គឹម សីហា ហាត់​កីឡា​ដើម្បី​សុខភាព និង​សម្រស់

តារា​សម្ដែង​រូបស្រស់​សង្ហា​កំពុងតែ​រះ និង​ពេញ​និយម ហើយ​មានការ​គាំទ្រ​យ៉ាងច្រើន​ពីសំណាក់​មហាជន ជាពិសេស​គឺ​យុវវ័យ​នោះ គឺ​លោក គឹម សីហា ដែលបាន​ប្រឡូក​ចូលនៅ​ក្នុងវិស័យ​សិល្បៈ​ជាង២ឆ្នាំ​មកហើយ។ សីហា​ជាអតីត Freshie boy លេខ២​នៅក្នុង​ឆ្នាំ​២០០៧ សព្វថ្ងៃ​នេះ​សីហា​កំពុង​តែមាន​ការ​មមាញឹក​ច្រើន ទាំងការ​សម្ដែង​ក៏ដូចជា​ការសិក្សា និង​រកស៊ីផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក គឹម សីហា បាន​ចូលខ្លួន​មក​បកស្រាយ​ពីការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​លោកផ្ទាល់​ជូនដល់​ប្រិយ​មិត្ដអ្នក​អាន​ទាំងអស់ ពិសេស​ប្រិយមិត្ដ​ដែលមាន​ការ​គាំទ្រ​ចំពោះ​រូប​លោក​ទទួល​ជ្រាប​តាមរយៈ​កិច្ចសម្ភាស​ជាមួយ​ទស្សនាវដ្ដី សុខភាព​យើង។

ប្រវត្ដិ​មុនចូល​សិល្បៈ

មុននឹង​ឈានចូល​ជាអ្នក​សិល្បៈ សីហា​ធ្លាប់​ជាសិស្ស​ដែល​សិក្សា​នៅវិទ្យាល័យ​វត្ដកោះ។ នៅក្នុង​ឆ្នាំ២០០៦ សីហា​បាន​ប្រឡង​ជាប់​បាក់ឌុប ហើយ​ក៏បាន​បន្ដការ​សិក្សា​នៅសាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច ផ្នែក​រដ្ឋបាល​សាធារណៈ ។ នៅមុន​ពេល​ប្រឡូក​ចូលសិល្បៈ សីហា​បាន​ប្រឡង Freshie boy ឆ្នាំ​២០០៧ នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ៣។ សីហា​បាន​ប្រឡងជាប់​ចំណាត់​ថ្នាក់លេខ២​នៅក្នុង​ចំណោម Freshie boy ទាំងអស់។ បន្ទាប់ពី​ប្រឡងជាប់​បាន​រយៈពេល​ជាង​កន្លះឆ្នាំ សីហា​ត្រូវបាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​ឱ្យទៅ​ថតស្ពត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ ក្រៅពី​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សីហា​ក៏បានទៅ​សម្ដែង​ខារ៉ាអូខេ​ឱ្យ​ផលិតម្ម​មួយចំនួន ហើយ​បទ​ចម្រៀង​នោះមាន ដូចជា​បទ​បារម្ភសង្សារ​ក្មេង ស្រឡាញ់គ្នា​ឱ្យស្លាប់​ចុះ បេះដូង Play boy ជាដើម។ ក្រៅពីនេះ​សីហា​ក៏បាន​សម្ដែង​ជាខ្សែ​ភាពយន្ដ​បានមួយ​ចំនួន​ដែរ ដូចជា​រឿង“ជំនាង​ផ្ទះ​២០១០ ស្អប់​ខ្ទើយ” និង​រឿង​ដែល​កំពុងថត​នោះគឺ “ចាញ់ចិត្ដ​ត្បិត​ស្រឡាញ់”សម្រាប់​ប៉ុស្ដិ៍​ទូរទស្សន៍​បាយ័ន ដោយ​សីហាសម្ដែង​ជាតួរង ហើយ​ជាមិត្ដ​របស់​តួឯក​ស្រី។ ក្រៅពី​អាជីព​ជាតារា​សម្ដែង និង​ជានិសិ្សត​ហើយ​នោះ សីហា​ក៏បាន​បើករបរ​រកស៊ី​ផ្ទាល់ខ្លួន​ផងដែរ។

ការ​ថែរក្សា​សម្រស់

សព្វថ្ងៃ​តារា​សម្ដែង គឹម សីហា កំពុង​តែមាន​ការ​មមាញឹក​នឹង​ការងារ​ជាច្រើន ទាំងការ​សម្ដែង​ជាខ្សែ​ភា​ពយន្ដ និង​សម្ដែងជា​ខារ៉ាអូខេ និង​របរ​រកស៊ី​ជាដើម។ ប៉ុន្ដែ​ទោះបី​ជាមាន​ការ​មមាញឹក​យ៉ាងណា​ក៏ដោយ សីហា​មិនភ្លេច​ពីការ​ថែទាំ​សុខភាព​របស់​ខ្លួន​នោះទេ។ ខាងក្រោម​ជាវិធី​នៃការ​ថែរក្សា​សម្រស់ និង​សុខភាព​របស់​តារា​សម្ដែង គឹម សីហា។

