ការតុបតែងមុខឱ្យមានភាពស្រស់ស្អាតជាទីគយគន់គួរឱ្យស្រឡាញ់ ជារឿងមួយដែលស្ដ្រីគ្រប់រូបប្រាថ្នាចង់បានបំផុត។ ប៉ុន្ដែពេលខ្លះសុភាពនារីមានភាពខ្វល់ខ្វាយពីស្បែកមុខរបស់ខ្លួនជ្រុល ដោយមើលទៅមិនមានភាពស្រស់ស្អាត ស្រអាប់ ជាំ និងមានមុននៅលើស្បែកមុខជាដើម ដែលពិបាកនៅក្នុងការតុបតែង។
ជាមួយគ្នានេះដែរ ទស្សនាវដ្ដី សុខភាពយើង បានស្វែងរកនូវអ្វីដែលល្អហើយថ្មី សម្រាប់មិត្ដនារីដែលចង់បាននូវការតុបតែងមុខឱ្យស្អាតតាមបែបធម្មជាតិ។
ប្រការល្អគួរយល់ដឹងនៅក្នុងការតុបតែងមុខ
មុនពេលចាប់ផ្ដើមតុបតែងមុខ សុភាពនារីគ្រប់រូបគួរតែរៀបចំឧបករណ៍សម្រាប់តុបតែងឱ្យបានសព្វគ្រប់ទាំងអស់ ដែលរួមមាន ហ្វូមលាងមុខ ឡេសម្រាប់ការពារស្បែកមុខ ឡេជំនួយស្បែកមុខ ម្សៅស្អិត ម្សៅផាត់មុខ ម្សៅពណ៌ផាត់ថ្ពាល់ និងត្របកភ្នែក ខ្មៅដៃគូសចិញ្ចើម ម៉ាស្ការ៉ា អាយលិននើគូសភ្នែក និងក្រេមលាបបបូរមាត់ជាដើម។ ចំពោះការតុបតែងមុខក៏តម្រូវទៅលើពន្លឺផងដែរ ដូច្នេះស្ដ្រីទាំងឡាយគួរជ្រើសរើសកន្លែងតុបតែងណាដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ មិនងងឹតពេក ដើម្បីងាយស្រួលក្នុងការតុបតែង ចៀសវាងលាបទៅមើលឃើញសឬក្រាស់ពេក។
វិធីតុបតែងមុខ
ការតុបតែងមុខបែបធម្មជាតិ ភាគច្រើនផ្ដោតជាសំខាន់ទៅលើភ្នែក។ ជាដំបូងត្រូវចាប់ផ្ដើមធ្វើការលុបលាងមុខជាមុនសិន ជាមួយហ្វូមលាងមុខ ហើយជូតមុខឱ្យស្អាតដោយប្រើដៃថ្នមៗ។ បន្ទាប់មកត្រូវលាបឡេការពារផ្ទៃមុខ ដើម្បីឱ្យស្បែកមុខមានសំណើម និងសម្លាប់មេរោគ បន្ទាប់មកត្រូវប្រើឡេការពារកម្ដៅថ្ងៃលាបឱ្យសព្វពេញផ្ទៃមុខទុកឱ្យស្ងួតបន្ដិច ហើយត្រូវប្រើម្សៅស្អិត មកបន្ដក់នៅលើថ្ពាល់សងខាង ថ្ងាស ចង្កា និងច្រមុះ មិនត្រូវប្រើច្រើននោះទេ ត្រូវបន្ដក់បន្ដិចៗ។ បន្ទាប់មកត្រូវប្រើប៉ុងលាបម្សៅ ស្អិតលាបឱ្យសព្វពេញផ្ទៃមុខ។ រួចហើយត្រូវប្រើម្សៅផាត់ដោយជ្រើសរើសពណ៌ឱ្យសមទៅនឹងផ្ទៃមុខ ដោយប្រើប៉ុងផាត់ស្អាតមកតប់នៅលើផ្ទៃមុខដោយប្រើដៃថ្នមៗ មិនត្រូវតប់ក្រាស់ពេកនោះទេ។ បន្ទាប់មកទៀតត្រូវប្រើជក់ផាត់ត្របកភ្នែកដោយប្រើពណ៌ស្រាលលាបនៅលើត្របកភ្នែក ត្រូវជ្រើសរើសពណ៌សូកូឡាឬក៏ពណ៌ខ្មៅលាបនៅចុងៗត្របកភ្នែក តែមិនត្រូវប្រើដិតពេកនោះទេ។ បន្ទាប់មកទៀតត្រូវប្រើពណ៌ផ្កាឈូកឬពណ៌ដែលសុភាពនារីស្រឡាញ់យកមកលាបនៅលើស្រទាប់ភ្នែក ដោយលាបឱ្យដិតបន្ដិច។ រីឯការគូសចិញ្ចើមត្រូវប្រើពណ៌សូកូឡា ដោយគូសទៅតាមទម្រង់ចិញ្ចើម រួចហើយត្រូវលាបម៉ាស្ការ៉ា លាបរោមភ្នែក ហើយត្រូវ គូសអាយលិននើគូសយកកន្ទុយភ្នែក។ បន្ទាប់មកទៀតត្រូវប្រើពណ៌ផាត់នៅលើផ្ទៃមុខ ដោយប្រើពណ៌ស្រាលហើយផាត់ជាអក្សរស៊ី និងត្រូវយកទៅផាត់នៅលើចង្កាខ្លះដែរ តែផាត់ឱ្យឃើញប្រឿងៗ។ ជាចុងក្រោយត្រូវលាបក្រែមពណ៌ស្រាលៗឬក៏ជាពណ៌ដែលសុភាពនារីចូលចិត្ដ បន្ទាប់មកពិនិត្យមើលឱ្យសព្វជាការស្រេច។ ចំពោះការតុបតែងមុខបែបធម្មជាតិនេះអាចចូលរួមបានគ្រប់កម្មវិធី ដូចជាពិធីជប់លៀង និងពិធីមង្គលការជាដើម ហើយអាចប្រើបានសម្រាប់យុវវ័យ និងស្ដ្រីវ័យកណ្ដាល។
ដំបូន្មានអ្នកជំនាញ
ការតុបតែងមុខជារឿងមួយដែលសំខាន់សម្រាប់ស្ដ្រីគ្រប់រូប។ បើសិនជាសុភាពនារីចេះវិធីតុបតែងមុខដោយខ្លួនឯងវាជាការប្រសើរបំផុត ព្រោះអាចចំណេញទាំងពេលវេលារួមទាំងថវិកាផងដែរ។ ប៉ុន្ដែស្ដ្រីគ្រប់រូបមិនត្រូវឧស្សាហ៍តុបតែងមុខជារៀងរាល់ថ្ងៃពេកនោះទេ ព្រោះការផាត់មុខជារៀងរាល់ថ្ងៃអាចធ្វើឱ្យស្បែកមុខមានបញ្ហា ដូចជាកើតមុន និងឆាប់ជ្រួញជាដើម។ ជាពិសេសត្រូវជ្រើសរើសផលិតផលសម្រាប់តុបតែងមុខដែលមានគុណភាពល្អ មិនត្រូវសម្រេចចិត្ដជ្រើសរើសផលិតផលដែលមិនមានការទទួលស្គាល់ពីអ្នកជំនាញនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply