វិធី​តុបតែង​ខ្លួន​របស់ស្ដ្រី​ធ្វើការ​នៅក្នុង​ការិយាល័យ

ស្ដ្រី​ដែល​ធ្វើការ​នៅក្នុង​ការិយាល័យ​អាចចាត់​ទុកជា​ស្ដ្រី​ដែលមាន​តួនាទី និង​មុខងារ​ច្បាស់លាស់ ដែលអាច​ធ្វើឱ្យ​ខ្លួន សង្គម រួមទាំង​គ្រួសារ​មាន​ភាព​រីកចម្រើន​បានយ៉ាង​ល្អ។ ហើយ​អាចចាត់​ទុកថា​ជាស្ដ្រី​ដែលមាន​ភាព​វៃឆ្លាត និង​ប៉ិន​ប្រសប់​នៅក្នុង​សង្គម​ផងដែរ។ ដោយ​ឡែក​សម្រាប់​ការ​តុបតែង​ខ្លួនគឺ​ជារឿង​ដ៏សខាន់​បំផុត ស្ដ្រី​ធ្វើការ​នៅក្នុង​ការិយាល័យ​មិនត្រូវ​បណ្ដោយ​ឱ្យខ្លួន​ក៏ដូចជា​ផ្ទៃមុខ​ធម្មតា​ពេក​នោះទេ ត្រូវតែ​មានលាប​ក្រេមម្សៅ​ជាប់​នៅលើ​ថ្ពាល់ខ្លះៗទើ​បជា​ការ​ប្រសើរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង ជួបជា​មួយ​លោកស្រី សាពណ៌ សាពណ៌​ម៉ូឌែលីង​អេជិនស៊ី នឹងប្រាប់​ពីវិធី​នៅក្នុង​ការ​តុបតែង​ខ្លួន របស់​ស្ដ្រី​ដែលធ្វើ​ការ​នៅក្នុង​ការិយាល័យ។

ប្រការ​គួរយល់​ដឹង​ចំពោះ​ស្ដ្រី​ដែលធ្វើការ​នៅក្នុង​ការិយាល័យ

ស្ដ្រី​គ្រប់រូប​ត្រូវតែ​មានគ្រឿង​សម្អាង​គ្រប់គ្រាន់​ទាំងអស់ សម្រាប់​តុបតែង​មុខ ហើយ​ត្រូវតែ​មាន​នៅតាម​ខ្លួន​ជានិច្ច ចៀសវាង​នៅពេល​ដែលមាន​ការ​ប្រញាប់​មិនបាច់​ត្រឡប់​ទៅផ្ទះឬក៏​ចូល​ហាង ព្រោះ​ធ្វើឱ្យ​ខាតបង់​ទាំងពេល​វេលា​រួមទាំង​ថវិកា។

របៀប​តុបតែង​ខ្លួន​សម្រាប់​ស្ដ្រី​ធ្វើការ​នៅក្នុង​ការិយាល័យ

ស្ដ្រី​ដែល​ធ្វើការ​នៅក្នុង​ការិយាល័យ​ត្រូវពឹង​ផ្អែក​ទៅលើ​បរិវេណ​របស់​ការិយាល័យ ថាតើ​ការិយាល័យ​ជាការិយាល័យ​ឯកជន​ឬក៏ជា​របស់​រាជរដ្ឋាភិបាល ដើម្បី​ងាយស្រួល​នៅក្នុង​ការ​រៀបចំ​តុបតែង​ខ្លួនប្រាណ​ឱ្យសម​​ទៅនឹង​កន្លែង​ធ្វើការ។

  • សម្លៀក​បំពាក់ ៖ ចំពោះ​សម្លៀក​បំពាក់​ជួនកាល​តម្រូវ​ទៅតាម​ក្រុមហ៊ុន ដោយ​ស្លៀកពាក់​ជាឯកសណ្ឋាន​របស់​ក្រុមហ៊ុន។ ចំណែក​ឯក្រុមហ៊ុន​មួយចំនួន​ក៏បាន​តម្រូវ​ឱ្យ​ស្លៀកសម្លៀក​បំពាក់​ផ្ទាល់ខ្លួន​ផងដែរ។ ដូចនេះ​មិនថា​ជាសម្លៀក​បំពាក់​ក្រុមហ៊ុន ឬក៏ជា​សម្លៀក​បំពាក់​ផ្ទាល់ខ្លួន​នោះទេ គឺត្រូវ​តែលៃ​យ៉ាងណា​ឱ្យ​សម្លៀក​បំពាក់​មាន​ភ្លីជានិច្ច មិន​សិចស៊ី​ពេក​មិន​សុភាព​ពេក។
  • ការ​តុបតែង​មុខ ៖ សម្រាប់​ស្ដ្រី​ដែល​ធ្វើការ​នៅក្នុង​ការិយាល័យ គួរតែ​ឆ្លៀតពេល​តុបតែង​មុខ ដោយ​បែប​ធម្មជាតិៗ មិនត្រូវ​បណ្ដោយ​ឱ្យ​ផ្ទៃមុខ​ទទេ​ដោយ​មិនមាន​ប្រើអ្វី​សោះនោះ​ទេ។ ការ​តុបតែង​មុខនេះ​ក៏មិនមាន​អ្វី​ដែល​ពិបាក​នោះដែរ។ នៅ​មុនពេល​ទៅធ្វើ​ការ​គួរតែចំណាយ​ពេល៥នាទី​នៅក្នុង​ការ​តុបតែង​មុខ ដោយ​ប្រើប្រាស់​ឡេ​សម្រាប់​ការពារ​ពន្លឺ​ព្រះអាទិត្យ ហើយ​ប្រើម្សៅហុយ​បន្ដិចបន្ដួច​លាប​នៅលើ​ផ្ទៃមុខ ចំណែក​ឯម៉ាស្ការ៉ា​ត្រូវតែ​មាន​ជានិច្ចសម្រាប់​លាប​នៅលើ​រោមភ្នែក។ បន្ទាប់មក​ត្រូវគូស​ត្របកភ្នែក​បន្ដិច ហើយ​ក្រេម​ត្រូវតែ​មាន​នៅលើ​បបូរមាត់​ជានិច្ច ដោយ​ប្រើពណ៌​ស្រាលៗ និង​ត្រូវ​ប្រើម្សៅ​ពណ៌ផ្កាឈូក​ផាត់​នៅលើ​ថ្ពាល់បន្ដិច​ឱ្យឃើញ​ព្រឿងៗ​ជាការ​ស្រេច។
  • ការ​តុបតែង​សក់ ៖ សក់ក៏ជា​ផ្នែកមួយ​ដែល​សំខាន់​បំផុត​ដែរ ជាពិសេស​សម្រាប់​ស្ដ្រីដែលមាន​សក់រួញ គួរតែ​បួងឡើង ឬ ក៏ចង​ឱ្យបាន​ស្អាត តែ​សម្រាប់​ស្ដ្រី​ដែលមាន​សក់​រលោងត្រង់​ស្អាត​អាច​ទម្លាក់ ឬក៏​ចងលើក​ឡើង​ឱ្យខ្ពស់​ល្មម​សមនឹង​ទម្រង់មុខ។
  • ក្រចកដៃ​ក្រចកជើង ៖ មិនត្រូវ​លាបពណ៌​ដែល​ឆើតឆាយ​ពេក​នោះទេ ត្រូវលាប​ពណ៌ស្រាល ហើយ​ក៏មិនត្រូវ​ទុកក្រចក ឱ្យ​វែងពេក​នោះដែរ។ ជាពិសេស​ត្រូវតែ​ឧស្សាហ៍​សម្អាត​ក្រចកដៃ​ជើង​ឱ្យបាន​ស្អាត​ជានិច្ច ដោយ​នៅក្នុង​មួយសប្ដាហ៍​ត្រូវតែ​ធ្វើការ​សម្អាត​ពី២ទៅ​៣ដង ឬក៏​ត្រូវកាត់​សាច់ម្ដង​នោះទើប​ប្រសើរ។
  • ស្បែក​ជើង ៖ សម្រាប់​ស្ដ្រីដែល​ធ្វើការ​នៅក្នុង​ការិយាល័យ គួរតែ​ប្រើស្បែក​ជើង​អេសស្កាប៉ាង ឬក៏ជា​ស្បែកជើង​កែង។

ដំបូន្មាន​អ្នក​ជំនាញ

ស្ដ្រី​ដែល​ធ្វើការ​នៅក្នុង​ការិយាល័យ​ត្រូវតែ​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​តុបតែង​ខ្លួន ដូចជា​នៅមុនពេល​ទៅធ្វើការ​ត្រូវតែ​សម្អាតខ្លួន​ប្រាណ​ឱ្យបាន​ស្អាត។ បន្ទាប់មក​ត្រូវ​ជ្រើសរើស​នូវ​សម្លៀក​បំពាក់​ដែលស​មរម្យ មិន​សិចស៊ី​ពេក​ហើយ​មិនសុភាព​រាបសា ជ្រុល​ពេក។ បន្ទាប់មក​ធ្វើការ​តុបតែង​មុខ​ដើម្បី​ឱ្យផ្ទៃមុខ​មាន​ពណ៌​ស្រស់​ស្អាត ជាពិសេស​ត្រូវមើល​ខ្លួនឯង​ឱ្យបាន​គ្រប់ជ្រុង ដើម្បី​កុំឱ្យ​មាន​ចំណុច​ខ្វះខាត។ នៅពេល​ដែល​ទៅដល់​ការិយាល័យ ត្រូវតែធ្វើការ​ពិនិត្យ​ចំពោះ​ការ​តុបតែង​មុខ និង​សម្លៀក​បំពាក់​ម្ដងទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *