តារាសម្ដែងទន់ភ្លន់គួរឱ្យស្រឡាញ់ និងកំពុងតែពេញនិយមនៅក្នុងស្រទាប់យុវវ័យទាំងស្រីប្រុសនោះ គឺកញ្ញា គៀត សុវណ្ណផាន់ណាឡាង។ កញ្ញា គៀត សុវណ្ណផាន់ណាឡាង បានប្រឡូកនៅក្នុងវិស័យសិល្បៈជាង២ឆ្នាំហើយ ពេលនេះកញ្ញាកំពុងតែ មានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ ឥឡូវនេះណាឡាងកំពុងតែមានការមមាញឹកនឹងការងារជាច្រើន ដូចជាការសម្ដែង ជាខារ៉ាអូខេ និងសម្ដែងរឿងជាច្រើន ប៉ុន្ដែណាឡាងក៏មិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ និងសុខភាពរបស់ខ្លួន។
ណាឡាងបានចូលមកបកស្រាយអំពីការថែរក្សាសម្រស់ជាមួយនឹងទស្សនាវដ្ដី សុខភាពយើង ដើម្បីប្រាប់ពីវិធីសាស្ដ្រ ថែរក្សាសម្រស់និងការថែរក្សាសុខភាពរាងកាយរបស់ខ្លួនជូនប្រិយមិត្ដទាំងអស់ ពិសេសគឺមិត្ដនារីទាំងឡាយឱ្យបានជ្រាបផងដែរ។
ប្រវត្ដិចូលសិល្បៈ
មុននឹងឈានចូលសិល្បៈ កញ្ញា គៀត សុវណ្ណផាន់ណាឡាង ធ្លាប់ជា Freshie girl ឆ្នាំ២០០៨នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ នៅដើមឆ្នាំ២០០៩ណាឡាងបានថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម Cell card បន្ទាប់មកទៀតណាឡាងក៏ត្រូវបានគេទាក់ទងឱ្យទៅថតម៉ូតសម្លៀកបំពាក់សម្រាប់ទស្សនាវដ្ដី និងថតខារ៉ាអូខេជាដើម។ ចំពោះបទចម្រៀងដែលសម្ដែងដំបូងគេនោះ គឺជាបទ ផលិតកម្មហង្សមាស មិនចេះអានពាក្យបែក។ បន្ទាប់មកទៀតគឺថតឱ្យផលិកម្មសាន់ដេ ផលិតកម្ម BigmenCaedIm។ ក្រៅពីនេះ ណាឡាងបានថតជាខ្សែភាពយន្ដមួយចំនួន ដូចជារឿងអបរំ រឿងល្បិចស្រី ដោយកញ្ញាដើរតួធ្វើជាប្អូនស្រីតួឯងប្រុស រឿងស្នេហាមួយនៅវិទ្យាល័យសម្ដែងជាតួឯក រឿងទឹកចិត្ដបងស្រីសម្ដែងជាតួប្អូនស្រី។ សព្វថ្ងៃណាឡាងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នៅក្នុងកម្មវិធីសម្រស់ និងសុខភាពស្ដ្រី។ ក្រៅពីប្រឡូកនៅក្នុងវិស័យសិល្បៈហើយណាឡាងក៏ជាសិស្សនៅវិទ្យាស្ថានប៊ែលធី ថ្នាក់ទី១២ ជាពិសេសណាឡាងក៏បានបើកហាងលក់សម្លៀកបំពាក់ផងដែរ។
វិធីថែរក្សាសម្រស់
មានការមមាញឹកច្រើននឹងការងារ ដូចជាថតសម្ដែងនៅតាមខេត្ដជាដើម តែទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយក៏ណាឡាងមិនដែលភ្លេចឡើយនូវការថែរក្សាសម្រស់ក៏ដូចជាការថែរក្សាសុខភាពរបស់សោភាផងដែរ។ ខាងក្រោមនេះគឺជាវិធីក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់កញ្ញា គៀត សុវណ្ណផាន់ណាឡាង ដែលបានអនុវត្ដជាប្រចាំ។
- ការថែរក្សាសក់ ៖ ក្នុងនាមជាអ្នកសិល្បៈមួយរូបណាឡាងតែងតែធ្វើសក់ជារៀងរាល់ថ្ងៃ ជាពិសេសគ្រប់ពេលដែលសម្ដែង និងត្រូវផ្លាស់ប្ដូរម៉ូតសក់ញឹកញាប់។ ដូចនេះនៅពេលដែលមកដល់ផ្ទះ ណាឡាងតែងតែកក់សក់ចេញ និងបន្ទន់សក់ផងដែរ ជួនកាលណាឡាងបានយកស្រាបៀរមកកក់សក់ដើម្បីការពារកុំឱ្យសក់ជ្រុះ។ នៅក្នុងមួយសប្ដាហ៍ ណាឡាងអប់សក់២ដង។
- ការថែរក្សាស្បែកមុខ ៖ ណាឡាងតែងតែយកចិត្ដទុកដាក់បំផុតចំពោះការថែរក្សាស្បែកមុខ ព្រោះស្បែកមុខគឺមានសារៈសំខាន់ណាស់សម្រាប់ណាឡាង។ ណាឡាងតែងតែប្រើឡេការពារនៅពេលថ្ងៃ និងពេលយប់ ដើម្បីឱ្យស្បែកមុខមានសំណើម គ្មានមុន។ នៅពេលដែលចេញទៅក្រៅម្ដងៗ ណាឡាងមិនដែលភ្លេចឡើយចំពោះការប្រើឡេការពារពន្លឺថ្ងៃ។ នៅពេលដែលសម្ដែងចប់ណាឡាងតែងតែយកទឹកបាញ់មុខហើយនិងយកកន្សែងស្អាតប្រើសម្រាប់ជូតម្សៅចេញភ្លាមៗ ដើម្បីការពារកុំឱ្យកើតមុនខ្សាច់។
- ការថែរក្សាស្បែកដងខ្លួន ៖ ណាឡាងតែងតែប្រើឡេដែលមានកម្រិតខ្ពស់ ដើម្បីការពារពន្លឺព្រះអាទិត្យ។ ហើយពេល យប់ ណាឡាងលាបឡេការពារពេលយប់និងផ្ដល់សំណើមដល់ស្បែក។ ណាឡាងតែងតែប្រើសាប៊ូដុសខ្លួនដែលមានក្លិនក្រអូប និងផ្ដល់សំណើមដល់ស្បែក ជាពិសេសសាប៊ូកម្ចាត់មេរោគ។
- ការថែរក្សាធ្មេញ ៖ ចំពោះសុខភាពមាត់ធ្មេញណាឡាងមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មាននោះទេ។ ណាឡាងតែងតែធ្វើការសម្អាតធ្មេញក្នុងមួយថ្ងៃពីបីដងទៅ៤ដង ព្រឹក ថ្ងៃ និងមុនពេលចូលគេង ជាពិសេសនៅក្រោយពេលទទួលទានអាហារហើយ។
- ការថែរក្សាភ្នែក ៖ ចំពោះការថែរក្សាភ្នែក ណាឡាងក៏មិនសូវជាយកចិត្ដទុកដាក់ប៉ុន្មានដែរ។ ប៉ុន្ដែណាឡាងមិនដែល ធ្វេសប្រហែសឡើយ គឺនៅពេលដែលធ្វើដំណើរទៅណាមកណាម្ដងៗ ណាឡាងតែងតែមានវ៉ែនតាការពារពន្លឺព្រះអាទិត្យ ជាពិសេសរាល់ពេលដែលសម្ដែងចប់ ឬមានបញ្ហាភ្នែកណាឡាងតែងតែប្រើថ្នាំបន្ដក់ភ្នែកជានិច្ច។
- ការថែរក្សារោមភ្នែក ចិញ្ចើម បបូរមាត់ ៖ ចំពោះចិញ្ចើមណាឡាងមិនសូវជាយកចិត្ដទុកដាក់ថែរក្សាឱ្យបានដិតដល់នោះ ទេ ព្រោះចិញ្ចើមរបស់ណាឡាងក្រាស់ស្រាប់។ នៅពេលដែលសម្ដែងណាឡាងមិនដែលគូសចិញ្ចើមនោះទេ យ៉ាងច្រើនយកខ្មៅដៃគូសចិញ្ចើមបន្ដិចនៅលើចិញ្ចើមតែប៉ុណ្ណោះ។ ចំពោះការកោរចិញ្ចើមណាឡាងមិនសូវជាកោរញឹកញាប់ពេកនោះទេ តែបើកោរគឺកោរនៅពេលដែលចាំបាច់តែប៉ុណ្ណោះ។ បើនិយាយចំពោះរោមភ្នែក ណាឡាងមិនសូវលាបម៉ាស្ការ៉ាច្រើនពេកនោះទេ ហើយនៅពេលដែលសម្ដែងចប់ណាឡាងតែងតែធ្វើការសម្អាតរោមភ្នែកដោយជូតម៉ាស្ការ៉ាចេញដើម្បីការពារកុំឱ្យរោមភ្នែកជ្រុះ។ ចំពោះបបូរមាត់ ណាឡាងមិនចូលចិត្ដលាបក្រែមនោះទេ លើកលែងតែពេលសម្ដែងទើបលាប។
- ការថែរក្សាក្រចកដៃក្រចកជើង ៖ ណាឡាងមិនចូលចិត្ដលាបពណ៌ក្រចកនោះទេ ព្រោះខ្លាចធ្វើឱ្យក្រចកខូច។ ណាឡាង តែងតែធ្វើការសម្អាតក្រចកដៃ និងក្រចកជើងយ៉ាងហោចណាស់៣ដងនៅក្នុងមួយសប្ដាហ៍ ដូចជាការកាត់សាច់ និងកាត់តម្រឹមក្រចក ជាដើម។
ការថែរក្សាសុខភាពរាងកាយ
ណាឡាងតែងតែយកចិត្ដទុកដាក់បំផុតនៅក្នុងការទទួលទានដំណេក ព្រោះការទទួលទានដំណេកគឺមានសារៈសំខាន់ណាស់ ចំពោះណាឡាង ប៉ុន្ដែមិនសូវជាទៀងទាត់នោះទេ ដោយសារតែមានការមមាញឹក និងការងារច្រើន។ ចំណែកឯការទទួលទានអាហារវិញ ណាឡាងមិនមានជាពេលកំណត់ឱ្យបានទៀងទាត់នោះទេ។ ចំណែកឯការហាត់ប្រាណវិញណាឡាងមិនសូវជាធ្វើនោះទេ។
គោលបំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាតារាសម្ដែង និងបើកហាងលក់សម្លៀកបំពាក់ហើយ ណាឡាងចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួនបន្ថែមទៀត។
បណ្ដាំផ្ញើ
សុភាពនារីទាំងអស់គួរតែយកចិត្ដទុកដាក់នៅក្នុងការថែរក្សាសម្រស់ និងសុខភាពឱ្យបានល្អ។ នៅពេលដែលមកពីកម្មវិធីអ្វី មួយត្រូវតែប្រញាប់ធ្វើការលាងសម្អាតឱ្យបានស្អាត ដើម្បីចៀសវាងការកើតមានបញ្ហាចំពោះស្បែកមុខ។ ជាពិសេសគឺត្រូវគិតគូរពីសុខភាពឱ្យបានច្រើនទើបជាការប្រសើរ ហើយអ្វីដែលល្អបំផុតនោះគឺការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់នៅក្នុងមួយថ្ងៃឱ្យបាន១៥នាទីទើបជាការល្អ។
ខាងលើនេះគឺជាយល់ឃើញ និងជាការអនុវត្ដន៍ផ្ទាល់របស់កញ្ញា កញ្ញា គៀត សុវណ្ណផាន់ណាឡាង តែប៉ុណ្ណោះ។ សូមលោកស្រីអ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាត្រឹមត្រូវសម្រាប់អនុវត្ដន៍បានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ គៀត សុវណ្ណផាន់ណាឡាង
- អាយុ ៖ ១៨ឆ្នាំ
- ថ្ងៃខែឆ្នាំកំណើត ៖ ១០, ០៤, ១៩៩២
- កម្ពស់ ៖ ១,៦៥ម៉ែត្រ
- ទម្ងន់ ៖ ៤៧គីឡូក្រាម
- ទំហំទាំងបី ៖ ៣៦ ២៧ ៣២
- ទីកន្លែងកំណើត ៖ ភ្នំពេញ
- បងប្អូន ៖ ៤នាក់(ប្រុស៣នាក់ ស្រី១នាក់) ជាកូនទីពីរ
- អាជីពនាពេលបច្ចុប្បន្ន ៖ តារាសម្ដែង
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply