សក់អាចជួយលើកទម្រង់មុខ និងលើកសម្រស់ឱ្យស្រស់ស្អាត។ មានលោកអ្នកមិនតិចទេដែលប្រាថ្នាចង់បានសក់ទន់ ភ្លឺរលោង ត្រង់រាបស្មើ និងចង់បំបាត់ចោលសក់ដែលមានសភាពរួញក្រញង់ជាប់លលាដ៍ក្បាល។ នៅពេលនេះសូមឈប់ព្រួយបារម្ភ ទៀតទៅ ព្រោះបច្ចុប្បន្ននេះវិទ្យាសាស្ដ្រកាន់តែមានការរីកចម្រើនទៅមុខជានិច្ច។ ក្ដីប្រាថ្នាបំបាត់សរសៃសក់រួញក្រញង់ ចាប់យក សរសៃសក់ទន់ភ្លឺត្រង់រាបស្មើរបស់លោកអ្នកពិតជាអាចធ្វើទៅបានតាមបច្ចេកទេសទំនើប។
ដើម្បីដោះស្រាយនូវបញ្ហានេះ អ្នកនាង ស្រីម៉ៅ នឹងរៀបរាប់ជូនលោកអ្នក តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ការស្វែងយល់ទៅលើសរសៃសក់
មុននឹងសម្រេចចិត្ដពន្លាសក់ លោកអ្នកគួរគប្បីពិនិត្យមើលទៅលើប្រភេទសរសៃសក់ជាមុនសិន តើត្រូវជ្រើសរើសយក ផលិតផលណាមួយមកប្រើ។ ផលិតផលសម្រាប់ពន្លាសក់ធ្វើឱ្យត្រង់រាបស្មើ ភ្លឺរលោងមានច្រើនប្រភេទណាស់។ ដូចនេះ ដើម្បីចៀស វាងនូវការខូចសរសៃសក់ ឬឆេះនោះ លោកអ្នកគួរគប្បីប្រុងប្រយ័ត្នក្នុងការជ្រើសរើសទឹកថ្នាំឱ្យបានល្អ។
របៀបអ៊ុតពន្លាសក់
នៅក្នុងវិធីសាស្ដ្រនៃការពន្លាសក់ត្រូវបានចែកចេញជាពីរដំណាក់កាល ៖
– ដំណាក់កាលទី១ ៖ ក្រោយពីបានពិនិត្យ និងជ្រើសរើសនូវប្រភេទថ្នាំរួច ជាដំបូងលោកអ្នកត្រូវកក់លាងសម្អាតសក់ឱ្យ បានស្អាតជាមុនសិន។ បន្ទាប់មកត្រូវផ្លុំសម្ងួតសក់ឱ្យស្ងួត ទើបយកប្រភេទថ្នាំពន្លាសក់ម្យ៉ាងដែលត្រូវទៅនឹងប្រភេទសរសៃសក់ និងស្បែកក្បាល មកលាងឱ្យសព្វសរសៃសក់ទាំងអស់ពីគល់រហូតដល់ចុង រួចផ្អាប់ទុក។ ចំពោះរយៈពេលនៃការផ្អាប់ទុក គឺអាស្រ័យ ទៅតាមប្រភេទនៃសរសៃសក់។ ប្រសិនបើសក់ដែលមានសរសៃស្ដើង ត្រូវផ្អាប់រយៈពេលប្រមាណជា១៥-២០នាទី ហើយត្រូវលាង សម្អាតចេញម្ដង។ ប៉ុន្ដែចំពោះសរសៃសក់ដែលក្រាស់ គប្បីត្រូវផ្អាប់រយៈពេលប្រមាណជា៣៥-៥០នាទី ទើបធ្វើការលាងសម្អាតចេញ។ ក្រោយពីបានធ្វើការលាងសម្អាតរួច ហើយត្រូវធ្វើការផ្លុំសក់ឱ្យស្ងួតម្ដងទៀត ទើបគាបចម្អិនសរសៃសក់សាជាថ្មី។
– ដំណាក់កាលទី២ ៖ បន្ទាប់ពីបានឆ្លងកាត់នូវដំណាក់កាលទី១រួច ត្រូវប្រើផលិតផលពន្លាសក់មួយប្រភេទទៀត ដើម្បី ថែរក្សា និងធ្វើឱ្យសក់ត្រង់ល្អ។ ត្រូវយកផលិតផលទីពីរនេះ លាបសក់ឱ្យសព្វរួចចំហុយសក់ប្រមាណជា២០-៣០នាទី ទើបលាង សម្អាតចេញ។ ក្រោយមកសូមធ្វើការផ្លុំសម្ងួតសក់ម្ដងទៀត ហើយគាបចម្អិនសក់ជាលើកទីពីរជាការស្រេច។
វិធីការថែរក្សា
ក្រោយពីបានឆ្លងកាត់នូវការពន្លាសក់រួច លោកអ្នកគួរតែយកចិត្ដទុកដាក់ទៅលើការថែទាំវិញម្ដង។ ដើម្បីឱ្យសរសៃ សក់មានសុខភាពល្អ ត្រង់រាបស្មើ មានទម្ងន់ លោកអ្នកត្រូវតែកក់សក់ជាមួយប្រភេទសាប៊ូដែលត្រូវនឹងសុខភាពស្បែកក្បាល និង សរសៃសក់ចំនួន៣ដងក្នុងមួយសប្ដាហ៍ ព្រមទាំងធ្វើការអប់សក់ចំនួន២-៣ដងក្នុងមួយខែ។ ធ្វើបែបនេះ សរសៃសក់របស់លោកអ្នក ពិតជាអាចរក្សានូវសម្រស់ និងភាពទន់រលោង ត្រង់រាបស្មើល្អបានយូរជាក់ជាមិនខាន។
ប្រការគួរចៀសវាង
អ្វីដែលសំខាន់នោះ លោកអ្នកគួរតែចៀសវាងនូវការច្នៃម៉ូតសក់ញឹកញាប់ពេក។ ចូរថែរក្សាសក់របស់លោកអ្នកកុំឱ្យប៉ះជា មួយកម្ដៅខ្លាំង ដូចជាការគាបសក់ដោយម៉ាស៊ីន ការផ្លុំសម្ងួត ការចងដោយកៅស៊ូ ឬដោយតង្កៀប។ ព្រោះទង្វើទាំងអស់នេះ អាចធ្វើឱ្យសរសៃសក់របស់លោកអ្នកវិលត្រឡប់មករកភាពរួញដូចដើមវិញបាន។
បណ្ដាំផ្ញើអ្នកជំនាញ
លោកអ្នកត្រូវចងចាំថា ទោះបីជាការពន្លាសក់ឱ្យត្រង់អាចធ្វើបាននៅគ្រប់ទីកន្លែងក្ដី។ ប៉ុន្ដែលោកអ្នកត្រូវតែជ្រើសរើស ឱ្យបានត្រឹមត្រូវ ព្រោះសក់ក៏ជាផ្នែកមួយសំខាន់នៅក្នុងការជួយលើកកម្ពស់សម្រស់។ ក្នុងករណីដែលលោកអ្នកជ្រើសរើសទីកន្លែងខុស ឬពុំមានការថែទាំត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យបំណងរបស់លោកអ្នកមិនបានសម្រេចនោះទេ ថែមទាំងរឹតតែធ្វើឱ្យសក់របស់លោកអ្នកឆេះខូចថែមទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១
Leave a Reply