  • ការ​ថែរក្សា​សក់ ៖ សក់​គឺជា​ផ្នែកមួយ​ដ៏សំខាន់​សម្រាប់​សីហា នៅក្នុង​មួយថ្ងៃ​សីហា​កក់សក់​១ដង​គឺនៅ​ពេល​ព្រឹក។ នៅពេល​ដែល​សីហា​ចេញ​ទៅសម្ដែង​ម្ដងៗ​តែងតែ​ធ្វើសក់ និង​បាញ់ស្ប្រៃយ៍​ជានិច្ច។ ដូចនេះ​នៅពេល​ដែល​សម្ដែង​ចប់​ឬក៏មាន​អារម្មណ៍​ថា សក់មាន​បញ្ហា ដូចជាស្ងួត​ឬក៏ឡើង​ប្រេង​ច្រើន សីហា​តែងតែ​កក់សក់​ហើយ​នឹងអប់​សក់​ជាមួយ​ផលិតផល​ដែលមាន​គុណភាព​ល្អ។
  • ការ​ថែរក្សា​ស្បែកមុខ ៖ នៅក្នុង​អាជីព​ជាអ្នក​សិល្បៈ សីហា​តែងតែ​ធ្វើការ​តុបតែង​មុខ​នៅពេល​ដែល​សម្ដែង​ម្ដងៗ ដូចនេះ​នៅក្រោយ​ពេល​សម្ដែង​ចប់ សីហា​តែងតែ​ធ្វើការ​លុបលាង​មុខ​ជាមួយ​ផលិតផល​ដែល​ល្អ និង​ជួយ​ការពារ​ស្បែក​មុខ។ នៅពេល​ចេញទៅ​ណាមក​ណាម្ដងៗ លោក​តែងតែ​ប្រើឡេ​ការពារ​កម្ដៅថ្ងៃ​ជានិច្ច។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ សីហា​មិនមាន​អ្វីឱ្យ​ប្លែក​នោះទេ គឺ​គ្រាន់តែ​សម្អាត​បាក់តេរី​នៅដង​ខ្លួន​ឱ្យបាន​ស្អាត​ជាមួយ សាប៊ូ និង​ស្បៃ​ដុសខ្លួន​ជារៀង​រាល់ពេល​ដែល​ងូតទឹក។ យ៉ាងណា​មិញ សីហា​ក៏ឧស្សាហ៍​ទទួលទាន​ទឹក​បានច្រើន ព្រោះ​សីហា​យល់ថា ទទួល​ទានទឹក​បានច្រើន​អាចជួយ​បង្កើន​សំណើម​ដល់​ស្បែក និង​ធ្វើឱ្យ​មាន​សុខភាព​ល្អ​ផងដែរ។ នៅពេល​ចេញក្រៅ​ម្ដងៗ សីហា​តែងតែ​ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ពាក់អាវ​ដៃវែង​ជានិច្ច។ អ្វីដែល​ពិសេស​ជាងនេះ​នោះគឺ​រៀងរាល់​ពេល​ទំនេរ សីហា​តែងតែ​ទៅស្ទីម និង ហែលទឹក ដើម្បី​បញ្ចេញ​សារជាតិ​ពុល​ដែលមាន​នៅក្នុង​ខ្លួន ដែលអាច​ធ្វើឱ្យ​សីហា​មាន​សុខភាព​ល្អ។
  • ការ​ថែរក្សា​ភ្នែក ៖ សីហា​យកចិត្ដ​ទុកដាក់​បំផុត​នៅក្នុង​ការ​ថែរក្សា​ភ្នែក នៅពេល​ដែល​ជិះម៉ូតូទៅណា​មកណា​ម្ដងៗ​តែងតែ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ព្រោះ​មួក​សុវត្ថិភាព​មាន​កញ្ចក់​សម្រាប់ជួយ​ការពារ​ភ្នែក។ នៅពេល​ដែល​ដើរក្រោម​ពន្លឺថ្ងៃ សីហា​តែងតែ​ពាក់វ៉ែនតា​ការពារ​ពន្លឺថ្ងៃ។ ជាពិសេស​សីហា​បានប្រើ​ទឹកថ្នាំ​សម្រាប់​លាង​សម្អាត​ធូលីដី ដែលមាន​នៅក្នុង​ភ្នែក រាល់ពេល​ដែលមាន​អារម្មណ៍​ថាភ្នែក​មាន​បញ្ហា។
  • ការ​ថែរក្សា​ធ្មេញ ៖ សុខភាព​មាត់ធ្មេញ​ជារឿង​ដ៏សំខាន់ ដូចនេះ​សីហា​តែងតែ​ធ្វើការ​សម្អាតធ្មេញ​នៅក្នុង​មួយថ្ងៃ​បីដង។ សីហា​តែងតែ​ទៅជួប​ជាមួយ​ទន្ដពេទ្យ​ធ្មេញ​រាល់ពេល​៦ខែ​ម្ដង ដើម្បី​ធ្វើការ​សម្អាត​ធ្មេញ។ នៅក្រោយ​ពេល​ដែល​ទទួលទាន​អាហារ ហើយ​សីហា​តែងតែ​ប្រើសរសៃ​អំបោះ​សម្រាប់​សម្អាត​ធ្មេញ និង​មានទឹក​សម្រាប់​ខ្ពុរមាត់​ផងដែរ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែទាំ​សុខភាព​រាងកាយ

  • ការ​ទទួលទាន​ដំណេក ៖ សីហា​តែងតែ​យកចិត្ដ​ទុកដាក់​នៅក្នុង​ការ​ទទួលទាន​ដំណេក ព្រោះ​សីហា​យល់ថា​ការ​ទទួលទាន​ដំណេក​បានច្រើន​អាចធ្វើ​ឱ្យ​សុខភាព​រឹងមាំ ស្រស់ស្រាយ និង​មិនធ្វើ​ឱ្យឆាប់​មួម៉ៅ​ជាដើម។
  • ការ​ទទួលទាន​អាហារ ៖ សីហា​មិនដែល​ធ្វេស​ប្រហែស​នោះទេ ចំពោះការ​ទទួលទាន​អាហារ។ សីហា​តែងតែ​ទទួលទាន បន្លែ និង​ផ្លែឈើ​ច្រើន ដើម្បី​សុខភាព​រឹងមាំ និង​មាន​ជីវជាតិ​បំប៉ន​ដល់​រាងកាយ សីហា​មិន​ចូលចិត្ដ​ទទួលទាន​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមានជាតិ​ទឹកដោះគោ​ច្រើន​នោះទេ។
  • លំហាត់​ប្រាណ ៖ ចំពោះ​ការ​ហាត់ប្រាណ សីហា​តែងតែ​ធ្វើជា​ប្រចាំ​នៅក្នុង​មួយថ្ងៃគឺ​២ម៉ោង ដូចជា​លើក​អាល់ទែរ ហែលទឹក​ជាដើម។ បន្ទាប់​ពីហាត់​កីឡា សីហា​តែងតែ​ទៅស្ទីម​ដើម្បី​សុខភាព និង​សម្រស់។

បំណង​ទៅថ្ងៃ​អនាគត

ការងារ​ជាអ្នក​សិល្បៈ​សព្វថ្ងៃ​នេះ សីហា​បាន​ទទួល​ជោគជ័យ​ច្រើន ហើយ​ក៏ជា​ការងារ​ដែល​សីហា​ស្រឡាញ់​ផងដែរ។ ដូចនេះ​បើសិន​ជាទស្សនិកជន​នៅតែ​គាំទ្រ សីហា​នៅតែ​បន្ដ​អាជីព​ដដែល។ ក្រៅពីនេះ​សីហា​ក៏នៅមាន​បំណង​ទៅថ្ងៃ​អនាគត​ដែរ គឺចង់​ធ្វើជាអ្នក​ទំនាក់ទំនង​ផ្នែក​ការទូត។

បណ្ដាំ​ផ្ញើ​របស់ គឹម សីហា

សម្រាប់​យុវជន​ក៏ដូចជា​យុវនារី​ទាំងអស់ នៅពេល​ទំនេរ​មិនត្រូវ​ដើរលេង​ច្រើន​ពេកនោះ​ទេ គួរតែ​ឆ្លៀតពេល​សិក្សា​ឱ្យបាន​ច្រើន។ ជាពិសេស​ត្រូវ​នៅឱ្យ​ឆ្ងាយពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​អាច​បំផ្លាញ​អនាគត​របស់​មនុស្ស​យើង​គ្រប់គ្នា។ បើ​មានពេល​ទំនេរ​ច្រើន​គួរតែ​ចេះប្រើ​ពេលវេលា​ឱ្យមាន​តម្លៃ និង​គួរតែ​ឆ្លៀតពេល​លេង​កីឡា​ឱ្យបាន​ច្រើន ដើម្បី​សុខភាពល្អ។

ប្រវត្ដិរូប​សង្ខេប

  • ឈ្មោះ ៖ គឹម សីហា
  • អាយុ ៖ ២១ឆ្នាំ
  • ថ្ងៃខែ​ឆ្នាំកំណើត ៖ ២៤ សីហា ១៩៨៩
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • កម្ពស់ ៖ ១,៧៥ម៉ែត្រ
  • ទម្ងន់ ៖ ៥៥​គីឡូក្រាម
  • បង​ប្អូន ៖ ២នាក់ ប្រុស១ ស្រី១ (ជាកូន​ច្បង)
  • អាជីព​នាពេល​បច្ចុប្បន្ន ជាតារា​សម្ដែង និង​ជានិសិ្សត​ផ្នែក​រដ្ឋបាល​សាធារណៈ
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *