សូមជម្រាបសួរលោកវេជ្ជបណ្ឌិត!
បញ្ហារបស់ខ្ញុំគឺថា ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំបានប៉ុន្មានសប្ដាហ៍ទៅហើយ តែពុំទាន់បានប៉ះពាល់គ្នាឱ្យស៊ីជម្រៅនៅឡើយទេ ព្រោះលិង្គរបស់ខ្ញុំពុំព្រមឡើងរឹងសោះ យ៉ាងច្រើនបានត្រឹមតែរីកធំជាងមុនតែមិនរឹងឡើយ។
នៅពេលព្រឹកព្រលឹម លិង្គរបស់ខ្ញុំក៏ងើបឡើងរឹង ធ្វើឱ្យខ្ញុំនឹកចង់រួមភេទ ប៉ុន្ដែបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ គ្រាន់តែចំណាយពេលបបោសអង្អែលភរិយាមួយភ្លែតសោះ លិង្គរបស់ខ្ញុំក៏ទន់វិញភ្លាមតែម្ដង ហើយក៏លែងឡើង។ ខ្ញុំមិនដឹងថានេះមកពីមូលហេតុអ្វីទេ? តើខ្ញុំអាចដូចអ្វីដែលលោកវេជ្ជបណ្ឌិតបានសរសេរអំពីវិបត្ដិលិង្គមិនឡើងរឹងនោះដែរឫទេ? តើខ្ញុំត្រូវប្រឈមមុខនឹងដោះស្រាយបញ្ហានេះយ៉ាងម៉េចទៅ? ខ្ញុំមិនហ៊ានទៅជួបពេទ្យទេ ខ្ញុំខ្មាសគេណាស់ ហើយក៏មិនហ៊ានប្រើឱសថជំនួយផ្លូវភេទផ្ដេសផ្ដាសដែរ។ ខ្ញុំឮគេថា លិង្គរបស់បុរសនៅពេលដែលវាឡើងរឹងហើយនោះ គឺមិនងាយទន់វិញនោះទេ លុះត្រាតែបានដល់គោលដៅ តើពិតមែនទេ? ហេតុអ្វីលិង្គរបស់ខ្ញុំឡើងហើយទន់ទៅវិញភ្លាម(នៅពេលព្រឹក)។
ប្រពន្ធរបស់ខ្ញុំបានទៅបំពេញបេសកកម្មនៅបរទេសរយៈពេល២ខែមកហើយ ហើយនៅសល់តែ២ខែទៀតប៉ុណ្ណោះ នាងនឹងត្រឡប់មកវិញ។ នាងធ្លាប់សួរខ្ញុំថា “តើបងទៅរកគ្រូពេទ្យហើយឬនៅ?” ខ្ញុំមិនទាន់ប្រាប់នាងនៅឡើយនោះទេ។ នាងសង្ឃឹមថា នៅពេលដែលនាងត្រឡប់មកវិញ ខ្ញុំអាចផ្ដល់កូនឱ្យនាងបាន ព្រោះនាងចង់បានកូនខ្លាំងណាស់។ តើខ្ញុំគួរធ្វើដូចម្ដេចទៅ បើខ្ញុំមិនកើតដូច្នេះ?
តើលោកវេជ្ជបណ្ឌិត អាចជួយខ្ញុំបាទផងបានទេ? តើខ្ញុំត្រូវទៅពិគ្រោះ និងព្យាបាលនៅទីកន្លែងណាទើបមានប្រសិទ្ធភាព? តើខ្ញុំបាទត្រូវទំនាក់ទំនងជាមួយលោកវេជ្ជបណ្ឌិតដោយរបៀបណា ដើម្បីដោះស្រាយបញ្ហានេះ?
ខ្ញុំធ្លាប់ឃើញមានការចុះផ្សាយនៅក្នុងទស្សនាវដ្ដី សុខភាពយើង ស្ដីអំពីឱសថម្យ៉ាងដែលផ្សំឡើងដោយរុក្ខជាតិធម្មជាតិសុទ្ធសាធរបស់ប្រទេសកូរ៉េមានឈ្មោះថា “YANGCHUN CAPSULE” មានប្រសិទ្ធភាពខ្ពស់ និងមិនមានផលប៉ះពាល់។ តើខ្ញុំអាចប្រើវាបានទេ? តើឱសថនេះពិតជាមានប្រសិទ្ធភាពខ្ពស់ដូចអ្វីដែលបានសរសេរឫ? តើខ្ញុំអាចទិញវានៅកន្លែងណាបាន?
តើការពិសាស៊ុតមាន់អាចធ្វើឱ្យបុរសគ្មានកូនដែរឬទេ? ព្រោះពីមុនខ្ញុំចូលចិត្ដទទួលទានស៊ុតមាន់ ស៊ុតទា ជាពិសេសគឺសម្រាប់អាហារពេលព្រឹក តែមួយរយៈនេះក៏ឈប់ញ៉ាំតែម្ដងទៅ។
សូមលោកវេជ្ជបណ្ឌិត មេត្ដាជួយខ្ញុំបាទដោយក្ដីអនុគ្រោះផងចុះ។ ជូនពរឆ្នាំថ្មី ឆ្នាំខាល សូមលោកវេជ្ជបណ្ឌិតព្រមទាំងក្រុមគ្រួសារប្រកបដោយសេចក្ដីសុខ និងសុភមង្គល។ សង្ឃឹមថានឹងបានទទួលការឆ្លើយតបរបស់លោកវេជ្ជបណ្ឌិតយ៉ាងឆាប់រហ័ស។ សូមអរគុណលោកវេជ្ជបណ្ឌិតទុកជាមុន។
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមជម្រាបសួរ និងសូមអរគុណដល់លោកដែលបានសរសេរលិខិតតាមរយៈអ៊ីម៉ែលមកកាន់ខ្ញុំបាទនេះ។ លោកពិតជាបានរៀបរាប់យ៉ាងក្បោះក្បាយអំពីបញ្ហារបស់លោក ទោះបីជាលោកមិនបានប្រាប់ពីអាយុថាប៉ុន្មានក្ដី តែព័ត៌មានទាំងនេះអាចជាមូលដ្ឋានសម្រាប់ខ្ញុំជម្រាបជូនបានហើយ។ សំណួររបស់លោកមានលក្ខណៈលម្អិតច្រើន តែផ្ដោតទៅលើអាការលិង្គមិនសូវឡើងរឹង និងការចង់បានបុត្រ។
សូមបញ្ជាក់ថា វិបត្ដិលិង្គមិនសូវឡើងរឹងនេះមានមូលហេតុជាច្រើន ជាពិសេសគឺកត្ដាផ្លូវចិត្ដ និងកត្ដាផ្លូវកាយ ក្នុងនោះចំណីអាហារអាចដើរតួនាទីតិចតួចបំផុត។ ទស្សនៈរបស់លោកទៅលើការទទួលទានស៊ុតមាន់ និងស៊ុតទា ថាប៉ះពាល់នេះពិតជាមិនត្រឹមត្រូវទេ ផ្ទុយទៅវិញវាជាប្រូតេអ៊ីនអាចជួយដល់សុខភាពផ្លូវភេទ និងសុខភាពបន្ដពូជទៅវិញទេ។ ចំពោះករណីលោក វិបត្ដិលិង្គមិនសូវឡើងរឹងនេះ អាចកើតមានទៅតាមវ័យ និងមូលហេតុណាមួយ។ តែខ្ញុំសូមទាត់ចោលករណីវ័យប្រហែលជាលោកមានហេតុផលណាផ្សេងហើយមើលទៅ ជាពិសេសករណីផ្លូវចិត្ដ ដោយសារលោកធ្វើការងារប្រើខួរក្បាលគិតច្រើន ឬព្រួយបារម្ភច្រើន។ លោកអ្នកអាចជួបពិគ្រោះជាមួយខ្ញុំបាទវេជ្ជបណ្ឌិត លី ចេងហ៊ុយ តាមទូរស័ព្ទ និងជួបដោយផ្ទាល់។ លោកអាចជួបតាមរយៈ ទូរស័ព្ទលេខ ៨៨ ៩៩ ដោយប្រើប្រាស់លេខទូរស័ព្ទSmart Mobile និងលោកអាចជួបពិគ្រោះជាមួយខ្ញុំបាទផ្ទាល់នៅមជ្ឈមណ្ឌល វេជ្ជសាស្ដ្រ LCC (គ្លីនិកអ៊ិលស៊ីស៊ី) អាសយដ្ឋាន និងទំនាក់ទំនងផ្សេងៗមានផ្សាយនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង។
ការប្រើប្រាស់ឱសថពិតជាអាចប្រើបាន តែទៅតាមករណីនីមួយៗដោយឡែកពីគ្នា។ បើនិយាយពីឱសថប្រភេទនេះ មានច្រើនបែបច្រើនយ៉ាងណាស់ តែខ្ញុំសូមមិនធ្វើអត្ថាធិប្បាយលម្អិតអំពីផលិតផលYang Chunដែលលោកលើកឡើងនៅលើទំព័រ នេះពេលនេះទេ។ ខ្ញុំនឹងអាចជម្រាបលោកលម្អិតនៅពេលជួបលោកដោយផ្ទាល់។
រីឯការចង់បានកូន ពិតជាមិនពិបាកទេសម្រាប់លោកកុំអស់សង្ឃឹមអ្វីពីព្រោះលោកទើបតែរៀបការថ្មីថ្មោងប៉ុណ្ណោះ ព្រោះថាការរួមភេទអាចផ្ដល់កំណើតបុត្របាន ប៉ុន្ដែមិនមែនសុទ្ធតែមានបុត្ររាល់ពេលរួមភេទនោះទេ។ បញ្ហាចម្បងគឺលោកត្រូវដោះស្រាយវិបត្ដិលិង្គមិនសូវឡើងរឹងសិន។ ព្រោះថាបើមិនមានការរួមភេទ មិនអាចមានកូនបាននោះទេ ពេលណាលោករួមភេទបាន ដែលអាចឈានដល់ការបញ្ចេញទឹកកាមចូលទៅក្នុងទ្វារមាសរបស់ភរិយាលោកនោះ អាចមានកូនបានហើយ។ ប៉ុន្ដែលោក និងភរិយាត្រូវមានពេលវេលារួមរស់នៅជាមួយគ្នា(រួមភេទ) ដែលអាចឈានដល់ការបញ្ចេញទឹកកាមចូលទៅទ្វារមាសព្រមទាំងចំថ្ងៃ ដែលមានមេជីវិតធ្លាក់នោះ ទើបអាចមានកូនបាន។ ហេតុនេះ ទាក់ទងនឹងការមានកូន ឬអត់កូននោះ សូមលោកកុំអាលបារម្ភអី ប្រហែលជាមិនមែនជាបញ្ហាធំដុំនោះទេ។
សង្ឃឹមថាលោកបានទទួលព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងបញ្ហារបស់លោកហើយ។ បើលោកនៅតែមានចម្ងល់ សូមសរសេរ សំបុត្រមកកាន់ខ្ញុំបាទ ខ្ញុំបាទទទួលស្វាគមន៍ដោយក្ដីរីករាយក្នុងការឆ្លើយតបទៅវិញ។ បើចង់ជួបខ្ញុំបាទដោយផ្ទាល់ លោកអាចអញ្ជើញមកជួបខ្ញុំបាទ ទៅតាមពេលវេលាមួយសមស្រប។
ដោយ ៖ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៣ ខែមិថុនា ឆ្នាំ២០១០
Leave a Reply