្ដ្រីទាំងឡាយបន្ទាប់ពីសម្រាលបុត្រហើយ គប្បីលាងសម្អាតក្បាលសុដន់ឱ្យបានស្អាតល្អ និងមានអនាម័យ។ ប៉ុន្ដែមិនត្រូវប្រើប្រាស់សាប៊ូដុសនៅលើក្បាលសុដន់ឬក៏ប្រើទឹកអប់លាបនៅលើចុងសុដន់នោះទេ ព្រោះអាចធ្វើឱ្យប្រេះចុងសុដន់ ហើយអាចបង្កឱ្យមានដំបៅជាដើម។ ជាពិសេសអាចបង្កឱ្យមានការប៉ះពាល់ចំពោះទារក ដូចជារលាកផ្លូវដង្ហើម និងជម្ងឺផ្សេងៗទៀតដែលមិនអាចស្មានដល់។
ដំបូន្មានអ្នកជំនាញ
ការមានអនាម័យធ្វើឱ្យសុដន់មានសុខភាពល្អ អាចធ្វើឱ្យស្ដ្រីចៀសផុតពីជម្ងឺផ្សេងៗ។ ជាពិសេសសម្រាប់ស្ដ្រីដែលជាម្ដាយ មុនធ្វើការបំបៅដោះឱ្យកូន ត្រូវសម្អាតសុដន់ និងដៃឱ្យបានស្អាតល្អជាមុនសិន ដើម្បីកុំឱ្យកើតមានបញ្ហាផ្សេងៗចំពោះទារករួមទាំងសុខភាពរបស់ស្ដ្រីដែលជាម្ដាយផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០
Leave a Reply