ការ​ហាត់ប្រាណ ពេលហាត់ និង​អត្ថប្រយោជន៍

ការ​យក​ពេលវេលា​ដ៏មាន​តម្លៃ​ទៅចាយ​វាយលើ​សុខភាព​ដើម្បី​ភាពល្អ​ប្រសើរ គឺជា​កម្រិត​ត្រឹមត្រូវ​ហើយនឹង​ទទួលបាន​លទ្ធផល។ ការ​ហាត់ប្រាណ​មាន​គោលដៅ​ជាចម្បង​ចំពោះ​សុខភាព​សម្រាប់​មនុស្ស​ម្នាក់ៗ។ សកម្មភាព​ហាត់ប្រាណ​ទាំងនោះ​មិន​សំដៅ​ទៅ​ពេលវេលា​ណាមួយ​នោះទេ។ ការ​ហាត់ប្រាណ​នៅពេល​ព្រឹក​ឬក៏ពេល​ល្ងាច​គឺ​មិនសំខាន់​ទេ គឺ​លោកអ្នក​នឹង​បាន​ទទួល​សុខភាព​មួយដ៏​បរិបូរណ៍​គ្រប់ពេល​ដែលបាន​ហាត់​ប្រាណ​ជាទៀង​ទាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅពេល​នេះ​លោកអ្នក​នឹងបាន​ស្វែងយល់​ពីសារៈ​សំខាន់​នៃការ​ហាត់ប្រាណ​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង តាមរយៈ​ការជួប​សម្ភាស​ជាមួយ​លោក ខាត់ សុខទី គ្រូបង្ហាត់​កីឡានៅ​ក្លឹប​វីអាយភី។

កំណើន​នៃអ្នក​ហាត់ប្រាណ

មកដល់​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កាន់តែ​ជ្រាបច្បាស់​ពីអត្ថ​ប្រយោជន៍​នៃការ​ហាត់ប្រាណ​ច្រើនឡើងៗ តាមរយៈ​ការ​ឃើញ​ជាក់ស្ដែង​គ្រប់ទី​កន្លែង ដូចជា​តាម​សួនច្បារ មាត់ទន្លេ និងនៅ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក​ជាដើម។ នេះជា​ការបង្ហាញ​ឱ្យ​កាន់តែ​ឃើញថា​លោកអ្នក​ពិតជា​យកចិត្ដ​ទុកដាក់​ចំពោះ​សុខភាព និង​មានការ​ជ្រាប​កាន់តែ​ច្បាស់​អំពីអត្ថ​ប្រយោជន៍​នៃការ​ហាត់ប្រាណ។ លោកអ្នក​ជាច្រើន​បាន​សម្រេចចិត្ដ​ចំណាយ​ពេលវេលា​ទៅលើ​ការ​ហាត់ប្រាណ មិនថា​ពេលព្រឹក ឬ​ពេលល្ងាច​នោះទេ ក៏អាច​ហាត់​បានដែរ។ ប៉ុន្ដែ​អ្វីដែល​នៅតែ​ព្រួយបារម្ភ​នោះគឺ​មាន​លោកអ្នកមួ​យចំនួន​តូច​មិនទាន់​បាន​ចំណាយ​ពេល​ទៅលើ​ការ​ហាត់ប្រាណ​នៅឡើយ​ទេ។ មូលហេតុ​នេះក៏​អាច​បណ្ដាល​មកពី​ការ​មិនទាន់​ជ្រាប​ច្បាស់​ពីអត្ថ​ប្រយោជន៍​នៃការ​ហាត់ប្រាណ។

សារៈ​ប្រយោជន៍​នៃការ​ហាត់ប្រាណ

លោកអ្នក​ដែលបាន​ធ្វើការ​ហាត់ប្រាណ មិនថា​ហាត់​ទៅតាម​របៀប​ណាមួយ​នោះទេ ក៏អាច​ជួយ​បង្កើន​សុខភាព​របស់​លោកអ្នក​ឱ្យ​កាន់តែ​ប្រសើរ និង​ធ្វើឱ្យ​រាងកាយ​របស់​លោកអ្នក​កាន់តែរឹងមាំ។ ការ​ហាត់ប្រាណ​នឹងជួយ​ឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែ​ខ្លាំងក្លា និងអាច​ជួយឱ្យ​លោកអ្នក​ចៀសផុត​ពីជម្ងឺ​ផ្សេងៗ​ទៀតផង។

