ទឹកដោះគោ និង​ទឹកដោះ​ម្ដាយ ៖ ផល​ល្អ និង​ផលអាក្រក់

មាតាបិតា​មួយចំនួន​បានដឹង​ហើយ​ថា ការ​ជ្រើសរើស​វិធី​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​គោ ឬ​ទឹកដោះ​ម្ដាយ វាមាន​ភាព​ខុសគ្នា​ដូច​មេឃ និង​ដី។ ផ្ទុយ​ទៅវិញ​មាតាបិតា​មួយចំនួន​នៅតែ​ជ្រើសរើស​វិធី​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​គោ​ជាប្រចាំ បើទោះ​បីដឹង​ថា កុមារ​អាចមាន​ជម្ងឺ​ច្រើន​ប្រសិន​បើបៅ​ទឹកដោះគោ​ក៏ដោយ។ ព្រោះ​ទឹកដោះ​គោ​មិនមាន​ជាតិអ្វី​ជួយ​ទប់ស្កាត់​នូវជម្ងឺ​ដែលបាន​កើតមាន​ឡើង​ទៅលើ​កុមារ​ឡើយ។ ចំណែក​ទឹកដោះ​ម្ដាយ​មាន​សារជាតិ​ទប់ស្កាត់​អាចជួយ​បន្ថយ​នូវ​អាការ​ជម្ងឺ​មួយចំនួន​ដែលមាន​បំណង​យាយី​លើកុមារ​បានច្រើន​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជ្រាប​ច្បាស់ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេស​ជម្ងឺ​ទូទៅ កុមារ​នៃមន្ទីរពេទ្យ​កុមារ​ជាតិ ធ្វើការ​បកស្រាយ​ដូចតទៅ។

ផលល្អ​ចំពោះ​កុមារ​បំបៅ​ដោយ​ទឹកដោះ​ម្ដាយ

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​គឺមាន​ប្រយោជន៍​ច្រើន​យ៉ាង ដូចជា​ជួយ​ការពារ​ទារក​ទប់ទល់​នឹង​ជម្ងឺឆ្លង ការពារ​ទារក​ទប់នឹង​ជម្ងឺ​អាលែកហ្ស៊ី ការពារ​ទារក​ទប់ទល់​ជម្ងឺ​រ៉ាំរ៉ៃ​មួយចំនួន​ជាដើម។ មិនតែ​ប៉ុណ្ណោះ​វិធី​ជ្រើសរើស​ដែលល្អ​នោះ ត្រូវ​បំបៅកូន​ដោយ​ទឹកដោះ​មួយមុខ​គត់ យ៉ាង​ហោចណាស់​បាន​រយៈពេល​៦ខែ​ទើប​សមល្មម។ ប្រសិន​បើមាតា​បំបៅ​ដោះកូន​រហូតដល់​១២ខែ​វាកាន់តែ​ល្អ​សម្រាប់​ទារក វាធ្វើ​ឱ្យកុមារ​នោះមាន​បញ្ញា​ឈ្លាសវៃ​ទៀតផង។

សារៈ​ប្រយោជន៍​របស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ

1 . ការ​បំបៅ​ដោះកូន​មាន​ប្រយោជន៍​ជួយ​ទប់ទល់​នឹងជម្ងឺ​ឆ្លង​តាមរយៈ​ប្រព័ន្ធ​ការពារ​ដែល​គេហៅថា“អង់ទីគ័រ” ដែលមាន​នៅក្នុង​ទឹកដោះ​ម្ដាយ។ វាអាច​ការពារ​ជម្ងឺ​ឆ្លងបាន​ច្រើនយ៉ាង ដូចជា​ជម្ងឺ​រលាក​ត្រចៀក ជម្ងឺរាក ជម្ងឺ​រលាក​ផ្លូវដង្ហើម កាត់បន្ថយ​ជម្ងឺ​រលាក​ស្រោម​ខួរក្បាល។ល។

2 . ការពារ​ទប់ទល់​អាលែកហ្ស៊ី ការពារ​ជម្ងឺហឺត ការពារ​ជម្ងឺ​ទឹកនោម​ផ្អែម ការពារ​ជម្ងឺ​ធាត់តិចជាង​ក្មេង​បៅទឹកដោះ​គោ។ ទាំងអស់​នេះ វាធ្វើ​ឱ្យ​កាត់បន្ថយ​ចំនួន​ថ្ងៃកើត​ជម្ងឺ​របស់​ក្មេង ដោយសារ​ក្មេង​ដែលបៅ​ទឹកដោះ​ម្ដាយ​មិនសូវ​បង្ហាញ​អាការ​ជម្ងឺ ដូចក្មេង​បៅទឹកដោះ​គោ។

3 . ទឹកដោះ​ម្ដាយ​ផ្ដល់នូវ​អាហារ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​ទឹកដោះ​ម្ដាយ​ងាយស្រួល​រំលាយ​និង​ស្រូបយក​បាន​ល្អជាង​ទឹកដោះ​គោ។ មានន័យ​ថា កុមារ​បៅ​ទឹកដោះ​ម្ដាយ​ងាយរលាយ​អាហារ មិន​បណា្ដល​ឱ្យទារក​ឈឺពោះ ឬ​ហើមពោះ​រាក​នោះទេ។

4 . ទឹកដោះ​ម្ដាយ​មិនចាំបាច់​ចំណាយ​ប្រាក់កាក់ ហើយ​ជួយ​សន្សំ​ប្រាក់​ថែមទៀត​ទៅលើ​បញ្ហាចំណាយ​លើជម្ងឺ​ឈឺថ្កាត់ផ្សេងៗ។ ព្រោះ​ទឹកដោះ​ម្ដាយ​ជួយ​កាត់បន្ថយ​ជម្ងឺ​បានច្រើន។

5 . ទឹកដោះ​ម្ដាយ​មាន​រសជាតិ​គ្រប់បែប​យ៉ាង ធ្វើឱ្យ​កុមារ​ទទួលបាន​វីតាមីន និង​ថាមពល​គ្រប់គ្រាន់។ ហើយ​រសជាតិ​នៃ​ទឹកដោះ​ម្ដាយ​នោះបាន​ផ្លាស់ប្ដូរ​គ្រប់​រសជាតិ​ទៅតាម​ចំណី​អាហារ​ដែលម្ដាយ​ទទួល​ទាន។ ដូច្នេះ​ហើយ​កុមារ​ភាគច្រើន​ចូលចិត្ដ​បៅទឹក​ដោះ​ម្ដាយ​ជាង​ទឹកដោះ​គោ ដោយ​សារតែ​ទឹកដោះគោ​មាន​រសជាតិ​តែមួយ​មុខ។

6 . មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ច្រើនជាង​បំបៅ​ដោយ​ទឹកដោះគោ​ម្សៅ។ ការ​បំបៅ​ដោយ​ដោះម្ដាយ​មិន​ចាំបាច់​មាន​កំប៉ុង មិន​ចាំបាច់​មាន​ក្បាលដោះ ​និង​មិន​ចាំបាច់​លាងសម្អាត​ឬស្ងោរ​អនាម័យ​ឡើយ។ ទឹកដោះ​ម្ដាយ គ្រាន់តែ​លាងដោះ​ឱ្យ​ស្អាត​ជាញឹកញាប់​មុនពេល​បំបៅ​ជាការ​ស្រេច។

7 . ទឹកដោះ​ម្ដាយ​ការពារ​ជម្ងឺ​ធាត់​ទៅលើ​ទារក និង​ការពារ​ម្ដាយ​មិនឱ្យ​ធាត់​ផងដែរ ហើយ​មិនអាច​វិល​ទៅរក​ទម្ងន់មុន​ពេល​ពពោះ។

8 . ទារក​បំបៅ​ដោះម្ដាយ​មាន​បញ្ញា​ឈ្លាសវៃ​ជាង​ទារក​បៅទឹក​ដោះគោ​ម្សៅ។ មិនតែ​ប៉ុណ្ណោះសុខភាព​ផ្លូវចិត្ដ​របស់​ទារកល្អ នឹង​បង្កើត​ភាព​ស្និទ្ធស្នាល​ជាមួយ​ម្ដាយ និង​មាន​ទឹកចិត្ដ​ស្រឡាញ់​ឪពុកម្ដាយ​ផងដែរ។

9 . ទារក​បៅដោះ​ម្ដាយ​ជួយឱ្យ​ម្ដាយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ជម្ងឺ​បេះដូង និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​លើស​គីឡូ ព្រមទាំង​ផ្ដល់ឱ្យ​ម្ដាយ​មាន​មធ្យោបាយ​ការពារ​កំណើត​មួយ“កម្រមាន​ផ្ទៃពោះ” និង​កាត់បន្ថយ​អត្រា​ជម្ងឺ​មហារី​មាត់ស្បូន ជម្ងឺ​ក្រពេញ និង​កាត់បន្ថយ​ជម្ងឺ​មហារីក​ផ្សេងៗ​ទៀត។

គុណ​វិបត្ដិ​របស់​ទារក​បំបៅ​ទឹកដោះ​ម្ដាយ

1 . អាច​ធ្វើឱ្យ​ម្ដាយ​ពិបាក​ងើបអង្គុយ​បំបៅ​ដោះ​នៅពេល​ដែល​ទារក​យំម្ដងៗ បណ្ដាល​ឱ្យ​ម្ដាយ​ឈឺឆ្អឹង​ឆ្អែង ចុក​ខ្នង មិន​ស្រួលខ្លួន។

2 . បំបៅ​ដោះម្ដាយ​ត្រូវ​បំបៅដោះ​ញឹក​ជាង​ទឹកដោះគោ​ម្សៅ ព្រោះ​ទឹកដោះ​ម្ដាយ​ងាយស្រួល​រំលាយ និង​ស្រូបជាង​ទឹកដោះ​គោម្សៅ។

3 . ម្ដាយ​ដែល​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​នោះ​ត្រូវតែ​ទទួលទាន​អាហារ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន មិនអាច​ទទួលទាន​ផ្ដេសផ្ដាស​ទេ ព្រោះ​អាច​បណ្ដ្កាល​ឱ្យ​ទារក​មានជម្ងឺ​ផ្សេងៗ។

4 . ទារក​ជួប​ផល​លំបាក​នៅពេល​ដែល​ម្ដាយ​មាន​ជម្ងឺ ឬ​មាន​បញ្ហា​អ្វីមួយ​ដូចជា​ពេល​ប្រើប្រាស់ថ្នាំច្រើន គឺ​ធ្វើឱ្យ​ទារក​មិនអាច​បៅយក​ទឹកដោះ​ពីម្ដាយ​បានឡើយ ព្រោះ​វាអាច​បង្ក​បញ្ហា​គ្រោះថ្នាក់​ដល់​ទារក។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចំណុច​ល្អ​របស់​ការ​បំបៅ​ទឹកដោះ​គោម្សៅ

ចំពោះ​ការ​បំបៅ​ទឹកដោះ​គោម្សៅ មាតា​មួយចំនួន​មិនសូវ​ចង់​ប៉ុន្មាន​នោះទេ តែវា​ជាការ​ចាំបាច់​មួយ​ចំពោះ​ម្ដាយ​ណាដែល​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​ទារក​ពេល​ប្រើប្រាស់​ថ្នាំ ឬ​ម្ដាយ​មានជម្ងឺ​ប្រចាំ​កាយ។ ម្ដាយ​ខ្លះទៀត​គ្មាន​ពេលវេលា​សម្រាប់​បំបៅ​ដោះកូន រវល់ធ្វើ​ការងារ ដើម្បី​ដោះស្រាយ​ជីវភាព។ ដូច្នេះ​ហើយ​ជម្រើស​របស់​គាត់​ត្រូវ​ជ្រើសរើស​ទឹកដោះគោម្សៅ។ ទឹកដោះ​គោម្សៅ​ថ្វីត្បិត​តែ​មិនសូវ​មាន​ការ​ណែនាំ​ពីគ្រូពេទ្យ​ក៏ដោយ តែវា​ក៏មាន​ផល​ប្រយោជន៍​ដែរ សម្រាប់​ករណី​ដែល​មាតា​មួយចំនួន​ចៀសវាង​មិនបាន។

សារៈ​ប្រយោជន៍​របស់​ទឹកដោះ​គោ

1 . សម្រាប់​ជំនួស​ទឹកដោះ​ម្ដាយ​ក្នុង​ករណី​ដែលម្ដាយ​អត់មាន​ទឹកដោះ ឬ​គាត់​មិនអាច​បំបៅដោះកូន​ដោយ​ដោះ​គាត់បាន។

2 . មាន​ករណី​ខ្លះ​ទារក​ត្រូវការ​វីតាមីន​បន្ថែម​មួយចំនួន​ដែល​លើស​ពីធម្មតា ដែល​ទារក​ត្រូវការ​ហើយ​ខ្វះខាត​វីតាមីន​អ្វីមួយ​ច្រើន ព្រោះ​នៅក្នុង​ទឹកដោះគោ​ម្សៅ​នោះអាច​មាន​បរិមាណ​ជួយ​បន្ថែម​វីតាមីន​បាន។

3 . អ្នកខ្លះ​បំបៅ​ដោះកូន​ច្រើន​បង្កឱ្យ​មាន​បញា្ហ​ស្ដ្រេស ក៏​ជ្រើសរើស​យក​ទឹកដោះគោ​ម្សៅ​នេះតែម្ដង។

4 . ការ​បំបៅ​ទឹកដោះ​គោម្សៅ​ស្រួល​ម្យ៉ាង​ដែរ ព្រោះ​មិន​ចាំបាច់​ម្ដាយ​ផ្ទាល់​នោះទេ សូម្បី​តែក្មួយ ម្ដាយក្មេក ម្ដាយ​បង្កើត ឬ​បងប្អូន​ក៏អាច​ឱ្យ​បៅបាន​ដែរ។

5 . ការ​បំបៅ​ទារក​ដោយ​ទឹកដោះ​គោម្សៅ​បាន​យូរជាង​បំបៅ​ទឹកដោះ​ម្ដាយ ព្រោះ​ម្សៅ​ទឹកដោះគោ​ក្ររំលាយ​អាហារ ដូច្នេះ​ហើយ​វានៅ​តឹងពោះ​ហើយ​បាន​យូរ មិនសូវ​បៅ​ញឹកញាប់​ជាងទឹកដោះ​ម្ដាយ។

6 . ម្ដាយ​ដែល​បំបៅ​ទឹកដោះ​គោម្សៅ​មិន​ចាំបាច់​តមចំណី​អាហារ​នោះទេ ម្ដាយ​ទទួលទាន​ចំណី​អាហារ​អ្វីក៏បាន។

គុណ​វិបត្ដិ​របស់​ការ​បំបៅ​ដោះ​ដោយ​ទឹកដោះ​គោ

1 . ទឹកដោះ​គោម្សៅ​មិនអាច​មាន​ប្រព័ន្ធ​ការពារ​ដូច​ទឹកដោះ​ម្ដាយ​នោះទេ ហើយ​ប្រសិន​បើ​ក្រុម​គ្រួសារ​ប្រើប្រាស់ ឧបករណ៍​បំបៅ​នោះ​មិនបាន​ត្រឹមត្រូវ​អាចបង្ក​ឱ្យទារក​មានជម្ងឺ។

2 . ចំណាយ​លុយ​ច្រើន​លើ​ទឹកដោះ​គោម្សៅ

3 . ធ្វើឱ្យ​ក្មេង​មិន​ស្រួល​ពោះ ហើម​ពោះ តឹង​ពោះ រាក ជួន​លាម​កក្ដៀន

4 . ទឹកគោម្សៅ​មិនអាច​ជំនួស​ទឹកដោះ​ម្ដាយ​បានមួយ​រយភាគរយ​ទេ។

ដំបូន្មាន​អ្នក​ជំនាញ

មាតាបិតា​ឬ​អាណាព្យាបាល​ទាំងអស់ គប្បី​ត្រូវ​បំបៅដោះ​កូនដោយ​ទឹកដោះ​ម្ដាយ​ជានិច្ច យ៉ាង​ហោចណាស់​ក៏មាន​រយៈពេល​៦ខែ​ផងដែរ។ មិនតែ​ប៉ុណ្ណោះ​ប្រសិន​បើមាតា​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​ម្ដាយនេះ​លើសពី៦​ខែទៅ១២​ខែ​កាន់តែ​ប្រសើរ ព្រោះ​វាជួយ​កាត់បន្ថយ​ជម្ងឺផ្សេងៗ​ដល់​កុមារ​ឱ្យ​ចៀសផុត​នូវជម្ងឺ​រលាក​ផ្សេងៗ។ ម្យ៉ាងទៀត​ម្ដាយ​ដែល​បំបៅដោះ​កូន​ដោយទឹកដោះ​ក៏​ទទួល​បាននូវ​ផល​ប្រយោជន៍​ច្រើន​ផងដែរ គឺ​កាត់បន្ថយ​ជម្ងឺ​មហារីក​មាត់ស្បូន ជម្ងឺ​លើស​គីឡូ និង​ជម្ងឺ​មហារីក​ផ្សេងៗ​ផងដែរ។ ដូច្នេះ​ហើយ មាតា​គ្រប់រូប​គួរ​ជ្រើសរើស​វិធី​បំបៅ​ដោះ​ដោយ​ទឹកដោះ​ម្ដាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *