ក្បួន​ថែរក្សា​គភ៌ ៖ ការ​វិវត្ដន៍​របស់​ទារក​ក្នុងផ្ទៃ(១)

បាត់​រដូវ​ហើយ មានកូន​ទេដឹង? នេះជា​សម្ដី​ដែលគូ​ស្រករ​ថ្មី​ថ្មោង​ធ្លាប់​បានបន្លឺ​ឡើង។ ពិតហើយ​អាចមាន​ផ្ទៃពោះ ឬ​ទារក​ក្នុងផ្ទៃ។ នេះ​ជាដើម​កំណើត​នៃ​ជីវិត តាមរយៈ​ការ​កកើត​ទារក​នៅក្នុង​ស្បូន និង​ពោះ​របស់​ស្ដ្រី។ ទស្សនាវដ្ដី សុខភាពយើង សូម​អបអរសាទរ​ជីវិត​ទាំងឡាយ​ដែល​ចាប់ និង​កំពុង​បង្ក​កំណើត​នាពេល​នេះ។ ហើយ​សូម​ណែនាំ​លោកអ្នក​អំពី​ចំណេះដឹង​ទាក់ទង​នឹងការ​ថែទាំ​គភ៌​នេះ ពិសេស​សម្រាប់​ស្ដ្រី​ជាអនាគត​ម្ដាយ និង​សម្រាប់​ទារក​ក្នុងផ្ទៃ ចាប់តាំង​ពីការ​កកំណើត​រហូត​ដល់​សម្រាល​នៅលើ​ទំព័រ ទស្សនាវដ្ដី សុខភាព​យើង ចាប់ពី​លេខនេះ​តទៅ។ សូម​លោកអ្នក​ទទួលយក​ចំណេះដឺង​ទាំងនេះ​ដោយក្ដី​រីករាយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ធ្លាក់​មេជីវិត នាំឱ្យ​មានការ​ជួបគ្នា​រវាង​មេជីវិត​របស់​បុរស​និង​របស់​ស្ដ្រី

ជីវិត​រជ្ជទាយាទ ឬ​អ្នកស្នង​ត្រកូល​របស់​លោកអ្នក ចាប់ផ្ដើម​ឡើង​តាមរយៈ​ការងារ​មួយ​ដែលមាន​ប្រតិទិន និង​ផែនការ​របស់ខ្លួន​ប្រាណ​មនុស្ស។ ជារៀង​រាល់ខែ ក្នុង​១ខែ​ម្ដង​ខ្លួនប្រាណ​របស់​ស្ដ្រី​មាន​រយៈពេល​មួយដែល​អាចមាន​ផ្ទៃពោះ គឺពេល​ធ្លាក់​មេជីវិត។ នៅ​វដ្ដរដូវ​នីមួយៗ ការ​ធ្លាក់​មេជីវិត​កើតឡើង​ដដែលៗ​រៀងរាល់​ខែ។ ចាប់ពី​ថ្ងៃទី១​ដល់ថ្ងៃទី​១៤ អូវែរ​ឬ​ប្រមោយ​ស្បូន​ដែលជា​ក្រពេញ​បន្ដពូជ​បានទុំ​ជម្រុះ​ចេញ​មកនូវ​មេជីវិត។

ក្រោម​ឥទ្ធិពល​របស់​អ័រម៉ូន​ដែលមាន​ឈ្មោះថា​ អឺស្ដ្រូហ្សែន ថង់តូចៗ​ដែលហៅ​ថា ផូលីគុល រីកធំ​លូតលាស់​នៅផ្នែក​ខាង ក្នុង​អូវែរ។ ក្នុង​ចំណោម​ផូលីគុល​ទាំងនេះ​មានតែ​មួយ​ប៉ុណ្ណោះ ដែលអាច​រីកធំ​លូតលាស់​ខ្លាំង​ជាងគេ និង​ពិតប្រាកដ។ ពេល​ដែលវាមាន​ទំហំ​ប៉ុន​គ្រាប់ព្រីង​តូចមួយ វាលៀន​ចេញ​មក​ផ្ទៃមុខ​របស់​អូវែរ។ ពេលនោះ​វានៅ​រង់ចាំ​សញ្ញា​បញ្ជូន​របស់​អ័រម៉ូន​តែប៉ុណ្ណោះ មុនពេល​ចាកចេញ​ផុតអូវែរ នេះហើយ​គឺជា​មេជីវិត​ស្ដ្រី​ដែលមាន​ឈ្មោះ​ថា អូវុល។ វាគឺជា​ពន្លក​គ្រាប់ពូជ​ឬជីវាណូ​របស់​ស្ដ្រី ដែលអាច​ជួប​ជាមួយ​ពន្លក​គ្រប់ៗពូជ​របស់​បុរស​ជា​ស្ពែមម៉ាតូសូអ៊ីដ ឬ​មេជីវិត​បុរស។ ស៊ុតឬ​ពង​របស់​មនុស្ស ដែលជា​គ្រាប់ពូជ​ទារក​កើតឡើង ដោយ​ការ​ផ្សំផ្គុំ​គ្នា​រវាង​មេជីវិត ឬ​ពន្លក​គ្រាប់ពូជ​ទាំងពីរ​នេះ។

ថ្ងៃទី​១៤ ជាថ្ងៃ​ធ្លាក់​មេជីវិត

សម្រាប់​ស្ដ្រី​ដែលមាន​រដូវ​ទៀងទាត់​២៨ថ្ងៃ សញ្ញា​ដែល​ជម្រុះ​បញ្ចេញ​អូវុល គឺចាប់​ធ្វើឡើង​នៅថ្ងៃ​ទី១៤។ ភ្លាមៗ​នោះ អូវុល​ស្រូប​ចូលទៅ​ក្នុង​ដៃស្បូន​ដែល​ហៅថា​ប្រមោយ​ផាឡុប ឬ​ហ្វាឡុប។ ដៃស្បូន​គឺជា​បំពង់​ភ្នាស​មុយកឺទ្រវែង​មួយ​ដែលភ្ជាប់​អូវែរ​ទៅតួស្បូន។ អូវុល ឬ​មេជីវិត​ស្ដ្រី​អាចជួប​ជាមួយ​មេជីវិត​បុរស ឬ​ស្ពែមម៉ាតូសូអ៊ីដ​ណាមួយ​ដែល​ចូលមក​នៅតាម​បំពង់ប្រមោយ​នេះឯង។ និយាយ​ជារួម​ការជួប​គ្នា​រវាង​មេជីវិត​ទាំងពីនេះ​ត្រូវមាន​លក្ខខ័ណ្ឌ​ជាច្រើន គឺ​មាត់ស្បូន​ត្រូវបើក​ចំហ រីឯ​តួស្បូន​ក៏ត្រូវ​បញ្ចេញ សារធាតុ​រំអិល​ដូច សម្បោរ ដើម្បី​ទាក់ទាញ​មេជីវិត​បុរស ឬ​ស្ពែមម៉ាតូសូអ៊ីដ​ឱ្យទៅ​ជួប​អូវុល។ ដូច្នេះ​មានតែ​ថ្ងៃធ្លាក់​មេជីវិត​ស្ដ្រី ឬ​ថ្ងៃ​ចាប់​កំណើត​នេះ ហើយ​ដែលអាច​ឱ្យ​ស្ដ្រីមាន​ផ្ទៃពោះ​បាន។

អ័រម៉ូន​ដែល​ចូលរួម​ពេលធ្លាក់​មេជីវិត

ផូលីគុល ឬ​អូវុល​ដែលនៅ​លើផ្ទៃមុខ​នៃ​អូវែរ​ពិតជា​មិនមែន​កើតឡើង​ដោយ​ឯកឯង មិនមាន​ដោយសារ​បច្ចេកទេស​ណាមួយ​នោះទេ។ អូវែរ​បញ្ចេញ​អ័រម៉ូន​ប្រូសេស​ស្ដេរ៉ូន ដែលជា​អ័រម៉ូន​ទទួល​បន្ទុក​រៀបចំ​អនាគត​សម្បុក​របស់​ទារក គឺ​ប្រអប់​ស្បូន​តែម្ដង។ ប្រអប់ស្បូន​នេះពេស​ទៅដោយ​ភ្នាស​ដែលមាន​ឈ្មោះថា អង់ដូម៉ែត្រ តាមរយៈ​ការធ្វើ​ការ​ផ្លាស់ប្ដូរ​បន្ដិចម្ដងៗ។ នេះគឺនៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត ដែលអាច​បង្កបង្កើត​ជា​សម្បុក​ទារក​រឹតតែ​ទន់ល្មើយ។

ពេលដែល​មេជីវិត​ទាំងពីរ​មិនបាន​ជួបគ្នា

បើសិនជា​ស្ពែមម៉ាតូសូអ៊ីដ ឬ​មេជីវិត​បុរស​មិនបាន​ជួប​អូវុល ឬ​មេជីវិត​ស្ដ្រី វា​ចាប់ផ្ដើម​ចុះខ្សោយ បន្ទាប់​មកងាប់​តែម្ដង។ ការ​ផលិត​អ័រម៉ូន​ប្រូសេស​ស្ដេរ៉ូន ក៏​ត្រូវបាន​ផ្អាក​ផងដែរ។ អង់ដូម៉ែត្រ​មិនបាន​ភ្ជាប់ខ្លួន​នៅក្នុង​តួស្បូន​នោះទេ នោះគឺ​ដំណាក់​កាល​ដំបូង​នៃរដូវ​ស្ដ្រី។ សូម​កុំខកចិត្ដ​អី លោកអ្នក​មិនទាន់​អស់សង្ឃឹម​នោះទេ ព្រោះថា​នៅក្នុង​មួយជីវិត​របស់​ស្ដ្រី​អាចមាន​មេជីវិត​ប្រមាណ​ពី៣០០ ទៅ​៤០០​ឯណោះ ដែលអាច​បង្ក​កំណើត​បង្កើត​ជាទារក​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ពេលដែល​មេជីវិត​ទាំងពីរ​បាន​ជួបគ្នា

ការ​ធ្លាក់​មេជីវិត​ស្ដ្រី គឺជា​ដំណាក់​កាល​តែមួយ​គត់​ដែលអាច​ឱ្យមាន​ការបង្ក​កំណើត​កើតមាន​ឡើង។ ជាគោល​ការណ៍​វាស្ថិតនៅ​ចន្លោះ​ពីថ្ងៃទី​១០ ទៅថ្ងៃទី​១៤ នៃ​រដូវ​២៨ថ្ងៃ​ធម្មតារបស់​ស្ដ្រី​ទូទៅ។ មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យ​ពេលវេលា​នេះកន្លង​ផុតទៅ​ឡើយ បើ​លោកអ្នក​ចង់បង្ក​បង្កើត​គ្រួសារ។ ប្រសិនបើ​វដ្ដរដូវ​ទៀងទាត់ ការ​កំណត់​ឱ្យមាន​កូន​ពិតជា​មិន​ពិបាក​នោះទេ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក្ដី លោកអ្នក​នៅមាន​វិធានការ​ផ្សេងៗ​ទៀត សូម​កុំ​ព្រួយបារម្ភ​អី។ អ័រម៉ូន​ដែល​ទទួល​បន្ទុក​ការធ្លាក់​មេជីវិត​មាន​អត្ដចរិត​ង៉ិកងរ ជួនកាល​កិកកុក​មិនធ្លាក់​មក ឬ​បញ្ចេញ​មកក្រៅ​បីបួន​ថ្ងៃក៏​មាន។ បញ្ហា​មួយចំនួន​ដែលអាច​មាន​ឥទ្ធិពល​ទៅលើ​អ័រម៉ូន​ទាំង នេះ គឺមាន​ដូចជា​អាការ​ស្ដ្រេស្ស ការ​ប្រែប្រួល​អារម្មណ៍ ការ​ធ្វើ​ដំណើរ ឬការ​ប្រែប្រួល​អាកាស​ធាតុ​ជាដើម។ ហេតុនេះ​ទើបមាន​សំណួរមួយ​លើកឡើង​ថា តើអ្វីៗ​ទាំងអស់​វាកើត​ចេញពី​ខួរក្បាល​ឬយ៉ាង​ណា? ចម្លើយ​ឆ្លើយ​ថា ពិតប្រាកដ​ហើយ។ ពិភព​អ័រម៉ូន​តូចមួយ​នេះ ដាក់ឱ្យ​ដំណើរ​ការបាន​តាមរយៈ​ក្រពេញ​មួយដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​ខួរក្បាល​ដែលមាន​ឈ្មោះថា ក្រពេញ អ៊ីប៉ូភីស៍។

វិធី​សាស្ដ្រ​គិតរក​ថ្ងៃធ្លាក់​មេជីវិត​ស្ដ្រី

លោកអ្នក​អាចដឹង​អំពី​ពេលវេលា​នៃការ​ធ្លាក់មេជីវិត​នោះដោយ​ខ្លួនឯង​បាន។ ប៉ុន្ដែ​មានតែ​គ្រូពេទ្យ​ទេ ដែលអាច​ជួយ​លោកអ្នក​បាន​ត្រឹមត្រូវ និង​ជាក់លាក់​ក្នុងការ​គុណគូរ​រកថ្ងៃ​ធ្លាក់មេជីវិត​នោះបាន។ វិធី​សាស្ដ្រ​មិនអាច​ខ្វះបាន​ដែល​គ្រូពេទ្យ​តែងតែ​ប្រើមាន ដូចជាការ​ធ្វើ​តេស្ដទឹកនោម វិភាគឈាម ការ​ស្ទាបមាត់​ស្បូន និងការ​ត្រួតពិនិត្យ​ទឹករំអិល​មាត់ស្បូន​ជាដើម។

វិធីសាស្ដ្រ​ចំណាស់​ជាងគេ ក្នុង​ចំណោម​វិធីសាស្ដ្រ​ជាច្រើន គឺ​កំណត់ត្រា​ខ្សែកោង​សីតុណ្ហភាព ធ្វើឡើង​ក្នុង​រយៈពេល​ជាច្រើន​ខែ នៅតែ​អាច​ប្រើប្រាស់​បានដោយ​សារភាព​ងាយស្រួល​របស់វា។ វិធីសាស្ដ្រ​នេះយក​គម្លាត​ពេលវេលា​ជាមូលដ្ឋាន​ដែលជា​សញ្ញា​ប្រាប់​អំពីការ​ធ្លាក់មេជីវិត​ស្ដ្រី។ ផលវិបាក​របស់​វិធីនេះ គឺ​បង្កការ​ធុញទ្រាន់ និង​តម្រូវ​ឱ្យមាន​ការ​ឧស្សាហ៍​ព្យាយាម​ជាច្រើន។

អាការ​សញ្ញា​ប្រាប់​លោកអ្នក​អំពីការ​ធ្លាក់​មេជីវិត

  • ដោះ ឬ​សុដន់​ទាំងពីរ​ឡើងតឹង និង​មានការ​ឈឺ​រមួល​នៅថ្ងាស​ក្រោម​ពោះ
  • មាន​ទឹករំអិល​ចេញ​រឹត​តែច្រើន​នៅមាត់​ស្បូន
  • មានការ​ភ្ញោច​នៅត្រង់​អូវែរ ឬជា​ការហូរ​ឈាម​តិចតួច។

(សូម​បន្ដអាន​នៅ​លេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៥ ខែសីហា ឆ្នាំ២០១០

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *