ស្នាមក្រិននៅលើក្បាលជង្គង់ក៏ជាបញ្ហាសម្រាប់មនុស្សគ្រប់រូបដែរ។ ស្នាមក្រិននៅលើក្បាលជង្គង់អាចកើតឡើងដោយងាយបំផុតនៅពេលដែលលោកអ្នកនាងកញ្ញាមានការធ្វេសប្រហែស។ ជាទូទៅវាកើតឡើងដោយសារតែការប៉ះទង្គិចជាមួយវត្ថុរឹង កាលណាប៉ះទង្គិចយូរៗទៅក៏បង្កឱ្យស្បែកឡើងខ្មៅហើយមានស្នាមក្រិនតែម្ដង ជាពិសេសអាចបណ្ដាលមកពីលោកអ្នកឧស្សាហ៍លុតជង្គង់ច្រើនពេក។ ប៉ុន្ដែបញ្ហាទាំងនេះនឹងបាត់បន្ដិចម្ដងៗនៅពេលដែលលោកអ្នកនាងកញ្ញាអនុវត្ដទៅតាមការណែនាំរបស់អ្នកជំនាញនោះ។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ស្រេង រាសី អ្នកជំនាញសើស្បែក នៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សមេហ្គាប៊ែល នឹងពន្យល់អំពីវិធីបំបាត់ស្នាមក្រិននៅក្បាលជង្គង់ ដើម្បីឱ្យលោកអ្នកបានយល់ និងជ្រាបឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
តើអ្វីទៅគឺជាស្នាមក្រិននៅលើក្បាលជង្គង់?
ស្នាមក្រិននៅលើក្បាលជង្គង់គឺស្បែកដែលមានសភាពឡើងក្រាស់ គ្រើមៗ ហើយមានពណ៌ស្រអាប់ជាងស្បែកធម្មតា។ ស្នាមក្រិនអាចកើតមាននៅតាមកន្លែងមួយចំនួន ដូចជាកែងដៃ ជង្គង់ ភ្នែកជើង(ភ្នែកគោល)ជាដើម។
មូលហេតុដែលបណ្ដាលឱ្យមានស្នាមក្រិននៅលើក្បាលជង្គង់
ស្នាមក្រិននៅលើក្បាលជង្គង់អាចបណ្ដាលមកពីមូលហេតុមួយចំនួន ដូចជាក្រិនដោយសារឧស្សាហ៍លុតជង្គង់ច្រើនពេក ជង្គង់ត្រូវបានប៉ះទង្គិចជាមួយវត្ថុអ្វីមួយចុះឡើងៗ ជាហេតុបណ្ដាលឱ្យក្រិន។
វិធីបំបាត់ស្នាមក្រិននៅលើក្បាលជង្គង់
ស្នាមក្រិនគឺបណ្ដាលឱ្យស្បែកឡើងក្រាស់ គ្រើម ហើយវាមានសភាពខ្មៅ ដូចនេះវិធីបំបាត់ស្នាមក្រិនគឺត្រូវប្រើវិធីជម្រុះ ដោយប្រើក្រែមជម្រុះឬបកស្បែក។ ជាពិសេសត្រូវប្រើវីតាមីនអា និងអាស៊ីដ AHA (អាស៊ីផ្លែឈើ ដូចជាក្រូចឆ្មារ ផ្លែប៉ោមជាដើម) អាស៊ីតសាលីសាលិក ក្រែបអ៊ុយរ៉េឬក្រែមផ្ដល់សំណើម ដើម្បីយកមកលាបនៅលើក្បាលជង្គង់ដែលក្រិន។ វិធីបំបាត់នេះត្រូវប្រើរយៈពេលយូរណាស់ វាមិនអាចបាត់ដោយភ្លាមៗបាននោះទេ។
ផលប៉ះពាល់នៅពេលដែលមានស្នាមក្រិននៅលើក្បាលជង្គង់
ជាធម្មតាស្នាមក្រិនតែងតែផ្ដល់នូវផលប៉ះពាល់ដល់លោកអ្នកនាងកញ្ញាជានិច្ច ប៉ុន្ដែវាមិនបានផ្ដល់នូវផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ វាគ្រាន់តែផ្ដល់នូវផលប៉ះពាល់មួយចំនួន ដូចជានៅពេលដែលវាក្រិនខ្លាំង វាអាចបង្កឱ្យមានការឈឺចាប់។ ជាពិសេសចំពោះស្បែកដែលមានសភាពស្ងួត វាអាចបណ្ដាលឱ្យមានការឈឺចាប់ដោយសារតែស្នាមក្រិនវាប្រេះ។ សម្រាប់ស្ដ្រី ស្នាមក្រិននៅលើជង្គង់អាចធ្វើឱ្យសោភ័ណភាពនៃសម្រស់ជើងត្រូវបានបាត់បង់ ដែលជាហេតុធ្វើឱ្យសុភាពនារីមិនហ៊ានស្លៀកសំពត់ឬខោខ្លី ដោយសារតែមានស្នាមក្រិនខ្មៅហើយគ្រើមថែមទៀតផង។
វិធីការពារកុំឱ្យកើតមានស្នាមក្រិននៅលើក្បាលជង្គង់
ជាការពិតណាស់ស្នាមក្រិនបណ្ដាលមកពីការប៉ះទង្គិចជាមួយវត្ថុរឹង និងលុតជង្គង់ច្រើនពេក ដូចនេះសម្រាប់លោកអ្នកនាង កញ្ញាដែលមិនចង់ឱ្យកើតមានស្នាមក្រិននៅលើក្បាលជង្គង់នោះ គឺមិនត្រូវលុតជង្គង់ញឹកញាប់ពេកនោះទេ ហើយក៏មិនបណ្ដោយឱ្យជង្គង់ប៉ះទង្គិចជាមួយវត្ថុរឹងៗញឹកញាប់ពេកនោះដែរ។ បើសិនជាមានបញ្ហាបន្ដិចបន្ដួច សុភាពនារី ឬក៏សុភាពបុរសអាចប្រើក្រូចឆ្មារមកដុសនៅចំណុចដែលក្រិន ឬក៏ប្រើឡេដែលមានជាសំណើមដែលអាចជួយការពារស្បែកកុំឱ្យក្រិនជាដើម។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលមានបញ្ហាដូចជាក្រិនក្បាលជង្គង់ធ្ងន់ធ្ងរ ដែលធ្វើឱ្យលោកអ្នកនាងកញ្ញាមានការឈឺចាប់ ត្រូវតែមកពិភាក្សាជាមួយអ្នកជំនាញដើម្បីរកវិធីព្យាបាល និងការពារ ជាពិសេសមិនត្រូវលុតជង្គង់ញឹកញាប់ពេកនោះទេ។ អ្វីដែលល្អជាងនេះ គឺត្រូវតែមានឡេឡូហ្សិន ឬក៏ក្រូចឆ្មារដុស និងលាបជារៀងរាល់ថ្ងៃទើបអាចការពារបាន។ ប៉ុន្ដែមិនត្រូវប្រើក្រូចឆ្មារដុសញឹកញាប់ និងដុសខ្លាំងៗពេកនោះទេ ព្រោះវាអាចបណ្ដាលឱ្យការរលាត់ស្បែក ជាហេតុធ្វើឱ្យមានការឈឺចាប់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply