ប្រគ្រីវ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត

រយៈពេល​ត្រឹមតែ​ប៉ុន្មានឆ្នាំ​ប៉ុណ្ណោះ​យើង​ឃើញថា បញ្ហា​សុខភាព​របស់​ប្រជាជន​យើង​មានការ​ផ្លាស់ប្ដូរ​ក្នុង​កំឡុង​ពេល និង​ក្រោយ​ចប់សង្គ្រាម​ថ្មីៗ បញ្ហា​សុខភាព​ចម្បង​របស់​ប្រជាជន​យើង​គឺកង្វះ​អាហា​រូបត្ថម្ភ។ ប៉ុន្ដែ​សព្វថ្ងៃ​នេះ​ដោយ​សារការ​អភិវឌ្ឍន៍ កម្រិត​ជីវភាព​របស់​ប្រជាជន​យើង​មានការ​កើនឡើង បញ្ហា​សុខភាព​សព្វថ្ងៃ​នេះគឺ​លែងមាន​ទំនាក់ទំនង​ទៅនឹង​បញ្ហាកង្វះខាត អាហារូបត្ថម្ភ​ទៀតហើយ។ គេតែង​តែឮ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្អូញត្អែរ​ពីជម្ងឺ​លើស​ឈាម​លើស​ជាតិខ្លាញ់ លើស​ជាតិស្ករ លើសជាតិ​អាស៊ីត​ជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ប្រយោជន៍ និង​លើកកម្ពស់​កម្រិត​យល់ដឹង​សុខភាព​របស់​អ្នកអាន ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ នឹង​លោក​វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេស​ជម្ងឺ​ទឹកនោម​ផ្អែម ក្រពេញ ជម្ងឺ​ទូទៅ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិល ស៊ី ស៊ី ធ្វើ​ការ​បកស្រាយ​ជម្ងឺ​រលាក​សន្លាក់​ដោយ​លើស​ជាតិអាស៊ីត​ដូច​ខាងក្រោម​នេះ។

ជម្ងឺ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត​ឬប្រគ្រីវ​ជាអ្វី?

រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត ឬ​អ្នកខ្លះ​ហៅថា​ប្រគ្រីវ ជា​ជម្ងឺ​ដែល​ទាក់ទង​ទៅនឹង​ការរលាក​សន្លាក់​មេជើង​(ម្ខាង ឬ​ទាំង​សងខាង) ហើយ​ករណី​ខ្លះអាច​មាន​រលាក​សន្លាក់​នៅកន្លែង​ផ្សេងទៀត​ដែរ ដូចជា​កជើង​ម្រាមជើង កដៃ។ល។ សូម​បញ្ជាក់​ថា ពាក្យថា​រលាក​សន្លាក់​មានន័យ​ថា សន្លាក់​ឡើងឈឺ​(ចុកពឺតៗ ឬ​ចុកដូច​អុតធ្មុងត្រី) ក្រហម ហើម ហើយ​ស្ទាប​ទៅក្ដៅៗ​ត្រង់កន្លែង​ឈឺនោះ។ បើ​ឈឺសន្លាក់​ហើយ​មិនមាន​អាការ​ដូចខាង​លើទេ មិនមែន​ជាការ​ឈឺ​សន្លាក់ ឬ​មិន​ទាក់ទង​ទៅនឹង​ការ​រលាក​សន្លាក់​ទេ។

មូលហេតុ​បង្កជម្ងឺ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត

មាន​កត្ដាច្រើន​ដែលអាច​បណ្ដាល​ឱ្យ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត។

  • តំណ​គ្រួសារ​(ខ្វះអង់ហ្សីម)
  • ផល​ប៉ះពាល់​នៃការ​ប្រើថ្នាំ​ប្រភេទខ្លះ​(ថ្នាំគីមី​សម្រាប់​មហារីក ថ្នាំបញ្ចុះ​ទឹកនោម)
  • ផលវិបាក​នៃជម្ងឺ​ខ្លះ ដូចជា​ខ្សោយ​តម្រង​នោម​ជាដើម។

រោគសញ្ញា​ជម្ងឺ​លើសសន្លាក់​ដោយ​លើស​ជាតិអាស៊ីត

រោគសញ្ញា​ចម្បង គឺឈឺ​សន្លាក់។ កន្លែង​ដែលកើត​ញឹកញាប់​នោះគឺ​មេជើង ពេលខ្លះ​គឺអាច​ឈឺកន្លែង​ផ្សេងទៀត​ដែរ ដូចជា កជើង ម្រាមជើង កដៃ ឬ​ក្បាលជង្គង់​ជាដើម។ ពេលខ្លះ​អ្នកជម្ងឺ​អាច​ក្ដៅខ្លួន​៣៨-៣៩​អង្សាសេ ព្រមទាំង​ជួនកាល​ក៏ហើម ហើយ​មាន​ទឹក​នៅក្នុង​សន្លាក់ ពិសេស​ជង្គង់។

ធ្វើ​ដូចម្ដេច​ទើប​ដឹងថា​ឈឺជម្ងឺ​ប្រគ្រីវ​នេះ?

  • ពិនិត្យឈាម​(ពិនិត្យ​ជាតិអាស៊ីត និង​សញ្ញា​រលាក​ក្នុងឈាម)
  • ករណី​មានហើម ហើយ​មាន​ទឹកក្នុង​ជង្គង់ គេអាច​បូមយក​ទៅ​ពិនិត្យ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកណា​ខ្លះ​ប្រឈម​មុខនឹង​ជម្ងឺនេះ?

  • អ្នក​ធ្លាប់មាន​ប្រវត្ដិ​គ្រួសារ​កើតជម្ងឺ​នេះ
  • អ្នក​ធាត់ ឬលើស​ទម្ងន់
  • អ្នកដែល​ប្រើថ្នាំ​(បញ្ចុះ​ទឹកនោម អាស្ពីរីន ប្រើថ្នាំ​គីមី។ល។)
  • អ្នកខ្សោយ​តម្រង​នោម

កត្ដា​អ្វីខ្លះ​ដែលអាច​ជំរុញ​ឱ្យកើត​ជម្ងឺនេះ?

  • ចូលចិត្ដ​ហូបសាច់ គ្រឿង​ក្នុង(ថ្លើម ពោះវៀន កោះ។ល។)
  • ស្រា​ទំញំង​បាយជូរ ស្រាបៀរ
  • ទំញំង​បារាំង ផ្ទី ទំញំង។

វិធី​បង្ការជម្ងឺ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត

ដើម្បី​ការពារ និង​បង្ការ​កុំឱ្យ​មានជម្ងឺ​រលាក​សន្លាក់​ដោយ​បញ្ហា​លើសជាតិ​អាស៊ីត លោកអ្នក​ត្រូវ​បរិភោគ​អាហារ​ដែល​ត្រឹមត្រូវ កាត់បន្ថយ​សារជាតិ​ខ្លាញ់ និងសាច់​ជាដើម។

ប្រការ​ត្រូវ​ចៀសវាង

  • ចៀសវាង ឬ​បន្ថយ​អាហារ​ភេសជ្ជៈ​ខ្លះ​(ស្រាទំញំង​បាយជូរ សាច់ គ្រឿង​ក្នុង។ល។)
  • ហាត់​ប្រាណ និង​បន្ថយ​ទម្ងន់។

វិធី​ព្យាបាល​ជម្ងឺ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត

ក្រៅពី​វិធី​បង្ការ​រៀបរាប់​ខាងលើ គ្រូពេទ្យ​អាចធ្វើ​ការ​ព្យាបាល​ដោយ​ប្រើថ្នាំ​បំបាត់​ការ​ឈឺចាប់ ហើយ​ករណី​ចាំបាច់​ប្រើថ្នាំ​បញ្ចុះ​ជាតិអាស៊ីត​ក្នុង​ឈាម។ កែការ​ប្រើថ្នាំ​បញ្ចុះ​ជាតិ​អាស៊ីត​នេះ គួរ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន ចៀសវាង​ប្រើថ្នាំ​តាមចិត្ដ​ខ្លួនឯង។ ព្រោះ​ថ្នាំនេះ​អាចពេល​ខ្លះ​បណ្ដាល​ឱ្យមាន​ប្រតិកម្ម​បាន។

ផលវិបាក​ចំពោះ​ជម្ងឺ​រលាក​សន្លាក់​ដោយ​លើសជាតិ​អាស៊ីត

បើព្យាបាល​មិនបាន​ត្រឹមត្រូវ អាចឱ្យ​មាន​ជាផល​វិបាក​មួយចំនួន ៖

  • វិវឌ្ឍន៍​ទៅរក​ការ​រលាក​សន្លាក់​រ៉ាំរ៉ៃ
  • សន្លាក់​ទៅជា​កំពីក​កំពក
  • ពេលខ្លះ​ការ​លើសជាតិ​អាស៊ីត​អាច​បណ្ដាល​ឱ្យមាន​ជាក្រួស​ក្នុង​តម្រង​នោម ហើយ​ខ្សោយ​តម្រងនោម​ផងដែរ។

ដំបូន្មាន​អ្នក​ជំនាញ

  • ហាត់ប្រាណ​ជាប្រចាំ​បន្ថយ​ទម្ងន់
  • ចៀសវាង​អាហារ​ដែលអាច​បណ្ដាល​ឱ្យលើស​អាស៊ីត
  • ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុនប្រើ​ថ្នាំ ជាពិសេស​ថ្នាំបញ្ចុះ​ជាតិអាស៊ីត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *