ជម្ងឺភ្លឺគឺជាជម្ងឺមួយប្រភេទដែលមិនមានលក្ខណៈកាចសាហាវដូចជាជម្ងឺដទៃទៀតទេ ហើយក៏មិនបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតរបស់លោកអ្នកឡើយ។ ប៉ុន្ដែប្រសិនបើលោកអ្នកមិនធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេ វានឹងបណ្ដាលឱ្យមេរោគផ្សិត(មេរោគជម្ងឺភ្លឺ) មានសភាពកាន់តែរីករាលដាលពីកន្លែងមួយទៅកន្លែងមួយជាមិនខាន និងធ្វើឱ្យលោកអ្នកបាត់បង់នូវថវិកា និងពេលវេលាទៀតផង។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយលោក គ្រី ធី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅស្រុកស្អាង ខេត្ដកណ្ដាល ប្រកបរបររកស៊ីនៅទីក្រុងភ្នំពេញ។ លោកបានរៀបរាប់អំពីផលលំបាកនៃជម្ងឺភ្លឺ ដើម្បីឱ្យមិត្ដអ្នកអានបានជ្រាប។
លោក គ្រី ធី បានរៀបរាប់ប្រាប់ទស្សនាវដ្ដី សុខភាពយើង ឱ្យដឹងថា លោកមិនដឹងថាលោកកើតមានជម្ងឺនេះតាំងពីពេលណានោះទេ។ ដោយរោគសញ្ញាមុនដំបូងកើតមាននៅលើខ្នងហើយមានពណ៌ស និងមានអារម្មណ៍ថាស្កៀបៗ ដូចជាបែកញើសដែរ។ ដោយមិនមានការអើពើយកចិត្ដទុកដាក់ចេះតែបណ្ដោយទៅៗ ទើបវាកាន់តែមានសភាពរីករាលដាលពីកន្លែងមួយទៅកន្លែងមួយ ឬ ចេញត្រង់នេះបន្ដិចត្រង់នោះបន្ដិច ទើបលោកសម្រេចចិត្ដទៅពិនិត្យរោគសើស្បែកនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យ។ បន្ទាប់ពីពិនិត្យ គ្រូពេទ្យបានឱ្យថ្នាំលេបនិងលាប ហើយឃើញថាសភាពនៃជម្ងឺនេះកាន់តែមានសភាពអន់ថយបន្ដិចម្ដងៗរហូតទាល់តែជាបាត់។
លោក គ្រី ធី បានបន្ថែមទៀតថា កាលដែលលោកមានជម្ងឺភ្លឺប្រហែលជាអាចបណ្ដាលមកពីសាច់គោ សាច់ជ្រូក ងាវ មឹក ព្រោះលោកជាមនុស្សម្នាក់ដែលចូលចិត្ដទទួលទានសាច់។
យោបល់របស់អ្នកជំនាញ
លោកស្រីវេជ្ជបណ្ឌិត ហាង មុំ ឯកទេសជម្ងឺសើស្បែក នៅគ្លីនិកស្បែក និងកាមរោគ បានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី សុខភាពយើង ថា ជម្ងឺភ្លឺនេះកើតឡើងដោយសារមេរោគផ្សិត។ ប្រសិនបើអ្នកជម្ងឺព្យាបាលតាមក្បួនខ្នាតត្រឹមត្រូវហើយ វានឹងជា ក៏ប៉ុន្ដែប្រសិនបើអ្នកជម្ងឺទទួលទានថ្នាំមិនបានគ្រប់គ្រាន់ ឬមិនគ្រប់កម្រិតនៃថ្នាំទេ អាចបណ្ដាលឱ្យមេរោគផ្សិតកើតសារជាថ្មីបាន។ ជាទូទៅនៅពេលដែលឃើញពណ៌សម្បុរសឬខ្មៅមិនទាន់រលុបបាត់ មានន័យថានៅមានស្លាកស្នាម លោកអ្នកកុំគិតថាភ្លឺជាឱ្យសោះ។ ដូចបានរៀបរាប់ខាងដើម វានឹងកើតឡើងសារជាថ្មីជាមិនខាន។ ដើម្បីការពារកុំឱ្យកើតនូវបញ្ហានេះ លោកអ្នកគួរតែប្រើប្រាស់វិធី ដូចខាងក្រោមនេះ ៖
– ទី១ ៖ អ្នកជម្ងឺគួរតែប្រើប្រាស់សាប៊ូដុសខ្លួនដែលប្រឆាំងនឹងពពួកបាក់តេរីឬផ្សិត មួយសប្ដាហ៍យ៉ាងតិចពីរដង ដើម្បី ការពារកុំឱ្យពពួកមេរោគផ្សិតកើតឡើងវិញ(កម្ចាត់មេរោគផ្សិតឱ្យងាប់)
– ទី២ ៖ អ្នកជម្ងឺគប្បីកុំផ្អាប់ញើសនៅជាប់នឹងខ្លួនយូរពេក ដោយជួនកាលលោកអ្នកត្រឡប់មកពីលេងកីឡាវិញ លោកអ្នក មិនទាន់ងូតទឹកភ្លាមៗនោះទេ រវល់តែធ្វើនេះបន្ដិចនោះបន្ដិច ទើបធ្វើឱ្យញើសស្ងួតទើបអាចនឹងបណ្ដាលឱ្យកើតជម្ងឺភ្លឺ។
លោកស្រីវេជ្ជបណ្ឌិត ហាង មុំ បានមានប្រសាសន៍បន្ដទៀតថា ចំពោះលោកអ្នកដែលនិយមទទួលទានរបបអាហារសាច់ ដែលមានដូចជាសាច់គោ សាច់ជ្រូក សាច់មាន់ ងាវ ឬមឹក។ អាហារទាំងនេះមិនមែនជាបញ្ហាចោទដែលបង្កឱ្យលាកអ្នកកើតមាននូវ ជម្ងឺភ្លឺនោះទេ។ ព្រោះជម្ងឺភ្លឺកើតមានដោយសារពពួកមេរោគផ្សិតដែលជាអ្នកបង្កហេតុ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply