សុគន្ធ អារីយ៉ា ការងារ​ល្អ​ស្ដែងចេញ​ពី​សុខភាព​ល្អ

ដោយសារ​តែមាន​ដុងសិល្បៈ​នៅក្នុង​ខ្លួន​ដែល​ធម្មជាតិ​បានផ្ដល់​ឱ្យពី​កំណើត​នោះ កញ្ញា​ស្រស់​សោភា​ដែលជា​អ្នក​ចម្រៀង អ្នក​សម្ដែង និង​ជាពិធីការិនី​ដែលមាន​ឈ្មោះ​បោះសម្លេង​នៅក្នុង​ផលិតកម្ម​ក្លាស៊ិក សុគន្ធ អារីយ៉ា កំពុង​តែទទួល​បាននូវ​ផ្លែផ្កា​យ៉ាងគាប់​ប្រសើរ​នៅក្នុង​វិស័យ​សិល្បៈ រហូត​មានការ​គាំទ្រ​ពីសំណាក់​ទស្សនិកជន​តាមរយៈ​ការ​សម្ដែង​សាច់រឿង ក៏ដូចជា​ការ​បញ្ចេញ​នូវវោហា​ស័ព្ទ​តាមរយៈ​កម្មវិធី​នៅស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ៥។ ប៉ុន្ដែ​ទន្ទឹម​នឹង​ការទទួល​បាននូវ​ជោគជ័យ​គ្រប់​ភារកិច្ច​ទាំងនេះ​កញ្ញា បាន​បញ្ជាក់​ថា គឺ​ផ្ដើមឡើង​ពីសុខភាព​ល្អ ទើប​ការងារ​ទទួលបាន​ល្អហើយ​ប្រសើរ​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខណៈពេល​ដែល​កញ្ញា​ស្រស់សោភា សុគន្ធ អារីយ៉ា មាន​ភាព​មមាញឹក​នឹង​ការងារ​យ៉ាងណា​ក៏ដោយ​តែកញ្ញា​នៅតែ​ឆ្លៀតពេល​វេលា​ដ៏មាន​តម្លៃ​របស់ខ្លួន​ធ្វើការ​បកស្រាយ​ពីការ​ថែទាំ​សុខភាព និង​សម្រស់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជាគ្រឿង​ផ្សំ​ដ៏ពិសិដ្ឋ​មួយចំនួន​សម្រាប់​យុវវ័យ​ទាំងឡាយ​ឱ្យមាន​លំនាំ​នៃការ​ថែទាំ​សុខភាព​ទទួលបាន​នូវ​លទ្ធផល និង​សម្រស់​ផូរផង់។

ប្រវត្ដិ​ចូល​សិល្បៈ

ជាធម្មតា​តារា​មួយចំនួន​ធំបាន​ចូលសិល្បៈ​តាមរយៈ​ការប្រឡង​ជ្រើសរើស​របស់​កម្មវិធី​ផ្សេងៗ​ដែលបង្កើត​ឡើង​ដើម្បី​ជ្រើសរើស​យកកញ្ញា​ឯក​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​តាមតម្រូវ​ការ​របស់​ក្រុមហ៊ុន មិនយូរ​មិនឆាប់​តារា​ទាំងនោះ​ច្រើន​ទទួល​បាននូវ​ភាពជោគ​នៅទៅ​លើការងារ​សិល្បៈ​តាម​បំណង​ប្រាថ្នា​របស់ខ្លួន។ ដោយឡែក​សម្រាប់​កញ្ញា​ធ្មេញ​ជំពើ​សស្រស់​ស្អាត សុគន្ធ អារីយ៉ា​វិញ គឺ​ចូលប្រឡូក​ក្នុងសិល្បៈ​ទទួលបាន​នូវ​កេរ្ដិ៍ឈ្មោះ​ដ៏ប្រសើរ​មកដល់​សព្វថ្ងៃ​នេះ គឺ​កើតចេញ​ពីការ​ណែនាំ​របស់​តារា​ភាពយន្ដ​រូបសង្ហា សុគន្ធ ថេរៈយុ តែ​ប៉ុណ្ណោះ ដែល​គ្រាន់តែ​ធ្វើការ​ណែនាំ​នូវវិធី​សាស្ដ្រ​មួយចំនួន​កញ្ញា​ក៏បាន​ក្លាយទៅ​តារា​ចម្រៀង​ទទួលបាន​នូវការ​គាំទ្រ​យ៉ាងច្រើន​ផងដែរ។

ការ​ថែរក្សា​សម្រស់

ខណៈពេល​ដែល​កញ្ញា សុគន្ធ អារីយ៉ា កំពុងតែ​បណ្ដែតខ្លួន​លើវិថី​សិល្បៈ​យ៉ាង​មមាញឹក កញ្ញា​ក៏មិនដែល​ភ្លេច​អំពីការ​ថែរក្សាសម្រស់ សុខភាព​នោះទេ ព្រោះ​កញ្ញាយល់​ថា​សុខភាព​គឺជា​កាតព្វកិច្ច​ដ៏សំខាន់​ណាស់​ត្រូវតែ​យកចិត្ដ​ទុកដាក់​ថែទាំ​ដោយ​មិនខ្លាច នឿយហត់ឡើយ ព្រោះថា​ការងារ​ដែលនាង​ទទួលបាន​នៅពេល​នេះ គឺ​ស្ដែងឡើង​ពីសុខភាពល្អ​បរិបូរណ៍​ទើប​សម្រេច​នូវ​កិច្ចការងារ​ទាំងឡាយ​នេះ។ ខាងក្រោម​នេះ គឺជា​វិធី​ថែទាំ​សម្រស់​និងសុខភាព​របស់ សុគន្ធ អារីយ៉ា ដែលបាន​ធ្វើការ​អនុវត្ដន៍​ជាប្រចាំ។

  • ការ​ថែរក្សាសក់ ៖ សរសៃសក់​របស់​អារីយ៉ា នាងបាន​ប្រើប្រាស់​សាប៊ូ​កក់បន្ទន់​ដែលប្រើ​រយៈពេល​ពីរថ្ងៃ​ម្ដង ព្រោះថា​ជា ទូទៅ​នាងតែងតែ​ឡើង​កម្មវិធី​ផ្សេងៗ​នៅតាម​ស្ថានីយ​ទូរទស្សន៍។ ដូច្នេះ​នាង​ត្រូវតែ​ព្យាយាម​ថែរក្សា​សរសៃសក់​កុំឱ្យ​បែកចុង ហើយ​អប់ឱ្យ​សរសៃសក់​ឱ្យមាន​សំណើម​ជានិច្ច ដើម្បី​ឱ្យ​សុខភាព​សក់​មាន​សភាព​រស់រវើក​ជានិច្ច ងាយស្រួល​បត់បែន​តាម​តម្រូវការ​មុនពេល​ឡើង​កម្មវិធី​ផ្សេងៗ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ ជាទូទៅ​អារីយ៉ា​យកចិត្ដ​ទុកដាក់​ជានិច្ច លើ​ផ្ទៃមុខ​ប្រៀបដូច​ទ្រព្យសម្បត្ដិ​ត្រូវតែ​ថែរក្សា។ សម្រាប់​អារីយ៉ា​ផ្ទៃមុខ​តែងតែ​មានម្សៅ​ឬឡេ​បំប៉ន​ជានិច្ច មុនពេល​ឡើង​លើឆាក​ប្រគំ​តន្ដ្រី​និងការ​សម្ដែង​ចម្រៀង​កាយវិការ​ផ្សេងៗ។ ចំណែក​ពេលយប់​វិញនាង​ក៏​ប្រើប្រាស់​សារជាតិ​ឡេ​បំប៉ន​លើ​ផ្ទៃមុខ​ផងដែរ។ រីឯ​ពេលថ្ងៃ​មុនពេល​ចេញទៅ​ណាមក​ណាក៏​នាងបាន​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ជាមួយ​ម្សៅ​ទ្រនាប់​ទៀតផង ដើម្បី​ការពារ​កុំឱ្យ​ចាំងពន្លឺថ្ងៃ​ខូច​ផ្ទៃមុខ។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ ដោយឡែក​ចំពោះ​ស្បែក​ដងខ្លួន​អារីយ៉ា​ធ្វើការ​ថែទាំ​បែប​សាមញ្ញ​តែប៉ុណ្ណោះ គឺ​ជ្រើសរើស យក​សាប៊ូ​ដែលមាន​គុណភាព​ដែលអាច​កម្ចាត់​បាក់តេរី​ឬ​មេរោគ​យកមក​ដុសខ្លួន​ផងដែរ។ ក្រៅពីនេះ​អារីយ៉ា​ក៏បាន​លាយឡេ​ម្សៅ​ព្រោះ​ធ្វើយ៉ាង​ណាឱ្យ​ដងខ្លួន​ស្រឡូន​ស្រស់ស្អាត។
  • ការ​ថែរក្សាធ្មេញ ៖ រីឯ​សុខភាព​មាត់ធ្មេញ អារីយ៉ា​ជ្រើសរើស​ការ​ថែទាំ​ដោយដុះ​ធ្មេញ​មួយថ្ងៃ​៣ដង ពេលព្រឹក​ម្ដង ពេល​ថ្ងៃត្រង់​ម្ដង និង​មុនចូល​គេងម្ដង។ ជាពិសេស​ក្រោយពេល​ទទួលទាន​ចំណី​អាហារ​តែម្ដង ចាំបាច់​ត្រូវតែ​ដុះធ្មេញ​ជាប្រចាំ ព្រោះ​វាអាច​ការពារ​ធ្មេញ​នាងឱ្យ​មានការ​រឹងមាំ​និងមាន​ក្លិនមាត់​ល្អ។ ចំពោះ​ការ​ថែរក្សា​ធ្មេញ​ទៀតសោត កញ្ញា​តែងតែ​ទៅមន្ទីរ​ព្យាបាល​ធ្មេញ រាល់​១ខែម្ដង ដើម្បី​ឱ្យទន្ដបណ្ឌិត​ពិនិត្យ​ព្យាបាល សម្អាត និង​ពិនិត្យ​រកធ្មេញ​ដង្កូវស៊ី ដើម្បី​ធ្វើការ​ព្យាបាល​ឱ្យទាន់​ពេលវេលា។
  • ការ​ថែរក្សា​ភ្នែក ៖ ចំពោះភ្នែក​តែងតែ​មានការ​ការពារ​ជានិច្ច​រាល់ពេល​ចេញទៅ​ខាងក្រៅ ដោយប្រើ​វ៉ែនតា​ការពារ​កម្ដៅថ្ងៃ​និង​ការពារ​ធូលី ហើយ​ពេលខ្លះ​នាងក៏​បាន​ជ្រើសរើស​ការ​ថែរក្សា​ភ្នែក​ដោយថ្នាំ​បន្ដក់​ផងដែរ។
  • ការ​ថែរក្សា​រោមភ្នែក ចិញ្ចើម បបូរមាត់ ៖ អារីយ៉ា​តែងតែ​យកចិត្ដ​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បបូរមាត់ និង​ស្បែក​បបូរ មាត់ ហើយក៏​ជ្រើសរើស​ផលិតផល​ក្រេម​ដែលល្អ​ដើម្បី​ធ្វើការ​ការពារ​យកមក​លាប​លើ​បបូរមាត់​មិនអាច​ខានបាន​ឡើយ ព្រោះ​ត្រូវ​ការពារ​កុំឱ្យ​បបូរមាត់​ប្រេះ។ ចំពោះ​រោមភ្នែក​និង​ចិញ្ចើម កញ្ញា​មិនសូវ​ថែរក្សា​អ្វីនោះ​ទេ តែ​ពេលខ្លះ​នាង​ជ្រើសរើស​វិធី​ថែរក្សា​ដោយលាប​ម៉ាស្ការ៉ា​ផងដែរ។
  • ការ​ថែរក្សា​ក្រចកជើង ក្រចកដៃ ៖ ចំពោះ​ក្រចកដៃ​ក្រចកជើង អារីយ៉ា​លាបនិង​កែលម្អ​មួយ​សប្ដាហ៍ ឬ​ពីរសប្ដាហ៍​ម្ដង។ ចំពោះ​ប្រអប់ដៃ​ប្រអប់​ជើង កញ្ញា​ក៏បាន​ប្រើប្រាស់​ឡេ​ការពារ​ផងដែរ ដើម្បី​ឱ្យស្បែក​ទន់ និង​ម្រាមដៃ​ម្រាមជើង​មានភាព​ស្រឡូន។
រូបភាពទស្សនាវដ្ដីសុខភាពយើង

សុខភាព​រាងកាយ​ជាការ​ចាំបាច់​មាន​តម្លៃ​ស្មើជីវិត

ក្នុងនាម​ជាពិធី​ការិនី តារា​សម្ដែង អារីយ៉ា​តែងតែ​ប្រកាន់​ខ្ជាប់​ជានិច្ច​គឺ​សម្រស់​រាងកាយ សុខភាព គឺជា​ការ​ចាំបាច់​សម្រាប់​អាជីព​ដូចនាង។ ព្រោះថា​ជាតារា​ចម្រៀង​នៅពេល​ដែលឡើង​លើឆាក​មាន​ទស្សនិកជន​ច្រើនណាស់​ជាអ្នក​ទស្សនា ដូច្នេះ​ត្រូវ​ថែរក្សា​សុខភាព​និង​រាងកាយ​ឱ្យបាន​ល្អ​មាំមួន។ ក្រៅពីនេះ​នាងក៏​ជ្រើសរើស​ការ​ហាត់កីឡា​ស្ទើររាល់​ថ្ងៃ​ផងដែរ គឺ​វាយសី​និង​ទទួលទាន​ដំណេក​ឱ្យបាន​គ្រប់គ្រាន់។

បំណង​ទៅថ្ងៃ​អនាគត

កញ្ញា អារីយ៉ា បាន​បញ្ជាក់​ថា ថ្ងៃ​អនាគត​នាងចង់​ក្លាយ​ទៅជា​អ្នក​បម្រើ​ការងារ​មួយ​ខាងផ្នែក​ធនាគារ ព្រោះ​កញ្ញា​យល់ថា ជាអ្នក​សិល្បៈ​មិនអាច​រក្សា​អាជីព​នេះបាន​យូរអង្វែង​ឡើយ។ តែ​ប្រសិនបើ​ទៅថ្ងៃមុខ​ជីវិត​ជាអ្នក​សិល្បៈ ទស្សនិកជន​នៅតែ​គាំទ្រ​នាង នឹង​បន្ដជានិច្ច​មិនឱ្យ​ទស្សនិកជន​អស់សង្ឃឹម​ឡើយ។

បណ្ដាំ​ផ្ញើ សុគន្ធ អារីយ៉ា

មិត្ដនារី​គ្រប់រូប ដើម្បី​ឱ្យ​រាងកាយ​ស្រស់ស្អាត និង​សម្រស់​ឋិតឋេរ​នោះ គឺយើង​ត្រូវតែ​ជ្រើសរើស​របប​អាហារ​ណាដែល​ត្រឹម ត្រូវ​ដូចជា​ទទួល​ផ្លែឈើ និង​បន្លែ​ឱ្យបាន​ច្រើន។ មួយទៀត​អ្វីដែល​សំខាន់​បំផុតនោះ​គឺ​ត្រូវតែ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង​ត្រឹមត្រូវ ព្រោះ​ជម្រើស​នេះអាច​ធ្វើឱ្យ​សុខភាព​យើង​កាន់តែ​ប្រសើរ ហើយ​សាច់ឈាម​ស្រស់ថ្លា​ជានិច្ច។ ជាពិសេស​យុវវ័យ​ទាំងអស់​ត្រូវ​ចៀសឱ្យ ផុត​ពីការ​សេពគ្រឿង​ញៀន​និង​គ្រឿង​ស្រវឹង​ផ្សេងៗ។ ប្រសិនបើ​មានពេល​ទំនេរ ត្រូវតែ​យក​ពេលវេលា​នោះ​ទៅសិក្សា ឬ​ស្ដាប់​បទ ចម្រៀង​ផ្សេងៗ​ដើម្បី​ផលប្រយោជន៍​ចំណេះ​ដឹង​បន្ថែម​ពីសង្គម​ផងដែរ។

ប្រវត្ដិរូប​សង្ខេប

  • ឯម ចរិយា ហៅ សុគន្ធ អារីយ៉ា
  • អាយុ​២៣ឆ្នាំ
  • កម្ពស់ ១.៦៧​ម៉ែត្រ
  • ទម្ងន់ ៤៧​គីឡូក្រាម
  • ទំហំ​ទាំងបី ដើមទ្រូង​៣៥ ២៧ ៣៦
  • បងប្អូន ៤នាក់ ស្រី២ ជាកូន​ទី៣
  • ទីកន្លែង​កំណើត ខេត្ដ​បាត់ដំបង
  • អាជីព​បច្ចុប្បន្ន តារា​ចម្រៀង សម្ដែង និង​ពិធីការិនី
  • កម្រិត​វប្បធម៌ បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែកធនាគារ
  • ស្ថានភាព​គ្រួសារ​នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *