ខ្វះជាតិស្ករ

កញ្ញា​.ប.ល.អ អាយុ​២២​ឆ្នាំ ភ្នំពេញ

សំណួរ ៖ សួស្ដី​លោក​វេជ្ជបណ្ឌិត លី ចេងហ៊ុយ។ នាងខ្ញុំ​អាយុ​២២ឆ្នាំ ប៉ុន្ដែ​នាងខ្ញុំ​មានបញ្ហា​មួយចំនួន​ទាក់ទង​នឹង​សុខភាព​នាងខ្ញុំ។ នាងខ្ញុំ​ជាមនុស្ស​មិនងាយ​នឹងមាន​ជម្ងឺ​អ្វីផ្ដេសផ្ដាស​ទេ ប៉ុន្ដែ​មាន​បញ្ហា​មួយចំនួន គឺថា​នាងខ្ញុំ​តែងមាន​អាការ​ខ្សោយ​ជាង​មនុស្ស​ធម្មតា​បន្ដិច ហើយ​នេះ​ប្រហែល​ជាមក​ពីនាង​ខ្ញុំខ្វះ​ជាតិស្ករ។ នាង​ខ្ញុំតែង​មាន​អាការ​វិលមុខ​ជាប្រចាំ​ថ្ងៃ ជាពិសេស​ពេល​ព្រឹក ពេលលើក​របស់​ធ្ងន់ៗ ឬ​ឡើង​ជណ្ដើរ​ច្រើនជាន់​ជាដើម ឬ​បន្ទាប់​ពីញ៉ាំ​កាហ្វេ​រួច។ នាងខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ចង់ធ្វើ​លំហាត់​ប្រាណ ដូចជា​ដើរ​តិចៗ រាំតាម​បទភ្លេង ប៉ុន្ដែ​សុខភាព​នាងខ្ញុំ​មិន​អំណោយ​ផល​សោះ។ នាងខ្ញុំ​មាន​ចម្ងល់​ចង់សួ​រថា តើនាង​ខ្ញុំគួរ​ធ្វើ​បែបម៉េច​ដើម្បី​បំបាត់​អាការ​វិលមុខ អាចហាត់​ប្រាណ​បាន និងអាច​ធ្វើការ​ធ្ងន់​បាន​ដូចគេ? តើអាការ​នេះ​បណ្ដាល​មកពី​ខ្វះ​ជាតិស្ករ​តែមួយ​មុខ​ឬ? សូម​អរគុណ​ទុកជា​មុន។

វេជ្ជ. លី ចេងហ៊ុយ ៖ សួស្ដី​ប្អូនស្រី ករណី​សំណួរ​របស់ប្អូន​ពិតជា​មិនងាយ​ស្រួល​ក្នុង​ការឆ្លើយ​នោះទេ ដោយសារ​មិនបាន​ពិនិត្យ​សុខភាព​ប្អូនស្រី​ផ្ទាល់ និង​សាកសួរ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត។ អ្វីដែល​ប្អូនស្រី​ត្រូវធ្វើ គឺ​ត្រូវ​ពិនិត្យ​សុខភាព​ជាមួយ​លោក វេជ្ជបណ្ឌិត​ណាម្នាក់​ដើម្បីឱ្យ​ដឹងថា តើប្អូន​ស្រី​មានកង្វះ​ជាតិស្ករ ឬ​សារជាតិ​ចិញ្ចឹម​ដែរឬ​ទេ ព្រមទាំង​អាចដឹង​អំពី​តុល្យភាព​សុខភាព និង​សរីរាង្គកាយ​ទាំងមូល។ បើក្នុង​ករណី​ប្អូនស្រី​ខ្វះជាតិស្ករ​ឬ​សារធាតុ​ចិញ្ចឹម​ណាមួយ គឺ​ពិតជា​មិន​ពិបាក​នោះទេ គ្រាន់តែ​រក​ពីមូលហេតុ​ដែល​នាំឱ្យ​ខ្វះ និង​ទទួលទាន​ត្រឹមត្រូវ​គ្រប់គ្រាន់​គឺអាច​ដោះស្រាយ​បាន​ហើយ។ ផ្ទុយ​ទៅវិញ បើក្នុង​ករណី​ប្អូនស្រី​មាន​ជម្ងឺ​សរីរាង្គណា​មួយ ដូចជា​ជម្ងឺ​បេះដូង សរសៃ​ឈាម ប្រព័ន្ធ​ប្រសាទ​ជាដើម នោះ​តម្រូវ​ឱ្យទទួល​ការ​ព្យាបាល​យ៉ាង​ម៉ត់ចត់​ដោយ​គ្រូពេទ្យ​ជំនាញ។ ព្រោះថា​បើ​ត្រឹមតែ​ខ្វះជាតិ​ស្ករ​មួយមុខ មិនធ្វើ​ឱ្យប្អូនស្រី​ឡើង​ជណ្ដើរ ឬ​ធ្វើ​ការងារ​ហត់នោះ​ទេ បែបនេះ​អាចជា​អាការ ឬ​រោគសញ្ញា​នៃជម្ងឺ​បេះដូង សរសៃ​ឈាម​ផងដែរ។ ជាធម្មតា​មនុស្ស​យើង​ពេលធ្វើ​សកម្មភាព​ផ្លូវកាយ ដូចជា​ហាត់​ប្រាណ លេង​កីឡា ឬ​រាំ​តែងតែ​ហត់ គ្រាន់តែ​អ្នកខ្លះ​អាច​ប្រើ​រយៈពេល​យូរ ឬ​រយៈពេល​ឆាប់តែ​ប៉ុណ្ណោះ។ ការ​ទទួលទាន​កាហ្វេ​អាចបង្ក​ឱ្យមាន​បញ្ហា​ញ័រ ដើម​ទ្រូង ឬ​បេះដូង​ដើរញាប់​ចំពោះ​មនុស្ស​មួយ​ចំនួន បូករួម​ទាំងប្អូន​ស្រី​ផងដែរ ពីព្រោះ​ថាកាហ្វេ​អាច​ភ្ញោច​សរីរាង្គ ជាពិសេស​បេះដូង​ឱ្យដើរ​ញាប់​ជាងមុន​ឬជាង​ធម្មតា នោះក្នុង​ករណី​អ្នកដែល​ងាយរង​ប្រតិកម្ម​ជាមួយ​ជាតិកាហ្វេ​អ៊ីន។ សរុបមក​ក្នុង​ករណី​ប្អូនស្រី​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ​នៃរោគ​សញ្ញា​ទាំងនេះ​ថា តើ​បណ្ដាល​មកពី​មូលហេតុ​អ្វី។ បន្ទាប់​ពីដឹង​នូវ​ប្រការ​ទាំងនោះ​ហើយ ការ​ព្យាបាល​នឹង​លុបបំបាត់ ពិតជា​មិន​ពិបាក​នោះទេ ហើយ​ថែមទាំង​អាចជា​សះស្បើយ​យ៉ាងឆាប់​រហ័ស​ទៀតផង។ សូម​កុំដង្អក់​យូរ និង​កុំ​បណ្ដោយ​ឱ្យអង្ក​ក្លាយជា​បាយឱ្យ​សោះ។ បើ​នៅតែ​មាន​ចម្ងល់​ប្អូនស្រី​អាច​សរសេរ​សំបុត្រ​មកកាន់​ខ្ញុំបាទ​ជាថ្មី ឬ​អាចជួប​ជាមួយ​ខ្ញុំបាទ ដោយ​ផ្ទាល់​នៅមជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី។ សូម​ប្អូនស្រី​មាន​សំណាង​ល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៦ ខែកញ្ញា ឆ្នាំ២០១០

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *