បទចម្រៀងមានចំណងជើងថា Another day ដែលជាការផលិតឡើងដោយក្រុមM.STYLE ដែលជាក្រុមស្រឡាញ់ ភេទដូចគ្នា ត្រូវបានដាក់បង្ហាញទៅកាន់មនុស្សមួយចំនួននៅកម្ពុជា ដើម្បីឱ្យមនុស្សទាំងអស់នោះបានយល់ដឹងពីស្ថានភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ហើយត្រូវចូលរួមកាត់បន្ថយរាល់ការរើសអើងដែលកើតមានចំពោះពួកគេ។
លោក ចូវ ធានលី ភ្នាក់ងាររៀបចំគម្រោង M.STYLE បានផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង នៅក្នុងពិធីសម្ពោធ (DVD) បទចម្រៀងនេះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១០ នៅមណ្ឌលកម្សាន្ដថោន បានឱ្យដឹងថាបទចម្រៀងនេះបានផលិតឡើងគឺដើម្បីឱ្យក្រុមស្រឡាញ់ភេទដូចគ្នាអាចចៀសផុតពីការរើសអើងពីមនុស្សទូទៅ បើទោះបីជាពួកគេមានចរិតខុសពីធម្មជាតិក៏ដោយ។ លោក ធានលី បន្ថែមថាតាមរយៈបទនេះក្រុមស្រឡាញ់បុរស អាចមានឱកាសបង្ហាញពីទេពកោសល្យនៃការសម្ដែងរបាំច្រៀងរាំនៅលើឆាករបស់ពួកគេដោយក្ដីរំភើបរីករាយផងដែរ។
បទចម្រៀង Another day បានសរសេរឡើងបង្កប់ទៅដោយអត្ថន័យអប់រំ និងលើកទឹកចិត្ដព្រមទាំងក្ដីស្រឡាញ់ចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា
លោក ធានលី បន្ដថាក្រុមM.STYLE បានបង្កើតឡើងដោយគម្រោងរបស់អង្គការសុខភាពគ្រួសារពិភពលោក(FHI) កាលពីឆ្នាំ២០០៨មកដល់សព្វថ្ងៃនេះ។ ក្រុមM.STYLE បានសមាជិកចំនួន៩០នាក់ និងអង្គការជាដៃគូចំនួន១០ស្ថាប័នទៀត ដើម្បីផ្ដល់ទាំងចំណេះដឹង និងព័ត៌មានផ្សេងៗស្ដីពីសុខភាពផ្លូវភេទដែលបុរសស្រឡាញ់ភេទដូចគ្នាត្រូវយល់ដឹង។ លោក ធានលី ថ្លែងថា ឌីវីឌីចំនួនប្រមាណ១៥០០ឌីស នឹងត្រូវចែកចាយដោយឥតគិតថ្លៃទៅកាន់អង្គការជាដៃគូរបស់ក្រុមM.STYLE ទាំងអស់ និងក្លឹបកម្សាន្ដ ខារ៉ាអូខេ ព្រមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍ជាដើម ដើម្បីផ្សព្វផ្សាយស្វែងរកការគាំទ្រ និងមិនរើសអើងពីមនុស្សទូទៅ។
ក្រសួងសុខាភិបាលកម្ពុជាមានការយកចិត្ដទុកដាក់យ៉ាងខ្លាំងទៅលើក្រុមបុរសស្រឡាញ់បុរស ខណៈដែលក្រុមនេះកំពុងក្លាយទៅជាជនរងគ្រោះខ្ពស់បំផុត ដោយសារការរីករាលដាលមេរោគអេដស៍-ជម្ងឺអេដស៍ជាដើមនេះ
លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលបាននឹងកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំងជាមួយនឹងបញ្ហារបស់ក្រុមបុរស ស្រឡាញ់បុរសជាចាំបាច់ ព្រោះក្រុមនេះកំពុងក្លាយទៅជាបញ្ហាប្រឈមមុខខ្ពស់ជាងគេនៅក្នុងការរីករាលដាលនៃជម្ងឺកាមរោគ ពិសេសគឺជម្ងឺអេដស៍។ លោកថ្លែងថា ដូច្នេះប្រសិនបើយើងរកឃើញថា បញ្ហារបស់ពួកគេស្ថិតនៅត្រង់ការរើសអើងបែបនេះ ខ្ញុំក៏សូមអំពាវនាវដល់ជនគ្រប់រូបថា សូមកុំមានការរើសអើងចំពោះក្រុមបុរសស្រឡាញ់បុរសតទៅទៀតអី ព្រោះពួកគេក៏ជាមនុស្សដូចយើងដែរ។ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ក៏មិនអាចសម្រេចបានដែរ ប្រសិនបើមនុស្សមួយចំនួននៅតែមានការមាក់ងាយមកលើក្រុមស្រឡាញ់ភេទដូចគ្នានេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៥៧ ខែតុលា ឆ្នាំ២០១០
Leave a Reply