  • ការ​ហាត់ប្រាណ​នៅពេល​ព្រឹក ៖ ការ​ហាត់ប្រាណ​នៅពេល​ព្រឹក​គឺជា​វេលា​មួយ​ដែល​លោកអ្នក​មិនទាន់​ស្រស់ស្រូប​អាហារ​ពេលព្រឹក។ ដូចនេះ​នៅពេល​ដែល​លោកអ្នក​បាន​បញ្ចេញ​នូវថាមពល​ចេញពី​រាងកាយ​ធ្វើឱ្យ​បែកញើស​បញ្ចេញ​ជាតិពុល​ពីក្នុង​រាងកាយ រីឯ​កម្លាំង​ក្នុងរាងកាយ​កាន់តែ​មានភាព​ប្រសើរ​ជាជាង​មុន។ សូម​ចងចាំ​ផងដែរ​ថា មុននឹង​ធ្វើការ​ហាត់ប្រាណ​នៅពេល​ព្រឹក លោកអ្នក​គប្បី​ទទួលទាន​ទឹកមុន​ពេល​ហាត់​ដោយ​បរិមាណ​២ទៅ​៣កែវ​រួច​សម្រាក​មួយសន្ទុះ​សឹម​ហាត់។ អំឡុង​ពេល​ហាត់​ក៏គួរ​ឆ្លៀតពេល​ទទួលទាន​ទឹក១​ទៅ២កែវ​ផងដែរ ដើម្បី​បំពេញ​នូវ​ជាតិទឹក​ដែលបាន​បាត់បង់​ខណៈ​ពេលហាត់​ប្រាណ​និង​ការពារ​មិនឱ្យរាងកាយ​ស្ថិត​នៅក្នុង​ភាព​ខ្សោះ ឬ​ខ្វះ​ជាតិទឹក ដែលអាច​បង្ក​ផល​លំបាក​កើតមាន​ក្នុង​ពេលហាត់ ដូចជា​បណ្ដាល​ឱ្យស្ងួត​បំពង់ក រមួល​ក្រពះ ក្អួត ឈឺក្បាល វិលមុខ ឬ​អស់កម្លាំង​ជាដើម។ សម្រាប់​ការ​ហាត់ប្រាណ​នាពេល​ព្រឹក លោកអ្នក​អាច​ជ្រើសរើស​វិធី​ជាច្រើន​ក្នុងការ​ហាត់ ដូចជា​ការដើរ រត់ រាំ និងការ​ធ្វើ​កីឡា​កាយ​វប្បកម្ម​ជាដើម។
  • ការ​ហាត់ប្រាណ​នៅពេល​ល្ងាច ៖ សម្រាប់​ការហាត់​ប្រាណ​ពេលល្ងាច​ក៏មាន​សារៈ​ប្រយោជន៍​មិនខុស​ពីពេល​ព្រឹក​នោះដែរ គឺនឹង​ធ្វើឱ្យ​លោកអ្នក​មាន​សុខភាព​ល្អ។ ករណី​ការហាត់​ប្រាណ​ពេលល្ងាច លោកអ្នក​អាច​ជ្រើសរើស​ពេលវេលា​សមស្រប​ណាមួយ​ចាប់ពីម៉ោង​៥ល្ងាច​រហូត​ដល់ម៉ោង​៧យប់។ សម្រាប់​ពេលល្ងាច​លោកអ្នក​អាច​ហាត់ប្រាណ​ដោយការ​រាំ រត់ ឬ​ក៏លើក​សាច់ដុំ​ជាដើម។ បើ​និយាយ​ពីការ​ហាត់ប្រាណ​ដោយការ​លើក​សាច់ដុំ​នៅពេល​ល្ងាច​គឺមាន​ភាព​ប្រសើរ​ជាង​នៅពល​ព្រឹក ព្រោះ​ពេលល្ងាច​លោកអ្នក​មានកម្លាំង​ខ្លាំង​ជាងពេល​ព្រឹក។ ប៉ុន្ដែ​លោកអ្នក​ក៏អាច​ហាត់​នៅពេល​ព្រឹក​ផងដែរ គឺ​នៅម៉ោង​ប្រហែល​ជា៩ព្រឹក​ក្រោយពេល​ទទួលទាន អាហារ​ពេលព្រឹក​រួចរាល់។ ដើម្បី​ការពារ​បញ្ហា​លំបាក​ដែលអាច​កើតមាន​នៅពេល​ហាត់ លោកអ្នក​គប្បី​ទទួលទាន​ទឹក​ជាប្រចាំ ប៉ុន្ដែក៏​មិនគប្បី​ទទួលទាន​ក្នុង​កម្រិត​ច្រើន​នោះ​ទេ ហើយ​ត្រូវ​សម្រាក​បន្ដិច​រាល់ពេល​ដែល​ទទួលទាន​ទឹករួច ព្រោះអាច​បណ្ដាល​ឱ្យមាន​អាការ​មិនស្រួល​កើតមាន​ឡើង​ទៅវិញ​ទេ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

ឯកសណ្ឋាន​ជួយ​ការពារ​នៅពេល​ហាត់ប្រាណ

ការ​ហាត់ប្រាណ​គឺអាច​ហាត់បាន​ចំពោះ​គ្រប់វ័យ​ទាំងអស់ មិនថា​កុមារ​មនុស្ស​ពេញវ័យ ឬ​មនុស្សចាស់​គឺអាច​ហាត់​បាន​ទាំងអស់​គ្នា ព្រោះការ​ហាត់ប្រាណ​នឹង​ហុចផល​ជាវិជ្ជមាន​ចំពោះលោកអ្នក​ដូចៗ​គ្នា។ យ៉ាងណា​ម៉ិញ ក្នុង​ពេល​ហាត់ប្រាណ​លោកអ្នក​គប្បី មាន​ឯកសណ្ឋាន​ត្រឹមត្រូវ​សម្រាប់​កីឡា​ហាត់ប្រាណ ចៀសវាង​បញ្ហា​ដែលអាច​កើតមាន។ លោកអ្នក​គប្បី​ពាក់ស្បែក​ជើង​ឱ្យ​ត្រឹមត្រូវ ដើម្បី​ការពារ​ពេលធ្វើ​កីឡា ចៀសវាង​ការ​រលាក​ជើង ហើយ​នៅពេល​ដែលមាន​វ័យ​ចំណាស់​អាចធ្វើ​ឱ្យ​ឈឺក្បាល​ជង្គង់ និង​ចង្កេះ​ទៀតផង។ លោកអ្នក​គប្បី​ជ្រើសរើស​ខោត្រឹម​ជង្គង់ ឬលើ​ជង្គង់ ចៀសវាង​ខោវែងៗ​ពេក​ដែលអាច​បង្កការ​លំបាក​នៅពេល​ហាត់ប្រាណ។ ត្រូវ​ពាក់អាវ​យឺតកីឡា គឺ​ដើម្បី​ជួយ​ការពារ​ការ​បែកញើស​ច្រើន ងាយស្រួល​ឱ្យ​ញើស​ស្រូប​ចូលក្នុង​អាវ ហើយ​បើសិន​ជាអាច​មានកូនកន្សែង​មួយ​ប្រចាំ​ជាប់ក​របស់​លោកអ្នក​រាល់ពេល​ធ្វើ​កីឡា​កាន់តែ​ប្រសើរ។

ដំបូន្មាន​អ្នក​ជំនាញ

ការហាត់​ប្រាណ​ដែលអាច​ទទួលបាន​ប្រសិទ្ធភាព​មួយ​រយភាគរយ​នោះ មិនមែន​ថាហាត់​ថ្ងៃនេះ​ថ្ងៃស្អែក​មិន​ហាត់​នោះទេ គឺ​លោកអ្នក​គប្បី​ធ្វើការ​ហាត់​ឱ្យបាន​ទៀងទាត់។ ក្នុងការ​ហាត់ប្រាណ​មាន​វិធី​ជាច្រើន ជាអាទិ​កីឡា​កាយវប្បកម្ម​ដែលមាន​ឧបករណ៍ ទំនើបៗ​និង​សុទ្ធតែ​ជាគ្រឿង​ដែក។ ដូចនេះ​ពេលហាត់​លោកអ្នក​គប្បី​ត្រូវចេះ​ស្ទង់​ទៅលើ​កម្លាំង​ដែលអាច​ហាត់​ទៅបាន តែបើ​នៅតែ​ប្រឹងហាត់​ហួស​ពីសមត្ថភាព​នោះ នឹងអាច​បង្កឱ្យ​មានបញ្ហា​ចំពោះ​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *